ភ្នំពេញ៖ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែននិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោកដួង តារា បានបង្ហោះសារគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំង ជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។
ក្នុងសាររបស់លោកដួង តារា បានបង្ហាញថា
«សុខភាពសម្តេចតេជោកម្ពុជា»។
លោកដួង តារា បានបរិយាយថាខ្ញុំផ្ទាល់ក៏បានស្តាប់សារសំឡេងសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលថ្មីៗនេះ ដែលខ្លឹមសារសំខាន់បំផុតនោះគឺផ្តល់ឱកាសអោយកងទ័ពជំនាញពេទ្យបានចូលរួមជួយចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង “តំបន់ក្រហម” ដែលជា “តំបន់បិទខ្ទប់“ អោយបានឆាប់បំផុត ដើម្បីកុំអោយបងប្អូនមានការភ័យព្រួយខ្លាំង។ ខ្ញុំសូមចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។
ក្នុងសារសំឡេងនោះ បើយើងស្តាប់ទៅគឺអាចឮសំឡេងដកដង្ហើម ដែលពេលនោះសម្តេចកំពុងហាត់កីឡា។ ច្បាស់ណាស់បើយើងកំពុងហាត់កីឡា ហាត់ផង និយាយផងគឺសំឡេងឮបែបហ្នឹងហើយ។ ប៉ុន្តែមានជនខិលខូចមួយចំនួនបានប្រឌិតទៅជារឿងផ្សេង ព្រោះជាជំនាញពួកជនអាក្រក់ទាំងនោះ។
ក្នុងនាមខ្ញុំជាជំនួយការផ្ទាល់ សម្តេចតេជោ ខ្ញុំសូមជម្រាបជូនបងប្អូនជ្រាបថា ក្នុងពេលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺសម្តេចលោកហត់នឿយខ្លាំងណាស់ក្នុងការគិតគូរដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។ ជាការពិតក្នុងមួយថ្ងៃៗគឺយើងបានសម្រាកច្រើនជាងលោកទៅទៀត។ ប៉ុន្តែទោះបែបនេះក្តីសុខភាពលោកនៅតែល្អរឹងមាំជានិច្ច ហើយក្នុងពេលអញ្ជើញធ្វើដំណើរទៅក្រៅប្រទេស សម្តេចតេជោលោកពាក់ម៉ាសផងនិងពាក់ស្រោមដៃផង គឺលោកប្រយ័ត្នប្រយែងសុខភាពខ្លាំងបំផុត។
ក្នុងពេលអញ្ជើញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ មេសា កន្លងទៅនេះ គឺខ្ញុំបានឃើញសម្តេចលោកមានសុខភាពល្អរឹងមាំដដែលទាំងក្នុងពេលអញ្ជើញឡើងជណ្តើរយន្តហោះជាមួយដំណើរដ៏ស្វាហាប់ ហើយពេលនោះខ្ញុំក៏បានថតរូបសម្តេចមួយចំនួនផងដែរ។
ក្នុងពេលអញ្ជើញធ្វើដំណើរអស់រយៈពេល៣ម៉ោងនៅលើយន្តហោះទៅកាន់ឥណ្ឌូនេស៊ី និងក្នុងពេលប្រជុំពេញមួយថ្ងៃនៅថ្ងៃទី ២៤ មេសា សម្តេចតេជោមិនសម្រាកនៅទីនោះ ហើយបានអញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកម្ពុជាទាំងយប់ដែលមកដល់ជិតម៉ោង១០យប់ ក៏សុខភាពលោកនៅតែរឹងមាំល្អដដែល។
ចំពោះខ្ញុំ សម្តេចតេជោពិតជាមានកម្លាំងពិសេសទាំងថាមពលសំឡេងនិងថាមពលរាងកាយ។ រីឯរូបខ្ញុំវិញអាយុនៅក្មេងផងក៏មានអារម្មណ៍ថាហត់អស់កម្លាំង ហើយខ្ញុំតែងលួចសរសើរក្នុងចិត្តគ្រប់ពេល ជាពិសេសក្នុងពេលអញ្ជើញទៅប្រជុំនៅបរទេសគឺសម្តេចលោកមានកម្លាំងថាមពលខ្លាំង ទោះបីការប្រជុំនោះមិនបានសម្រាកក៏ដោយ! ពេលខ្លះសូម្បីតែរូបខ្ញុំក៏មិនអាចទៅរួចដែរ។
កម្ពុជាមានសំណាងខ្លាំងណាស់ ដែលយើងមានមេដឹកនាំមានសុខភាពល្អរឹងមាំដូច សម្តេចតេជោ ហ៊ុន សែន ដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពឈ្លាសវៃម៉ឺងម៉ាត់ហ្មត់ចត់ដែលគិតផលប្រយោជន៍អាយុជីវិតប្រជាពលរដ្ឋជាធំសំខាន់បំផុត។
យើងខ្ញុំជាពលរដ្ឋស្រឡាញ់សន្តិភាព សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតមានសុខភាពល្អបរិបូរណ៍រឹងមាំជានិច្ច!យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP