Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តកំពង់ធំ៖ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តដឹកគ្រឿងចក្របុកចំពេញទំហឹង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ទី១ឈ្មោះ រឹន សុខណា ភេទស្រី អាយុ២៥(ស្លាប់) ទី២ឈ្មោះ មាន សុភ័ណ្ឌ ភេទស្រី អាយុ២១ឆ្នាំ (របួសធ្ងន់បាក់ដៃ)ទី៣ឈ្មោះមាន សៀវម៉ី អាយុ៤ឆ្នាំ
(របួសធ្ងន់ត្រូវជាក្មួយបង្កើត) អ្នកទាំង៣ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ គេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូឌុបគ្នា វ៉ាជែងរថយន្តខាងស្តាំហើយបត់ឡើងថ្នល់ជាតិវិញ អ្នកបើករថយន្តអកស៊័រជាន់ហ្វ្រាំងមិនជាប់ ក៏បុកតែម្ដង។ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់។វត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក ដើម្បីរងចាំធ្វើការដោះស្រាយ៕SRPអ៊ុងសំអាត

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេច ស ខេង បានបង្ហាញការកត់សំគាល់ថានៅឆ្នាំ២០២០កន្លងទៅ កម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែបានរងផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះការអនុវត្តន៍ គោលដៅយុទ្ធសាស្ត្រ នីមួយៗ នៃផែនការថ្នាក់ជាតិ ស្ដីពីអត្តសញ្ញាណកម្ម ក៏រងផលប៉ះពាល់ផងដែរ។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង បានគូសបញ្ជាក់នូវកិច្ចការចម្បងមួយចំនួន ដែលត្រូវខិតខំសម្រេច ឱ្យបានក្នុងដំណាក់កាលនេះ និងបានដឹកនាំឯកឧត្តម អស់លោក ជាសមាជិកគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិនិត្យពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា បានប្រកាសថានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ នឹងបិទការចេញចូល នៅខ្លោងទ្វារ «តាកាវ» ជាបណ្តោះអាសន្ន ដើម្បីបើកការដ្ឋានជួសជុលឡើងវិញ។

ការជួសជុលនេះ ត្រូវបានសហការ ជាមួយវិស័យឯកជន ដែលប្រារព្ធឡើងក្រោមវត្តមានលោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បើតាមសេចក្ដីជូនដំណឹង របស់ អាជ្ញាធរជាតិអប្សរា បានបន្ថែមថា នៅថ្ងៃទី២១ខែកុម្ភៈខាងមុខនេះ អ្នកជំនាញចាប់ផ្ដើមជួសជុល ខ្លោងទ្វារ តាកាវ នេះ ដែលទទួលបានថវិកា ពីសប្បុរសជន។

អាជ្ញាធរសង្ឃឹមថា សាធារណជន ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការ បានយ៉ាងល្អប្រសើរ ដើម្បីភាពរលូន នៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា។

សូមជម្រាបថា ខ្លោងទ្វារ តាកាវ ជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។

សូមរំលឹកថា កាលពីខែមេសាឆ្នាំ២០២០ អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលក្លោងទ្វារ ចូលបរិវេណ ក្រុងអង្គរធំ ពីខាងលិច ឬហៅថា ក្លោងទ្វារតាកៅ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេល ដែលមអគ្គនាយិកា រូបនោះ ទស្សនាសមិទ្ធផល ដែលខ្លួនបានជួយជួសជុលកម្លងមក រួមមានប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ ជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរ។
លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអោយដឹងថា ការឧបត្ថម្ភថវិកានេះ ដើម្បីលើកស្ទួយវប្បធម៌ជាតិ និងដើម្បីអភិរក្ស បេតិកភណ្ឌជាតិ អោយកាន់តែមានសោភណ្ឌភាព ស្រស់ស្អាត ឡើងវិញ និងធ្វើអោយមានការទាក់ទាញ អ្នកទេសចរណ៍ចូលទស្សនាប្រាសាទបុរាណ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖លោក សេងលាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកឆែប និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃមួយ បង្ក្រាបឈើសន្និធិ (អញ្ញាតជន) ១កន្លែង ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។

ការបង្ក្រាបនេះ ធ្វើឡើងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ តាមការណែនាំរបស់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។

មន្ត្រីរដ្ឋបាលព្រៃឈើបានថ្លែងប្រាប់ថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត នូវឈើអារ ចម្រុះ ជាច្រើន យកទៅរក្សាទុក នៅស្នាក់ការថ្នាលបណ្ដុះ កូនឈើ ផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តកំពត៖ស្ពានដំរីផុង ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។

ពិធីសម្ពោធ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រោមវត្តមាន លោកជាវ តាយ អភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំង លោកអភិបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានភូមិឃុំ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា ៥០០ នាក់។

គូសបញ្ជាក់ដែរថា ស្ពានដំរីផុង មានប្រវែង ៤១ម៉ែត្រ ទទឹង ៣ម៉ែត្រ សាងសង់អំពីឈើ ប្រើប្រាស់ថវិកាចំនួន ៦៥ លានរៀល ស្ពាននេះ ជាហេដ្ឋារចនាសម្ព័ន្ធ យ៉ាងសំខាន់ តភ្ជាប់រវាងឃុំស្ទឹងកែវ ស្រុកទឹកឈូ ទៅកាន់ស្រុកឈូក បម្រើដល់បងប្អូនប្រជាពលរដ្ឋ ដឹកកសិផល និងការធ្វើដំណើរទៅកាន់សាលារៀន និងមន្ទីរពេទ្យរបស់សិស្ស និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ​ឆ្នាំ​២០២០​ និង​លេីក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១​ របស់​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ​២០២ ព្រឹកមិញ នេះ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ គោលដៅ​សំខាន់​បំផុត​ របស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺ​ការ​កសាង​កម្លាំង​ ធ្វើ​យ៉ាងណា​ឲ្យ​យុវជន​​របស់​យេីង​ ធ្វេី​​ការងារប្រកប​ដោយ​ឆន្ទៈ​​មុះមុត​ និង​ក្នុង​​ស្មារតី​​ស្មោះត្រង់​ ដេីម្បី​ចូលរួម​​ការពារ​រាជរដ្ឋាភិបាល​ ស្របច្បាប់ ក្រោម​ការ​ដឹកនាំ​ របស់ សម្តេចតេជោ ហ៊ុន​ សែន ព្រោះ​ឆន្ទៈ​នេះ​ហេីយ​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ចូលរួម​​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ របស់យើងឲ្យកាន់តែមានការរីកចម្រើន។

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​បន្តថា រដ្ឋបាល​ខេត្តកំពង់ចាម បាន​ផ្តល់ការគាំទ្រ និងសហការជានិច្ចចំពោះ ការអនុវត្តការងារ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គ្រប់​លំដាប់​ថ្នាក់ ដែលមានគោលដៅបម្រើផលប្រយោជន៍ សាធារណៈនៅគ្រប់មូលដ្ឋាន។​ ជាមួយគ្នានោះ​ រដ្ឋបាលខេត្តកំពង់ចាម ​ក៏មានការប្តេជ្ញាចិត្តខ្ពស់​ ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លា​ ប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយត្រូវសហការ ជាមួយដៃគូអភិវឌ្ឍ នានា ទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ទាំងអស់ក្នុងសង្គម ក្នុងនោះយុវជន ដែលជាធនធានមនុស្សប្រកបដោយចំណេះ ជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេណ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ក្នុងឱកាសនេះដែរ លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានទី១ សហភាពសហព័ន្ធយុវជនកម្ពុជា​ បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញេី​សាកសួរសុខទុកពី​សំណាក់​ លោក ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហេីយ​ក៏​​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម​ ឲ្យ​ខិតខំ​ពង្រឹង​ ​និង​ពង្រីក​រចនាសម្ព័ន្ធ​របស់​ខ្លូន​​ ឲ្យ​មាន​ការ​​រីកចម្រើន​ ដេីម្បី​បំពេញ​បេសកកម្ម​ បម្រើដល់សង្គមជាតិ ជាពិសេស បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ (Covid-19)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បើទោះបី មានការរឹតបន្តឹងពីអាជ្ញាធរសមត្ថកិច្ច ដើម្បីទប់ស្កាត់ បទល្មើសនានាក្នុងក្រុងសៀមរាប ក្នុងការបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏មជ្ឈដ្ឋាននៅតែសង្កេតឃើញថា អំពើចោរកម្មហាក់កើតមានឡើងជាបន្តបន្ទាប់ នៅក្រុងសៀមរាប។

ជាក់ស្ដែងរយ:ពេលតែមួយយប់ នៅក្រុងសៀមរាប មានករណី បំបែកគ្រាប់សោរសូឡិចលួចយកម៉ូតូអស់២គ្រឿងម៉ាកហុងដាគេចខ្លួនបានដោយសុវត្ថិភាព។

យោងតាមប្រភពដែលបង្ហោះ តាមបណ្ដាញសង្គមហ្វេសប៊ុកបានដឹងថា ហេតុការណ៍អំពើ ចោរលួចម៉ូតូនេះបានកើតឡើង ចន្លោះម៉ោង០២,០០នាទី ទៅម៉ោង០៦,០០នាទីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ដែលមានម្ចាស់ ឈ្មោះ ស៊ុយ សេងអ៉ី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជានគរបាលជាតិ ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយមានជនមិនស្គាល់អត្តសញ្ញាណ មួយក្រុមបានធ្វើសកម្មភាព ឆ្កឹះបំបែកគ្រាប់សោរសូឡិច ដែលបានចាក់ភ្ជាប់ទៅនឹងម៉ូតូទាំង២គ្រឿង លួចយកទៅបាត់ស្រមោល។
ម៉ូតូទី១ ម៉ាកហុងដា125 ពណ៌ខ្មៅសេរីឆ្នាំ២០១៧ ឡើងតែម២០១៩ មានស្លាកលេខ សៀមរាប 1Z-5440 លេខតួ+ម៉ាស៊ីន: 9871020 ម្ចាស់កម្មសិទ្ធិឈ្មោះ ពៅ ហុងហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅបន្ទប់ជួលខាងលើ។

ម៉ូតូទី២ ម៉ាកហុងដា125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ឡើងតែម២០២០ ស្លាកលេខ ត្បូងឃ្មុំ 1F-0348 នឹងលេខតួ+ម៉ាស៊ីន: 5387030 ម្ចាស់កម្មសិទ្ធិឈ្មោះ រិត ថានី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់រូមគ្នា។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំងពីរនាក់ បានចាក់ច្រវ៉ាក់មួយខ្សែជាប់នឹងកង់មុខម៉ូតូទាំងពីរ ដោយប្រើសោរសូឡិចចំនួនមួយ នៅចំណតម៉ូតូក្រោមជណ្តើរ រួចនាំគ្នាឡើងទៅនៅខាងលើ នៅពេលមកយកក៏មានការបាត់ម៉ូតូតែម្ដង។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ រស់នៅក្រុងសៀមរាប សង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចនិងទប់ស្កាត់ បង្ក្រាបអំពើចោរកម្ម នេះ បានប្រសិទ្ធភាពជាក់ជាពុំខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋបាននាំគ្នាកាប់បំផ្លាញព្រៃឈើ ដើម្បីយកទៅលក់ឱ្យ តាហៃ នៅក្រុមហ៊ុន នៅចំណុច អូរគ្រាក់ជាប់ ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ
៦០ម៉ឺនរៀល។ នេះបើយោងតាម page ផ្លូវការរបស់ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

pageអាវុធហត្ថលើផ្ទៃប្រទេសបានសរសេរថា
នៅថ្ងៃទី១៥-១៦​ ខែកុម្ភៈ​ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហ្ថខេត្តស្ទឹងត្រែង​ កម្លាំងកងរាជអាវុធហ្ថ​កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងបរិស្ថាន បានចុះស្រាវជ្រាវ ករណីគល់ឈើជារណ្ដៅ(ឈើ
ច្បោះ) ដែលត្រូវបានកាប់រំលំនៅចំណុចអូរឈ្លីកលើ (590652-1456894)​ អូរខ្សាច់ស្វា( 590590-1459185)​អូរតាពណ៌ (590537-1454189)​ផ្លូវបំបែកជាបីចូលក្រុម
ហ៊ុនស៊ីបាយអូតិកចូលទៅអូរគ្រាក់,ចូលទៅបុសខ្នុរ (595423-1451578)​ផ្លូវបែកអូរឡង់ចូលទៅក្រុម
ហ៊ុន(595836-1451783)​ភ្នំក្រហម(591293-1460268)​មានចំការ​និងប្រជាពលរដ្ឋរស់នៅទីនោះប្រហែល២០នាក់ (ធ្វើចំការ និងកាប់ឈើ)​ ការស្រាវជ្រាវរកឃើញគល់ឈើកាប់ចំនួន១៧៨គល់​។

ក្នុងpageដដែលបានបញ្ជាក់ថា ប្រជាពលរដ្ឋ បានប្រាប់ថា ពួកគាត់កាប់ឈើលក់ ឱ្យតាហៃ នៅក្រុមហ៊ុននៅចំណុច អូរគ្រាក់ ជាប់ក្រុមហ៊ុនស៊ីបាយអូតិកក្នុងមួយម៉ែត្រគូបតម្លៃ
៦០០.០០០រៀល។

ទោះជាយ៉ាងណា បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ ទទួលបានការបំភ្លឺបន្ថែម ពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅឡើយទេ ជុំវិញហេតុការណ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញ បានសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា។

ពិធីនេះមានអ្នកចូលរួមចំនួន២៨៦នាក់ មកពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលទីតាំង ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងទំហំជាង៤ហិកតា ដើម្បីអបអរសាទរលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨កុម្ភៈ ១៩៥៥-១៨កុម្ភៈ២០២១) ក្នុងគោលបំណងរួមចំណែកការពារបរិស្ថាន ជាគម្របធម្មជាតិបៃតង ក្នុងតំបន់ឧទ្យានអង្គរ ដែលជាបេតិកភ័ណ្ឌពិភពលោក។

លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា នៅពាក់កណ្តាលខែមេសាឆ្នាំ១៩៩៩ លោកសាស្រ្តាចារ្យ ប៊ី សាមឺឌី ព្រឹទ្ធាចារ្យកាកបាទក្រហមកម្ពុជា បានអញ្ជើញមកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយបានផ្តល់យោបល់ឱ្យសាខាគិតគូរអំពីការទុកស្នាដៃកាកបាទក្រហមកម្ពុជា សម្រាប់ជាកេរ្តិ៍ដំណែលបន្តដល់កូនចៅជំនាន់ក្រោយ បានសម្រេចចិត្ត ថានឹងរៀបចំឧទ្យានដាំកូនឈើមួយកន្លែងនៅតាមផ្លូវទៅអង្គរវត្ត និងបានលើកសំណើនេះជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនជ្រាប និងសូមអនុសាសន៍ណែនាំពីការងារនេះ ប៉ុន្តែលោកសាស្រ្តាចារ្យ ប៊ី សាមឺឌី បានទទួលមរណភាពកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១២។

លោក ស៊ុំ សំអន បានបន្ថែមថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងបានការជួយគាំទ្រពីសម្តេចជហ្វាវាំង គង់ សំអុល អនុប្រធាន ព្រមទាំងការសម្របសម្រួលពីអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ទីតាំងឧទ្យានដាំកូនឈើ ត្រូវបានកំណត់យកដីនៅទីតាំងនេះតែម្ដង ហើយក្នុងជំហានដំបូងក្រុមដោះមីនកូហ្វាស់របស់បារាំង បានជួយសម្រួលស្រាវជ្រាវរុករកកាកសំណល់ជាតិផ្ទុះ លើផ្ទៃដីដែលបានគ្រោងទុកនេះ។ បន្ទាប់មកក្រុមគ្រឿងចាក់ឈូសឆាយ របស់ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានឈូស ឆាយបន្តជម្រះគុម្ពោតធំៗ មួយចំនួន ដោយបានរៀបចំជា៤ការ៉េៗ មានការធ្វើផ្លូវការពារភ្លើង ព័ទ្ធជុំវិញនិងពុះខ្នែង ជាសញ្ញាកាកបាទក្រហមចំកណ្តាលផងដែរ ។

លោក គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោកទៀសីហា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្រសៀមរាបបានថ្លែងថា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១មក ឲ្យតែដល់ថ្ងៃទី១៨កុម្ភៈ កាកបាទក្រហមកម្ពុជាសាខា ខេត្តសៀមរាប តែងបានរៀបចំពលកម្ម សម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា នេះ ដោយមានការចូល រួមពីថ្នាក់ដឹកនាំគណៈកម្មាធិការសាខា គណ:កិត្តិយសសាខា ស្ថាប័នពាក់ព័ន្ធ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ដោយស្មារតីដោយក្តីសោមនស្សរីករាយ និងចូលរួមបន្តថែរក្សាសមិទ្ធផលមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ ឱ្យបានគង់វង្សជារៀងរហូត។

លោក បានលើកឡើងទៀតថា ចំពោះសកម្មភាពទាំងនេះ គឺកើតចេញពីការរួបរួមសាមគ្គីគ្នា និងរួមគ្នាថែទាំកូនឈើក្នុងឧទ្យាននេះ ខណៈកន្លងមកដោយមានជួសកូនឈើដែលស្វិតស្រពោន ពេលនោះអស់ប្រមាណជាង ២០០ដើម ជម្រះស្មៅ ស្រោចទឹក ដាក់ជីរ បាញ់ថ្នាំសម្លាប់ដង្កូវស៊ីស្លឹកឈើជម្រះផ្លូវភ្លើង និងជាបន្តបន្ទាប់បានដាំកូនឈើបន្ថែមទៀមចំនួន៤៦០ដើម ដែលមកទល់ពេលនេះឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា មានដើមឈើសរុបចំនួន២.៤៦០ដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តកោះកុង៖បុរសជា ថៅកែ បានស្លាប់និងតៃកុង រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងព្រឹកថ្ងៃទី ១៨ ខែកម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង ០៨និង១៥ នាទីព្រឹក ដោយរថយន្តដឹកឥដ្ឋទម្ងន់ ៥តោន ចុះចំណោតដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ – ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលឲ្យ ស្លាប់ម្នាក់ប្រុស និងរងរបួសធ្ងន់ម្នាក់ប្រុស។

រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ០៥ តោន​ ធ្វើដំណើរមកពីភ្នំពេញ-មក​កោះកុង​ បើកបរដោយ​ឈ្មោះ ស៊ឹម កប ភេទ ប្រុសអាយុ ២៩ ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា (ស្លាប់)។

បច្ចុប្បន្ន កម្លាំងជំនាញ សហការ​ជាមួយ​កម្លាំង​ទាហាន​ ជួយ​សង្រ្គោះ​បឋម​ និង​បាន​បញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកឯសពរងគ្រោះ កម្លាំងកំពុង ទំនាក់ទំនងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ជាទូទៅ ភាពរីកចម្រើន កើតចេញពី គំនិត និងសកម្មភាព កែលម្អ គ្មានទីបញ្ចប់ ស្របជាមួយនិង ពាក្យសំដីដែលយើងនិយាយថា ” ជីវិតគឺជាការរៀន ភាពរីកចម្រើនចេញមកពីការរៀន ទាំងទ្រឹស្ដី ទាំងការអនុវត្ត”។

នៅក្នុងអត្ថបទនេះ គឺលើកយក អំពីគំនិត គន្លឹះ និងវិធីនៃការធ្វើអាជីវកម្ម ពីព្រោះ សហគ្រិនមានភារ:កិច្ចជាចម្បងទៅលើការសម្រេចចិត្តព្រមទាំងប្រកាន់ជាប់ជានិច្ចចំពោះការរៀនអ្វីៗដែលនៅជុំវិញខ្លួន ជាពិសេសនោះអំពីការថែទាំមនុស្សដែលទទួលបន្ទុកធ្វើការជំនួសមុខ។
សំរាប់ សម្រាប់សហគ្រិន : មានបច្ច័យសំខាន់5ប្រការដើម្បីបន្តភាពរីកចម្រើននៅក្នុងអាជីវកម្ម:

1. ពេលវេលានិងទីកន្លែង:

” ប្រសិនបើអ្នកយល់អំពី ផលិតផល យល់អំពីទីកន្លែង និង ដឹងពេលវេលា ដែលអតិថិជន ត្រូវការ អ្នកកំពុងតែឈរលើទីតាំងត្រឹមត្រូវ សម្រាប់អាជីវកម្មអ្នក ”

” Things are value because they are in right time and right place”
សម្រាប់ម្ចាស់អាជីវកម្មការយល់ដឹងអំពីផលិតផលរបស់ខ្លួននិងការរៀបចំឲ្យមនុស្សធ្វើការរួមគ្នានោះមិនទាន់គ្រប់គ្រាន់ឡើយ ពីព្រោះពួកគេត្រូវសម្លឹងមើលផ្នែកតម្រូវការអ្នកប្រើប្រាស់នៅក្នុងតំបន់មួយ នឹងពេលវេលានៃតម្រូវការទៅលើផលិតផលនោះ ” ប្រសិនអ្នកយល់អំពីពេលវេលានិង ទីផ្សាររបស់ផលិតផល ក្នុងតំបន់នោះ ” ការដឹងពេលណាអ្នកត្រូវវាយលុក និង ពេលណាអ្នកបំប៉នកម្លាំងថែម ហើយពេលណាអ្នកត្រូវតែកែប្រែដើម្បីភាពជោគជ័យ លុះត្រាតែអ្នកយល់យ៉ាងច្បាស់ភូមិសាស្រ្ត សម្រាប់ទីផ្សារ” ពីព្រោះការធ្វើជំនួញ ជាមួយនឹងការមានគុណភាពការងារខាងក្នុងអង្គភាពមមិនត្រូវបានធានាបានជោគជ័យយូរអង្វែងឡើយ អ្នកត្រូវយល់ដឹងអំពីសភាពការណ៍ខាងក្រៅដែលជាផ្នែកសំខាន់សម្រាប់សុវត្ថិភាព
អាជីវកម្ម និង សន្តិសុខហិរញ្ញវត្ថុ ។

ឧទាហរណ៍ជាក់ស្តែងក្រុមហ៊ុន “Kodark” ដែលជាក្រុមហ៊ុនជោគជ័យធំមួយខាងផ្នែក “ស្វីលថតរូបភាព” ហើយគ្មានវត្តមានដល់ពេលបច្ចុប្បន្ននេះ ដោយសារតែក្រុមហ៊ុនអាក់ខានក្នុងការបត់បែនដើម្បីរត់តាមសម័យកាល “digital age” ដែលមានរហូតដល់បច្ចុប្បន្ននេះ ហើយមានឧទាហរណ៍មួយទៀត គឺ ក្រុមហ៊ុន “Nokia” បានអវត្តមានបង្ហាញមុខ”Smart phone” ដែលស្ថិតក្នុងសម័យកាលប្រើប្រាស់ “Android and IOS” ប៉ុន្តែមាន
អាជីវកម្មតូចនិងក្រុមហ៊ុនជាច្រើនទៀតដែលបានបរាជ័យក្នុងកាទទួលយកភាពប្រែប្រួលនៃពេលវេលា។

2. ការយល់អំពីសមត្ថភាពរបស់មនុស្ស:
” the power of skills and power of human resources ”
” ជំនាញពិតប្រាកដរបស់ សហគ្រិន គឺ ជំនាញ រៀបចំ បង្កើតឲ្យមានមេដឹកនាំ នៅក្នុងប្រព័ន្ធការងារ ”

គ្រប់ម្ចាស់អាជីវកម្មមានមេរៀនដ៏លំបាកមួយដែលធ្វើឲ្យគេត្រូវការ យកមនុស្ស អោយត្រូវ ពីព្រោះ ទាំងអស់គ្នាប្រហែលជាដឹងហើយថាភាពប្រថុយប្រថានដ៏ធំបំផុតគឺ “គុណភាពការងារ” រាល់គុណភាពការងារ គឺកើតឡើងអាស្រ័យលើគុណភាពការងាររបស់មនុស្សអាស្រ័យលើសមត្ថភាពផ្សេងគ្នា ដែលជាកិច្ចការរបស់អាជីវកម្មត្រូវរៀបចំតាមតាមផ្នែកនីមួយ ដូចពាក្យចាស់លោកពោលថា:មនុស្សតែងតែមានប្រយោជន៍នៅពេលដែលយើងដាក់នៅក្នុងការងារ ប៉ុន្តែយើងត្រូវតែរៀនឲ្យយល់ “ឈើកោងគឺសម្រាប់ធ្វើកង់រទេះ ឈើត្រង់សម្រាប់ធ្វើកាំរទេះ” ពេលខ្លះមនុស្សអសមត្ថភាពចំពោះ ការនោះ ប៉ុន្តែពួកគេមានសមត្ថភាពល្អចំពោះកិច្ចការផ្សេងមួយទៀត និយាយរួមការយល់ដឹងអំពីជំនាញហើយរៀបចំមនុស្សឲ្យត្រូវជំនាញ គឺជាកិច្ចការរបស់ម្ចាស់អាជីវកម្ម។

3. វិន័យក្នុងអង្គភាព:

” Nothing works without discipline ”

ក្នុងអង្គភាពការងារត្រូវតែមានវិន័យល្អ ពីព្រោះគ្មានគុណភាពការងារល្អណាកើតឡើងដោយគ្មានវិន័យត្រឹមត្រូវបានឡើយ វិន័យជួយឲ្យពេលវេលាមានតម្លៃខ្លាំងឡើង។ ទោះបីវិន័យត្រូវបានកាត់ផ្តាច់ភាពយោគយល់ ឬ អត់ឱនទោសក្នុងកម្រិតណាមួយក៏ដោយ ប៉ុន្តែអ្វីៗទាំងអស់ផ្តើមចេញ
ពីខ្លួនអ្នក។
” អ្នកមិនអាចសម្រេចអ្វីបានឡើយប្រសិនបើអ្នកមិនដាក់វិន័យកែទំលាប់មិនល្អបាននោះ”។

4. ការត្រៀមខ្លួន:
” the more you prepare, the better you get ‘

ក្នុងការប្រយុទ្ធដែលបរាជ័យមិនមែនដោយសារកម្លាំងខ្លាំង ឬ កម្លាំងខ្សោយឡើយ។
ពួកគេបរាជ័យដោយសារតែពួកគាត់មិនបានបានធ្វើការត្រៀម ឬ រៀបចំទុកជាមុនឲ្យបានល្អ។
” អ្នកត្រៀម អ្នករៀបចំឲ្យបានច្រើនអ្នកកាន់តែទទួលបានជោគជ័យ”។

5. មនុស្សគាំទ្រ: ( supportive systems in every level )

នៅក្នុងលោកយើងនេះមនុស្សត្រូវការអ្នកគាំទ្រសម្រាប់ម្ចាស់អាជីវកម្ម អាជីវកម្មដើម្បីឲ្យចក្ខុវិស័យ ឬ ក្តីសុបិន្តរបស់អ្នកក្លាយជាការពិតអ្នកត្រូវការអ្នកចូលរួមបំពេញ និងគាំទ្រដើម្បីបំពេញកិច្ចការផ្សេង ប៉ុន្តែអ្នកដែលគាំទ្រល្អបំផុត គឺ មនុស្សដែលមានសមត្ថភាពគ្រប់គ្រងដើម្បីធ្វើការទៅលើផ្នែកលម្អិតផ្សេងៗគ្នាដើម្បីជួយគាំទ្រអំំណាចសហគ្រិន ឬ ម្ចាស់អាជីវកម្ម ” ប្រសិនបើអ្នកមានសុបិន្តធំហើយ កសាងកម្លាំងគ្រប់គ្រងបានធំអ្នកនិងទទួលបានលទ្ធផលធំដូចក្នុងក្តីសុបិន្តរបស់អ្នក”៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY ( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN ( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖ទីតាំងកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងត្រូវបានសមត្ថកិច្ច ចម្រុះខេត្តព្រះវិហារចុះបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើងនៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅទល់រង្វង់មូល ដឹកនាំដោយលោក ស សុភា ក្រឡាបញ្ជីអយ្យការ អមសាលាដំបូង ខេត្តព្រះវិហារ តំណាងលោក វុធ សាវី ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត។

មន្ត្រីរដ្ឋបាលព្រៃឈើបានថ្លែងប្រាប់អ្នកសារព័ត៌មានថាការបង្ក្រាបនេះ ដោយសារទីតាំងស្តុកសន្និធិ ផលអនុផលព្រៃឈើ ចែកចាយនឹងកែច្នៃលក់បន្ត ដោយមិនមានច្បាប់ អនុញ្ញាត ដែលមានម្ចាស់ ឈ្មោះ ហួត ផល្លា ហៅក្រៅ(ហា) ភេទប្រុសអាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម។

មន្ត្រីបានបន្តថា វត្ថុតាង ដែលមាននៅក្នុងរោង ស្តុកទាំងនោះ ត្រូវបានរឹបអូស ទាំងអស់យកទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះវិហារ។

សូមជម្រាបថាខេត្តព្រះវិហារ បទល្មើសព្រៃឈើនៅតែបន្តកើតមាន យ៉ាង អណាធិបតេយ្យបើទោះបី មានការបង្ក្រាបពីជំនាញជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ការដែលមានសកម្មភាពយ៉ាង អណាធិបតេយ្យ ខណ:ដែលសមត្ថកិច្ចបើកប្រតិបត្តិការ បង្ក្រាបយ៉ាងក្ដៅគគុកបែបនេះ គេនៅពុំទាន់ដឹងថា មានអ្វីនៅពីក្រោយខ្នងនោះឡើយ។ ក្នុងនោះត្រូវបានគេដឹងថាការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីខេត្តព្រះវិហារទៅខេត្តកំពង់ធំនឹងចេញពីខេត្តព្រះវិហារទៅខេត្តសៀមរាបដោយគ្មានការបង្ក្រាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page449 Page450 Page451 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×