នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត, មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មសពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា។ ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។
អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវបទបញ្ជាសំខាន់ៗចំនួន ៣ បន្ថែមទៀត មានដូចជា៖ (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួន ដូចជា ករណីស្រ្តីគ្រងស្បង់ចីពរតាំងខ្លួនជាព្រះ និងក្រុមតាំងខ្លួនជាឥសីចេញមកជាបន្តបន្ទាប់ ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដើម្បីធានាបាននូវការថែរក្សាតម្លៃនៃសាសនានីមួយៗ ដោយឈរលើមូលដ្ឋាននៃជំនឿច្បាស់លាស់ ។ (២) មន្រ្តីនគរបាលចរាចរណ៍ ត្រូវអនុវត្តឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ដល់ការអន្តរាគមន៍គ្រប់កម្រិត លើករណីបើកបរបណ្តាលឱ្យមនុស្សស្លាប់។ (៣) ត្រូវបណ្តេញពីក្របខ័ណ្ឌចំពោះមន្រ្តីនគរបាលជាតិ ឬកងយោធពលខេមរភូមិន្ទណា ដែលប្រើប្រាស់គ្រឿងញៀន និងត្រូវប្រឈមមុខច្បាប់ជាធរមានចំពោះអ្នកដែលជួញដូរគ្រឿងញៀន៕


