Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២៣

ខេត្តកំពង់ចាម៖ថ្លែងក្នុងពេលនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ផ្តល់​ជូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៧៥គ្រួសារ  នៅវត្តអម្ពនារាម ស្ថិត​ក្នុង​ឃុំ​តាអុង ក្នុងស្រុកចំការលើ ម្សិលមិញ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត​ បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស លោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពដែលអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំជាមួយសេចក្តីកង្វល់ និងបណ្តាំផ្ញើ​សាកសួរសុខទុក្ខ  ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត។

អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូន ប្រជាពលរដ្ឋ ជាជនងាយរងគ្រោះទាំង ៧៥គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ ជនមានពិការភាព ១៨គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ មានជំងឺប្រចាំកាយ ០៣គ្រួសារ និង ទ័លលំបាក ១៧គ្រួសារ  ដោយក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង សាប៊ូ លុច្ស ៤ដុំ ឃីត ១កញ្ចប់ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០.០០០រៀល។

លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះអនុគណ និង ព្រះចៅអធិការវត្តអម្ពនារាម តាអុង នូវ អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកសុទ្ធ ២កេស និងបច្ច័យ មួយចំនួន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកជំទាវ តោ ពិ ឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ បានអញ្ចើញចុះចែកអំណោយ ជូនដល់ស្ត្រីកូនខ្ចី ចំនួន ០៦នាក់ នៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំបឹងណាយ ស្រុកព្រៃឈរ។

ពិធីនេះ នៅថ្ងៃទី អាទិត្យ ម្សិលមិញក៏មានការអញ្ជើញរួមដំណើរ ពីក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ និងសមាជិក និងប្រជាការពារភូមិ ផងដែរ។

មានប្រសាសន៍ក្នុង លោកជំទាវ តោ ពិឡា បានពាំនាំនប្រសាសន៍ ការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកព្រៃឈរ និងដោយឡែក បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំ បឹងណាយ នេះផ្ទាល់ដែលសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូន គ្រប់ពេលវេលា។

សូមជម្រាបថា អំណោយដែលត្រូវចែកជូន ស្ត្រីកូនខ្ចី ទាំង ០៦នាក់ ម្នាក់ៗទទួលបាន ថវិកា ចំនួន ១០ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានដឹកនាំ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ដល់ភូមិត្រពាំងអញ្ចាញ ក្នុងឃុំបឹងណាយ។

ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺកិច្ចសហការជាមួយសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ ឬនិន្នាការនយោបាយ អ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ល្អៗចំនួន ១៩នាក់ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៣១៩នាក់  ក្នុងនោះស្មើនឹង ៦៦៦ករណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២៣

ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែមីនា នេះ ចេញសេចក្តីសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើក មជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អីម២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួល ខុសត្រូវ ដោយមូលហេតុបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។

ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អ៊ីម២៥ ប៊ីយូធី ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ,លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមទាំង មន្ត្រី ថ្នាក់ដឹកនាំ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ នៅថ្ងៃទី​៣​ ខែមីនា​ ឆ្នាំ​២០២៣​ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ថានីយ៍បូមទឹក ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍។

តាមការគូសបញ្ជាក់ពី​លោក​ អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងអូតូនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍នេះ គឺមានការសាងសង់ ប្រឡាយបេតុង ២៧គីឡូម៉ែត្រ និងប្រឡាយដីសជាង ៦០គីឡូម៉ែត្រ មានបំពាក់ម៉ូទរ័បូមទឹកមុខកាត់​១,២ម៉ែត្រ ចំនួន ៧គ្រឿង ដែលមានល្បឿន ក្នុង ១វិនាទី បូមទឹកបាន ២ម៉ែត្រគូប ក្នុងម៉ូទរ័មួយ ដែលមានសំណង់សិល្បៈការ៍ ១៨៥កន្លែង។

លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ឲ្យដឹងដែរថា គម្រោងខាងលើនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាលកម្ពុជាជាង ៣០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទាន ADB ហើយមានលទ្ធភាពស្រោចស្រប់លើផ្ទៃដីស្រែជាង ៨.០០០ហិកតា មាន ៣៥ភូមិ ក្នុងឃុំ ៧ របស់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំ២ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គិតមកដល់ពេលនេះ គម្រោងស្ថានីយ៍ និងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ខាងលើ បានកំពុងដំណើរការសាងសង់ និងសម្រេចលទ្ធផលបានប្រមាណជា ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ ការងារសាងសង់រួចរាល់ នៅក្នុងខែមិថុនា ខាងមុខនេះ។

គួរំលឹកផងដែរថា គម្រោងប្រព័ន្ធធារាស្រ្តនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ គឺជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៣

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅថ្ងៃនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យ​គម្រោង​សាងសង់ស្ពា​ន​បេតុង​មួយកន្លែង ស្ថិតនៅក្នុងភូមិគោហ៊េ ឃុំព្រែកកុយ ស្រុកកងមាស។

គួរ​បញ្ជាក់​ថា​ ស្ពានដែលកំពុងដំណើរការសាងសង់នៅក្នុងទីតាំងដូចខាងលើនោះ គឺជាស្ពានប្រភេទបេតុង ឆ្លងកាត់ព្រែកជីក មានប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ ជាអំណោយរបស់រាជរដ្ឋាភិបាល ដែលអាចសាងសង់រួចជាស្ថាពរ នៅដើមឆ្នាំ២០២៤។​ ដោយភូមិសាស្ត្រនៅចំណុចនេះមានផ្លូវពាក់ព័ន្ធគ្នា ជាមួយនឹងស្រុកជើងព្រៃ ស្រុកបាធាយ និងមកពីឃុំរាយប៉ាយ ស្រុកកងមាស​ ​ឆ្លងកាត់ស្ពាននេះ ទៅខេត្តកណ្ដាល ឬទៅភ្នំពេញតែម្តង។ ពោលគឺ​ស្ពានដែលកំពុងសាងសង់នេះ នឹងបម្រើឱ្យការធ្វើដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកកសិផលទៅកាន់ទីផ្សារបស់ប្រជាកសិករ សំដៅជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទឱ្យ មានជីវភាពប្រហាក់ប្រហែលនឹងទីប្រជុំជនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៣

បុរសម្នាក់បានចូលសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធដែលមានកូន៤ខែក្នុងផ្ទៃ ព្រោះតែរឿងប្រចណ្ឌ។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនដៃដល់ជាប្ដីឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ។

មន្ត្រីនគរបាលបន្តថានៅចំពោះមុខកម្លាំងសមត្ថកិច្ចជំនាញ ជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនបាញ់សម្លាប់ប្រពន្ធ គឺដោយសារតែរឿងប្រចណ្ឌ។

ករណីឃាតកម្មនេះសមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣សំបក, គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់, បង់កាំភ្លើងចំនួន២, ក្បាលគ្រាប់កំពិត១ និង​បំណែកសំណរក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្ទះល្វែងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

បុរសជាប្ដីដែលសង្ស័..យជាឃាត..ករដែលបាញ់សម្លា..ប់ប្រពន្ធខ្លួនឯងកាលពីរសៀលថ្ងៃនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយចូលខ្លួនឲ្យសមត្ថកិច្ចចាប់។

ករណីបាញ់សម្លាប់ប្រពន្ធខ្លួនឯង កើតឡើងនៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ក្នុងផ្ទះលេខ ១៦៨ ស្ថិតនៅបុរីពិភពថ្មី (គួរស្រូវ៣) ផ្លូវ KS3 ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

ជនសង្ស័យ បានចូលខ្លួនសារភាពនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ។ ការចូលខ្លួនសារភាពនៅកន្លែងសមត្ថកិច្ច គឺបន្ទាប់ពីជនសង្ស័យបានធ្វើការបាញ់សម្លាប់ប្រពន្ធខ្លួនឯងចំនួនពីរគ្រាប់។

ស្ត្រីរងគ្រោះមានឈ្មោះ ម៉ៃ សុគន្ធា អាយុ ៣៤ឆ្នាំ មានមុខរបរជាងសាឡន ត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុករណីនេះនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱយបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។

ការលើកទឹកចិត្តនេះ ក្នុងឱកាសអនុញ្ញាត ឲ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។

លោកបណ្ឌិត ក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱយបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។

ក្នុងឱកាសជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីលោកត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំង ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេន នាពេលអនាគត។

លោកឯកអគ្គរដ្ឋទូតក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ពន្ធ័ផ្សេងៗទៀតកាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះបាននាំកិច្ចទំនាក់ទំនងអាមេរិក-កម្ពុជាឱយ កាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។ ជាមួយគ្នានោះ លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ ។

លោកឯកអគ្គរដ្ឋទូតក៏បានរាយការណ៍ជូន លោកបណ្ឌិត ហ៊ុន ម៉ាណែត ផង ដែរថា៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានអាយុកាលជាង ៣៧ឆ្នាំហើយ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ ក្រុមហ៊ុន (Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ាន ហើយនាពេលនេះ ក្រុមហ៊ុនជាងដប់ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព៍ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ។ល។

ក្រុមហ៊ុនទាំងអស់ក៏បានគោរពរាយការណ៍ជូន លោកបណ្ឌិត និងថ្នាក់ដឹកនាំ នូវបទពិសោធន៍ បច្ចុប្បន្នភាពការងារ និងសំណូមពរមួយចំនួន ដើម្បីលោកបណ្ឌិតបានជ្រាបពីស្ថានភាពជាក់ស្តែងរបស់ការធ្វើធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Toronto ប្រទេសកាណាដា។

ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Victor Oh និងបានរំឭកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-និងកាណាដា ជាពិសេសការចូលរួមរបស់កាណាដានៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការងារ សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះ។

ជាការឆ្លើយតប ឯកឧត្តម Victor Oh បានអរគុណចំពោះទស្សនវិស័យរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសក្តានុពលនៃទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា និងបានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំរវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដោយក្នុងនេះ កាណាដាក៏ជាប្រទេសដ៏ធំមួយដែលនាំចូលទំនិញពីកម្ពុជា។ ឯកឧត្តម ក៏បានឯកភាពជាមួយនឹង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការផ្តោតកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត លើការជំរុញឱ្យកាន់តែសកម្មនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាអន្តរជាតិមួយចំនួន ជាពិសេសអំពីសារៈសំខាន់នៃគោលការណ៍អធិបតេយ្យរដ្ឋ, ការគោរពគ្នាទៅវិញទៅមក និងភាពចាំបាច់នៃការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ខេត្តសៀមរាប៖ករណីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដែលបង្កឲ្យមានការភ្ញាក់ផ្អើល គឺផ្ដើមចេញដោយសារតូចចិត្តប្ដីដែលជាអ្នករត់ម៉ូតូឌុបដឹកម៉ូយស្រីៗ។

របាយការណ៍សមត្ថកិច្ច អង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះ បានបង្ហាញថាជនរងគ្រោះឈ្មោះ ព្រុំ គន្ធា   ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្ន: បន្ទប់ជួលក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក  ក្រុងសៀមរាប។

របាយការណ៍បន្តថាយោងតាមការបំភ្លឺពីប្ដីឈ្មោះ ឈុន ឆៃណារ៉ុង  ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុប បានរៀបរាប់អោយដឹងថា៖ នៅកំឡុងឆ្នាំ ២០២២ រូបខ្លួនបានរស់នៅជាមួយប្រពន្ធ (សព) ដោយធ្វើការសែនព្រែន ហើយប្រពន្ធរបស់ខ្លួនក៏បានមានផ្ទៃពោះ ប៉ុន្តែត្រូវបានរលូតវិញផងដែរ។ លុះមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លូននឹងប្រពន្ធក៏បានមានការឈ្លោះប្រកែកគ្នាជារឿយ រឿងប្រពន្ធរបស់ខ្លួនប្រចណ្ឌខ្លួននឹងម៉ូយជាមនុស្សស្រីដែលខ្លួនតែងដឹក ប៉ុន្តែរឿងនេះត្រូវបានដោះស្រាយគ្នាចប់សព្វគ្រប់ហើយ។ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពេលដែលម៉ូយ ជាមនុស្សស្រី ដែលតែងតែជិះម៉ូតូឌុបរបស់ខ្លួន បានតេមកតាមរយ:ទូរស័ព្ទ ពេលនោះ ប្រពន្ធរបស់ខ្លួន ក៏បានឃើញ នឹងអោយខ្លួនចុចលើក ហើយអោយគេអ្នកនិយាយ មួយសន្ទុះក៏បានបានឈ្លោះប្រកែកគ្នា ជាមួយរូបខ្លួនតែម្ដង។ បន្ទាប់ពីឈ្លោះប្រកែកគ្នា បានមួយសន្ទុះ ប្រពន្ធរបស់ខ្លួន ក៏បានលោតចុះពីឡៅតឿកម្ពស់ប្រហែល២ម៉ែត្រនៅក្នុងបន្ទប់គេងនោះមកក្រោម ប៉ុន្តែពុំមានរបួសអ្វីនោះឡើយ ភ្លាមនោះរូបខ្លួន ក៏បាននាំប្រពន្ធទៅពិនិត្យស្កេនជើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែពុំទាន់បានស្កេនផង ប្រពន្ធរបស់ខ្លួនក៏បានសុំមកបន្ទប់ជួលវិញ។ ក្រោយមករូបខ្លួននឹងប្រពន្ធក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា រកាំរកុះគ្នាជាច្រើនលើកច្រើនសារថែមទៀតផង។

របាយការណ៍បញ្ជាក់ថានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រូបខ្លួនបានបានធ្វើដំណើរទៅវត្តត្រាំនាគ ដើម្បីស្វែងរកគ្រូមើលប្រពន្ធ ហើយដល់វេលាម៉ោង៩ មិត្តភ័ក្តរបស់ខ្លួនឈ្មោះ ម៉ាប់ និងស្រស់ បានតេមកប្រាប់រូបខ្លួនថា ប្រពន្ធរបស់ខ្លួនបានលេបថ្នាំសម្លាប់ខ្លួន ពេលនោះរូបខ្លួនក៏បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ ក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនមានសភាពបែកពពុះមាត់ រួចរូបខ្លួននឹងមិត្តភ័ក្តបានដឹកប្រពន្ធយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល បន្ទាប់មកក៏បានដឹកប្រពន្ធរបស់ខ្លួនយកបន្ទប់ជួលវិញ។ លុះដល់វេលាម៉ោង ១៣,០០នាទី ពេលនោះរូបខ្លួន បានកំពុងតែនៅតាមផ្លូវចេញពីវត្ត ក៏ប្រពន្ធ របស់ខ្លួនតេទៅខ្លួន នឹងបានជេររូបខ្លួនថែមទៀត ប៉ុន្តែរូបខ្លួនពុំបានតបតនោះទេ រួចក៏បានចុចបិតទូរស័ព្ទ ហើយចាប់ពីពេលនោះមកក៏ពុំបានទាក់ទងគ្នាទៀតឡើយ។ រហូតដល់វេលាម៉ោង ១៨ ស្រាប់តែ មានអ្នកជិតខាងបានតេទូរស័ព្ទប្រាប់ថាប្រពន្ធរបស់ខ្លួន បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបរូបខ្លួនបានជិះម៉ូតូសំដៅទៅបន្ទប់ជួលវិញ បានឃើញប្រពន្ធរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ រួចក៏មានអ្នកក្បែរនោះរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានតែម្ដងទៅ។

យោងតាមការបំភ្លឺពីប្ដីនិងការពិនិត្យសពនិង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងក (វិបត្តិផ្លូវចិត្ត)។

សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួល ក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក ក្រុងសៀមរាប  នៅថ្ងៃទី០១  ខែមីនា ឆ្នាំ២០២៣ ដោយយកខ្សែចងគោពណ៌ស ធ្វើសកម្មភាពចងកនឹងធ្នឹមបន្ទប់ដេកមានកំពស់២,៣៧ម៉ែត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៣

ខេត្តកំពង់ចាម​៖អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការទទួលភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣។

កិច្ចជុំនេះ មានការអញ្ជើញចូលរួម ពីលោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពស្ថាប័ន កងកម្លាំងទាំង ៣ លោកអភិបាល ក្រុង/ស្រុក ទាំង ១០ និង មន្ត្រីពាក់ព័ន្ធ ជាច្រើនអ្នក ផងដែរ។

បើតាម លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ មានការរៀបចំពិធីបួងសួងសុំភ្លើងព្រះអគ្គី នៅក្នុងបរិវេណជុំវិញអង្គរតូច នៅខេត្តសៀមរាប។ លុះដល់ថ្ងៃទី២២ ខែឆ្នាំដដែល និងមានការដង្ហែរភ្លើងព្រះអគ្គីនេះ ឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង ១០ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ និងដង្ហែរភ្លើងព្រះអគ្គី មកដល់ប្រទេសកម្ពុជាវិញ មករក្សានៅខេត្តស្ទឹងត្រែង មួយយប់។ លុះដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ទើបបន្តដង្ហែរចេញពី ខេត្តស្ទឹងត្រែង កាត់តាមខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ដែរថា ក្បួនដង្ហែរភ្លើងគប់កីឡា ឆ្លងកាត់ពីខេត្តស្ទឹងត្រែង មកខេត្តកំពង់ចាមយើងនេះ គឺក្បួនដង្ហែរគ្រាន់តែបន្ថយល្បឿន នៅទីតាំងដែលខេត្តនីមួយៗ បានរៀបចំ ដើម្បី អបអរសាទរ ក្នុងការដង្ហែរព្រះអគ្គីនេះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ក្នុងការដង្ហែរក្បួនព្រះអគ្គីនេះដែរ សម្រាប់ខេត្តកំពង់ចាម ត្រូវឆ្លងកាត់ ៥ក្រុង ស្រុក ក្នុងនោះមាន ៖ ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពង់ចាម មិនបានរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទេ ពោលគឺ ភ្លើងគប់នេះ គ្រាន់តែដង្ហែរឆ្លងកាត់ ខេត្តកំពង់ចាម ប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាយ៉ាងនោះក្តី ខេត្តយើង ក៏ត្រូវមានការទទួលបដិសណ្ឋារកិច្ច នៃក្បួនដង្ហែរភ្លើងគប់ ចំនួន ២លើក នៅតាមបណ្ដាស្រុកដែលជាប់ដងផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៧។ ដូច្នេះ ហើយបានជា យើងត្រូវត្រៀមលក្ខណៈសម្បត្តិទុកជាមុនឲ្យហើយ ដើម្បី ឲ្យសក្ដិសមថា ប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវ ក៏ដូចជា ក្រុមកីឡាក មកពីបណ្ដាប្រទេសអាស៊ានទាំង ១០ ដើម្បី ជម្រុញធ្វើឲ្យកិច្ចដំណើរការ នៃប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ នេះ ទទួលបានជោគជ័យ និងបានលើកកម្ពស់មុខមាត់ ជូនដល់ប្រទេសជាតិរបស់យើង ផងដែរ។

អភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវរៀបចំមហាជនទទួលបដិសណ្ឋារកិច្ចភ្ញៀវ និងការថែរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវ ក៏ដូចជា ការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ និងការសម្រួលចរាចរណ៍ នៅតាមដងផ្លូវសាធារណៈ នៃភូមិសាស្ត្រ ដែលមានការពាក់ព័ន្ធ ដើម្បី ឲ្យកិច្ចដំណើរការដង្ហែរព្រះអគ្គីឆ្លងកាត់របស់យើង ទទួលបានលទ្ធផលល្អប្រសើរ ខណៈពេលដែល ខេត្តរបស់យើង ត្រូវទទួលដំណើរបដិសណ្ឋារកិច្ច នៃកិច្ចដង្ហែរភ្លើងគប់ ឆ្លងកាត់ ឆ្ពោះទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ នៅឯរាជធានីភ្នំពេញ មានចំនួន ០២លើក គឺ ៖ លើកទី១ នៅថ្ងៃទី២៧ ខែមេសា និងមួយលើកទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៣

ភ្នំពេញ៖ប្រសាសន៍សំខាន់ៗ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រ នៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។

សម្តេចហ៊ុន សែន បានរំលឹកអតីតកាលដ៏ជូរចត់ថា អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ សេរី តែអ្នកបែរជាគាំទ្ររដ្ឋប្រហារនៅភ្នំពេញ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងជ្រោះមរណៈ នៃរបបប៉ុលពត និងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិថែមទៀត។

សម្តេចហ៊ុន សែន បានប្រកាសដល់បរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំឱ្យប្រវត្តិសាស្ត្រជ្រាំដែលកើតឡើងនៅប្រទេស និងប្រជាជនកម្ពុជា។

សម្តេចហ៊ុន សែន បានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេសទាំងឡាយ កសាងកំហុសដ៏ឈឺចាប់មកលើប្រទេសកម្ពុជាបន្តទៅទៀតឡើយ។

សម្តេចហ៊ុន សែន ប្រកាសថា គ្មានការជោគជ័យណា ដែលកើតឡើងដោយមិនឆ្លងកាត់ការលំបាកនោះទេ។ កម្ពុជាមានប្រវត្តិឈឺចាប់ ទឹកភ្នែក និងស្លាប់អាយុជីវិតមនុស្សអស់ជាច្រើន។

សម្តេចហ៊ុន សែន សម្តេចតេជោ ហ៊ុន សែនថ្លែងថា«គ្មានជោគជ័យណាមួយដែលមិនកើតចេញពីការលំបាកទេ ដូច្នេះជោគជ័យនៃការលំបាកនេះ គឺត្រូវថែរក្សាឱ្យបាន ជាពិសេសគឺកត្តាសុខសន្ដិភាព ដូច្នេះទើបគ្រប់គ្នាបានចង់ចាំនៅថ្ងៃរំដោះ ៧ មករា ដែលបានរំដោះជីវិតរបស់ប្រជាជននៅទូទាំងប្រទេស»។

សម្តេចហ៊ុន សែន បានប្រកាសថា កម្ពុជាកំណត់យកឆ្នាំ២០២៥ ដោះស្រាយបញ្ហាគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានសង្គ្រាម ហែកហួរ បែកបាក់ ធំណាស់ ដែលទាមទារឱ្យយើង ប្រឹងប្រែងដើម្បីស្តារឡើងវិញលើគ្រប់វិស័យ។

សម្តេចហ៊ុន សែន ថ្លែងថា វឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ជំនាន់មុនមានតិចតួចណាស់ដែលយុវជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្ដែនៅពេលនេះនិស្សិតរាប់ម៉ឺនក្នុង១ឆ្នាំៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ដែលនេះបានបញ្ហាពីកត្តាសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចហ៊ុន សែន ប្រកាសថា សូមកុំខ្លាចក្នុងការចំណាយដើមទុន លើការវិនិយោគលើវិស័យអប់រំសិក្សាធិការ ដែលការវិនិយោគនេះ ទទួលបានលទ្ធផលធំណាស់ នោះគឺធនធានមនុស្ស ដែលជាកត្តាជំរុញភាពធន់មាំ នៃសេដ្ឋកិច្ច និងសង្គម។

សម្តេចថ្លែងថា រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ក្នុងនោះរចនាសម្ព័ន្ធទន់គឺធនធានមនុស្ស។

សម្តេចហ៊ុន សែន ចោទសួរថា ហេតុអ្វីការសិក្សានៅថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិស្សិត ជិត ៥ពាន់នាក់ ក្នុនោះមានស្រ្ដីតែជាង ១ ពាន់នាក់? សម្ដេចថ្លែងថា ចំនួននេះតិចតួចណាស់ ដោយសម្ដេចជំរុញឱ្យមានសិក្សាឡើងវិញលើចំនួនស្រ្ដីសិក្សានៅទីនេះ។

សម្តេចហ៊ុន សែន បញ្ជាក់ថា វាមិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។ សម្តេចតេជោ ហ៊ុន សែន សូមមានការដឹងគុណទីកន្លែងកំណើត និងមាតុភូមិរបស់យើង។

សម្ដេចហ៊ុន សែន ផ្ដាំថា «ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ខ្លួនដែរ ព្រោះមិនដែលឥន្រ្ទី កើតចេញពីអាចម៍គោទេ»។

សម្តេចហ៊ុន សែន ប្រកាសថា កម្ពុជាមិនប្រកាសថាជំងឺកូវីដ-១៩ ជាជំងឺផ្តាសាយធម្មតា ដូចប្រទេសមួយចំនួនប្រកាសនោះទេ។ សម្តេចបញ្ជាក់ថា «កម្ពុជានៅទន់ខ្សោយនៅឡើយ ដែលវិធានការសុខាភិបាល និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជារឿងចាំបាច់ ដែលយើងត្រូវធ្វើ និងប្រតិបត្តិ»។

សម្តេចហ៊ុន សែន បានប្រកាសថា គ្រាន់តែសារសំឡេងសម្តេចរឿងវិធានការសត្វក្ងោក មានអ្នកចូលស្តាប់ជាង៣៦ម៉ឺននាក់ ក្នុងចំណោមអ្នកJoinតេឡេក្រាមសម្តេចជាង៥៤ម៉ឺននាក់។

សម្តេចហ៊ុន សែន បានប្រកាសថា សារសំឡេងរបស់សម្តេចរឿងវិធានការសត្វក្ងោក មានChanel Telegram និងFacebook របស់ទូរទស្សន៍BTV បានផ្សព្វផ្សាយមុនគេទាំងអស់ បន្ទាប់មកមានបណ្តាញសារព័ត៌មាននានាបានផ្សព្វផ្សាយជាបន្តបន្ទាប់។

សម្តេចហ៊ុន សែន បានប្រកាសថា សម្តេចបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់គ្រួសារម្ចាស់ក្ងោក ដើម្បីរៀបចំទ្រុង ,ចំណី ព្រមទាំងជីវភាពក្រុមគ្រួសារម្ចាស់ក្ងោក បន្ទាប់ពីរដ្ឋបាលព្រៃឈើប្រគល់សត្វក្ងោកដល់ម្ចាស់វិញ។

សម្តេចហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។

សម្តេចហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេចបញ្ជាក់ថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។

សម្តេចហ៊ុន សែន បញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធ ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សម្ដេច បញ្ជាក់ថា សត្វនេះអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀតបើងាយចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ។ សកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញផងដែរ។

សម្តេចហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីរាជរដ្ឋាភិបាល ដែលត្រូវទូរស័ព្ទឆ្លងមតិណែនាំ និងយោបល់ពីសម្តេច សូមមេត្តាគិតឱ្យច្បាស់ថាត្រូវឆ្លងមតិ ឬយោបល់ប៉ុន្មាន?សូមកុំមួយពេល ហៅទូរស័ព្ទមកសម្តេចច្រើនដង ដែលនាំឱ្យរំខានដល់កិច្ចការផ្សេងៗ។

សម្ដេចតេជោ អំពាវនាវដល់បណ្ដាបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។ សម្ដេចតេជោថ្លែងថា កន្លងមកក្រុមយុវជន សង្គមស៊ីវិលដែលធ្លាប់គាំទ្របក្សប្រឆាំង និងរិះគន់រាជរដ្ឋាភិបាល ប៉ុន្ដែពេលនេះពួកគេបែរមកគាំទ្រសកម្មភាព និងងារងារជាមួយរាជរដ្ឋាភិបាល បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់និងប្រមាថដល់ពួកគេទៅវិញ ដែលសកម្មភាពនេះគ្មានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។

សម្តេចហ៊ុន សែន ប្រកាសផ្តាំផ្ញើដល់ក្រុមជ្រុលនិយមមួយចំនួន សូមកុំវាយតម្លៃអតីតអ្នកប្រឆាំងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាថា ជាអ្នកលក់ខ្លួន ឬលក់ក្បាលឱ្យគណបក្សប្រជាជនកម្ពុជា។ សម្តេចអំពាវនាវ «សូមផ្តល់តម្លៃដល់មនុស្សគ្រប់គ្នា ក្នុងឋានៈដែលខ្លួនប្រកាសក្តែងៗថាជាប្រជាធិបតេយ្យ សេរី….[]»។

សម្ដេចហ៊ុន សេន អំពាវនាវដល់បណ្ដាបក្សនយោបាយ ឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។

សម្តេចហ៊ុន សែន ប្រកាសដល់ក្រុមយុវជន នៃអង្គការសង្គមស៊ីវិល ដែល ត្រូវក្រុមបក្សនយោបាយប្រឆាំង រិះគន់ និងប្រមាថ សូមកុំប្រើហិង្សាតបទៅវិញ ដោយត្រូវឆ្លើយតបត្រឹមលិខិត ឬសំណេរបានហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page182 Page183 Page184 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×