Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ទទួលបានជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន នៃប្រទេសចិន លេខ K៦៩២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន រួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន។

រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន ក្នុងពិធីទទួលជើងហោះហើរត្រង់លើកដំបូងនេះ បានមានប្រសាសន៍ថា ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិននេះ ជាសញ្ញាល្អ ដែលបង្ហាញកម្ពុជា ជាពិសេសខេត្តសៀមរាប នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរជនជាតិចិន។ នៅជំហានដំបូងនេះ នឹងមានការហោះហើរចំនួន៣ជើងក្នុងមួយសប្ដាហ៍ ដោយមួយជើងចុះចតនៅសៀមរាប និង ២ជើងទៀត នៅភ្នំពេញ។

ឯកឧត្តម ជា អូន បានឱ្យដឹងថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរមកកម្ពុជានោះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតបានដាក់ពាក្យសុំហោះហើរមកកម្ពុជាផងដែរ។ ក្រៅពីនេះ អាកាសចរណ៍ជាតិ ក៏បានជំរុញឱ្យមានការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំនេះផងដែរ ហើយបើមានហោះទៅជប៉ុន នោះក៏មានហោះពីជប៉ុនមកកម្ពុជាដែរ។

ឯកឧត្តម បន្ថែមថាចំពោះការតភ្ជាប់ជើងហោះហើរត្រង់នេះដែរ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ផងដែរ។

ក្នុងឱកាសនោះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងតំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោយវិបត្តិកូវីដ១៩ វិស័យទេសចរណ៍របស់ខេត្តសៀមរាប បានងើបឡើងវិញជាបណ្តើរៗ និងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះអ្នកទេសចរជនជាតិចិនបានឈរនៅលំដាប់ទី៤ នៃអ្នកទេសចរបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាប។ ចំពោះការហោះហើរត្រង់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះ ក៏ជាសញ្ញាល្អដែលបង្ហាញថា អ្នកទេសចរជនជាតិចិន បានវិលត្រលប់មកកម្ពុជាវិញ៕SRP

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ ព្រៃឈើនោះនឹងកើតភ្លាមចំពោះសង្គមជាតិ។

អភិបាលរងខេត្តថ្លែងអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ ដាំកូនឈើទាល ចំនួនជាង ៣០០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី រៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានការសហការគាំទ្រពីរដ្ឋបាលខេត្ត។

ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំអង្គភាពមន្ទីរ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំង ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនទៀត។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តបញ្ជាក់ថាព្រៃឈើ មានតួនាទីសំខាន់ជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និង ជាខឿននៃសេដ្ឋកិច្ចជាតិ ព្រៃឈើថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីតាមរយៈការជួយធ្វើនិយ័តកម្មអាកាស ធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូប យកឧស្ម័នកាបូនិចពីបរិយាកាសរក្សាស្ថិរភាពបរិយាកាស។ ទន្ទឹមនេះព្រៃឈើផ្តល់នូវសេវាកម្ម និងជួយ គាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការការពារទីជម្រាលទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរ ឡើងនៃគុណភាពដី និងផ្តល់នូវផល អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។

លោក អ៉ឹង​ គឹមលាងបន្ថែមថា៖ យើងត្រូវ រួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិត ស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះ រាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ។ ចំពោះកូនឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំង នោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា ការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្រ្តក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្មនិងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ ម្យ៉ាងវិញទៀតពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយ ឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ ហើយព្រះអង្គបានបន្សល់ ទុកនូវព្រះរាជបន្ទូលថា “ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋ គ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមាន ចំពោះវិស័យកសិកម្មនិងមនុស្សជាតិ”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៥

អាជ្ញាធរដ្ឋខេត្តសៀមរាប ដាំកូនឈើជាង៣ ០០០ដើម លើផ្ទៃដី៥ហិកតា ក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំដាំកូនឈើទាលជាង ៣ ០០០ដើម លើផ្ទៃដី៥ហិកតា ស្ថិតនៅក្នុងស្ថានីយស្ដារ និងអភិវឌ្ឍព្រៃឈើ ក្នុងឃុំឃុនរាម ស្រុកបន្ទាយ ជាទីតាំងព្រៃរិចរិល និងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំបង្កឡើងដោយជនខិលខូច ហើយការដាំនេះក៏ដើម្បី អបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន ២០ករណី ដោយពិន័យអន្តរការណ៍ចំនួន៩ករណី បញ្ជូនទៅតុលាការចំនួន៧ករណី និងកំពុងចាត់ការចំនួន៤ករណីផងដែរ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ។ ចំពោះការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។

លោក អ៊ឹង គឹមលាង ក៏បានលើកឡើងពីព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ថា”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។

លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិសូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ។ ក្នុងន័យនេះ យើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៥

អភិបាលខេត្តឧត្ដរមានជ័យ បើកប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់

អនុវត្តតាមបទបញ្ជា ០១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តបានដឹកនាំចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៩ទីតាំង ក្នុងនោះ ០៦ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និង ០៣ទីតាំងស្ថិតនៅជប់គគីរ ស្រុកបន្ទាយអំពិល ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសជាង១០០នាក់ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការធ្វើការងារខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។

គោលបំណងនៃប្រតិបត្តិការចុះបង្រ្កានេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនបរទេស សំដៅដល់ការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក៏ជាទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យលើឯកសារឆ្លងដែនជនបរទេស ការស្នាក់នៅ ឬធ្វើការងារនៅក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ហើយចំពោះជនបរទេសណាដែលគ្មានឯកសារឆ្លងដែនត្រឹមត្រូវស្របច្បាប់ ឬកំពុងស្នាក់នៅខុសច្បាប់ រដ្ឋបាលខេត្តនឹងចាត់វិធានការបណ្ដេញចេញពីប្រទេសកម្ពុជា ដោយឡែកចំពោះជនបរទេសដែលរកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន និងការរក្សា កាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចបន្តអនុវត្តនិតិវិធីតាមផ្លូវច្បាប់។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការទាំង ០៩ទីតាំង រកឃើញជនសង្ស័យជាជនបរទេសចំនួន១០៣នាក់ ស្រី ៤១នាក់ ចំរុះជាតិសាសន៍រួមមាន ជនជាតិចិន វៀតណាម ថៃនិងឡាវ ដែលពាក់ព័ន្ធទៅនឹងបទល្មើសខាងលើ៕ (រូបភាព និងអត្ថបទ ដោយក្រុមការងារមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ )

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៥

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកវិនិយោគក្នុងស្រុក និងបរទេស អំពីពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជា គឺមិនមែនជាពន្ធបដិការចុងក្រោយនោះទេ ដូច្នេះសូមរក្សានូវភាពស្ងាត់ស្ងៀម និងត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុង ខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូន។

​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តមុតស្រួច ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញអត្រាពន្ធគយសហរដ្ឋអាមេរិកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដែលបានចរចារពន្ធដោយសុចរិត និងស្មោះត្រង់បំផុត ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់ផលវិជ្ជមានមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះជាមិនខាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា ជុំវិញពន្ធបដិការនេះ កម្ពុជាបាននិងកំពុងរង់ចាំដូចបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក នៃពន្ធបដិការចុងក្រោយ។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះកម្ពុជាបានធ្វើកិច្ចការគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បី ការពារផលប្រយោជន៍របស់ប្រទេសជាតិយើង ហើយពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជានេះ គឺមិនមែនជាពន្ធបដិការចុង ក្រោយនោះទេ ដូច្នេះសូមឱ្យម្ចាស់រោងចក្រ សហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាទាំងអស់ រក្សានូវភាពស្ងាត់ស្ងៀម និងសូមជឿ ទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ប្រធានាធិបតីអាមេរិក គឺលោកដូណាល់ត្រាំ បានសម្រេចយកពន្ធគយ បដិការលើប្រទេសដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះរួមមាន៖ កម្ពុជា ៣៦%, ឥណ្ឌូណេស៊ី ៣២%, ថៃ ៣៦%, មីយ៉ាន់ម៉ា ៤០%, ឡាវ៤០%, ម៉ាឡេស៊ី ២៥%, បង់ក្លាដែស ៣៥%, ជប៉ុន ២៥%, សាធារណរដ្ឋកូរ៉េ ២៥%, ទុយនេស៊ី ២៥%, កាហ្សាក់ស្ថាន ២៥%, អាហ្វ្រិកខាងត្បូង ៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍

ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ បានកំពុងដំណើរការទៅមុខ ជានិច្ចបើទោះបីក្នុងរដូវវស្សាក៏ដោយ និងមានភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរ បានប្រសើរជាងមុន ដើម្បីទៅកម្សាន្តលើភ្នំខ្នងផ្សារជាហូរហែ។ ផ្លូវចាប់ពីវត្តតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ ប្រវែង ជាង៧ គ.ម បានបញ្ជប់ការចាក់ពង្រាបរួចហើយ បង្កឱ្យការធ្វើដំណើរបានល្អប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា៖ ក្រសួងបរិស្ថាន សហការជាមួយ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដែលមានភ្នំខ្នងសំពៅ និងខ្នងផ្សារ ដោយគោរពតាមបទដ្ឋាន បច្ចេកទេសបរិស្ថាន រួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងទេសភាពនៃតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជិវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវចូលទៅកាន់តំបន់ខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់នោះ បានបើកសម្ពោធជាផ្លូវការ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍រួមមាន ការសាងសង់ ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ បានរៀបចំចាក់ដីនិងពង្រាបដីស្អាតរួចរាល់។ លើសពិនេះ ការសាងសង់ក្លោងទ្វារធ្វើឡើភ្នំសម្រេចបាន25% ការសាងសង់បន្ទប់ទឹកស្អាតសម្រេចបានធ្វើបាន 20% រួមជាមួយ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបាន 35%។ លើសពីនេះ ការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរ ជើងឡើងតំបន់ភ្នំខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មុនទៅដល់ភ្នំខ្នងផ្សារ រួមជាមួយកន្លែងចតយានយន្ត បានរៀបចំបានមួយចំនួនផងដែរ។

នៅក្នុងគម្រោង ក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ផងដែរ ដោយមានថែរក្សា និងដាំដើមឈើព្រៃ និងឈើហូបផ្លែ ដើម្បីផ្តល់ម្លប់ សម្រាប់ទេសចរ អាចសម្រាកកម្សាន្តផង និងអាចទទួលទានផងដែរ។ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់ទេសចរមកលេងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ទៅដល់កន្លែងសម្រាក។ ជាមួយគ្នានេះ គម្រោងនឹងមានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមបែបបៃតង ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ច នៅតំបន់ ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺជាការឆ្លើយតបប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើតអនាគតថ្មីសម្រាប់តំបន់នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋាន ធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៃលំហែបៃតងនៅតាមសហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការបង្កើតនូវគោលដៅលំហែបៃតងនេះ គឺអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដែលបានដាក់ចេញ ស្រមតាមគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

លោកសៀ ទីន ជំរុញឱ្យក្រុមការងារទាំងអស់ ក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា

ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសៀ ទីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ភ្លុក បានជំរុញដល់ក្រុមការងារទាំងអស់ បន្ដកិច្ចសហការគ្នាយ៉ាងស្អិតរមួតធ្វើយ៉ាងណាឱ្យមូលដ្ឋានឃុំកំពង់ភ្លុកទាំងមូល មានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ និងជាពិសេស គឺសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

លោកក៏បានជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវក្ដាប់ឱ្យបាននូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវព្យាយាមដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ទៅតាមវិស័យ និងជំនាញនីមួយៗ របស់ខ្លួន ដើម្បីឱ្យពលរដ្ឋមានជំនឿទុកចិត្ដលើការអនុវត្តការងាររបស់យើងសំដៅដល់ការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍមូលដ្ឋានជាចាំបាច់ និងត្រូវអនុវត្ដតាមសំណូមពររបស់ពលរដ្ឋដែលបានលើកឡើងជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរគួរឱ្យកត់សម្គាល់នាពេលកន្លងមក និងសំណូមពរឱ្យក្រុមការងារយកចិត្តទុកដាក់អនុវត្តការងារតាមវិស័យនីមួយៗជាបន្ដទៀត ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល៕SRP

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពមកដល់សព្វថ្ងៃ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំថា មានការរួមចំណែកពីអតីតយុទ្ធជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។

ក្នុងនោះពាក់ព័ន្ធនឹងសមិទ្ធផលទីស្នាក់សមាគមអតីតយុទ្ធជនខេត្ត ដែលបានដាក់ឱ្យប្រើប្រាស់នាពេលនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់ និងចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនអតីតយុទ្ធជននៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំប្រព័ន្ធHotlineសម្រាប់អតីតយុទ្ធជន និងនិវត្តជន ទំនាក់ទំនងដើម្បីដោះស្រាយរាល់សេចក្តីត្រូវការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ មានប្រសាសន៍បែបនេះនៅព្រឹកមិញនេះក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ និងទិវាអតីតយុទ្ធជន​ ២១​ មិថុនា​ លេីកទី១៨​។

ពិធីនេះអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត
សមាជិក សមាជិការាជរដ្ឋាភិបាល, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, លោកឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិចូលរួមរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា និង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេរដ្ឋមន្ត្រី បន្ទុកបេសកកម្មពិសេស, អនុប្រធានទី១ និងជា អគ្គលេខាធិការសមាគម, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

អភិបាលខេត្តសៀមរាប ណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធទប់ស្កាត់បង្ក្រាបឱ្យបានរាល់ការចូលមកស្នាក់នៅរបស់ពួកក្រុម Scam Online

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំបន្ថែមដល់ លោក អភិបាលក្រុង ស្រុកទាំងអស់ត្រូវធ្វេីការទប់ស្កាត់ និងបង្ក្រាបល្បែងអនឡាញ នៅភូមិសាស្ត្ររបស់ខ្លួន ហេីយពេលចាប់បានត្រូវហ៊ុំទីតាំងនោះឱ្យជាប់។ ម្យ៉ាងទៀតត្រូវសហការគ្នារវាងគណៈបញ្ជាការឯកភាពក្រុង ស្រុក និងគណៈបញ្ជាការឯកភាពខេត្តត្រូវទប់ស្កាត់នឹងបង្ក្រាបឱ្យបានរាល់ការចូលមកស្នាក់នៅរបស់ពួកក្រុម Scam Online។

ឯកឧត្តមអភិបាលខេត្តសៀមរាបបានបន្ថែមថា ក្រុង ស្រុក និងឃុំ សង្កាត់ត្រូវត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកប្រទេសថៃវិញ ដេីម្បីជំរុញឱ្យបងប្អូន និងណែនាំបងប្អូនឱ្យរកការងារធ្វេីនៅក្នុងខេត្ត ឬខេត្តដទៃទៀតដែលត្រូវការកម្លាំងពលកម្ម។ ជាមួយគ្នានេះ បេីបងប្អូនខ្វះជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយយេីងមានវិទ្យាស្ថានចំនួនពីរ គឺវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនសៀមរាប និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលវិទ្យាស្ថានទាំងពីរនេះមានជំនាញជាច្រេីន។ ម្យ៉ាងទៀតយេីងក៏មានគោនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈដែលប្រេីប្រាស់ថវិកាជាតិសម្រាប់បងប្អូនចំនួន ១,៥លាននាក់ដោយផ្តោតជំនាញចំនួន ៤៥ផងដែរ។

ឯកឧត្តមប្រាក់ សោភ័ណ ណែនាំយ៉ាងដូច្នេះនៅសាលប្រជុំសាលាខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំលោក អភិបាលរងខេត្ត លោក នាយករដ្ឋបាល និងលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ដេីម្បីចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈកម្មវិធី zoom៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

សិក្ខាសាលាស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ

លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃពុធ ទី១៦​ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ ដែលប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ហុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នៅក្នុងសិក្ខាសាលាខាងលើនេះមានការអញ្ជើញចូលរួមពីមគ្គុទេសន៍ទេសចរណ៍ អ្នកផលិតមាតិការក្នុងខេត្តសរុបប្រមាណជាង ១៥០នាក់ ចូលរួមផងដែរ ។

ថ្លែងនៅក្នុងសិក្ខាសាលាខាងលើ លោកអភិបាលរងខេត្តបានលើកឡើងថា ការរៀបចំឡើងនូវសិក្ខាសាលានាពេលនេះ នឹងទទួលបាននូវលទ្ធផលល្អ និង​នាំយកនូវ​​ចំណេះដឹង​បច្ចេកទេស​ នៃកាអភិវឌ្ឍខ្លួន​បន្ថែមសម្រាប់អ្នកចូលរួម ដើម្បីយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសផលិតវីដេអូផ្សព្វផ្សាយឱ្យទាក់ទាញ​ដល់ភ្ញៀវទេសចរមកទស្សនា​​ប្រទេសកម្ពុជាយើងបន្ថែមទៀត​ និងដើម្បីធ្វើឱ្យមាន​កំណើន​សេដ្ឋកិច្ចនៅ​ក្នុងខេត្តរបស់យើងកាន់តែល្អប្រសើរឡើងជាងនេះ។

លោកអភិបាលរងខេត្តបានសំណូមពរដល់អង្គពិធី​ទាំងមូល​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងខេត្តសៀមរាប សូមបន្ត​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍បន្ថែមទៀត ស្រប​តាម​ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ គឺ​​“ប្រជាពលរដ្ឋម្នាក់ ជាអ្នក​ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

រដ្ឋមន្ត្រីណែនាំឱ្យមន្ត្រីមន្ទីរសាធារណការខេត្តសៀមរាប បន្តពង្រឹងការងារជួសជុល និងថែទាំផ្លូវថ្នល់ឱ្យបានល្អ ស្របតាមស្ដង់ដារបច្ចេកទេស

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសាធារណការខេត្តសៀមរាប ត្រូវបន្តពង្រឹងការងារជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានក្នុងខេត្ត ប្រកបដោយគុណភាពស្របតាមស្ដង់ដារបច្ចេកទេស និងជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវវខិតខំផ្តល់សេវាសាធារណៈឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិទ្ធភាព និងរហ័ស ចៀសវាងកុំមានប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រកាន់ភ្ជាប់នូវវប្បធម៌សេវាសាធារណៈ និងទិសស្លោក “មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ” ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃឈាមតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍដែរ។ ជាមួយនេះ ក៏សូមឱ្យប្រធានមន្ទីរដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំមន្ទីរឱ្យមានការរីកចម្រើនថែមទៀត ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅ គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ក៏បានជំរុញដល់ថ្នាក់ដឹក និងមន្រ្តីនៃមន្ទីរសាធារណការខេត្តទាំងអស់ ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ ចេះរួមសុខរួមទុក្ខ កសាងឱ្យបាននូវភាពសុខុដុមរមនា និងចេះជួយគ្នាទៅវិញទៅមកទាំងស្មារតី និងសម្ភារត្រូវរៀនសូត្រពីការងារ និងសិក្សាស្វែងយល់បន្ថែមពិសេស គឺបច្ចេកវិទ្យាឌីជីថល ដើម្បីយើងអាចធ្វើ ការងារបានលឿនឆាប់រហ័ស។

សូមជម្រាបថា លោក លឿម រស្មី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ២ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជំនួស លោក គី វីរិន្ទ ដែលបានចូលនិវត្តន៍៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

មន្ត្រីជាង៤០០នាក់ទៀត បានទទួលការបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងខែមិថុនា

ពេញមួយខែមិថុនា ឆ្នាំ២០២៥នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន៤៤៦រូប ក្នុងនោះមានសិក្ខាកាមជាស្ត្រីចំនួន១៨៣រូប។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីទទួលការបណ្ដុះបណ្ដាលក្នុងខែមិថុនានោះ ភាគច្រើនគឺជាមន្ត្រីនៅតាមមូលដ្ឋាន ចាប់ពីថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្ត្រីជាប់ឆ្នោតក្រុមប្រឹក្សា។

បើតាមអ្នកនាំពាក្យក្រសួង នៅខែមុខនេះដែរ សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បាននិងកំពុងដាក់ឱ្យអនុវត្តសាកល្បងនូវការរៀនសូត្រតាមប្រព័ន្ធអនឡាញ(E-Learning) សម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាក្រុង ស្រុក និងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ប្រតិបត្តិការការងារ(NASLA-MIS)។

ការរៀបចំកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ កម្មវិធីសិក្សារយៈពេលខ្លីសម្រាប់សាធារណជន និងកម្មវិធីសិក្សារយៈពេលវែង ក៏មានវឌ្ឍនភាពដែរ ដោយគិតមកដល់ខែមិថុនសម្រេចបានពី៧០%ទៅ៨០% ខណៈកម្មវិធីសិក្សាពិសេសសមមូលទៅនឹងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចបាន១៥%។

សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។នេះបើតាម អនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន៕SRP
ដោយ កញ្ញា សេង សុខហ៊ុន

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page24 Page25 Page26 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×