ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃពុធនេះ លើកឡើងថា៖ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្ដេចហ៊ុន ម៉ាណែតបានបន្តថា៖ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ទន្ទឹមនេះដែរ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕


ក្រោយមានបញ្ជាពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មេប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលទើបតែងតាំងថ្មី ត្រូវបានក្រសួងសម្រេចបណ្ដេញចេញពី ក្របខ័ណ្ឌនគរបាលជាតិ ក្រោយស្រាវជ្រាវរកឃើញថា ធ្លាប់ប្រព្រឹត្តបទក្រិដ្ឋប្លន់ទូមាស។ ជាមួយគ្នានេះអធិការនគរបាលស្រុកស្ទោង ក៏ត្រូវបានដកឲ្យទៅបម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផងដែរ។
សូមជម្រាបថានៅថ្ងៃម្សិលមិញ សម្តេចហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់ ឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យការតែងតាំងមេប៉ុស្តិ៍ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋប្លន់៕ដោយនាគខៀវ