Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួងចំនួន៨រូប បានអមដំណើរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៨ខែមករា ព្រឹកមិញនេះ។

  1. លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការអន្តរក្រសួង
  2. លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង
  3. លោក បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង
  4. លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង
  5. លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  6. សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
  7. ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍
  8. លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារគណៈកម្មការ អន្តរក្រសួង ក្រុមការងារបច្ចេកទេស ជំនាញ និងភាគីពាក់ព័ន្ធ។

យោងតាមក្រសួងសាធារណការបានដឹងថាគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ការចុះត្រួតពិនិត្យ ការស្ថាបនាផ្លូវនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យគុណភាព នៃការសាងសង់ ជំរុញឱ្យអង្គភាព សាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាព រឹងមាំ អាចប្រើប្រាស់ ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

សូមបញ្ជាក់ជូនថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃ នាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

គម្រោងនេះមានការរៀបចំលើគ្រប់ទិដ្ឋភាព ក្នុងនោះរួមមាន៖ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។

ជាមួយគ្នានេះផងដែរ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនេះ មានការគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ស្រទាប់គ្រឹះផ្លូវប្រកបដោយគុណភាព ជាប់រឹងមាំ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញដែលនាំឱ្យខាតបង់ថវិកាបន្ថែមទៀត រួមជាមួយការរៀបចំប្រព័ន្ធលូបង្ហូរទឹក ស្របទៅតាមស្តង់ដាបច្ចេកទេស ដើម្បីការពារកុំឱ្យមានការលិចលង់ និងចៀសវាងនាំឱ្យផ្លូវឆាប់ខូច ដោយមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ជាមួយក្រុមការងារត្រួតពិនិត្យបច្ចេកទេស ជាពិសេស គុណភាពនៃសម្ភារបរិក្ខារដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ធានាបាននូវការប្រើបាស់សម្ភារបរិក្ខារមានគុណភាព ដើម្បីធានាឱ្យគុណភាពសំណង់មានភាពរឹងមាំអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែហើយនោះ ក៏នៅមានការស្ដារ កែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានសូមប្រជាពុទ្ធបរិស័ទ គ្រប់រូប បានប្រកបដោយ សុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ស្របតាមមាគ៌ា នៃព្រះសម្មាសម្ពុទ្ធរបស់យើង។

ទំព័រហ្វេសប៊ុក សម្ដេចហេង សំរិន បានលើកឡើងថា ៖សូមអនុមោទនា «បុណ្យមាឃបូជា» ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យមាឃបូជា ជាថ្ងៃប្រកបដោយមហានក្ខឬក្ស និងអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់យើងគ្រប់រូប ជាពុទ្ធសាសនិក។ ពិធីបុណ្យមាឃបូជា ប្រារព្ធឡើង រំលឹកឡើងវិញនៅព្រឹត្តិការធំៗពីររបស់ព្រះពុទ្ធសាសនាយើង៖

ទី១- ជាថ្ងៃដែលព្រះពុទ្ធបរមគ្រូនៃយើងទ្រង់ធ្វើចតុរង្គសន្និបាតប្រកាសព្រះសាសនាដោយមានការសម្តែងឱវាទប្បាតិមោក្ខ នៅប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃ១៥កើត ខែមាឃ បន្ទាប់ពីការត្រាស់ដឹងរបស់ព្រះអង្គបាន០៩ខែគត់។

ទី២-ជាថ្ងៃដែលព្រះបរមគ្រូនៃយើង ទ្រង់ដាក់ព្រះជន្មាយុសង្ខារកំណត់យកពេលវេលាយាងចូលព្រះរិនិពាន្ត។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនានិងសាសនាដទៃទៀតនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យគក់សម្គាល់។ ព្រះពុទ្ធសាសនា មិនត្រឹមបម្រើដល់ជំនឿ ជាទីគោរពសក្ការៈ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអប់រំផ្លូវកាយ និងផ្លូវចិត្តដល់ប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានបន្ត​ឧបត្ថម្ភ​នូវ​ប្រាក់បៀរវត្ស រយៈពេល៧ខែ ជូនគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩​។

បេី​តាម​​សារលិខិត​​ទាំងស្រុង​ថា​ ខ្ញុំបាទ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ សូមគោរពជូន​ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
កម្មវត្ថុ ៖ ស្តីពីការបន្តចូលរួមចំណែកជាថវិកាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។​ សេចក្តីដូចមានគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ មានកិត្តិយសសូមគោរពជម្រាប ជូន ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មេត្តាជ្រាបថា៖ ក្នុងកាលៈទេសៈដែលពិភពលោក រួមទាំង កម្ពុជា បាននឹងកំពុងប្រឈម និងទទួលរងការយាយីពីវីរុសដ៏មហាប្រល័យកូវីដ-១៩។ ខ្ញុំបាទ សូមបន្ត បរិច្ចាគប្រាក់បៀវត្សរបស់ខ្ញុំបាទក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចំនួន០៧ខែ (ប្រាំពីរខែ) ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវដ-១៩។
សេចក្តីដូចបានគោរពជូនខាងលើសូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលជ្រាប និងចាត់ចែងដោយក្តីអនុគ្រោះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្រីស្នំបានរាយការណ៍ថាបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែរ អាងទឹក។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ នៅចំណុចអាងទឹកចម្ងាយ២០០ម៉ែត្រ ខាងលិចភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះប៉ក អិ អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំខាងលើមុខរបរកសិករ។មូលហេតុ មានជំងឺរុាំរ៉ៃប្រចាំកាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកប្រាសាទបាគងបានអះអាងថា បុរសជាប្ដី បានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកប្រពន្ធនិងកូន បានរងរបួសធ្ងន់ ខណៈកំពុងលក់ខោអាវ ត្រូវបានរថយន្តមួយគ្រឿងចូលបុក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ 265 F ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តបង្កហេតុ ford ranger ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ២AP ៥៦៣១ បើកបរមានទិសដៅ ពីខាងលិច ទៅខាងកើតបានរ៉េចង្កូត ចូលតូបលក់ខោអាវ ចំនួន២។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា អ្នកបើកបររថយន្តហ្វត ឈ្មោះ ពៅ អាយុ៣៧ឆ្នាំ នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ចំណែកម្ចាស់តូបលក់ខោអាវ ទី១ឈ្មោះ ណូ បូរ៉ា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ មិនមាន របួសនោះទេ។

ម្ចាស់តូបទី២ នៅជាប់គ្នាតូបទី១បណ្តាលឲ្យរបួសធ្ងន់ចំនួន៣នាក់។

១.ឈ្មោះ ស៊ីន គាន ភេទប្រុសអាយុ៤១ឆ្នាំ របួសធ្ងន់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកសៀមរាប(ស្លាប់)ត្រូវជាប្តី។

២.ឈ្មោះ ថន រដ្ឋា ភេទស្រីអាយុ៣៦ឆ្នាំ របួសធ្ងន់(ប្រពន្ធ)។

៣.គាន កាក់ការ ភេទស្រីអាយុ០៩ឆ្មាំរបួសធ្ងន់(ធ្ងន់)កូន។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ រថយន្តបង្ក បើកលឿន បែកកង់ បណ្តាលឲ្យរេចង្កូតចូលបុកទាំងកំរោលតែម្ដង។

ករណីនេះត្រូវបាននគរបាល នាំយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ខេត្តសៀមរាប៖ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាន៍ថា៖ កន្លងមកនេះ ពេលមានប្រាសាទ ណាមួយ ជួបហានិភ័យ ឧកទាហរណ៍ ដូចជា ខ្យល់ខ្លាំង ធ្វើឱ្យថ្មប្រាសាទ ណាមួយរលំ ឬធ្លាក់ គឺចាំបាច់ ត្រូវឆ្លងទៅ គណៈកម្មាធិការអន្តរជាតិ ដើម្បី សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រ អង្គរសិន ទើបអាចរៀបចំ និងថែទាំបាន។ ប៉ុន្តែសម្រាប់ អង្គភាពថែទាំប្រាសាទ មួយ ដែលគ្រោងបង្កើតថ្មី ស្ថិតក្រោមការគ្រប់គ្រងនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការនេះ គឺពេលប្រាសាទជួបហានិភ័យ គឺមិនចាំបាច់ លើកគម្រោងវែងឆ្ងាយនិងឆ្លងអាយស៊ីស៊ី នោះទេ គឺសម្រាប់ការងារដែលបន្ទាន់ គឺធ្វើបានភ្លាមៗតែ ម្តង។

រដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ ក្រោយបញ្ចប់កិច្ចប្រជុំ បច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថ្លែងប្រាប់អ្នកសាព័ទ៌មាន។

លោកជំទាវបន្តថា ឈរលើមូលដ្ឋាន អចិន្រ្តៃយ៍ និងមានប្រសិទ្ធភាព អង្គភាពមួយនេះ នឹងជួយធានា បាននូវការត្រួតពិនិត្យ ស្ថានភាពនៃការអភិរក្សប្រាសាទ នៅតាមទីតាំង ដែលមានហានិភ័យ ក៏ដូចជាការថែរក្សា ជាប្រចាំនូវប្រាសាទទាំងអស់ ជាពិសេស នូវការអភិរក្សយូរអង្វែង និងសភាពដើម នៃប្រាសាទនានា ក្នុងតំបន់អង្គរ ដែលជាតម្លៃ ដ៏មានសារៈសំខាន់បំផុតក្នុងការរក្សា តំបន់រមណីយដ្ឋានអង្គរ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(យូណេស្កូ)។ កិច្ចការអភិរក្សបេតិកភណ្ឌពិភពលោកអង្គររយៈពេល២៥ឆ្នាំមកនេះ គឺមិនមែនជាកាតព្វកិច្ច របស់ កម្ពុជា តែឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ច របស់អន្តរជាតិដែរ។ ក្នុងន័យនេះ ទោះបីជាមាន វិបត្តិសុខភាព សកល ក្រុមការងារអន្តរជាតិ បានបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយបន្តអនុវត្តគម្រោង ការងារដដែល។ អ្នកជំនាញទាំងនេះ បានជួយសហការ និងដោះស្រាយ បញ្ហាលំបាកជាច្រើនដល់អ្នកជំនាញការខ្មែរផងដែរ។

លោកជំទាវ បានបញ្ជាក់ថា ក្រៅពីការងារអភិរក្សនិងអភិវឌ្ឍ នៅក្នុងតំបន់ រមណីយដ្ឋានអង្គរនេះ អាស៊ីស៊ី ក៏បានគាំទ្រ ចំពោះការអនុវត្ត ផែនការមេទេសចរណ៍ ក្នុងខេត្តសៀមរាប របស់កម្ពុជា ប៉ុន្តែសូមឱ្យការអនុវត្តឱ្យប្រព្រឹត្តិ ទៅតាមរបៀបរបរ ក្នុងតំបន់មួយ ដែលជាតំបន់បេតិកភណ្ឌ ដើម្បីធ្វើការអភិវឌ្ឍ ដោយចេរិភាព នៅតំបន់ខេត្តសៀមរាប អង្គរនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសលើកទី៣៤និងកិច្ចប្រជុំពេញអង្គ លើកទី២៧ នៃ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បានដំណើរការ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប ដោយមានលោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំពេញអង្គនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅថ្ងៃទី២៧ ខែមករា ម្សិលមិញ បានអញ្ជើញ
សិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នៅទិសយោធភូមិភាគទី៤។

មានប្រសាសន៍ថ្លែងក្នុងពិធីនេះ លោកហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្ដាអង្គភាពសម្ព័ន្ធមេត្រីភាព និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំបំពេញការងារសម្ព័ន្ធមេត្រីភាព សម្រេចបានលទ្ធផលល្អប្រសើរ។

ដោយឈរលើស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សាមគ្គីសហការល្អ លើកកម្ពស់ “សិល្បៈនៃការចែករំលែក” ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវប្រឈម នឹងការលំបាកនានា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវមរតកសាសន៍ ដ៏មានតម្លៃបំផុតគឺ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគា្រមានអាសន្ន ” “ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ” ហើយមរតកសាសន៍ដ៏មានតម្លៃនេះ បានក្លាយទៅជាកម្លាំងសាមគ្គីជាតិ ជួយឧបត្ថម្ភទំនុកបម្រុងគ្នាជា មហាគ្រួសារខ្មែរ និយាយជារួម និងនិយាយដោយឡែក ចំពោះការងារសម្ព័ន្ធមេត្រីភាពរបស់យើងកន្លងមក ក៏បានប្រព្រឹត្តទៅយ៉ាងសកម្មផុលផុស អនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយ លើវិស័យការពារជាតិរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

លោកហ៊ុន ម៉ាណែត បានចាត់ទុកអង្គសិក្ខាសាលានេះថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ភាពជាដៃគូ និងពង្រីកកិច្ចសន្ទនា ជាពិសេសពង្រឹង នូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័ន កងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន -អង្គភាពស៊ីវិលដៃគូ ក្នុងសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរស ជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិ របស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង នៃការកសាងនិងពង្រឹង ប្រៀបការពារជាតិ តាមរយៈការបំផុសចលនា ឱ្យប្រជាជនគ្រប់រូបមានឆន្ទៈ ស្រឡាញ់ប្រទេសជាតិ និងបានបំពេញកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។

លោកហ៊ុន ម៉ាណែត ក៏បានជំរុញអោយខិតខំបន្តនិរន្តរភាពការងារ សម្ព័ន្ធមេត្រីភាព ជាមួយដៃគូសម្ព័ន្ធមេត្រីភាព ឆ្លើយតបទៅនឹងអនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីបង្វែរទិសដៅមួយផ្នែក នៃជំនួយសម្ព័ន្ធ មេត្រីភាព ឱ្យបម្រើទស្សនវិស័យយូរអង្វែង សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងការកែទម្រង់ កងយោធពលខេមរភូមិន្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ខេត្តសៀមរាប៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្របនឹងថ្ងៃបុណ្យមាឃបូជា បានចូលបួងសួងនៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព ក្នុងទឹកដីអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។

លោករដ្ឋមន្ត្រី បានបួងសួង សូមឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត ក្រោមការងដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងសូមឱ្យកម្ពុជាចៀសផុត ពីជំងឺកូវីដ១៩ ដែលកំពុងយាយី ពិភពលោកទាំងមូល។

សូមជម្រាបជូនថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗ ទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេស កាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។

ពិធីនេះប្រារព្ធធ្វើឡើង ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនា ព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ ប្រកាសដាក់ ព្រះជន្មាយុសង្ខារ។

ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះ នៅគ្រប់វត្តអារាម ទូទាំងប្រទេសដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត តាមប្រពៃណី ព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២១

ភ្នំពេញ៖គេហទំព័រហ្វេសប៊ុក របស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានសរសេរថា អនុមោទនា «បុណ្យមាឃបូជា»។

សម្ដេចហ៊ុន សែន បានសរសេរថា
ថ្ងៃព្រហស្បត៍​ ១៥​កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ២៥៦៤​ ត្រូវនឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០១នេះ គឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក​នា​ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ​អត្តសញ្ញាណ​ជាតិទៀតផង។

សូមប្រគេនពរ ដល់ព្រះតេជគុណ គ្រប់ព្រះអង្គ និងជូនពរបងប្អូនជន​រួម​ជាតិ​ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងបើកម៉ូតូបុករថយន្តពីក្រោយចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃពុធទី២៧ ខែមករា ឆ្នាំ២០២១នេះ លើផ្លូវជាតិលេខ០៦ ត្រង់ចំណុចមុខសាលាឃុំស្រណាល ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់។

សមត្ថកិច្ចស្រុកក្រឡាញ់បានរាយការណ៍ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងយានយន្តមិនស្គាល់ម៉ាក។ ម៉ូតូធុន C១២៥ពណ៌ខ្មៅសេរី២០១៧ ពាក់ស្លាកលេខ សៀមរាប១X៤៨១៥ បើកបរដោយឈ្មោះ ហ៊ីង គឹមហាក់ អាយុ១៩ឆ្នាំ រស់នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ ពីកើតទៅលិច បានបុកយានយន្តពីក្រោយ
ក្នុងទិសដៅពីកើត ទៅលិចស្របទិសគ្នា បណ្ដាលឱ្យស្លាប់តែម្ដង។ ក្រោយធ្វើការវាស់វែង បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២១

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានថ្លែងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២១នេះ ថា ករណី​លោក​ឧត្តម​សេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការ​រង​ទទួលផែន​ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល​ខេត្តតាកែវ ដែល​រងបណ្តឹងពី​ការបង្ខាំង​មនុស្ស​ជំរិត​ទារលុយនោះ សម្តេចនៅមិនទាន់ទទួលបាន​លទ្ធផល​ត្រួតពិនិត្យ​នៅ​ឡើយទេ តែ​សម្តេច​បញ្ជាក់ជំហរថា អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺមាន​ទោស​ហើយ បើ​រកឃើញ​ភស្តុតាង។

គួរ​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេច ស ខេង បានចាត់​ឲ្យ​មន្រ្តីក្រសួងមហាផ្ទៃ​ ចំនួន៦រូប ចុះ​ធ្វើ​ការ​ស្រាវជ្រាវ ចំពោះពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ក៏​ដូចជា​មន្រ្តីនគរបាល​នៅ​ខេត្តតាកែវ ដែលបាន​ចោទ​ប្រកាន់​ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងនគរបាល​ខេត្តតាកែវ ពាក់ព័ន្ធនឹងអំពើពុករលួយ​ចាប់មនុស្ស​ជម្រិត​ទារប្រាក់។

តាមពាក្យ​បណ្តឹង​នោះថា ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​មានតែ​អួតអាង បង្កើត​បក្ខពួក គំរាមកំហែង​ថ្នាក់ក្រោម​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រួមជាមួយ​បក្ខពួក​ បានចាប់បង្ខាំងជនរងគ្រោះ ជំរិតទារប្រាក់ចំនួន ២០​ម៉ឺន​ដុល្លារ នឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង និង​លោក​វរសេនីយ៍ទោ សាក់ ទូច រួមទាំង​បក្ខពួក​ បានធ្វើសកម្មភាព ចាប់បង្ខាំង ជនរងគ្រោះ ជាជនជាតិវៀតណាម ចំនួនបីនាក់ និង​ជនជាតិខ្មែរ​ចំនួន២នាក់ ជម្រិត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ​និង​បាន​ដកហូតយក​ខ្សែដៃ និង​ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ​ បុគ្គិល ជា​អ្នកបកប្រែ​។ លុះ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​ របស់ជនរងគ្រោះ ចំនួនពីរនាក់ បានមក​ប្តឹងតវ៉ា​ ដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ​ នៅអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុនៃក្រសួងការពារជាតិ​ ក្នុងគោលបំណងទាមទារឲ្យអនុវត្តច្បាប់ ចំពោះមន្ត្រីនគរបាល ជាន់ខ្ពស់ខាងលើ និង​ទាមទារ​យក​សម្ភារ​ ដែលបានដកហូតពីជនរងគ្រោះ ដែលជាអ្នកវិនិយោគិនវៀតណាមត្រឡប់មកវិញ។

​ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ មួយរូប (​មិន​ស្គាល់ឈ្មោះ​) បាន​យក​សម្ភារ​ ទៅប្រគល់ជូនជនរងគ្រោះ វិញដល់រាជធានីភ្នំពេញ។

ករណីនេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​ កោះហោះ លោកឧត្តមសេនីយ៍ត្រី ហ៊ិ​ន សុខ​ខេង មក​សាកសួរ​ពី​ដំណើររឿង​បង្ខាំង​មនុស្ស​ ខុសច្បាប់ម្តងរួចមកហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២១

ភ្នំពេញ៖អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រជានរដ្ឋបាលជលផល ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំងមុខតំណែង ជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងតែងតាំងលោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រជានរដ្ឋបាលជលផល ជំនួស មានឋានៈ ស្មើអនុរដ្ឋលេខាធិការ។

នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page462 Page463 Page464 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×