ខេត្តកំពង់ចា៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានព្រមានថា នឹងមិនលេីកលែងជាដាច់ខាត ចំពោះជនទាំងឡាយណា ដែលបានប្រព្រឹត្តិនូវអំពើពុករលួយ តាមរយៈការផ្តល់ប័ណ្ណ ប ស ស ជូនប្រជាពលរដ្ឋ ដោយមានចិត្តលម្អៀង ទុច្ចរិតនិយមបក្សពួក។
លោកព្រមានបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ។
សូមជម្រាបថា បន្ទាប់ពីមានលេីកឡើងពាក់ព័ន្ធ ទៅនឹងការផ្តល់ប័ណ្ណ ប ស ស មិនប្រក្រតី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ឱ្យជួយវែកមុខជនទាំងឡាយណា ដែលបានប្រព្រឹត្តិអំពើពុករលួយ តាមរយៈការផ្ដល់ ប័ណ្ណរបបសន្តិសុខសង្គម ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចហ៊ុន សែន ពិតជាបានយកចិត្តទុកដាក់លើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ដែលរស់នៅក្បែរបន្ទាត់ក្រីក្រ ហើយបានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍ គាំពារសង្គម តាមរយៈកម្មវិធីជំនួយសង្គមចំនួន ២បន្ថែមទៀតគឺ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់ នាពេលកន្លងមកផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាស ទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលើការស្នើសុំផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២៤។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៤៕SRP



មានប្រសាសន៍ នៅកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ នៅរសៀលថ្ងៃសុក្រម្សិលមិញ លោក ទៀ សីហា អភិបាលខេត្ត បានថ្លែងជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាប ទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
នៅក្នុងកិច្ចប្រជុំ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ក្នុងខេត្តបានល្អប្រសើរ ការចូលរួមទប់ស្កាត់ បាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យ ទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗ ផងដែរ៕SRP