Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៣

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន។

ក្នុងជំនួបនោះ ឯកឧត្តម លី ជានស៊ូ មានប្រសាសន៍សំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកកើក្តៅបំផុត វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោមានប្រសាសន៍ថា កាលពី៣ឆ្នាំមុនគឺនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។

សម្តេចតេជោបន្តថា សម្តេចអញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀតគឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា។

ក្នុងជំនួបសំដែងការគួរសមនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន បានឯកភាពគ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៣

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូចការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តម ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។ សម្តេចតេជោបានអបអរសាទរ ចំពោះការអញ្ជើញនេះ។ សម្តេចបានមានប្រសាសន៍បន្តថា កាលដែលសម្តេចអញ្ជើញមកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ពេលដែលផ្ទុះកូវីដយ៉ាងខ្លាំងនោះ គឺចង់លើកទឹកចិត្តនិស្សិមួយចំនួននៅវ៉ូហាន និងម៉្យាងវិញទៀត សម្តេចក៏ដូចជាកម្ពុជាចង់ឈរនៅជាមួយប្រជាជនចិន នៅពេលជួបគ្រាលំបាក។

ក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ ឯកឧត្តម ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរចំពោះស្នាដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឲ្យទទួលបានជោគជ័យ។ នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។

មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១)នយោបាយ និងការទូត ២)វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣)កសិកម្ម ៤)ថាមពល ៥)សន្តិសុខ ៦)ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ នៅក្នុងជំនួបគ្នានេះ ឯកឧត្តម ស៊ី ជីនពីង បានគាំទ្រចំពោះជំហគោលនយោបាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។ ទាក់ទិននឹងការលើកឡើងរបស់ ឯកឧត្តមប្រធានាធិបតីចិន សម្តេចតេជោបានឆ្លើយតបថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ដែលបានជំរុញការបើក ទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបេឹងទន្លេសាប។

ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់ឯកឧត្តមប្រធានាធិបតី សម្តេចបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ឯកឧត្តមប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្គរ នៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើកម្ពុជានិងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ នៅក្នុងជំនួបគ្នានោះដែរ ឯកឧត្តម ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពលអគ្គសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។ ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើដល់ឯកឧត្តមប្រធានាធិបតី ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពី ឯកឧត្តមប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?។ ឯកឧត្តម ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា សមាគមសេវាដឹកជញ្ជូនខេត្ត កំពង់ចាម ដែលមានប្រជាពលរដ្ឋ ប្រកបមុខរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ត្រូវបានការំពារ នៅពេលមានការរំលោភបំពានផ្លូវច្បាប់ និងការផ្តល់សេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយមិនបង់ ប្រាក់។

លោកអះអាងបែបនេះក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ។

ក្នុងកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម រូបនេះ ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ដែលជា គណៈកម្មាធិការសមាគមសេវាដឹកជញ្ជូនខេត្ត ត្រូវចងក្រងចំនួនប្រជាពលរដ្ឋដែលមាន មុខរបរជាអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ឱ្យបានច្បាស់លាស់ យ៉ាងយូរត្រឹមរយៈពេល២ខ ទៀត ត្រូវធ្វើឱ្យបានរួចរាល់ ដើម្បីស្នើសុំច្បាប់ពីក្រសួងមហាផ្ទៃ ក្នុងការបង្កើតសមាគមសវាដឹក ជញ្ជូនខេត្តកំពង់ចាម ដោយស្របច្បាប់។

គួរបញ្ជាក់ថា គណៈកម្មាធិការកត្តិយសសសមាគម សេវាដឹកជញ្ជូនខេត្តកំពង់ចាម មានតួនាទី ភារ កិច្ច ផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរបរិច្ចាគថវិកា និងឧបត្ថម្ភសមាជិកសមាគមម៉ូតូឌុប ពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះឱ្យរដ្ឋបាលខេត្ត ដើម្បីគាំទ្រកិច្ចដំណើរការរបស់សមាគម និងរៀបចំផែន ការការងារ ផែនការថវិការបស់សមាគម ដើម្បីគាំទ្រដល់ការបង្កើត ការអនុវត្ត និងតាមដានផែនការសមាគមម៉ូតូឌុបនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ចំពោះគណៈកម្មាធិការប្រតិបត្តិ មានតួនាទី ភារកិច្ច ផ្តល់ការណែនាំ និងប្រតិបត្តិការ ដើម្បីចាត់វិធានការ ការពារដល់សមាជិកអ្នកផ្តល់សេវាដឹក ជញ្ជូន នៅពេលមានការរំលោភបំពានផ្លូវច្បាប់។ និងត្រួតពិនិត្យ សកម្មភាព ប្រចាំថ្ងៃ របស់ សមាជិកសមាគមក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត។ ព្រមទាំងកៀរគរ ប្រមូល សន្សំ ថវិកា ដែលបានមកពី សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ពីសមាជិក គណៈកម្មាធិការសមាគម ពីក្រុមការងារ ឬ ពីឥស្សរជននានា ដើម្បីទ្រទ្រង់ដល់សមាគម។ ជាពិសេសការផ្តល់ជំនួយអន្តរា គមន៍ផ្លូវច្បាប់បន្ទាន់តាមសំណើ និងសំណូមពរ​ នៅពេលមានករណីត្រូវការជំនួយផ្លូវច្បាប់​។ ដោយឡែកលេខាធិការដ្ឋានសមាគម មានតួនាទី ភារកិច្ច តាមដាន ត្រួតពិនិត្យសកម្មភាពនៃការ ប្រកបរបររកស៊ី របស់សមាជិក សមាគមអ្នកផ្តល់សេវាដឹកជញ្ជូន និង លើកសំណើស្នើសុំ ឬអន្តរាគមន៍បន្ទាន់ផ្សេងៗទៅកាន់អង្គភាពឬបុគ្គល ឬស្ថាប័នពាក់ព័ន្ធនាំនាឬ សម្រប សម្រួលវិវាទផ្សេងៗក្នុងសមាជិក សមាគម អ្នកផ្តល់សេវាដឹកជញ្ជូន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៣

ខេត្តតាកែវ៖មនុស្សប្រុសចំនួន៦ នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួនពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងបានអនុវត្តតាមនីតិវិធី។

ការចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣  នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដោយកម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

មន្ត្រីអាវុធហត្ថបានអះអាងថា ប្រតិបត្តិការនេះ ជំហានដំបូង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យក់ សុជាតិ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្ហាត់នៅក្នុងសមាគមជួយជនរងគ្រោះ ដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីអាវុធហត្ថបានបន្តថា នៅថ្ងៃម្សិលមិញនេះ
កម្លាំងអាវុធហត្ថខេត្ត បានចុះនៅចំណុចសមាគមន៍ជួយជនរងគ្រោះ ដោយសារគ្រឿងញៀន ឈនដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។

ជនសង្ស័យទាំ០៥នាក់មាន៖
១ .ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។
២. ឈ្មោះ អឿន អាន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី។
៣. ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
៤ .ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង។
៥. ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់។

បើតាមមន្ត្រីអាវុធហត្ថ ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖
១.ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន៧អាវ មួក៩ ស្បែកជើងកវែងចំនួន០៧គូ។
២.ឯកសណ្ឋានយោធា ខោចំនួន៣ខោ អាវយឺតចំនួន១។
៣.ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន២។
៤.ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤។
៥.រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513  និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖អាជ្ញាធរបានអះអាងថា មិនត្រូវអនុញ្ញាតឱ្យមានការ សាងសងសំណង់ថ្មី អនាធិបតេយ្យនៅក្បែរប្រាសាទ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃបុរាណវិទ្យា ក៏ដូចជាសោភណ្ឌភាព ហើយត្រូវធ្វើការអភិវឌ្ឍ ដោយតុបតែងលម្អសោភណ្ឌភាព ធានាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈផងដែរ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លបានបន្តថាអាជ្ញាធរខេត្តបានបង្កើតក្រុមការងារ ដើម្បីការពារអភិរក្សតំបន់រមណីយដ្ឋានទេស ចរណ៍នានា នៅក្នុងខេត្តកំពង់ចាម ដែលមានដូចជា រមណីយដ្ឋានប្រាសាទនគរបាជ័យ ប្រាសាទភ្នំ ប្រុសភ្នំស្រី និងប្រាសាទភ្នំហាន់ជ័យជាដើម។

អភិបាលខេត្តកំពង់ចាម បានបន្តទៀតថា ដើម្បីបង្កើតយន្តការ សម្រាប់ធ្វើការគ្រប់ គ្រងតំបន់រមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្រ្ត រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារ លោក គន់ សុភា អភិបាលរងខេត្ត ជាប្រធាន និងប្រធានមន្ទីរទេសចរណ៍ ជាសេនាធិការ ត្រូវខិតខំការពារអភិរក្ស តំបន់រមណីយដ្ឋាន ទេសចរណ៍ប្រវត្តិសាស្ត្រ របស់យើងឱ្យបាននៅគង់វង្សយូរ អង្វែងដល់ជំនាន់ក្រោយៗ។

លោកបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

ក្នុង​កិច្ចប្រជុំ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និង លើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្តីសម្រេច ស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដី សម្រេចលេខ ១១៥/១៩ ស.សរ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាល ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កុម្ភៈ ២០២៣

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន​Beijing Urban Construction Group និង​ក្រុមហ៊ុន​China Metro Group ។ ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ជាមួយ នឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជាមួយគ្នានេះ ក្រុមហ៊ុនទាំងបី ក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កពស់៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លាអាមេរិក។ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២៣

ភ្នំពេញ៖នៅទីបំផុតលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង ដែលជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់លើ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទឆបោក និងបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន(ចេញសែកស្អុយ)។

អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា “សំណុំរឿងខាងលើ តំណាង អយ្យការ បានបើកការស៊ើបសួររួចហើយ ពីបទឆបោក និងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន” (ចេញសែកស្អុយ)។

ដើមបណ្តឹងទាំងពីរនាក់ មានដូចជា
ទី១. លោកស៊ន សម្បត្តិ និង
ទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្ដឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ពីបទៈឆបោកប្រាក់ជិត១លានដុល្លារដុល្លារ និងរំលោភ លើទំនុកចិត្ត និងពីបទៈមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចទូទាត់។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការ អមសាលលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ
” តំណាងអយ្យការបើកការស៊ើបសួរ លើអង្គហេតុខាងលើ និងស្នើសុំដាក់ឲ្យស្ថិត នៅក្រោមការពិនិត្យលើ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (ក្រៅឃុំ) ពីបទៈ ឆបោក និងមិនបំពេញកាតព្វកច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ និងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទា ទោសតាមបញ្ញត្តិ មាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។ ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន បណ្តោះអាសន្ន លើឈ្មោះខាងលើដើម្បីបង្ការ ឬបញ្ចប់បទ ល្មើសកុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី”។ការសម្រេចចោទ ប្រកាន់នេះ គឺដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង។

សូមជម្រាបថា បុគ្គលពីរនាក់ បានប្តឹងលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភ លើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទាមទារលុយដែលលោក គឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយ ដែលជំពាក់ ៣០ ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ ម៉ឺនដុល្លារ។

រហូតដល់ថ្ងៃព្រហស្បតិ៍នេះ សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បាននៅឡើយទេ។

សូមរម្លឹកថា លោក គឹង វណ្ណៈ ធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននិងនាំយកមកអាវុធហត្ថលើ ផ្ទៃប្រទេស កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចេញសែកសស្អុយ។ បន្ទាប់ពីមានការអន្តរាគមន៍ និងសម្របសម្រួលជាមួយដើមបណ្តឹងលោក ក៏ត្រូវដោះលែង វិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៣

ភ្នំពេញ៖ដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃពុធ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាកិច្ចប្រជុំនាថ្ងៃនេះ មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។

សម្ដេច ស ខេង បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានរម្លឹកថា ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្មUN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។

សម្ដេចស ខេង បានសម្ដែងការកោតសរសើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ។

ក្នុងកិច្ចប្រជុំ សម្ដេចស ខេង បានណែនាំឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

បច្ចុប្បន្នអង្គការសហប្រជាតិមានកងកម្លាំងនគរបាលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពប្រមាណជាង ៩ ០០០នាក់ មកពីជាង៩០ប្រទេស ជុំវិញពិភពលោក។ កម្លាំងនគរបាលអង្គការសហប្រជាតិ ភាគច្រើនបំពេញបេសកម្មផ្ដល់ការគាំទ្រដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាល នៃប្រទេសសាម៉ី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ត្រូវបានថ្នាក់ដឹកនាំដកតំណែងឲ្យទៅបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទវិញ។ ការដកតំណែងឲ្យទៅបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទវិញនេះ បន្ទាប់ពីកន្លងមកមានការបែកធ្លាយរឿងអាស្រូវជាច្រើនក្នុងការដឹកនាំ។

ការប្រកាសផ្លាស់ប្ដូរតំណែង នៅនៅរសៀលអង្គារ ម្សិលមិញ នៅសាលារដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលខេត្តស្តីទី។

សូមជម្រាបថា លោក ទូច ម៉ាឡា ចូលកាន់មុខតំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជំនួស លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទចាស់ដែលត្រូវផ្លាស់ប្តូរទៅក្រសួង។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៏ថា ការប្រកាសឱ្យចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួន ត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក ដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។

រដ្ឋមន្ត្រី បានកោតសរសើចំពោះលោក ប្រធានមន្ទីរចាស់ ដែលត្រូវបានក្រសួងផ្ទេរទៅកាន់មុខ តំណែងថ្មី នៅក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ដែលក្នុងរយៈពេលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ។

ទាំងនេះគឺបង្ហាញអំពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត ទើបធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។

យើងត្រូវបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និង ថ្នាក់ក្រោម ក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានាផងដែរ។

ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្រ្តីរាជការ មានការពង្រឹងវិន័យ ចេះសម្របសម្រួល តាមដានការងារ និងលើកទឹកចិត្តមន្រ្តីរាជការក្រោមឱវាទ ដើម្បីឱ្យពួកគេបញ្ចេញអស់លទ្ធភាព សមត្ថភាព មនសិការការងារ និងការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចតាមការប្រគល់ជូនឱ្យមានប្រសិទ្ធភាព។

ត្រូវយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយការឈ្លាសវៃ និងត្រូវមានចក្ខុវិស័យ សមស្របទៅលើសភាពការណ៍ទូទៅ ស្របតាមស្ថានភាព និងត្រូវដោះស្រាយ ឬស្នើសុំគោលការណ៍ដោះស្រាយ ឱ្យបានទាន់ពេលវេលាជាដើម។

សូមរំលឹកថា កន្លងមកមានការបែកធ្លាយភាពមិនប្រក្រតី របស់ លោក ខេង ញ៉ុល អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ហើយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យ លោក ខេង ញ៉ុល អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ធ្វើលិខិតបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។ យ៉ាងណាក៏ដោយ មន្ត្រីបម្រើការងារនៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សង្ឃឹមថាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបថ្មី លោក ទូច ម៉ាឡា មិនអនុវត្តការងារដូចប្រធានមន្ទីរចាស់នោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាការពារ​ភូមិ​ទាំង៣២​ ចំណុះ​សង្កាត់​ទាំង៤​ ក្នុងក្រុង​កំពង់ចាម​ នៅអង្គារនេះ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្ថ្លែងប្រាប់ ប្រជាការពារ​​ ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ ​ក៏ដូចជា​មន្រ្តី​នគរបាល​យុត្តិធម៌​ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​ ដែល​អាចកេីត​មាន​ឡើងនៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

អភិបាលខេត្ត​បាន​សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ​ ឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ក្រោយម្លប់ដំបូលសន្ដិភាព​។ ​

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាការពារ គឺជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ​ នៅ​ក្នុង​ភូមិ​ ឃុំ​របស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​សំណេះសំណាល​នេះដែរ​ លោក ​អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ទាំង​អស់​ ដែល​បាន​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ ជូន​ប្រជាការពារ។ ក៏បាន​ផ្ដល់​ជូន​កម្លាំង​ប្រជាការពារ​ ចំនួន​៣០៦នាក់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ឯកសណ្ឋាន​ប្រជាការពារ​ ២កំប្លេ​ ថវិកា​ ៥ម៉ឺន​រៀល​ និង​សម្ភារៈ​មួយ​ចំនួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៣

មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមពាក្យបណ្តឹងដែលសារព័ត៌មានប្រយុទ្ធទទួលនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។

នៅក្នុងពាក្យបណ្តឹងបានជម្រាបជូន ឯកឧត្តម កិត្តនីតិកោសលបណ្ឌិតថា “ចាប់តាំងពីឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើមខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ គឺក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រង ដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹង រួមមានជាអាទិ៍ ៖

១-ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកក្នុងមួយឆ្នាំ គឺលើកទី១ ជាអនុរដ្ឋលេខាធិការ ដោយព្រះ រាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និងលើកទី២ ជារដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នសរកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ។

២-ឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនបង្កើតរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) ។

៣-លោកជំទាវ គង់ សុជីវី ជាអនុរដ្ឋលេខាធិការ ត្រូវជាភរិយារបស់ឯកឧត្តម ភួង សោភា ដែលជារដ្ឋ លេខាធិការ និងជាប្អូនថ្លៃឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រក ត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣) ។

៤-ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួនរាប់សិបនាក់ទៀត… ។ល។ ប្រព័ន្ធគ្រប់គ្រង ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់ពាក់ព័ន្ធនឹងអភិបាលកិច្ច រហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ ក្រសួង ត្អូញត្អែររអ៊ូរទាំថា មានការប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ២០ភាគរយ ពីគម្រោងអភិវឌ្ឍន៍នានា ជាពិសេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ ១០ភាគរយ ពីខ្ទង់ចំណាយរបស់មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ឆ្នាំ២០២៣នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល ។

យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ ជំនឿទៅលើកម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់នូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងទីចាត់ ការបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃ សៅរ៍ ម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីអគារ សិក្សា និងទីចាត់ការបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ដែលជាអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរក្នុងរយៈពេល៤ខែទៀតនោះ សាលានេះនឹងត្រូវតម្លើងកម្រឹតជាបឋមសិក្សាគំរូសម្រាប់លើកកម្ពស់គុណភាពសិក្សាកម្រិតមូល ដ្ឋាន។

អភិបាលខេត្ត បានចាត់ទុកថា សមិទ្ធផល ខាងលើនេះ ជាសមិទ្ធផលប្រវត្តិសាស្ត ហើយក៏ ជាសមិទ្ធផលរួម របស់យើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋយើង បានសិក្សាចាប់ពីកម្រិតមូលដ្ឋាន ដើម្បីបន្តទៅកម្រិតឧត្តមសិក្សា ជាបន្តទៀត ។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ កែទម្រង់លើវិស័យអប់រំ ជាពិសេស គោលនយោបាយ បង្កើនការកសាងអគារសិក្សា ឲ្យបានច្រើន និងនៅជិតផ្ទះប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ។ ដូច្នេះ នៅពេលអគារសិក្សា កសាងរួចរាល់ហើយនោះ សូមមាតា បិតា ឬអាណាព្យាបាលទាំងអស់ ជួយជម្រុញលើកទឹកចិត្តដល់កូន ចៅរបស់ខ្លួន ឲ្យទៅរៀន ដូចពាក្យស្លោកថា៖

«ការបញ្ជូនកូន ឲ្យទៅរៀន គឺជាការសន្សំទ្រព្យទុក» ហើយឲ្យកូនរៀន ឲ្យចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សា ទៅកម្រិតឧត្តមសិក្សា ដើម្បីពួកគាត់មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បីទទួលបានប្រាក់ខែខ្ពស់ យកមកផ្តត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមាការ រីកចម្រើនបន្ថែមទៀត។​

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងជាតំណាង លោក កើត រិទ្ធ រដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់នូវអគារសិក្សា និងទីចាត់ការ បណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់គណៈគ្រប់គ្រងសាលា ក្នុងការផ្តល់សេវាអប់រំ ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្មួយៗ សិស្សានុសិស្ស ដោយកន្លងមក ចំនួនសិស្សមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយឯកឧត្តមអភិបាលរង រាជធានីភ្នំពេញ ក៏បានលើកឡើងអំពីគុណតម្លៃនៃសន្តិភាពថា ពាក្យសន្តិភាពគឺ មានតម្លៃណាស់ មិនអាចកាត់ថ្លៃបានឡើយ ទោះបីជាមានប្រាក់ក៏មិនអាចទិញបានដែរ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីបន្តការអភិវឌ្ឍ ប្រទេសជាតិយេីង​ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើតាមរបាយការណ៍របស់លោក ខែង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឱ្យដឹងថា បច្ចុប្បន្ន វិស័យអប់រំយុវជន និងកីឡា នៅទូទាំងស្រុកព្រៃឈរ មានចំនួន ៧៧កន្លែង ក្នុងនោះ វិទ្យាល័យ ចំនួន ០៥កន្លែង អនុវិទ្យាល័យ ១២កន្លែង បឋមសិក្សា ៥៩កន្លែង និងមត្តេយ្យធនធាន ១កន្លែង មាន អគារសិក្សា សរុប ២០៦ខ្នង ស្មើនឹង ៩១៩បន្ទប់ ក្នុងនោះអគារសិក្សា ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៥៧ខ្នង ស្មើនឹង ៣៤៥បន្ទប់ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page189 Page190 Page191 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×