Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង នៅព្រឹកមិញនេះនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ បានថ្លែងអំពីដំណើរការនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសម្ដេចបានសង្កត់ធ្ងន់ថាចាប់តាំងពីថ្ងៃទី១ខែឧសភារហូតមកដល់ថ្ងៃនេះ មានអ្នករិះគន់ប្រមាណមិនដល់១ភាគរយទេដែលបានយល់ខុសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងនគរបាលចរាចរណ៍។ សម្ដេចបានបញ្ជាក់ជាថ្មីទៀតថាប្រសិនបើពលរដ្ឋអ្នកដំណើរមិនប្រព្រឹត្តខុសអ្វីពេលកំពុងបើកបរ គឺគ្មានសមត្ថកិច្ចណាឃាត់សួរនាំរកឯកសារនោះទេ។

សម្ដេចបានបង្ហាញភាពរីករាយចំពោះអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមរយៈពេល២៦ថ្ងៃកន្លងមក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ និងធៀបនឹងខែមេសាឆ្នាំ២០២០។ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺគ្រោះថ្នាក់បានថយចុះ១១២លើក ស្មើនឹង៣៨ភាគរយ, អ្នកស្លាប់បានថយចុះ៣៤នាក់ ស្មើនឹង២៦ភាគរយ,អ្នករបួសថយចុះ១៦៥នាក់ ស្មើនឹង៣១ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមេសាកន្លងទៅ មានអ្នកស្លាប់ថយចុះ៧នាក់ រងរបួសបានថយចុះរហូតដល់៨២នាក់។

សម្ដេចបានមានប្រសាសន៍ថាពេលនេះការគោរពច្បាប់ចរាចរណ៍នៅកម្ពុជាបានដើរដល់របត់ថ្មីមួយហើយ ហើយនេះគឺជាកិត្តិយសរបស់ជាតិ និងជាការការពារអាយុជីវិត និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តបេសកកម្មនេះដោយគ្មានការដកថយ។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាវិធានការនេះនឹងមិនត្រូវដកថយជាដាច់ខាត គឺសមត្ថកិច្ចត្រូវបន្តធ្វើ និងប្រកបដោយការយកចិត្តទុកដាក់ក្នុងការគោរពសីលធម៌វិជ្ជាជីវៈ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បង្ហាញការគាំទ្រជាថ្មីទៀតចំពោះយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដែលបាន និងកំពុងដឹកនាំដោយរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌។

រដ្ឋមន្ត្រីមហាផ្ទៃបានចាត់ទុកយុទ្ធនាការនេះថាជាការឈានទៅដោះស្រាយភាពអសកម្មមួយចំនួន ដូចជាភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលនាំឱ្យខាតបង់ថវិកាជាតិផង នាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំផង និងនាំឱ្យមានការរិះគន់ពីអង្គការ និងសហគមន៍អន្តរជាតិផង។
ពាក់ព័ន្ធនឹងយុទ្ធនាការដែលអាចឈានទៅដោះលែងអ្នកជាប់ឃុំមួយចំនួន ដូចជាជនដែលអនុវត្តទោសបានជិតរួលរាល់ ឬមានទោសក្នុងកម្រិតស្រាលជាដើមនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានគិតគូរជាមុនហើយអំពីលទ្ធភាពនៃការគ្រប់គ្រង និងតាមដានអ្នកទាំងនោះ ពោលគឺប្រសិនបើពួកគេបន្តប្រព្រឹត្តល្មើសបន្ទាប់ពីមានសេរីភាព នោះការទទួលខុសត្រូវផ្លូវច្បាប់នឹងកាន់តែមានទំងន់ធ្ងន់ជាងមុន។

សម្ដេចបានថ្លែងទទួលស្គាល់ថាអាចនឹងមានការរិះគន់បន្តទៀតចំពោះការងារនេះ ប៉ុន្តែសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យក្រសួងយត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខិតខំបំពេញភារកិច្ចឱ្យបានល្អ ត្បិតថាកាលពីពន្ធនាគារចង្អៀតណែនយើងបានរងការរិះគន់រួចមកហើយ ហើយពេលមានការអនុវត្តនីតិវិធីដោះលែងអ្នកទោសខ្លះនេះ យើងក៏នឹងអាចទទួលរងការរិះគន់ទៀតដែលនេះគឺជារឿងធម្មតានៃសង្គមប្រជាធិបតេយ្យ ពោលគឺអ្វីដែលសំខាន់យើងត្រូវធ្វើទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖ជាថ្មីម្ដងទៀតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានស្នើសមត្ថកិច្ចតាមព្រំដែនទាំងអស់ ពិសេសរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស។ សម្ដេចក្រឡាហោម ក៏បានបន្តជំរុញលើកទឹកចិត្តឱ្យបង្កើនការផ្សព្វផ្សាយអំពីហានីភ័យសម្រាប់ពលករនៅក្រៅប្រទេស ដោយត្រូវសហការជាមួយស្ថានទូតនៅប្រទេសមានពលករទៅធ្វើការនូវលទ្ធភាពផ្សេងៗដែលអាចនាំឱ្យងាយរងគ្រោះដោយចំពោះកេងប្រវ័ញ្ច និងការជួញដូរក្រោមរូបភាពផ្សេងៗ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងដៃគូជាតិ និងអន្តរជាតិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងទទួលបានលទ្ធផលជាបន្តបន្ទាប់ ទោះបីមានការប្រឈមនឹងបញ្ហាថ្មីៗក៏ដោយ។ សម្ដេចបានមានប្រសាសន៍ថាបញ្ហាថ្មីៗចុងក្រោយនេះ គឺការប្រឈមមុខនឹងបញ្ហាជីវភាពរបស់ពលរដ្ឋ ពិសេសមុខសញ្ញាងាយរងគ្រោះក្នុងអំពើជួញដូរមនុស្ស និងក្រុមប្រជាពលរដ្ឋជាពលករដែលប៉ុនប៉ងលួចឆ្លងដែនចូលទៅប្រទេសថៃ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនាឱកាសអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញថ្លែងអបអរសាទរចំពោះលទ្ធផលនៃការប្រយទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការព្យាបាលអ្នកជំងឺឱ្យបានជាសះស្បើយ និងគ្មានអ្នកស្លាប់ ដែលការងារនេះត្រូវបានសម្ដេចសង្កត់ធ្ងន់ថាជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ពិសេសអង្គការសុខភាពពិភពលោក។

យ៉ាងណាក៏ដោយ សម្ដេចនៅតែបន្តទទូចឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាបន្តទៀតជាមួយរាជរដ្ឋាភិបាល ដោយមិនត្រូវមើលស្រាលសភាពការណ៍ និងបាត់ការប្រុងប្រយ័ត្ននោះទេ ដ្បិតសម្ដេចសង្កេតឃើញថាមួយរយៈពេលមកនេះ ប្រជាពលរដ្ឋហាក់ដូចជាបន្ធូរដៃខ្លះចំពោះការប្រុងប្រយ័ត្ន និងថាដរាបណាថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩មិនទាន់រកឃើញទេ យើងមិនអាចធ្វេសប្រហែសបានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកមិញនេះបានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ក្នុងកិច្ចពិភាក្សា្នគ្នានេះ ឯកឧត្តម ប៉ានយ៉ារ៉ាក់ ជាថ្មីម្ដងទៀតបានសំដែងនូវការចូលរួមរំលែកមរណៈទុក្ខជាមួយ សម្តេចតេជោចំពោះការបាត់បង់ម្ដាយក្មេក របស់សម្តេចកន្លងមក។
ឯកឧត្តមក៏បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោដែលបានដាក់វិធានការយ៉ាងប្រាកដនិយមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះគឺមានប្រសិទ្ធភាពខ្ពស់ហើយទប់ស្កាត់មិនឲ្យមានការរាតត្បាតនៅកម្ពុជាទៀតឡើយ។
ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចអំពីសកម្មភាពរបស់ស្ថានទូតថៃប្រចាំកម្ពុជា គឺឯកឧត្តមបានធ្វើការជាមួយនឹង ក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញនៅកម្ពុជានិងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះឲ្យមានការចែករំលែកនូវសម្ភារៈដូចជាសម្ភារៈអនាម័យមានម៉ាក់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ជាពិសេសឯកឧត្តមក៏បានណែនាំនិងធ្វើការជាមួយក្រុមហ៊ុនថៃទាំងអស់ដោយធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញមក។ ស្ថិតក្នុងឱកាសខួបលើកទី ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ឯកឧត្តមក៏បាននាំយកថវិកាចំនួន ២ លានបាត ដើម្បីប្រគល់ជូនសម្ដេចតេជោក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតថៃដែលបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមាតាក្មេករបស់សម្ដេចដល់គេហដ្ឋាន ហើយនាំនូវសារសួរសុខទុក្ខ និងការចែករំលែកទុក្ខពីឯកឧត្តមនាយករដ្ឋមន្រ្តីថៃផងដែរ។ សម្តេចក៏បានអរគុណចំពោះការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 របស់ស្ថានទូតថៃ ដូចជារបស់ប្រជាជនថៃ និងរាជរដ្ឋាភិបាលថៃជាមួយកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា វាជាការឆ្លុះបញ្ចាំងនៃការសាមគ្គីភាពរវាងកម្ពុជា នឹងថៃ ក៏ដូចជាប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរ។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះវិធានការដែលរាជរដ្ឋាភិបាលថៃបានដាក់ចេញក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្ដេចតេជោមានប្រសាសន៍ថា វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។ ក្នុងន័យនេះសម្ដេចមានប្រសាសន៍ថា ជាសក្ខីភាពប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជាយើងកន្លងមកជាង ៩ម៉ឺននាក់ ហើយអ្នកទាំងនោះគ្មានជនណាម្នាក់ឆ្លង ឬនាំយកជំងឺកូវីដ១៩មកកម្ពុជាឡើយ។ ក្នុងន័យនេះ សម្ដេចតេជោមានប្រសាសន៍ថា នេះជាការឆ្លុះបញ្ចាំងមួយថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។

សម្ដេចតេជោក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃបានអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខានតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ជាមួយគ្នានេះ សម្ដេចក៏បានជម្រាប់ជូនឯកអគ្គរាជទូតថៃដែរថា ថ្ងៃនេះកម្ពុជាបានសម្រេចឲ្យប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលវិលត្រឡប់មកកាន់កម្ពុជាវិញគឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពពីប្រទេសដែលប្រជាជនកម្ពុជាចេញដំណើរនោះមកទេ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងក្រសួងសុខាភិបាលនៅពេលមកដល់កម្ពុជាវិញ។សម្ដេចតេជោបានថ្លែងអំណរគុណសារជាថ្មីចំពោះការចូលរួមរបស់រាជរដ្ឋាភិបាលថៃ ប្រជាជនថៃ និងស្ថានទូតថៃហើយសម្ដេចបានមានប្រសាសន៍ផងដែរថា នៅពេលនេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នាសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ដែលជាសង្គ្រាមជាមួយនឹងសត្រូវគ្មានស្រមោល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ព្រឹកមិញនេះបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ermenegildo ” Kupa ” ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

ក្នុងជំនួបនោះ ឯកឧត្តម Kupa បានគោរពពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខទុកពី ឯកឧត្តមនាយករដ្ឋមន្ត្រីប្រធានាធិបតីប្រទេសទីម័រខាងកើតជូនចំពោះសម្ដេចតេជោ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏ពិបាកមួយនៃជំងឺកូវីដ១៩ ដែលពិភពលោកកំពុងជួបប្រទះ ទោះជាយ៉ាងណាក៏ដោយឯកឧត្តម ពុំមានការភិតភ័យ ដែរ ផ្ទុយទៅវិញឃើញថាវិធានការរបស់សម្ដេចតេជោបានគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ ក្នុងន័យនេះឧត្តមសូមគោរពថ្លែងនូវការសាទរចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់ការរាតត្បាតមេរោគកូវីត១៩ បានយ៉ាងជោគជ័យ។

ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោផងដែរថានិស្សិតរបស់ទីម័រឡែស ក៏ដូចជាមន្ត្រីស្ថានទូតទាំងអស់គឺទទួលបាននូវសុវត្ថិភាពល្អ។ លើសពីនេះទៅទៀតឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថា នៅក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមមកកម្ពុជានៅពេលនេះ ឯកឧត្តមនឹងពិនិត្យមើលឡើងវិញរាល់អនុស្សារណៈទាំងឡាយដែលបានចុះរួមគ្នាកន្លងមក និងធ្វើយ៉ាងណាជំរុញការដាក់ដំណើរការអនុសារណៈទាំងអស់នោះ អោយទទួលបានជោគជ័យ។ ឯកឧត្តម នឹងបន្តធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីរៀបចំការនាំអង្ករចេញទៅប្រទេសទីម័រឡែស និងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល រួមនឹងក្រសួងដទៃទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យមានវិសាលភាពកាន់តែធំឡើង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទីម័រឡែស ប្រចាំនៅកម្ពុជា។ សម្តេចក៏បានអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនិងប្រធានាធិបតីទីម័រឡែស ចំពោះសម្ដេចតេជោ។

សម្ដេចតេជោបានមានប្រសាសន៍អរគុណចំពោះការវាយតម្លៃរបស់ទីម័រឡែសពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នៅកម្ពុជា។ ហើយកន្លងមកនេះកម្ពុជាក៏បានឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ ហើយ១២២ នាក់នេះក៏បានជាសះស្បើយផងដែរ។ តែជំងឺនេះមិនទាន់ចប់នៅឡើយ យើងត្រូវតែមានការប្រុងប្រយ័ត្នជាបន្តទៀតព្រោះជំងឺនេះ។ សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរតាមរយៈបទពិសោធន៍កន្លងមកនេះ គឺការទប់ស្កាត់ជំងឺកូវីដ១៩ គឺមិនសំអាងទៅលើវិទ្យាសាស្ត្រ ខ្ពស់នោះទេ គឺសំអាងទៅលើសមត្ថភាពនៃការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ។

ឆ្លៀតក្នុងឱកាសនេះសម្ដេចតេជោក៏បានសម្ដែងនូវអំណរអរគុណប្រទេសទីម័រឡែស ដែលបានគ្រប់គ្រងស្ថានភាពពិសេសជំងឺកូវីដ១៩បាន ដែលមានការឆ្លងរាតត្បាតតិចបំផុតហើយអ្នកជំងឺទាំងអស់ក៏បានជាសះស្បើយផងដែរ។

សម្ដេចតេជោក៏បានសម្ដែងនូវអំណរគុណប្រទេសទីម័រឡែស ដែលបានផ្ដល់នូវម៉ាសជូនដល់ប្រទេសកម្ពុជាជាការចូលរួមចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

លើសពីនេះទៅទៀត សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍អោយធ្វើយ៉ាងណារួមសហការគ្នាដើម្បីចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក អ្វីដែលកម្ពុជាមាននិងអ្វីដែលទីម័ឡែសមាន។ ហើយ ឯកឧត្តម Kupa ក៏បានគោរពសូមការណែនាំអនុសាសន៍ផ្សេងៗពីសម្ដេចតេជោ។ សម្តេចតេជោក៏បានជម្រាបជូនឯកឧត្តមអំពីមូលហេតុ០៤យ៉ាងដែលកម្ពុជាសម្រេចចូលជាសមាជិកអាស៊ាន និងបានចែករំលែកបទពិសោធន៍ពីកម្ពុជាមាន ពាក់ព័ន្ធទៅនឹងដំណើរការជាមួយនឹងសមាជិកអាស៊ានហើយសម្ដេចក៏បានជូនពរដល់ឯកឧត្តម Kupaឲ្យទទួលបានជោគជ័យនៅក្នុងដំណើរបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៦ខែឧសភាម្សិលមិញ បានជិះម៉ូតូដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យស្ថានភាពទំនប់៧៨ ដែលមានសក្ដានុពលក្នុងការទាញទឹកទន្លេ យកមករក្សា ក្នុងអាងស្តុកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង។
យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកខេត្តសៀមរាបបានឲ្យដឹងថាទំនប់៧៨ មានប្រវែងសរុបជិត៨៧គីឡូម៉ែត្រ គ្រប់ដណ្ដប់លើស្រុកក្រុងចំនួន៥ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងក្រុងសៀមរាប និងអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងជិត០៣ម៉ឺនហិកតា។
តាមការបញ្ជាក់របស់លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកទៀ សីហា អភិបាលខេត្ត ចំពោះការបង្កបង្កើនផលរបស់ប្រជាកសិករ នៅតាមភូមិឃុំ ក្នុងភូមិសាស្ត្រទំនប់៧៨ អភិបាលខេត្តបានចុះមកពិនិត្យស្ថានភាពនៅតាមខ្នងទំនប់ និងទ្វារទឹកមួយចំនួន ដោយផ្ទាល់ ចាប់ពីស្រុកសូទ្រនិគម រហូតដល់ព្រំប្រទល់ រវាងក្រុងសៀមរាប និងស្រុកពួក។
បើតាមការប៉ាន់ស្មានរបស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ទំនប់៧៨ មានការខូចខាតប្រហែល 50ភាគរយ ដែលទាមទារឲ្យមានសិក្សាជាមុន ដើម្បីរកប្រភពថវិកាសម្រាប់ធ្វើការជួសជុល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧​ឧសភា២០២០​នេះ​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថាវិធានការនគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

ទោះយ៉ាងណានាយករដ្ឋមន្ត្រីថាប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ខែឧសភា ម្សិលមិញបាននាំយកអំណោយសង្រ្គោះបន្ទាន់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនពលរដ្ឋចំនួន៤៣គ្រួសារ មកពី០៣ភូមិ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលរងគ្រោះដោយធម្មជាតិ។
លោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវក៏បានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ តែនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកជំទាវបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” ។
លោកជំទាវក៏បានធ្វើការណែនាំមួយចំនួន ដើមី្បជាមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនិងបង្កា ការពារ ទប់ស្កាត់នូវរលកទី២ នៃជម្ងឺឆ្លងកូវិដ១៩ ទោះបីមានភាពធូស្រាលពីជម្ងឺកូវិដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ហើយក្នុងពេលថ្មីៗនេះដែរ កម្ពុជាក៏មានអ្នកនាំចូលនូវជម្ងឺកូវិដ១៩ ចំនួន២ករណីទៀតផង។ ទោះបីនៅកម្ពុជាយើងពុំ មានអ្នកស្លាប់ដោយជម្ងឺឆ្លងកូវិដ១៩ក៏ដោយ យើងទាំងអស់គ្នា រួមសហការគ្នាប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់នូវជម្ងឺឆ្លងកូវិដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដោយមិនបានបន្ថូរបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជម្ងឺកូវីដ១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍។

លោកជំទាវក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំ ប្រមូលផ្តុំគ្នា។ លោកជំទាវក៏បានធ្វើការក្រើនរំលឹកដល់ បងប្អូនត្រូវត្រៀម លក្ខណៈសម្ភារកសិកម្ម ដើមី្បបង្កបង្កើនផលឲ្យបានទាន់រដូវធ្វើស្រែ ចំការ។ ម៉្យាងទៀតក៏ត្រូវមានការប្រុងប្រយ័ត្ន នៅពេលភ្លៀង ខ្យល់ ផ្គររន្ទះ កុំប្រើប្រាស់នូវគ្រឿងអេឡិចត្រូនុច(ទូរស័ព្ទ)ដែលជាចរន្តចម្លង ដែលបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត និងត្រូវចេះថែរក្សា សុខភាព សំខាន់ចំពោះកុមារតូចៗ និង ចាស់ជរា ដែលជាមុខសញ្ញាក្នុងការឆ្លងនៃជម្ងឺកូវីដ១៩ ហើយបើមានកើតនូវ រោគសញ្ញាណាមួយ ក៏ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតខ្លួន។
សូមបញ្ជាក់ថាការចែកអំណោយនេះ
នៅក្នុងបរិវេណសាលាបុណ្យភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប មួយគ្រួសារទទួលបានអង្ករ៣០គីឡូ មី០១កេស ,ត្រីខ០១យួរ , កន្ទេល០១ឃីត០១កញ្ចប់ ,អាវយឺត០២ , ហើយបន្ថែមលើនោះអ្នកផ្ទះរលំ ទទួលបានស័ង្កសី១៦សន្លឹក ថវិកា២០ម៉ឺនរៀល និងគ្រួសារផ្ទះរបើក ដំបូលបន្ថែមនូវស័ង្កសី១០សន្លឹកនិងថវិកា១០ម៉ឺនរៀល។
សូមរំលឹកថាហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីថ្ងៃទី២២ឧសភាឆ្នាំ២០២០បណ្ដាលឲ្យរលំផ្ទះ០៨ខ្នងរបើកដំបូលធ្ងន់ធ្ងរ៣៥ខ្នង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម រួម​ជាមួយ​ក្រុមការងារបច្ចេកទេសក្រសួង ដោយ​មាន​ការ​ចូលរួម​ពី​ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ចាម​ និងមន្រ្តីបច្ចេកទេស នាថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចុះធ្វើបច្ចុប្បន្នប្រពន្ធ័ធារាសាស្រ្ត CISIS MOWRAM នៅភូមិសាស្រ្តខេត្តកំពង់ចាម​ ដេីម្បី​នាំយក​ប្រភព​ទឹក​ផ្តល់ជូន​ប្រជាកសិករ​ប្រេីប្រាស់​ក្នុង​ការ​​បង្កបង្កើនផល​ដំណាំស្រូវ​ ឬ​ដំណាំ​រួម​ផ្សំ​។
លោកអ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​​ ប្រព័ន្ធធារាសាស្ត្រដែល​បានចុះធ្វើបច្ចុប្បន្នភាព​​នេះ រួមមាន៖​ ប្រព័ន្ធធារាសាស្ត្រ ៧មីនា ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ​ ប្រព័ន្ធធារាសាស្ត្រ អាងទឹកឆា ស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ​ និង​ប្រព័ន្ធធារាសាស្ត្រ អាងទឹកថ្មដា ស្ថិតនៅ​ក្នុង​ឃុំបឹងណាយ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ផង​ដែរ​។
ដោយឡែក​នៅថ្ងៃទី២៦ឧសភា​ដដែល​នេះ​ លោកអុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់អណ្តូងស្នប់​ ចំនួន១០០អណ្តូង និងស្រះសហគមន៍​ ចំនួន៤ ក្នុងស្រុកទាំង៧ របស់ខេត្តកំពង់ចាម រួមមានស្រុកព្រៃឈរ កងមាស ស្ទឹងត្រង់ ចំការលើ ជើងព្រៃ បាធាយ និងស្រុកកំពង់សៀម ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ជំហានទី២ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក កែវ សិគុណ ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុន China Jiangxi International និងអាជ្ញាធរ ស្រុក ឃុំ រួម​ទាំង​បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
គួរ​បញ្ជាក់ផងដែលថា ក្នុងពីជំហានទី១ ខេត្តកំពង់ចាម បានទទួលសមិទ្ធិផល ផ្លូវចាក់កៅស៊ូ២ជាន់ DBST នៅក្នុងស្រុកចំការលើ ពីចំណុចភូមិថ្នល់បែក ដល់ភូមិបុសថ្លាន់ ឃុំស្វាយទាប ប្រវែង១១,២០០ម៉ែត្រ​ បានកសាងរួចជាស្ថាពរ។ ចំពោះជំហានទី២ ការបើកការដ្ឋានចាប់ផ្តើមពីស្រុកព្រៃឈរ ដែលទទួលបានអណ្តូងស្នប់១៤ និងស្រះសហគមន៍ ចំនួន០១ ទំហំ៥០ម៉ែត្រគុណ៥០ម៉ែត្រ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២០

ខេត្តសៀមរាប៖ជនដៃដល់ជាប្អូនថ្លៃដែលបានកាប់បងថ្លៃស្រីបណ្ដាលឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួននោះត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានហើយ។ការចាប់ខ្លួននៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០នៅចំណុចស្រុកពញឮខេត្តកណ្តាលដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល។

ជនដៃដល់ឈ្មោះងុយ ឆេងឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជននេះជាប់ពាក់ពន្ធ័នឹងករណី៖ ហិង្សារដោយចេតនាដោយមានស្ថានទម្ងន់ទោស (ប្អូនថ្លៃកាប់បងថ្លៃ)។

សូមរំលឹកថាកាលនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០ជនដៃដល់ខាងលើបានចូលកាប់បងថ្លៃដល់បន្ទប់ជួលស្ថិតនៅ ភូមិធ្លកអណ្តូង សង្តត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះ ត្រូវជាបងថ្លៃឈ្មោះភូន ពិដោរ ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានស្តីបន្ទោសអោយជនដៃដល់ រឿងចាក់បាស់ឮៗកាលប្រហែល៣ថ្ងៃមុនទើបបណ្តាលអោយជនដៃដល់គុំគួនរហូតធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង។ក្រោយធ្វើសកម្មភាពរួចជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់ រហូតថ្ងៃទី២៤ខែឧសភា ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបនិងខេត្តកណ្ដាលចាប់ខ្លួន។ ជនដៃដល់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រគល់ ឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២០

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនិងការស្រង់ស្ថិតិជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប បានលើកផែនការសល់អ្នកពាក់ព័ន្ធដូចខាងក្រោម៖
១.ស្នើសុំប៉ុស្តិ៍នគបាល គ្រប់គ្រងទិន្នន័យជនអនាថា ជនជំណាកស្រុក ជនវិកលចរិតមានសក្ខណៈជាប្រព័ន្ធ។
២.បន្តគ្រប់គ្រងជនអនាថានៅតាមបណ្តាក្រុងស្រុក
៣.បន្តចុះស្រង់ទិន្នន័យជនអនាថា ជនពិការ និងជនវិកលចរិតនៅតាមមូលដ្ឋានជាក់ស្តែង
៤.បន្តអនុវត្តតាមផែនការរបស់គណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា
៥.សំណូមពរឲ្យប៉ុស្តិ៍ទាំងអស់ក្នុងក្រុងដែលមិនទាន់បានផ្តល់ទិន្នន័យ សូមជួយផ្តល់តារាងស្ថិតិតាមគំរូដែលបានផ្តល់ជូនមកលេខាធិការដ្ឋាន។
ក្នុងកិច្ចប្រជុំ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមដល់ និងអធិការក្រុង មេប៉ុស្តិ៍ទាំង១២សង្កាត់ ត្រូវបន្តផ្សព្វផ្សាយ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩បន្តទៀត ទោះបីជាប្រទេសយើងមានភាពអន់ថយក៏ដោយ យើងត្រូវតែបន្តរការពារកុំឱ្យរលកទី២បន្តទៀត។
សូមបញ្ជាក់ថាកិច្ចប្រជុំធ្វើនៅព្រឹកមិញនេះ នៅបន្ទប់ប្រជុំលេខ១ នៃរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោកនាក់ ណេរ៉ុន អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីលោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអធិការក្រុង មេប៉ុស្តិ៍ទាំង១២សង្កាត់ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់លោកទៀ សីហា អភិបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខានៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ តំណាងលោកអ៊ុន ចាន់ដា អភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមនឹលោកនាយក នាយករងសាខាមន្ត្រីប្រតិបត្តិ និងលោកឡោ ចាន់លី ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុក បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាពចំនួន៦៩គ្រួសារ មកពី៧ឃុំ នៃមូលដ្ឋាន ស្រុកព្រៃឈររួមមាន៖ស្ដ្រីមេម៉ាយក្រីក្រកូនច្រើន ៨គ្រួសារ ជនចាស់ជរាគ្មានទីពឹង ៣៤គ្រួសារ ជនមានពិការភាព១៧គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃចំនួន​​១០គ្រួសារ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីប៉ាង ដានី បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ។ ដូច្នេះត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាពពិសេសការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ចៀសផុតពីការឆ្លងនៃជម្ងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា។

សូមបញ្ជាក់ថាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅចែកជូនជនងាយរងគ្រោះទាំង៦៩គ្រួសារដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គក្រ ត្រីខ១០កំប៉ុង ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ ម៉ាស់៥បន្ទះនិងថវិកាចំនួន២០.០០០រៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page604 Page605 Page606 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×