ខេត្តកំពង់ចាម៖សមត្ថកិច្ចបានចាប់ខ្លួនក្រុមក្មេងស្ទាវ៦នាក់ រកឃើញ៤នាក់ជាជនដៃដល់ ករណីដេញកាប់គ្នា ដូចរឿងហុងកុង។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១៖៤៥នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំនគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដេញកាប់ និងវាយគ្នាទៅវិញទៅមក) បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤០នាទី នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ផ្អែកតាមចម្លើយសារភាព និងវិធានការជំនាញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរកឃើញជនដៃដែលពាក់ព័ន្ធធ្វើសកម្មភាពផ្ទាល់ ចំនួន៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ តន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី២៖ ឈ្មោះ ប៉ាល យ៉ុងស៊ី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៣៖ ឈ្មោះ ម៉ៅ តែម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៤៖ ឈ្មោះ អាត សុខនាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់នាយកដ្ឋាន រៀបចំប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕
