Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២៥

សម្តេចតេជោ ហ៊ុន សែន តើអ្នកណាជាអ្នកដាក់បទបញ្ជាបិទច្រកព្រំដែនកម្ពុជា-ថៃ មុនគេ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទជាសំណួរទៅកាន់ប្រជាពលរដ្ឋថៃថា តើអ្នកណាជាអ្នកបិទព្រំដែនថៃ-កម្ពុជា? បើតាមសម្តេចតេជោ អ្នកដែលបិទព្រំដែនថៃ-កម្ពុជា គឺផ្តើមឡើងដោយក្រុមយោធាថៃ ដូច្នេះពលរដ្ឋថៃ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ពោលគឺមិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែនមុននោះទេ។ សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំព្រឹទ្ធសភា នាព្រឹកទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃកុំខឹងសម្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ ហើយគេបានដឹងរួចហើយថា ទំលាប់ក្នុងប្រទេសថៃដូចម្តេចនោះ!។ សម្តេចតេជោ បានបន្តថា ដោយយល់ និងស្កាល់ថា នាយករដ្ឋមន្ត្រីថៃពុំមានសិទ្ធិនិយាយ ដើម្បីឱ្យបើក ឬឱ្យបិទច្រកព្រំដែន ដែលខុសពីនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាតួអង្គតែមួយ រាប់ពីលើដល់ក្រោម រាប់ទាំងតួអង្គព្រឹទ្ធសភា រដ្ឋសភា ជាតួអង្គនីតិបញ្ញត្តិ តួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងតួអង្គកងកម្លាំងប្រដាប់អាវុធ គឺជាតួអង្គតែមួយ។

ទន្ទឹមគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា កម្ពុជាសុំមិនយល់ ហើយនៅតែបង្ហាញការមិនយល់ ចំពោះអ្វីដែលបានកើតឡើង វាជារឿងរបស់ថៃទេ ហើយកម្ពុជាមិនជ្រៀតជ្រែតចូលកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ក៏ប៉ុន្តែហេតុអ្វីនាយករដ្ឋមន្ត្រីថៃ ជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា នាយករដ្ឋមន្ត្រីថៃជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា បែរជាគ្មានសិទ្ធិបើកច្រកព្រំដែនឱ្យដំណើរការឡើងវិញ។

សម្តេចតេជោបញ្ជាក់ថា កម្ពុជាសូមបញ្ជាក់ថា ប្រសិនជាថៃបើកដំណើរការព្រំដែននៅម៉ោង១ គឺយូរបំផុត ៥ម៉ោងក្រោយ កម្ពុជាក៏បើកដំណើរវិញផងដែរ ចុះហេតុអ្វីបានជាភាគីថៃចេញបញ្ជាបិទច្រកព្រំដែនដោយឯកតោភាគី គ្រាន់តែដកបញ្ជាឱ្យបើកដំណើរការវិញជាធម្មតា គឺចប់រួចស្រេចទៅហើយ គ្មានចាំបាច់ចរចាវែងឆ្ងាយឡើយ ដែលសម្តេចធៀបថា អន្ទង់វែងឆ្នាំងវែងនោះទេ។ សម្តេចតេជោ អះអាងថា កម្ពុជាមិនយកកិត្តិយសរបស់ខ្លួន ទៅព្រមទទួលយកកំហុសរបស់អ្នកដទៃនោះទេ អ្នកឯងចង គឺអ្នកឯងត្រូវស្រាយ កម្ពុជាគ្មានចំណែកទៅជួយស្រាយក្នុងបញ្ហានេះនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៥

សម្ដេចធិបតីហ៊ុន ម៉ាណែត៖ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷

១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។

ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន!

មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។

ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។

សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖

ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និង
ទី៤ ប្រាសាទតាក្របី។

កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រាជរដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។

ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេសុី និង ម៉ាឡេសុី, សឹង្ហបុរី និងម៉ាឡេសុី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៉ី និងម៉ាឡេសុី និងទំនាក់ទំនងម៉ាឡេសុី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។

ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២៥

ប្រធានបក្សកាន់អំណាចសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025 នេះសម្ដេចតេជោហ៊ុន សែន បានសរសេរសារបង្ហោះបន្ថែមនៅលើទំព័រផេក facebook ផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។

6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។

ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន ជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ

កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។

ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៥

លោកស ថាវី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក

លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។

ដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក ស ថាវី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៥

មរណៈភាពរបស់លោកឡៅ ឡឹង ដោយសារធ្លាក់ពីលេីផ្ទះ

ខេត្តសៀមរាប៖យោងតាមរបាយរាយការណ៍បឋមបានឲ្យដឹងថា  នៅវេលាម៉ោង០៧:០០ នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ទទួលបានព័ត៌មាន ពីពលរដ្ឋថាមាន ករណី មនុស្សធ្លាក់ពីលេីផ្ទះស្លាប់ នៅក្នុងបរិវេណរបងផ្ទះ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

របាយការណ៍បានបន្តថា សពជនរងគ្រោះ
មានឈ្មោះ ឡៅ ឡឹង ភេទប្រុស ឆ្នាំកំណេីត ០៣/០៦/១៩៧៧ មុខរបរលក់គ្រឿងសំណង់ ទីកន្លែងកំណើត នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

ក្នុងរបាយការណ៍បានបន្តទៀតថា យោងតាមវិដេអូ ក្នុងកាមេរា សុវត្ថិភាព ជនរងគ្រោះ បានធ្លាក់ចុះពីលើមកក្រោម នៅវេលាម៉ោង២២:៥៧ នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ តាមការសន្និដ្ឋានបឋម ជនរងគ្រោះស្រវឹងស្រា រអិលជើងធ្លាក់ពីលើផ្ទះកម្ពស់៧.២ ម៉ែត្រ ចុះមកក្រោម បោកក្បាលលើកការ៉ូឡាទីធ្លាក្នុងបរិវេណរបងផ្ទះ បណ្តាលឲ្យស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៥

មន្ត្រី៖ កសិករស្លាប់លេីដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម

មន្ត្រីស៊ីម៉ាក់បានអះអាងថា នៅថ្ងៃទី​ ១០​ ខែមិថុនា​ ឆ្នាំ២០២៥នេះ​ មានករណីផ្ទុះមីនតោនស្ថិតនៅចំណុចចំការល្មើរ​ ក្នុងភូមិភូមិអូរដីស្អិត​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន បណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រស្លាប់នៅកន្លែងកេីតេហតុ​ និងខូចខាតត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង។

សូមរំលែកទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណខន្តជនរងគ្រោះបានទៅកាន់ឋានសុគតិភពកុះបីឃ្លៀងឃ្លាតឡេីយ។

មន្ត្រីបានបន្តថា នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម​ ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​ បេីទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហេីយ​ក៏ដោយ! រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការ​បោសសម្អាតសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម​ ដេីម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៥

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៥

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ហេរញ្ញឹក លេខាធិការ សមាជិកគណៈកម្មាធិការសាខា លោកនាយក នាយករង និងមន្រ្តីក្រុមប្រតិបត្តសាខាខេត្ត សរុបអ្នក ចូលរួមចំនួន ១៧នាក់ ស្រី៤នាក់ នៅសាលប្រជុំសាខា កក្រក ខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- បង្ហាញអំពីនិតិវិធីនៃការរៀបចំ
២- ពិភាក្សាស្តីពីការរៀបចំសមាសភាពគណៈកិត្តិយស គណៈកម្មាធិការសាខា
៣-បង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតសាខា
៤- មតិចូលរួមរបស់សមាជិក សមាជិកា និងបញ្ហាផ្សេងៗ

ឯកឧត្តម សុខ លូ បានជម្រាបជូនថា៖យោងលក្ខន្តិកៈកាកបាទក្រហមកម្ពុជា ជំពូកទី៥ មាត្រា២៤ស្តីពី សាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រមវិធានទី៣៣ស្តីពីសន្និបាតសាខា។ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រារព្ធសន្និបាទសាខា ៦ឆ្នាំម្តង ដូចនេះសាខាខេត្តបាត់ដំបង បានឯកភាពកំណត់យកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ប្រារព្វសន្និបាត នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើដល់សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត អនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំឱ្យបានល្អប្រសើរ ដើម្បីប្រព្រឹត្តទៅដោយរលូន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២៥

ឯកឧត្តម ប៉ែន បូណា៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។

ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖

ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។

ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។

ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។

ទី៤៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងដើរតួនាទីជាគំរូនៃសន្តិភាពក្នុងតំបន់និងក្នុងពិភពលោកតាមរយៈនយោបាយ«ឈ្នះឈ្នះ»របស់សម្តេចតេជោ និងការបន្តរក្សាសុខសន្តិភាពបានយ៉ាងល្អរបស់សម្តេចធិបតី។ ដូច្នេះ ការបញ្ចៀសសង្គ្រាមមួយដែលអាចចៀសវាងបាន គឺជាមហាជោគជ័យមួយទៀតសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។

ទី៥៖ ក្នុងនាមកូនខ្មែរ យើងទាំងអស់គ្នាសុទ្ធតែមានទឹកចិត្តស្នេហាជាតិយ៉ាងពុះកញ្ជ្រោល និងប្តូរផ្តាច់ការពារបូរណភាពទឹកដីដោយរួមគ្នាជាធ្លុងមួយ ជាសំឡេងតែមួយដែលបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំបំផុត។ យើងក៏មានមោទនភាពយ៉ាងខ្លាំង និងមានភាពកក់ក្តៅណាស់ដែលមានថ្នាក់ដឹកនាំយើងជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលះបង់មួយជីវិតដើម្បីបុព្វហេតុការពារទឹកដីនិងប្រជាពលរដ្ឋខ្មែរ។ យើងក៏មានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលប្តូរផ្តាច់យកអាយុជីវិតទៅប្តូរដើម្បីការពារបូរណភាពទឹកដី។

ទី៦៖ យើងមានសំណាងបានរស់នៅក្នុងសុខសន្តិភាព។ យើងផ្តល់តម្លៃដល់សន្តិភាពនិងស្ថាបនិកសន្តិភាពរបស់យើង ហើយពាក្យថា «អរគុណសន្តិភាព» ត្រូវបានព្យួរនៅគ្រប់ទិសទី។ ដូច្នេះ យើងទាំងអស់គ្នាគួរតែមានមោទនភាពនិងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំនៃយើងដែលអាចបញ្ចៀសសង្គ្រាមបាន។ កុំដល់ពេលមានសង្គ្រាមទើបយើងនាំគ្នានឹកស្តាយស្រណោះសន្តិភាព។

ទី៧៖ បេសកកម្មការពារបូរណភាពទឹកដីនៅវែងឆ្ងាយទៅមុខទៀតដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តរួមគ្នាជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពយើងដោយឥតងាករេ។ ដំណោះស្រាយបញ្ហាបូរណភាពទឹកដីប្រកបដោយទំនុកចិត្តដែលរាជរដ្ឋាភិបាលកំពុងធ្វើគឺ យន្តការតុលាការអន្តរជាតិដែលយើងទាំងអស់គ្នាផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ។ ដូច្នេះ យើងត្រូវតែបន្តជឿជាក់និងគាំទ្ររាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅរបស់យើង។ រាជរដ្ឋាភិបាលយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដីតាមមធ្យោបាយសន្តិភាព តែម៉ឺងម៉ាត់ និងប្តូរផ្តាច់បំផុត។

ទី៨៖ យើងទាំងអស់គ្នាប្រាកដជាចងចាំជានិច្ចនូវពាក្យសន្យាជាឧឡារឹករបស់ថ្នាក់ដឹកនាំយើងគឺ«ប្តេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រ» និង «ការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយ»។ នេះគឺជាតម្លៃនៃជាតិសាសន៍យើង ពោលគឺ ថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសារ តែដាច់ខាតនិងម៉ឺងម៉ាត់មិនឱ្យបរទេសប្រមាថ៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២៥។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន​ ពលទាហាន​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពី នាយឧត្ដមសេនីយ៍​ កិត្តិសង្គហបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ អគ្គមេបញ្ជា ការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃបញ្ជាការ​ដ្ឋាន​កងអង្គរក្ស​​ វត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត ។

សម្ដេចមានប្រសាសន៍ថា ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។

សម្តេចជាសាក្សីក្នុងកិច្ចការងារព្រំដែននេះ ហើយមិនមែនជាលើកទី១ទេដែលថៃតែងតែមកឈ្លានពានកម្ពុជា ហើយឥឡូវនេះទោះមិនមែនជាការបញ្ជាដោយផ្ទាល់ពីរាជរដ្ឋាភិបាលថៃ ប៉ុន្តែទាហានថៃបានមកឈ្លានពាននិងកេងប្រវ័ញ្ចលើទឹកដីកម្ពុជា ។

សភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តោតការយកចិត្តទុកដាក់ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី របស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

ដោយក្តីអាណិតអាសូរបន្ទាប់ពីទទួលបានព័ត៌មានទាក់ទងស្តីពីយុវជនកើតជំងឺមហារីកជើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, នៅរសៀលថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខនិងនាំយកថវិកា ១០លានរៀល និងផ្លែឈើ-ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួនផ្តល់ជូនយុវជន យាប វ៉ាន់នឿន អាយុ២៣ឆ្នាំ មានជីវភាពខ្វះខាត ថែមទាំងកំពុងកើតជំងឺមហារីកជើងធ្ងន់ធ្ងរបណ្តាលមកពីមុតដែកគោល រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហេីយបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់យុវជន យាប វ៉ាន់នឿន ឆាប់បានជាសះស្បើយឡើងវិញ។ លោកជំទាវក៏បានមានប្រសាសន៍ណែនាំអំពីការបរិភោគអាហារឱ្យបានត្រឹមត្រូវដើម្បីបំប៉នដល់សុខភាព និងមិនធ្វើឱ្យជំងឺឈឺចាប់ឡើងវិញ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានមានប្រសាសន៍បន្ថែម ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលព័ត៌មានករណីខាងលើ សម្តេចប្រធាន បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះពិនិត្យដល់ខ្នងផ្ទះដោយផ្ទាល់និងបានសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យដើម្បីបញ្ជូនយុវជន យាប វ៉ាន់នឿន មកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

យុវជន យាន វ៉ាន់នឿន និងម្តាយមីង មានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យុវជននិងម្តាយមីងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕

សូមបញ្ជាក់ថា ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា យុវជន យាប វ៉ាន់នឿន អាយុ២៣ឆ្នាំ ជាកូនកំព្រា កើតជំងឺមហារីក គឺបណ្តាលមកពីមុតដែកគោល មានស្រុកកំណើតនៅភូមិបឹងព្រៃ ស្រុកបាណន់ ដោយស្ថានភាពគ្រួសារ និងគ្មានអ្នកមើលថែទើបម្តាយមីងសម្រេចមកមកស្នាក់នៅព្យាបាលផ្ទះមីង ក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ពេលនេះយុវជន យាប វ៉ាន់នឿន ទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page35 Page36 Page37 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×