ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ដបានថ្លែងថាពីមុនមានពាក្យស្លោកពោលថា ខ្យល់បក់ដីហុយ ប៉ុន្ដែសម្រាប់នៅខេត្ដសៀមរាបនាពេលនេះ នឹងលែងមានពាក្យថា ខ្យល់បក់ដីហុយទៀតហើយ បន្ទាប់ពីមានរថយន្ដសម្រាប់បោសសំអាតផ្លូវទាំងបីគ្រឿងនេះ។ លោកបានបន្ថែមថាក្រោយពីប្រើប្រាស់រថយន្ដបោសសំអាតបរិស្ថាននេះ ខេត្ដសៀមរាប ត្រូវដូរពាក្យថា ខ្យល់បក់ដើរបានស្រួល ហើយនឹងលែងមានដីនៅលើផ្លូវទៀតហើយ ។ លោកបានបន្ដថា រថយន្តនេះ នៅពេលបោសសំអាតមិនហុយ ឬរំខានដល់ប្រជាពលរដ្ឋឡើយ និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន ដើម្បីជម្រុញ ឲ្យការងារបរិស្ថាន និងអនាម័យនៅទីក្រុងអោយកាន់តែមានសោភ័ណភាពល្អប្រសើឡើង។
លោកថ្លែងបញ្ជាក់យ៉ាងដូច្នោះក្នុងពេលអញ្ជើញផ្ដល់រថយន្ដបោសសំអាតផ្លូវចំនួយ៣គ្រឿង ដល់រដ្ឋបាលក្រុងសៀមរាប នៅរសៀលថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០នេះ។
បើតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា រថយន្ដបោសសំអាតបរិស្ថាននៅតាមដងផ្លូវនេះ ជាជំនួយពីប្រទេសចិនពីរគ្រឿង និងសហរដ្ឋអាមេរិកមួយគ្រឿង ដែលផ្ដល់ជូនតាមរយៈអាជ្ញាធរខេត្ដសៀមរាប ដើម្បីជម្រុញការងារបរិស្ថាន និងអនាម័យទីក្រុង ជាពិសេសជួយលើកកំពស់ អនាម័យបរិស្ថាន នៅក្រុងសៀមរាបអង្គរឲ្យកាន់តែមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនាកាន់តែច្រើនឡើងថែមទៀត។
លោកនួន ពុទ្ធារ៉ា បន្ថែមថា ប្រភេទរថយន្តដែលមានលក្ខណៈទំនើប ដោយមានភ្ជាប់ឧបករណ៍បោសដី បូមដី និងបាញ់ទឹកមិនឲ្យហុយនៅពេលបោស ដែលផ្ទុកធូលីដី មិនប្រើមនុស្សច្រើន ដែលមានសមត្ថភាពដែលអាចទុកចិត្ដបានព្រោះជាប្រភេទរថយន្ដដែលមានបច្ចេកវិទ្យាក្នុងការសំអាតបរិស្ថានយ៉ាងស្ទាត់ជំនាញ ខណៈផ្លូវកៅស៊ូជាច្រើនខ្សែដែលរដ្ឋបាលខេត្ដកំពុងតែស្ថាបនារួចហើយនោះ រថយន្ដទាំងបីគ្រឿងនេះ និងត្រូវធ្វើការងារនោះដើម្បីកុំអោយហុយដីដល់អ្នកធ្វើដំណើរតទៅទៀត៕SRP
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២០
