Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២៦

មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%

ភ្នំពេញ៖រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកគុណ ញឹម បានបញ្ជាក់ឲ្យដឹងថា ចំណូលគយដែលប្រមូលបាន នៅក្នុងឆ្នាំ២០២៥ បានជិត ៣.២ពាន់លានដុល្លារ លើសពីផែនការរហូតដល់ ២៤ភាគរយ ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩។

លោកគុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២៥ អ្វីដែលយើងអនុវត្ដបាន គឺបានលើសផែនការ រហូតដល់២៤.៥ភាគរយ ជាតួលេខមួយខ្ពស់ បើប្រៀបធៀបជាមួយនឹងផែនការ […] មានការកើនឡើងដល់ស្មើឆ្នាំ២០១៩ ដែលជាតួរលេខមួយខ្ពស់»។ បន្ថែមពីនោះទៀត លោកគុណ ញឹម បានលើកឡើងថា តួលេខទឹកប្រាក់ពន្ធអាករ ដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២៥ វាឡើងប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមួយ​ មានសេដ្ឋកិច្ចល្អ ទាំងការវិនិយោគ និងពាណិជ្ជកម្ម។

សូមជម្រាបផងដែរថា នៅក្នុងច្បាប់ថវិកា កាលពីឆ្នាំ២០១៩ កំណត់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឲ្យបាន ២,២៦០លានដុល្លារ ប៉ុន្តែគយបានរកចំណូលលើសច្បាប់ថវិការហូតដល់ជាង៩០០លានដុល្លារ ដែលសរុបជិត ៣.២ពាន់លានដុល្លារ។

លោកបណ្ឌិត គុណ ញឹម បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកានេះ ធ្វើឡើងនៅសាលសន្និសីទ នៃសាលាជាតិគយ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកពាក់ព័ន្ធ លើកឡើងដោយឥតលាក់លៀមនូវបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្មដែលសេស សល់ពីឆ្នាំចាស់ ធ្វើយ៉ាងណា ត្រូវសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបែបនេះ នាឱកាស អញ្ជើញជាអធិបតី ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ ។

ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បញ្ជាក់ថា ចំពោះ រាល់ចំណុចទាំងឡាយ ដែលបានលើកឡើង ក៏នឹងត្រូវរៀបចំជាផែនការ ដោយចាត់ជាអាទិភាពសម្រាប់ទិសដៅ បន្តអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីធ្វើការដោះស្រាយឱ្យខាងតែបាន និងឱ្យឆ្លើយតបបានទាន់ពេលវេលា ចំគោលដៅ ហើយប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល ។

ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ដែរថា សន្និបាតនាពេលនេះ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផល បញ្ហា ប្រឈម ដំណោះស្រាយ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦។ បន្ថែមពីនេះ សន្និបាតរបស់ យើងនឹងធ្វើការពិនិត្យលទ្ធផលការងារការអនុវត្គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងសេវាសង្គម ប្រចាំឆ្នាំ២០២៥ ក្នុងដែនដីខេត្តកំពង់ចាម ផងដែរ ។ ជាមួយនោះ សន្និបាតនាព្រឹកនេះ នឹងត្រូវប្រារព្ធធ្វើមានរយៈពេល មួយថ្ងៃកន្លះ ដែលនឹងត្រូវដំណើរការ ក្នុងគោលបំណងដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម និងសមស្របទៅតាមស្ថានការណ៍ជាក់ ស្តែងជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ត្រីយើងគ្រប់ៗគ្នា ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់ នៃច្បាប់ លិខិតបទដ្ឋាន ជាធរមាន ព្រមទាំង ចូលរួមចំណែក និងផ្ដល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលធំៗជាច្រើន នៅរយៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅ ផងដែរ ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២៦

ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ

ភ្នំពេញ៖ថ្មីៗនេះក្រោយពីឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅតាមបណ្តាញ​សង្គម ដែលមានខ្លឹមសារថា៖ ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្រ្តីចរាចរណ៍នៃអធិការនគរបាលខណ្ឌសែនសុខ ដោយរងការ​ចោទប្រកាន់ថា៖ បានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិក) ដើម្បីរត់ការឯកសារឲ្យ​ជនជាតិចិ​នតៃវ៉ាន់ចំនួន១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។

បន្ទាប់មកម្ចាស់ទាមទារយកលុយទាំងនោះមកវិញតែមន្រ្តីនគរបាលចរាចរខាងលើមិនព្រមប្រគល់លុយទាំងនោះមកម្ចាស់ដើមវិញនោះឡើយ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ចំពោះលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែក​ចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ គឺត្រូវបានកម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីយក​លុយ ចំនួន១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មករា ២០២៦

អាជ្ញាធរខេត្តសៀមរាប បើសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុត្រូវចុះក្នុងអវត្តមានកុំលើកលែងឱ្យសោះ

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបបានលើកឡើងថា ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយឱ្យកាន់តែប្រសើរថែមទៀតសិស្សានុសិស្សទាំងអស់ត្រូវតែគោរព តាមវិន័យរបស់សាលា។ ក្នុងនោះនាយក និងគណៈគ្រប់គ្រងទាំងគ្រឺះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិតត្រូវរឹតបន្តឹងដល់សិស្សានុសិស្សរបស់ខ្លួនគោរពវិន័យ និងបទបញ្ជាសាលាឱ្យបានខ្ជាប់ខ្ជួន បើមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុត្រូវចុះក្នុងអវត្តមានកុំលើកលែងឱ្យសោះ។

លោកស្រី ម៉ននី រង្សី បានបន្តថាដើម្បីចៀសវាងសិស្សមករៀនមិនទាន់ម៉ោង ឬគេចសាលា និងការចេញចូលរហេតរហូតក្នុងម៉ោងសិក្សា ចាំបាច់ណាស់គណៈគ្រប់គ្រងសាលាត្រូវណែនាំឱ្យសិស្សានុសិស្សទាំងអស់ត្រូវតែគោរព តាមវិន័យនិងត្រូវមករៀនឲ្យទាន់ពេលវេលា។ ករណីមកយឺត គ្រូបន្ទុកថ្នាក់កត់ត្រាការមកយឺតនោះចូលទៅក្នុងរបាយការណ៍ពិន្ទុប្រចាំខែ។ លោកស្រីថា៖ ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាសំខាន់ ទាំងសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ។

ទន្ទឹមនឹងនេះ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវជួយជ្រោមជ្រែងគាំទ្រដល់ដំណើរការអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់គុណភាពអប់រំ» ដោយផ្តោតលើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ក្នុងនាមរដ្ឋបាលខេត្ត អាជ្ញាធរខេត្ត លោកស្រីម៉ននី រង្សី បានជំរុញដល់អង្គសន្និបាត បន្តពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ យកចិត្តទុកដាក់លើការអប់រំបច្ចេកទេស និងត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពឱ្យបានល្អ ដើម្បីចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ និងការប្រកួតប្រជែងផ្សេងទៀត ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបនឹងបន្តគាំទ្រ និងលើកកម្ពស់កិត្តិយស វិស័យអប់រំក្នុងខេត្តឱ្យបានល្អប្រសើរឡើងថែមទៀត។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យអង្គរ នៅថ្ងៃម្សិលមិញ។

បើតាមរបាយការណ៍សង្ខេបរបស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បង្ហាញថា៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិស័យអប់រំក្នុងខេត្តសៀមរាបទទួលជោគជ័យក្នុងការប្រឡងប្រណាំងនានា ដូចជាអង្គភាពផ្តល់សេវាសាធារណៈគំរូ សាលាស្អាត នាយកល្អ គ្រូល្អ និងការប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមក មានបេក្ខជនប្រឡងជាប់ ៨៨,៥៧% និងទទួលបាននិទ្ធេស A រហូតដល់ ២៤៧នាក់ ក្នុងនោះស្រី ១៣៥នាក់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 6.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២៦

អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានលើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ដោយនិងរក្សាការសម្ងាត់ជូន។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបមានប្រសាស៍ថា ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និង សណ្តាប់ធ្នាប់ សាធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ០៣អនក្រ.បក។សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវចលនាប្រជាពលរដ្ឋ ធ្វើជាភ្នែក ជាច្រមុះរបស់យើង បើមានការសង្ស័យអោយគាត់រាយការណ៍មកយើង ហើយត្រូវរក្សាការសំងាត់ឲ្យគាត់ ដើម្បីមានវិធានការចាត់ការតាមច្បាប់បានទាន់ពេលវេលា ចំពោះការប្រមូលផ្ដុំរបស់ជនបរទេសដោយខុសច្បាប់។

ឯកឧត្តមបានបញ្ជាក់ទៀតថា យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឲ្យបាន ដើម្បីមុខមាត់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍របស់កម្ពុជា។

អភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 6K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២៦

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»

(AKP) ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន៖

(១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។

(២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។

(៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២៦

ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឱ្យដឹងថា ដើមឆ្នាំ២០២៦នេះ ផ្លូវ១៦ខ្សែ ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមដំណើរការបើកការដ្ឋាន ស្ថាបនាផ្លូវដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរ។

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា នៅអំឡុង ខែដំបូងឆ្នាំ២០២៦ នេះ ផ្លូវ១៦ខ្សែ ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមដំណើរការបើកការដ្ឋានបណ្តើរៗហើយ ដោយប្រើប្រាស់ថវិកាជាតិ។

ឯកឧត្តមបានបន្តថា នៅសល់២១ខ្សែទៀត ដែលជាគម្រោងប្រព័ន្ធរំដោះទឹកកខ្វក់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងរៀបចំដេញថ្លៃនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ឆាប់ៗនេះ និងគ្រោងចាប់ផ្តើមការងារសាងសង់ក្នុងអំឡុងខែមេសា។

ឯកឧត្តម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការយោគយល់ អធ្យាស្រ័យខ្ពស់ដល់ដំណើរអនុវត្តន៍គម្រោងរហូតដល់ទទួលបានជោគជ័យតាមការគម្រោងទុក។

សូមបញ្ជាក់ថា ក្រុងបាត់ដំបងទទួលគម្រោងធំៗចំនួន៣ពីរាជរដ្ឋាភិបាល ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន

១.គម្រោងសាងសង់ទីលានចាក់សំរាមស្ដង់ដានៅឃុំតាគ្រាម ស្រុកបាណន់ ជាទីលានចាក់សំរាមស្ដង់ដាធំជាងគេមួយនៅកម្ពុជា។
២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់ប៉ែកខាងកើតស្ទឹងសង្កែ។សាងសង់រួចរាល់ ១០០ ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ ហិកតានៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ ៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ២០២៥។គម្រោងនេះប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ ហិកតា នៅស្រុកឯកភ្នំ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មករា ២០២៦

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារទាក់ទងទៅនឹងកម្ពុជាសម្រេចចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ( The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសរសេរថា៖ កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។

ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។

ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា

នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ
បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានថ្លែងអំណរគុណ និងសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តេចបវរធិបតីជាថ្មីម្តងទៀត ក្នុងដំណើរបំពេញទស្សនកិច្ចលើកទី២ នៅកម្ពុជា។ ឯកឧត្តមបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាមួយគ្នានេះ, ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិកចូលចតនៅមូលដ្ឋានសមុទ្ររាម ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយឧត្តមនាវី ថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព”។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល។

សម្តេចបវរធិបតី ក៏បានជម្រាបជូនឯកឧត្តម នាយឧត្តមនាវី អំពីការវិវត្តជាក់ស្តែង នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឱ្យបានខ្ជាប់ខ្ជួន និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវព្រំដែនសន្ដិភាព និងយូរអង្វែង។

ជាការឆ្លើយតប, ឯកឧត្តម នាយឧត្តមនាវី Samuel Paparo បានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ឯកឧត្តម Samuel Paparo បានគូសបញ្ជាក់ពីសារៈសំខាន់ប្រកបដោយការស្ថាបនានៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានជម្រាបជូនសម្ដេចបវរធិបតីថា សហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ការបន្តយន្តការ AOT ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣

នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះបានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ។

ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវនៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ មកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និងការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនសម្តេចបវរធិបតីថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្ដេជ្ញានៅក្នុងការជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។

សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងបានសម្ដែងនូវការពេញចិត្ត និងសេចក្ដីរីករាយ ដែលបានឃើញនូវភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។ ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿននូវនីតិវិធីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចបវរធិបតីជឿជាក់ថាកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួន
ត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប មានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងទាំងអស់ត្រូវ គោរពបទវិន័យឲ្យបានខ្ជាប់ខ្ជួន បន្តយកចិត្តទុកដាក់ បំពេញតួនាទី ភារៈកិច្ច ដោយមានការទទួលខុសត្រូវខ្ពស់ លើកិច្ចការងារជំនាញ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនុវត្តឱ្យបានរាល់កិច្ចការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណបណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាព ឱ្យបានគ្រប់ៗគ្នា ដោយ មិនមានគិតកម្រៃ សេវា ហើយក៏គ្មានការផាកពិន័យ ណាមួយនោះដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានមានប្រសាសន៍បន្ថែមដល់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន បន្ថែមទៀតផងដែរ។

ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឯកភាពចំពោះរបាយកាណ៍របស់លោកស្នងការរងទទួលផែននីមួយៗ និងមានប្រសាសន៍លើកសរសើរ ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមក៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ

ឈ្មោះ វណ្ណៈ វិសិទ្ធិ មិនមែនជាមន្រ្តី របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះឡើយ។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៦។

ដោយបញ្ជាក់បែបនេះថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចុះផ្សាយស្រដៀងគ្នាថា លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ (៥៧៣១៥) មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មិននៅកន្លែងធ្វើការងារ។ បែរជាមកសំងំកើបលុយ១ថ្ងៃៗរាប់សិបលានរៀល ពីការធ្វើមេឆ្នោតកន្ទុយលេខវៀតណាមនិងមានតួនាទីក្នុងល្បែងជា”ប្រធានតំបន់ឆ្នោតវៀតណាម ស្រុកពារាំង ខេត្តព្រៃវែង”ទៀតផង។

ជុំវិញករណីនេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៦ សារព័ត៌មាន”ដើមរាំង”បានផ្សព្វផ្សាយអំពីល្បែងឆ្នោតកន្ទុយលេខវៀតណាម ដែលកំពុងរីករាលដាលដូចផ្សិត ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង។ លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះបង្ក្រាបទីតាំងផ្ទះជួលស្នាក់ការល្បែងរបស់លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ក្នុងនោះ សមត្ថកិច្ចចាប់បានម៉ូតូបុគ្គលិកឆ្នោតចំនួន២គ្រឿង យកទៅរក្សាទុកផងដែរ។

ជាមួយគ្នានេះ លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ដែលមានតួនាទីជាប្រធានតំបន់ឆ្នោតវៀតណាមក៏បានចល័តបុគ្គលិករបស់ខ្លួន ឱ្យទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ដែលជាទីតាំងរបស់ប្រធានតំបន់ឆ្នោតវៀតណាម”ល្វាឯម”។

ទោះជាយ៉ាងណាក្ដី ប្រភពីមេកញ្ច្រែងឆ្នោតវៀតណាម បានបង្ហើបថា លោកអនុសេនីយ៍”ប៉ូលិស”វណ្ណៈ វិសិទ្ធិ អត្តលេខ (៥៧៣១៥) ត្រូវបានផ្លាស់ប្ដូរចេញពីប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ហើយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដែលនឹងត្រូវដាក់អ្នកថ្មីមកជំនួសខណៈដែលម៉ូតូបុគ្គលិកឆ្នោតទាំង២គ្រឿងខាងលើ ស្ថិតក្នុងដៃសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលនៅឡើយ។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍
នៅពុំទាន់ទទួលបានការបំភ្លឺពីលោក វណ្ណៈ វិសិទ្ធិ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.9K
Older posts
Page1 Page2 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×