Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៥

ភរិយាសម្ដេចធិបតី អញ្ជើញសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងកូនៗនៅសាលាមតេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ខេត្តកំពង់ស្ពឺ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី២២ កក្កដានេះ  បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សានៅ សាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅបរិវេណវិទ្យាស្ថានបញ្ជាការ-សេនាធិការ និង សាលានាយទាហានសកម្ម នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្កើត សាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់សេវាអប់រំ ប្រកបដោយគុណភាពដល់កុមារ ដែលមានអាយុ៣ឆ្នាំ ដល់៦ឆ្នាំឬក្រោម៧០ខែ ដោយស្ថិតនៅក្រោមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងចាត់ចែងផ្ទាល់របស់ វិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ កក្កដានេះ លោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងកូនៗ ដែលកំពុងសិក្សានៅទីនោះ ប្រកបដោយក្តីស្រឡា ញ់ និងមនោសញ្ជេតនាយ៉ាងជ្រាលជ្រៅបំផុត។
សូមជម្រាបថា សាលាមតេ្តយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មានតួនាទីនិងភារកិច្ចអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងកម្មវិធីគាំទ្រនានា សំដៅធានាគុណភាពសេវាអប់រំកុមារតូច ចាប់ពីអាយុ៣ឆ្នាំដល់ក្រោម៦ឆ្នាំ។ កន្លងមកក្រសួងអប់រំបានបញ្ជាក់ថា នាយកសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងនាយកវិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ ត្រូវសហការគ្នាជាមួយរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ និងមន្ទីរអប់រំខេត្តកំពង់ស្ពឺ ដើម្បីគាំទ្របច្ចេកទេស និងគរុកោសល្យសម្រាប់ដំណើរការ សាលាមត្តេយ្យសិក្សាមួយនេះ។ ក្រសួងអប់រំបន្ថែមថា សាលាមត្តេយ្យសិក្សានេះមានសិទ្ធិទទួលមូលនិធិដំណើរការ សាលារៀនសាធារណៈ ឬរបបឧបត្ថម្ភផ្សេងៗទៀត នឹងអាចប្រើប្រាស់បុគ្គលិកអប់រំ ឬគ្រូកិច្ចសន្យា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ក្នុងនោះមានសិទ្ធិកៀរគរធនធាន ពីសហគមន៍ មាតាបិតា អាណាព្យាបាល ដៃគូអភិវឌ្ឍ សមាគម អង្គការ សប្បុរសជន ដើម្បីដំណើរការអភិវឌ្ឍសាលា។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «មូលហេតុដែលសាលាមត្តេយ្យសិក្សានេះ ស្ថិតនៅក្រោមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងចាត់ចែងផ្ទាល់របស់វិទ្យាស្ថានបញ្ជាការសេនាធិការ នៃក្រសួងការពារជាតិ ដោយសារសាលាមត្តេយ្យសិក្សានេះ បង្កើតឡើងតាមសំណើរ របស់នាយកវិទ្យាស្ថានបញ្ជាការសេវាធិការ។ ការបង្កើតសាលាមត្តេយ្យសិក្សា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅខេត្តកំពង់ស្ពឺស្របនឹងឧត្តមានុវត្តន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំពារនិងអភិវឌ្ឍន៍កុមារតូច ជាពិសេសតួនាទីអភិបាលកិច្ច ដ៏មានប្រសិទ្ធភាពរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តល់សេវាអភិវឌ្ឍកុមារតូច តាមរយៈសកម្មភាព ការពង្រីកសាលាមត្តេយ្យសិក្សា។

សូមបញ្ជាក់ថា នៅឆ្នាំសិក្សា ២០២៤-២០២៥ កម្ពុជាមានសាលាមត្តេយ្យសរុប ៩០៣៦ កន្លែង រួមមានសាលាមត្តេយ្យសាធារណៈ ៤៧២៥កន្លែង សាលាមត្តេយ្យឯកជន ៩៦៣ កន្លែង និងសាលាមត្តេយ្យសហគមន៍ ៣៣៤កន្លែង។ ក្រៅពីនេះ មានទារកដ្ឋានតាមសហគមន៍ ចំនួន១៣កន្លែង ដែលស្ថិតនៅជិតរោងចក្រកាត់ដេរ សម្រាប់កូនគ្រួសារដែលជាកម្មករ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៥

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងពិភពលោក

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា ជាការឆ្លើយតបជាមួយបញ្ហានេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅទូទាំងប្រទេស កាលពីខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជន ងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់។

យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជន ងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២៥

ចាងហ្វាងកាសែតមួយរូបដាក់ពាក្យបណ្ដឹងប្តឹង ស្នងការខេត្តបន្ទាយមានជ័យ និងស្នងការរងរួមនិងអធិការក្រុងប៉ោយប៉ែត ទៅរដ្ឋមន្រ្តីមហាផ្ទៃ ពីបទឃុំឃាំងដោយគ្មានកំហុស

លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្ដឹងទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់លោក សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ រួមទាំងនគរបាលថ្នាក់ក្រោម ២រូបទៀត គឺលោក នូ ជីវ័ន្ត ស្នងការរងខេត្ត និងលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ថាបានធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងបង្ខាំង ក្នុងចម្រឹងជញ្ជាំងទ្រុងដែក តាមអំពើចិត្ត កាលថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៥ កន្លងទៅ។

ទីភ្នាក់ងារព័ត៌មានសៀមរាបប៉ុស្តិ នៅមិនទាន់ទល់បានការបំភ្លឺពីស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅឡើយទេពាក់ព័ន្ធជុំវិញការចោទប្រកាន់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម នៅថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥.នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។ កិច្ចប្រជុំមាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សំណាង អនុប្រធានទី១ ឯកឧត្តម លោកជំទាវ លោកលោកស្រីជាអនុប្រធានក្រុមការងារ និងសមាជិកសមាជិកា ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ប្រធានគណៈកម្មាធិការបក្សក្រុង, ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សទាំងអស់ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមប្រធានបន្តថា ក្នុងនាមជាមន្ត្រីបម្រើឲ្យគណបក្ស ត្រូវបន្តរួបរួមគ្នាថែរក្សា ការពារឲ្យបាននូវសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។  ហើយសន្តិភាពនេះហើយដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបាននូវការជួបជុំក្រុមគ្រួសារ សំបូរសប្បាយ ប្រកបដោយសុភមង្គល។ ការងារដែលមន្ត្រីយើងត្រូវជំរុញការអនុវត្តបន្ត គឺការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ពោលគឺអនុវត្តកត្តាទាំងនេះឲ្យមានប្រសិទ្ធភាព នោះសុខសន្តិភាព និងមានភាពរឹងមាំយូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ សូមបន្តសាងនូវអំពើល្អជាមួយប្រជាពលរដ្ឋ រួមនឹងការកសាងសមិទ្ធផលថ្មីៗបន្ថែម ក្នុងមូលដ្ឋានដែលទទួលខុសត្រូវ ដើម្បីទទួលបានការគាំទ្រ និងជំនឿរចិត្តបន្ថែមទៀតពីប្រជាពលរដ្ឋយើង។ ក្នុងនោះ ឯកឧត្តមប្រធាន ក៏បានស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់ និងលុបបំបាត់ អំពើអាណាចារ្យ, ក្មេងទំនេីង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ត្រូវរួមគ្នា ក្នុងយុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២៥

ក្រុមហ៊ុនអ៊ីង ស៊ុង( ILSUNG-HANIL) មិនព្រមទូរទាត់លុយឈ្នួល បណ្តាលឲ្យក្រុមកម្មករនិងក្រុមគ្រឿងចក្រប្រមូលផ្តុំគ្នា មិនធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ៤៨

មានគ្រឿងចក្រជាច្រើនគ្រឿង ត្រូវបានក្រុមកម្មករ និងក្រុមគ្រឿងចក្រ បិទមិនឲ្យដំណើរស្ថាបនាផ្លូវជាតិលេខ៤៨ ត្រង់ចំណុចគីឡូម៉ែត្រលេខ.១៣៥ ដល់លេខ.១៤២ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីវេលាម៉ោងជាង៤រសៀល នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

ការបិទគ្រឿងចក្រមិនឲ្យដំណើរការស្ថាបនាកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុចខាងលើ គឺធ្វើឡើងក្រោយក្រុមហ៊ុនចិនឈ្មោះ យ៉ាន់ ដុងជា ហៅកាត់ថា Y.Dជាក្រុមហ៊ុនម៉ៅការបន្តពីក្រុមហ៊ុន អ៊ីង ស៊ុង មិនព្រមបើកប្រាក់ និងទូទាត់ថ្លៃឈ្នួលផ្សេងៗដល់ក្រុមពួកគាត់ អស់រយះពេលប្រមាណជា២ខែមកហើយ សរុបជាទឹកប្រាក់ជាច្រើនមុឺនដុល្លារ ទើបពួកគាត់ឈានទៅធ្វើការបិទគ្រឿងចក្រមិនឲ្យដំណើរបន្តទៀត។

លោក អ៊ុំ ភារុណ បុគ្គលិកក្រុមហ៊ុនY.D និងជាអ្នកគ្រប់គ្រងបច្ចេកទេស និង ដឹកនាំគ្រឿងចក្រនៅកំណាត់ផ្លូវជាតិលេខ៤៨ បានលើកឡើងថា ការបិទមិនឲ្យគ្រឿងចក្រដំណើរការនេះ គឺដោយសារក្រុមហ៊ុន អ៊ីង ស៊ុងរបស់កូរ៉េ ដែលជាក្រុមហ៊ុន ដែលទទួលសិទ្ធិស្ថាបនាលើផ្លូវជាតិ៤៨នេះទាំងមូល មិនបានទូរទាត់លុយអោយក្រុមហ៊ុនជាច្រើន ដែលបានស៊ាប់បន្ត ពីក្រុមហ៊ុន អ៊ីង ស៊ុង លើការស្ថាបនាផ្លូវ៤៨ នេះ ជាច្រើនខែមកហើយ មិនទាត់បានទូទាត់លុយនិងប្រាក់ឈ្នួលផ្សេងៗជាយូរហើយ បើទោះក្រុមហ៊ុនទាំងនោះព្យាយាមចរចារជាមួយក្រុមហ៊ុនអ៊ីង ស៊ុង ក៏មិនបានទទួលលទ្ធផលដែរ ។

តាមប្រភពពីបុគ្គលឹកក្រុមហ៊ុនអ៊ីង ស៊ុងសុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានដឹងថា ក្រៅពីក្រុមហ៊ុន Y D និង ក្រុមហ៊ុនមួយចំនួនទៀត ដែលក្រុមហ៊ុនអ៊ីង ស៊ុង មិនព្រមទូរទាត់លុយថ្លៃឈ្នួល សូម្បីក្រុមមួយដែលឈ្មោះល្បីលំដាប់អន្តរជាតិ ធ្លាប់បានស៊ាប់បន្តលើការស្ថាបនាផ្លូវលេខ៤៨ នេះ ពីក្រុមហ៊ុនអ៊ីង ស៊ុងនេះកន្លងមក ក៏ត្រូវរង់គ្រោះមិនព្រមទូរទាត់ប្រាក់រាប់លានដុល្លារផងដែរ។ ហើយក្រុមហ៊ុននេះកំពុងប្តឹងទៅតុលាការដើម្បីទាមទារសំណងនិងការទូរទាត់ពីក្រុមហ៊ុនអ៊ីង ស៊ុងនេះផងដែរ។

លោកស្រី អាលី ដែលជាអ្នកបកប្រែឲ្យខាងក្រុមហ៊ុនចិនY.D ត្រង់ចំណុចការដ្ឋានគីឡូម៉ែត្រ១៣៥ ដល់គីឡូម៉ែត្រ១៤២ បានបញ្ជាក់ថា ក្រុមហ៊ុន អ៊ីង ស៊ុង កូរ៉េ បានព្យាយាមសម្របសម្រួលអោយពួកគាត់ដែរដើម្បីឲ្យក្រុមហ៊ុនចិន Y.D បន្តដំណើរស្ថាបនាលើផ្លូវ៤៨ នេះ តែខាងក្រុមហ៊ុនហ៊ុន មិនអាចដំណើរបានដោយសារគ្មានទូរទាត់ប្រាក់ពីក្រុមហ៊ុន អ៊ីង ស៊ុង។

គួរបញ្ចាក់ថាកន្លងមកក្រុមហ៊ុនចិន Y.D បានផ្ញើរលិខិតមកកាន់ក្រុមហ៊ុន អ៊ីង ស៊ុង មិនឲ្យខាងក្រុមហ៊ុនបើកលុយអោយខាងបុគ្គលណាដាច់ខាត ដោយលុយនៅសល់ត្រូវបើកអោយគាត់ជាកំហិត ការធ្វើបែបនេះ ហេតុនេះ ទើបក្រុមពួកគាត់សម្រេចបិទមិនឲ្យគ្រឿងចក្រដំណើរការជាបណ្ដោះអាសន្ន ដោយរង់ចាំការដោះស្រាយគ្នាសិន មួយវិញទៀតការដែលពួកគាត់បិទគ្រឿងចក្រនៅចំណុចខាងលើនេះ ដោយសារការដ្ឋាននេះនៅមានការពាក់ព័ន្ធរឿងទូទាត់សំណង និង បើកប្រាក់ខែដល់ក្រុមពួកគាត់។ ក្រោយការចុះផ្សាយមក ខាងភាគីក្រុមហ៊ុន អីង ស៊ុង កូរ៉េ មិនបានបកស្រាយអ្វីនៅជុំវិញបញ្ហាខាងលើឡើយ ដោយតំណាងក្រុមហ៊ុនត្រឹមតែបញ្ជាក់ថា រងចាំឆ្លងមេធំខាងលើសិន។

ក្រោយបិទគ្រឿងចក្រមិនឲ្យដំណើរការអស់រយៈពេលប្រហែលមួយម៉ោងមក ឃើញថា តំណាងក្រុមហ៊ុន អ៊ីង ស៊ុង កូរ៉េ បានប្តឹងសមត្ថកិច្ចប៉ូលីសក្រុងខេមរភូមិន្ទ អោយហៅក្រុមកម្មករ និងក្រុមគ្រឿងចក្រទាំងនោះ ទៅធ្វើការដោះស្រាយ តែលទ្ធផលយ៉ាងណានៅពុំទាន់អាចបញ្ជាក់បាននៅឡើយ ដោយក្រុមកម្មករ និងក្រុមគ្រឿងចក្រនៅតែលើកឡើងថា បើមិនមានដំណោះស្រាយសមស្របពួកគាត់នៅតែបន្តបិទគ្រឿងចក្រមិនឲ្យដំណើរស្ថាបនាផ្លូវត្រង់ចំណុចមានទំនាស់នេះដាច់ខាត។

ជុំវិញព័ត៌មាននេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុនអ៊ីង ស៊ុង( ILSUNG-HANIL) បាននៅឡើយទេហួសដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

ខេត្តសៀមរាប៖លោកសុខ ថុល អភិបាលរងខេត្ត បានណែនាំឱ្យរដ្ឋបាលស្រុក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តនីតិវិធីចុះបញ្ជីដីអាងទឹកជ្រោយនាងងួន ជាទ្រព្យសម្បត្តិរបស់រដ្ឋស្របតាមនីតិវិធី និងច្បាប់ជាធរមាន និងសហការអនុវត្តតាមស្មារតី។

លោកណែនាំយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិវាទដោយពុំមានការបង្ខិតបង្ខំកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំសាលាខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាករណីប្តឹងអន្តរាគមន៍ពាក់ព័ន្ធទៅនឹងករណីគំរាមកំហែង រំលោភយកដីកម្មសិទ្ធិស្ថិតនៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកមេធាវី សួង សុភា មេធាវីតំណាងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ និងគូភាគីផងដែរ។

ក្រោយពីភាគីបានស្តាប់ការលើកឡើងរបស់ភាគីពន្យល់ និងការសម្របសម្រួលដោះស្រាយរបស់ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធរួចមក គូភាគីបានឯកភាពគ្នា និងព្រមព្រៀងសះជា ដោយគូភាគីបានព្រមព្រៀងសម្បទានដីដែលជាកម្មសិទ្ធិរបស់ខ្លួនស្ថិតនៅភូមិដង្កោ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីបញ្ចប់ការទាមទារដីអាងទឹកជ្រោយនាងងួនជាអាងទឹកដែលស្ថិតក្នុងបរិវេណបុរាណដ្ឋាន នៃវត្តជ្រោយនាងងួនដែលមានក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដោយពុំមានការបង្ខិតបង្ខំ។ ក្នុងករណីភាគីណាមួយកែប្រែខ្លឹមសារលើការព្រមព្រៀងខាងលើភាគីទាំងពីរសុខចិត្តជូន រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ទទួលបានជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន នៃប្រទេសចិន លេខ K៦៩២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន រួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន។

រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន ក្នុងពិធីទទួលជើងហោះហើរត្រង់លើកដំបូងនេះ បានមានប្រសាសន៍ថា ការទទួលបានជើងហោះហើរត្រង់ពីទីក្រុងសិនជិន នៃប្រទេសចិននេះ ជាសញ្ញាល្អ ដែលបង្ហាញកម្ពុជា ជាពិសេសខេត្តសៀមរាប នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរជនជាតិចិន។ នៅជំហានដំបូងនេះ នឹងមានការហោះហើរចំនួន៣ជើងក្នុងមួយសប្ដាហ៍ ដោយមួយជើងចុះចតនៅសៀមរាប និង ២ជើងទៀត នៅភ្នំពេញ។

ឯកឧត្តម ជា អូន បានឱ្យដឹងថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរមកកម្ពុជានោះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតបានដាក់ពាក្យសុំហោះហើរមកកម្ពុជាផងដែរ។ ក្រៅពីនេះ អាកាសចរណ៍ជាតិ ក៏បានជំរុញឱ្យមានការហោះហើរពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំនេះផងដែរ ហើយបើមានហោះទៅជប៉ុន នោះក៏មានហោះពីជប៉ុនមកកម្ពុជាដែរ។

ឯកឧត្តម បន្ថែមថាចំពោះការតភ្ជាប់ជើងហោះហើរត្រង់នេះដែរ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ផងដែរ។

ក្នុងឱកាសនោះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងតំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោយវិបត្តិកូវីដ១៩ វិស័យទេសចរណ៍របស់ខេត្តសៀមរាប បានងើបឡើងវិញជាបណ្តើរៗ និងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះអ្នកទេសចរជនជាតិចិនបានឈរនៅលំដាប់ទី៤ នៃអ្នកទេសចរបរទេសដែលមកកម្សាន្តនៅខេត្តសៀមរាប។ ចំពោះការហោះហើរត្រង់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះ ក៏ជាសញ្ញាល្អដែលបង្ហាញថា អ្នកទេសចរជនជាតិចិន បានវិលត្រលប់មកកម្ពុជាវិញ៕SRP

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កក្កដា ២០២៥

ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ ព្រៃឈើនោះនឹងកើតភ្លាមចំពោះសង្គមជាតិ។

អភិបាលរងខេត្តថ្លែងអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ ដាំកូនឈើទាល ចំនួនជាង ៣០០០ដើម ត្រូវបានដាំនៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី រៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានការសហការគាំទ្រពីរដ្ឋបាលខេត្ត។

ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា ក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំអង្គភាពមន្ទីរ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំង ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនទៀត។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តបញ្ជាក់ថាព្រៃឈើ មានតួនាទីសំខាន់ជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និង ជាខឿននៃសេដ្ឋកិច្ចជាតិ ព្រៃឈើថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីតាមរយៈការជួយធ្វើនិយ័តកម្មអាកាស ធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូប យកឧស្ម័នកាបូនិចពីបរិយាកាសរក្សាស្ថិរភាពបរិយាកាស។ ទន្ទឹមនេះព្រៃឈើផ្តល់នូវសេវាកម្ម និងជួយ គាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការការពារទីជម្រាលទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរ ឡើងនៃគុណភាពដី និងផ្តល់នូវផល អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។

លោក អ៉ឹង​ គឹមលាងបន្ថែមថា៖ យើងត្រូវ រួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិត ស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះ រាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ។ ចំពោះកូនឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំង នោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា ការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្រ្តក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្មនិងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ ម្យ៉ាងវិញទៀតពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយ ឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ ហើយព្រះអង្គបានបន្សល់ ទុកនូវព្រះរាជបន្ទូលថា “ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋ គ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមាន ចំពោះវិស័យកសិកម្មនិងមនុស្សជាតិ”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៥

អាជ្ញាធរដ្ឋខេត្តសៀមរាប ដាំកូនឈើជាង៣ ០០០ដើម លើផ្ទៃដី៥ហិកតា ក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំដាំកូនឈើទាលជាង ៣ ០០០ដើម លើផ្ទៃដី៥ហិកតា ស្ថិតនៅក្នុងស្ថានីយស្ដារ និងអភិវឌ្ឍព្រៃឈើ ក្នុងឃុំឃុនរាម ស្រុកបន្ទាយ ជាទីតាំងព្រៃរិចរិល និងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំបង្កឡើងដោយជនខិលខូច ហើយការដាំនេះក៏ដើម្បី អបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន ២០ករណី ដោយពិន័យអន្តរការណ៍ចំនួន៩ករណី បញ្ជូនទៅតុលាការចំនួន៧ករណី និងកំពុងចាត់ការចំនួន៤ករណីផងដែរ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ។ ចំពោះការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។

លោក អ៊ឹង គឹមលាង ក៏បានលើកឡើងពីព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ថា”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។

លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិសូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ។ ក្នុងន័យនេះ យើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៥

អភិបាលខេត្តឧត្ដរមានជ័យ បើកប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់

អនុវត្តតាមបទបញ្ជា ០១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តបានដឹកនាំចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៩ទីតាំង ក្នុងនោះ ០៦ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និង ០៣ទីតាំងស្ថិតនៅជប់គគីរ ស្រុកបន្ទាយអំពិល ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសជាង១០០នាក់ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការធ្វើការងារខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។

គោលបំណងនៃប្រតិបត្តិការចុះបង្រ្កានេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនបរទេស សំដៅដល់ការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក៏ជាទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យលើឯកសារឆ្លងដែនជនបរទេស ការស្នាក់នៅ ឬធ្វើការងារនៅក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ហើយចំពោះជនបរទេសណាដែលគ្មានឯកសារឆ្លងដែនត្រឹមត្រូវស្របច្បាប់ ឬកំពុងស្នាក់នៅខុសច្បាប់ រដ្ឋបាលខេត្តនឹងចាត់វិធានការបណ្ដេញចេញពីប្រទេសកម្ពុជា ដោយឡែកចំពោះជនបរទេសដែលរកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន និងការរក្សា កាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចបន្តអនុវត្តនិតិវិធីតាមផ្លូវច្បាប់។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការទាំង ០៩ទីតាំង រកឃើញជនសង្ស័យជាជនបរទេសចំនួន១០៣នាក់ ស្រី ៤១នាក់ ចំរុះជាតិសាសន៍រួមមាន ជនជាតិចិន វៀតណាម ថៃនិងឡាវ ដែលពាក់ព័ន្ធទៅនឹងបទល្មើសខាងលើ៕ (រូបភាព និងអត្ថបទ ដោយក្រុមការងារមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ )

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កក្កដា ២០២៥

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកវិនិយោគក្នុងស្រុក និងបរទេស អំពីពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជា គឺមិនមែនជាពន្ធបដិការចុងក្រោយនោះទេ ដូច្នេះសូមរក្សានូវភាពស្ងាត់ស្ងៀម និងត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុង ខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូន។

​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ របាយការណ៍វឌ្ឍនភាព នៃការអនុវត្តមុតស្រួច ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញអត្រាពន្ធគយសហរដ្ឋអាមេរិកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដែលបានចរចារពន្ធដោយសុចរិត និងស្មោះត្រង់បំផុត ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់ផលវិជ្ជមានមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះជាមិនខាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា ជុំវិញពន្ធបដិការនេះ កម្ពុជាបាននិងកំពុងរង់ចាំដូចបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក នៃពន្ធបដិការចុងក្រោយ។ ឯកឧត្តម បញ្ជាក់ថា បញ្ហានេះកម្ពុជាបានធ្វើកិច្ចការគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បី ការពារផលប្រយោជន៍របស់ប្រទេសជាតិយើង ហើយពន្ធ ៣៦ ភាគរយ ដែលអាមេរិកដាក់មកកម្ពុជានេះ គឺមិនមែនជាពន្ធបដិការចុង ក្រោយនោះទេ ដូច្នេះសូមឱ្យម្ចាស់រោងចក្រ សហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាទាំងអស់ រក្សានូវភាពស្ងាត់ស្ងៀម និងសូមជឿ ទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ប្រធានាធិបតីអាមេរិក គឺលោកដូណាល់ត្រាំ បានសម្រេចយកពន្ធគយ បដិការលើប្រទេសដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះរួមមាន៖ កម្ពុជា ៣៦%, ឥណ្ឌូណេស៊ី ៣២%, ថៃ ៣៦%, មីយ៉ាន់ម៉ា ៤០%, ឡាវ៤០%, ម៉ាឡេស៊ី ២៥%, បង់ក្លាដែស ៣៥%, ជប៉ុន ២៥%, សាធារណរដ្ឋកូរ៉េ ២៥%, ទុយនេស៊ី ២៥%, កាហ្សាក់ស្ថាន ២៥%, អាហ្វ្រិកខាងត្បូង ៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កក្កដា ២០២៥

ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍

ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ បានកំពុងដំណើរការទៅមុខ ជានិច្ចបើទោះបីក្នុងរដូវវស្សាក៏ដោយ និងមានភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរ បានប្រសើរជាងមុន ដើម្បីទៅកម្សាន្តលើភ្នំខ្នងផ្សារជាហូរហែ។ ផ្លូវចាប់ពីវត្តតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ ប្រវែង ជាង៧ គ.ម បានបញ្ជប់ការចាក់ពង្រាបរួចហើយ បង្កឱ្យការធ្វើដំណើរបានល្អប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា៖ ក្រសួងបរិស្ថាន សហការជាមួយ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដែលមានភ្នំខ្នងសំពៅ និងខ្នងផ្សារ ដោយគោរពតាមបទដ្ឋាន បច្ចេកទេសបរិស្ថាន រួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងទេសភាពនៃតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជិវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវចូលទៅកាន់តំបន់ខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់នោះ បានបើកសម្ពោធជាផ្លូវការ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍រួមមាន ការសាងសង់ ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ បានរៀបចំចាក់ដីនិងពង្រាបដីស្អាតរួចរាល់។ លើសពិនេះ ការសាងសង់ក្លោងទ្វារធ្វើឡើភ្នំសម្រេចបាន25% ការសាងសង់បន្ទប់ទឹកស្អាតសម្រេចបានធ្វើបាន 20% រួមជាមួយ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបាន 35%។ លើសពីនេះ ការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរ ជើងឡើងតំបន់ភ្នំខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មុនទៅដល់ភ្នំខ្នងផ្សារ រួមជាមួយកន្លែងចតយានយន្ត បានរៀបចំបានមួយចំនួនផងដែរ។

នៅក្នុងគម្រោង ក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ផងដែរ ដោយមានថែរក្សា និងដាំដើមឈើព្រៃ និងឈើហូបផ្លែ ដើម្បីផ្តល់ម្លប់ សម្រាប់ទេសចរ អាចសម្រាកកម្សាន្តផង និងអាចទទួលទានផងដែរ។ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់ទេសចរមកលេងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ទៅដល់កន្លែងសម្រាក។ ជាមួយគ្នានេះ គម្រោងនឹងមានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមបែបបៃតង ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ច នៅតំបន់ ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺជាការឆ្លើយតបប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើតអនាគតថ្មីសម្រាប់តំបន់នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋាន ធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៃលំហែបៃតងនៅតាមសហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការបង្កើតនូវគោលដៅលំហែបៃតងនេះ គឺអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដែលបានដាក់ចេញ ស្រមតាមគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page23 Page24 Page25 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×