ខេត្តកំពង់ចាម៖ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រជាកសិករនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ប្រេីប្រាស់គ្រឿងចក្រ កាយសម្រួលផ្លូវទឹក ដេីម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀង ប្រមាណជាង៣០ហិកតា នៅភូមិពង្រ ឃុំស្តេីងជ័យ ស្រុកជើងព្រៃ។
ចុះពិនិត្យស្ថានភាពស្រូវប្រជាកសិករ លោក អ៊ុន ចាន់ដា ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ឲ្យសហការគ្នាធ្វើយ៉ាងណា ត្រូវជួយសង្គ្រោះដំណាំស្រូវប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ចៀសវាងការត្រាំក្នុងទឹកយូរអង្វែង ដែលអាចរងការខូចខាតធ្ងន់ធ្ងរ ពោលគឺត្រូវសហការជាមួយម្ចាស់អាហារដ្ឋាន មហាលាភ ដេីម្បីកាយពង្រីកមុខលូ ផ្នែកខាងក្រោម ឲ្យបានធំទូលាយ និងជ្រៅជាងមុន កុំមានការលិចលង់នៅឆ្នាំក្រោយបន្តទៀត គឺត្រូវធ្វើការរំដោះជំនាន់ទឹកភ្លៀងនេះឲ្យបានជោគជ័យផងដែរ។
បើតាម លោក ប្រាក់ សារុំ មេឃុំស្ដើងជ័យ បានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណជា ៣១ហិកតា ដែលកំពុងទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង មានរយៈពេលជាង១០ថ្ងៃមកហេីយ ចំពោះកិច្ចអន្តរាគមន៍ ពីសំណាក់ឯកឧត្ដមអភិបាលខេត្តនាពេលនេះ គឺអាចជួយសង្គ្រោះបានប្រមាណជា ៧០%។ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពង្រ ទាំងជាង ១០០គ្រួសារ លោក មេឃុំស្តើងជ័យ ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបានអញ្ជើញចុះអន្តរាគមន៍ ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះដំណាំស្រូវ របស់ប្រជាកសិករយើង៕SRP


