Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសុំដល់សមាជិកសមាគមនារី តាម ខេត្ត ក្រុង-ស្រុក ជួយធ្វើចលនាធ្វើការងារសង្គម តាមរយៈ ជួយស្ត្រីមានផ្ទៃពោះ ស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រា ជនពិការ ឲ្យបានផុសផុលដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងការអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្ត ដោយក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ដោយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាពនិងការ អភិវឌ្ឍន៍ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កន្លងមកឃើញសកម្មភាព សមាគមនារី តែងតែចុះជួយការងារ មនុស្សធម៌ជារៀងរាល់ឆ្នាំ លើសពី ឯកឧត្តម សូមស្នើដល់សមាគមនារីខេត្ត បន្តជំរុញដល់ សមាគមនារី តាម ក្រុង ស្រុក ឲ្យបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋជួបការលំបាកឲ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីរួមគ្នា លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ មានលំនឹងក្នុងគ្រួសារ ហើយ ក៏ការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមជនបទ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ត ការបង្កើតសមាគមនេះឡើង មិនមែនត្រឹមតែ គៀងគរ ថវិកា តែមួយមុខនោះទេ គឺបង្កើតឡើង ដើម្បីឲ្យសមាជិក ក្នុងសមាគមនារី ចុះធ្វើសកម្មភាព ជួយការងារសង្គម មិនផ្តោតសំខាន់តែរឿង លុយ កាក់ ចូលសមាគមនោះ ដូច្នេះ សូមសមាជិក សមាគម ប្រឹងប្រែង ខិតខំ ជួយកិច្ចការ មនុស្សធម៌ឲ្យបានច្រើន។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវ ដល់សមាជិក នីមួយៗ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង មានឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក ដល់សមាជិកក្នុងក្រុមដែលជួបការលំបាក ហើយបន្តពង្រឹង សមត្ថភាព ចំណេះដឹង ចំណេះ ធ្វើ ឲ្យមានសមត្ថភាព គ្រប់គ្រាន់ សម្រាប់ធ្វើជាអ្នកដឹកនាំ ក្រុម ដឹកនាំសមាគមន៍ និងក្លាយជា សរសៃរឈាម សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៦

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូន
ជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប

អំណោយរទេះរុញដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បាននាំយក ប្រគល់ជូនដល់បងប្អូនជាជនភៀសសឹកមានពិការភាពចំនួន ៣២នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប នៅថ្ងៃម្សិលមិញ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុន ដា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់។

ឯកឧត្តម មានប្រសាសន៍ថា ការចែករទេះរុញដល់ជនពិការភាព គឺជាសកម្មភាពឆ្លុះបញ្ចាំងពីស្មារតីអាណិត ស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលរដ្ឋដែលជួបការលំបាកហើយក៏ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ដែលជួយសម្រាលបន្ទុក និងលើកកម្ពស់គុណភាពជីវិត។ តាមរយៈការផ្ដល់រទេះនេះ គឺជាការសម្រាលការលំបាក សម្រួលដល់ការធ្វើដំណើរ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋផងដែរ។

លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងក្រុមការងារ ដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាពេលនេះ ហើយអំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការចែករទេះរុញ បានធ្វើឱ្យបងប្អូនជនពិការលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រៅពីអំណោយជារទេះរុញ ក្រុមការងារក៏បាននាំយកអំណោយមួយចំនួន ដោយក្នុងម្នាក់ទទួលបានរទេះរុញ ១គ្រឿង, ថ្នាំប៉ារ៉ាសេតាមុល ១ប្រអប់, សាប៊ូ ១ដុំ, ទឹកដោះគោខាប់ ១កំប៉ុង និងថវិកា ៥ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក និងក្រុមការងារ ក៏បានប្រគល់ម៉ូតូចំនួន២គ្រឿង ដែលអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ ឯកឧត្តម ប្រគល់ជូនដល់វីរកងទ័ពនៅឈរជើងនៅប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ២គ្រឿង សម្រាប់ធ្វើដំណើរបំពេញការងារផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៦

ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចូលទៅខមិនក្នុង facebook របស់ប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប ដែលសំណេរទាំងស្រុងដូចខាងក្រោម៖
ខ្ញុំបានដោះស្រាយជូនមីងនិងក្រុមគ្រួសារទាំង៦ហើយ តាម ការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ឯកឧត្តមប្រាក់ សោភ័ណ បានសរសេរបន្តថា សូមរង់ចាំបន្តិច ក្រុមការងារបានចរចាជាមួយម្ចាស់ដីដែលឈ្នះ ដល់តុលាការកំពូលដើម្បីកាត់ដីជូនទាំង៦គ្រួសារ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ យុត្តិធម៌មានច្បាប់មានតែការេដោះក៏ តែងតែមានដែរ បើគេមិនអោយដីពុកម៉ែបងប្អូនចាំខ្ញុំទិញដីជូន។

បន្ទាប់ពីឃើញឯកឧត្តមអភិបាលខេត្តសៀមរាប បានខំមិនចូលទៅក្នុង facebook របស់ម្ដាយខ្លួនបែបនេះ និស្សិតមួយរូបនិយាយស្ទើរស្រក់ទឹកភ្នែក ដោយលើកដៃសំពះថ្លែងអំណរគុណអរគុណអភិបាលខេត្តសៀមរាបឯកឧត្តមប្រាក់ សោភ័ណ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

ខាងក្រោមនេះជាសំណេររបស់និស្សិតដែលបានបង្ហោះជាសាធារណៈ៖ នាងខ្ញុំជាកូនរបស់គ្រួសារដែលទទួលបានការចោទប្រកាន់ ពិតជាអរគុណដល់ សម្ដេចពុកហ៊ុន សែន សម្ដេចបវធបតីហ៊ុនម៉ាណែត ឯកឧត្តម Prak Sophoan និងក្រុមការងារ យ៉ាងជ្រៀលជ្រៅ ដែលបានខ្វល់ខ្វាយពីសុខទុក្ខនិងរកដំណោះស្រាយដល់ប្រជាជនរបស់ឯកឧត្តម។

ជូនពរសម្ដេចពុក សម្ដេចបវធបតី និងង ឯកឧត្តមសុខភាពល្អ និងសុខសុវត្ថិភាពគ្រប់ទីកន្លែង🙏🏼

Like 197
Comment 0
Share ចែកចាយ
Views 5.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៦

ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​

ជំងឺ​នីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុស​ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន​ ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ​ និងសត្វច្រឹង​ និងអាចឆ្លងមកមនុស្ស និងជ្រូក​។ 

វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់​ តាមរយៈ​ទឹក​សរីរាង្គ​មនុស្ស​។  អ្នកឆ្លងជំងឺនេះ​ មានអត្រាស្លាប់​ចន្លោះពី​ 40%–70%។  ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ​្ឌា​។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និងសឹង្ហបុរី​ ផងដែរ​ ជាពិសេសគឺនៅប្រទេស​ ម៉ាឡេស៊ី​ ក្នុងឆ្នាំ​១៩៩៩​ ដែល​បណ្ដាល​ឲ្យ​ឈឺ​៣០០នាក់​ ក្នុងនោះ១០០នាក់បានស្លាប់​។

មនុស្សអាចឆ្លងមេរោគ​នីប៉ាន៍តាមរយៈ​ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ​ ច្រឹង​ ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ​។

កាត់បន្ថយការឆ្លងមេរោគតាមរយៈ​ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក​ ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ​ ច្រឹង ឬជ្រូកឈឺ​ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់​ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល 24-48 ម៉ោង។

សូមបញ្ជក់ៈ​ រហូតដល់ពេលនេះ​ ប្រទេសកម្ពុជាមិនដែលរកឃេីញ​ ជំងឺ​ នីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ កំពុងយកចិត្តដាក់ធ្វេីការតាមដាន​ និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥​ ឬ​ ០១២៤៨៨៩៨១​ ដោយ​មិន​គិតថ្លៃ​៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៦

ជំនាញព្រលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ពជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៦០១ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណី និងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមការបញ្ជាក់របស់ មន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧបករណ៍ល្មើស នៅនឹងកន្លែង រួមមាន ៖ ឧបករណ៍ លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស ១០០ ចំនួន ៧៥គ្រឿង។ ក្រៅពីនោះ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ក៏បានលែងចូល ទៅក្នុងបឹងធម្មជាតិវិញ។

តាមការអះអាង ខណ្ឌជលផលកំពង់ចាម នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ផងដែរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត

ប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង ០៧:១៥នាទី។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យ លោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាន នគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងដែរថា ក្រោយពីកម្លាំងអន្តរាគមន៍ ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលរំចេក និងប្រជាការពារជាជំនួយធ្វើការពន្លត់ ដោយប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ០៥គ្រឿង និងប្រើទឹកអស់ចំនួន ១០ស៊ីទែន រួចមក អគ្គីភ័យខាងលើ ក៏បានរលត់ជាស្ថាពរ១០០% ទៅវិញ នៅវេលាម៉ោង ៨:១០នាទី។

តាមការសន្និដ្ឋានបឋម ករណីអគ្គីភ័យ ខាងលើនេះ ដោយសារ ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យខូចខាតផ្ទះចំនួន ០២ខ្នង សង់អំពីឈើប្រក់ក្បឿង ៖ ម្ចាស់ផ្ទះទី១.ឈ្មោះ ប៉ាត់ ឆៃលាង ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ មានផ្ទះទំហំ ៧មx១២ម លុយដុល្លារចំនួន ៧.០០០ដុល្លារ រួមជាមួយសម្ភារៈមួយចំនួន និងម្ចាស់ផ្ទះទី២.ឈ្មោះយ៉េង នាង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១៦ម លុយដុល្លារចំនួន ៣០.០០០ដុល្លារ រួមនឹងសម្ភារ:មួយចំនួនទៀត ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 23.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!

រយៈពេលពីថ្ងៃនេះមានអ្នកសារព័ត៌មានជាច្រើនបានសម្ដែងនូវការប្រតិកម្មក្រោយពីលើឮការថ្លែង
របស់អភិបាលខេត្តតាកែវ ដែលលើកឡើងមានអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ។

ខាងក្រោមនេះជាសំណេរ របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ៖

បង ទំនេរមកផឹកកាហ្វេនៅទួលគោគលេង?

*** ប្រធានបទ ដែលកំពុងល្បីល្បាញនៅក្នុងបណ្ដាញសង្គម វែកញែក វាយប្រហារ ក្នុងខណៈដែលខ្លួនអត់ទាំងបានដឹងថា ខ្ញុំ ឆ្លើយជាមួយអ្នកកាសែតម្នាក់នោះយ៉ាងដូចម្ដេចផង🤯🤯🤯🤯

ខ្ញុំ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ លើកទិសដៅការងារឆ្នាំ២០២៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយគ្រាន់តែចង់បញ្ជាក់អំពីការទទួលខុសត្រូវរបស់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តតាមបណ្ដាភូមិ ស.ស.យ.ក ក្មួយៗអ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមវិទ្យាល័យនានា ។ ដែលទាំងអស់គ្នាបានសកម្មការងារក្នុងការចូលរួមផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាជួយដល់ជនរងគ្រោះដែលត្រូវការជួយសង្គ្រោះ ។ ដូច្នេះយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅលំហែ ឬ ក៏ទៅផឹកកាហ្វេឆ្ងាយពីកន្លែងការងារដែរ ។ ដោយ ខ្ញុំ បានលើកឧទាហរណ៍ ដូចអ្នកកាសែតម្នាក់គាត់បបួលខ្ញុំនោះទេ ខ្ញុំឆ្លើយថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!

អ្វីដែលខ្ញុំលើកខាងលើ គឺសំដៅលើកទឹកចិត្តដល់បងប្អូនទាំងអស់ ដែលគាត់ខិតខំធ្វើការតែប៉ុណ្ណោះ ។ សូមកុំមានការយល់ច្រឡំ រហូតដល់មិត្តភក្តិ ខ្លះលែងហ៊ានបបួលហូបបាយ😘

សូមរីករាយចុងសប្តាហ៍ ជួបគ្នានៅខេត្តព្រះវិហារល្ងាចនេះ😘😘😘

Like 195
Comment 0
Share ចែកចាយ
Views 10.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

ខេត្តសៀមរាប៖ដីរបស់រដ្ឋមួយចំនួននៅស្រុកជីក្រែងត្រូវបានគេពុះចែកគ្នាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

យោងតាមប្រភពបានបង្ហើបថា ដីអតីតសាលាស្រុកជីក្រែង បច្ចុប្បន្នត្រូវបានគេកំពុងសាងសង់សំណង់ជារបស់ឯកជន ខណៈដីអតីតចំណុចអធិការនគរបាលស្រុកជីក្រែង ក៏ត្រូវបានក្លាយជារបស់ឯកជនដែរ។

គេបានលើកឡើងបន្តទៀតថា ប្រការដែលដីរបស់រដ្ឋក្លាយជារបស់ឯកជនបែបនេះបានកើតមានយូរមកហើយ ត្រូវបានគេសង្ស័យថាអាចជាមានការឃុបឃិតគ្នាណាមួយជាប្រព័ន្ធ។

ករណីមានការសាងសង់សំណង់ការ៉ាសសាំង ដែលគេដឹងថាជាដីអតីតសាលាស្រុកជីក្រែង ត្រូវបានបណ្ដាញព័ត៌មានចុះផ្សាយនៅថ្ងៃទី 23 ខែមករា ឆ្នាំ 2026។

តាមប្រភពបានបង្ហើមទៀតថា ប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង មានការងើយឆ្ងល់ថា ទីតាំងដីដែលគេកំពុងសាងសង់សំណង់ជាប់នឹងប៉ុស្តិ៍រដ្ឋបាលកំពង់ក្តី ជាសាលាស្រុកចាស់ ម្ត៉េចបានជាគេអាចសាងសង់ការ៉ាស់សាំងបានទៅវិញ? ក្នុងនោះបើតាមប្រភពដីអតីតអធិការនគរបាលស្រុកជីក្រែង ត្រូវបានក្លាយជារបស់មន្ត្រីម្នាក់នៅខេត្តសៀមរាបផងដែរ។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៦

អភិបាលខេត្តតាកែវ សម្ដការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ !

ខេត្តតាកែវ៖អភិបាលខេត្តតាកែវ លោក វ៉ី សំណាង អាចទំនងជាមិនសូវសប្បាយចិត្តជាមួយអ្នកសារព័ត៌មាន បានសម្តែងការហួសចិត្តនឹងអ្នកសារព័ត៌មាន ដែលឆាតសួរលោកថា ទំនេរអត់ចង់បបួលផឹកកាហ្វេ។

លោកបានលើកឡើងរបៀបហួសចិត្តបែបនេះក្នុងវេទិកាសាធារណៈនិយាយជាមួយក្បាលមេក្រូចំពោះមុខមន្ត្រីជាច្រើនរូប ដោយលោកហាក់មិនសប្បាយចិត្តសោះចំពោះអ្នកសារព័ត៌មាន ដែលបបួលលោកផឹកកាហ្វេ ដែលលោកចាត់ទុកថា ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន បែបនេះមិនត្រឹមត្រូវនោះទេ។

ទោះជាបែបនេះក្ដី អភិបាលខេត្តតាកែវ រូបនេះមិនបាននិយាយចំឈ្មោះអ្នកសារព័ត៌មានដែលបបួលលោកផឹកកាហ្វេ នោះទេ។ ជាមួយនឹងការលើកឡើងរបស់អភិបាលខេត្តតាកែវរបៀបនេះអ្នកសារព័ត៌មានជាច្រើនបានសម្ដែងនូវការប្រតិកម្មចំពោះ ដោយលើកឡើងថាអភិបាលខេត្តរូបនេះហាក់បីមើលងាយចំពោះអ្នកសារព័ត៌មាន ឬអាចនិយាយបានថា ស្អប់ អ្នកសារព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៦

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានស្នើដល់អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម លោក លោកស្រី ប្រធានចុះជួយសង្កាត់ទាំង៤ សុំបន្តធ្វើវេទិកាសាធារណៈ ឲ្យបានគ្រប់សង្កាត់ ដើម្បីស្រង់តំរូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋទាន់ ពេលវេលា ហើយ ក៏ជា ជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈវេទិកានេះ។

ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រាជរដ្ឋា ភិបាលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការ ប្រចាំការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ,លោកជំទាវ ស៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម,ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម,និង ឯកឧត្តម សេះ ពុនយ៉ាមីន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុម ការងារចុះមូលដ្ឋានក្រុងកំពង់ចាម។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កន្លងមក ការងារដោះស្រាយនូវតំរូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ចំគោលដៅ ដោះស្រាយមានប្រសិទ្ធ ភាពខ្ពស់ គឺការធ្វើវេទិកាសាធារណៈតាម ឃុំ សង្កាត់ ដែលប្រជាពលរដ្ឋអាចលើកឡើង ជួបផ្ទាល់ជាមួយក្រុមការងារ ចុះជួយតាមសង្កាត់ អាចបាន ដឹងសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈនេះ ដូច្នេះ សូមឲ្យ អនុប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងកំពង់ចាម ប្រធានក្រុមការងារ ចុះមូលដ្ឋាន សង្កាត់ បន្តធ្វើវេទិកា សាធារណៈឲ្យបាន ញឹកញាប់ ដើម្បីរួមចំណែក លើកស្ទួយ ជីវភាព រស់នៅ ប្រជាពលរដ្ឋ កាន់តែធូរធារ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ ត្រូវតាមដាន ត្រួតពិនិត្យ លើការងាររបស់ចៅសង្កាត់ រាល់ការអភិវឌ្ឍតាមសង្កាត់ ទាំងអស់ និងការតាមដានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿនរហ័សទាន់ពេលវេលា សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់។ ឯកឧត្តម បានណែនាំ ដល់ក្រុមការងារ ត្រូវធ្វើអំពើល្អ ចុះជួយ ផ្តល់ការឧបត្ថម្ភផ្សេងៗ ជាមួយ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជីវភាព ឲ្យពួកគាត់រួចផុតពីភាពក្រីក្រ។

ឯកឧត្តម ក៏បានស្នើដល់ ក្រុមការងារ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម ភូមិ សង្កាត់ ទាំងអស់ ពីការអភិវឌ្ឍក្នុងក្រុងកំពង់ចាម ដែលបច្ចុប្បន្ន ខាងក្រុមហ៊ុន កំពុងដុតដៃដុតជើង រួសរាន់ កសាងផ្លូវឡើងវិញ ក្នុងនោះ ការងារអភិវឌ្ឍនេះ ខាងក្រុមហ៊ុន នឹងបិទបញ្ចប់ ធ្វើផ្លូវទាំងអស់ក្នុងក្រុងកំពង់ចាម មុនពិធីចូលឆ្នាំខ្មែរ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មានអធ្យាស្រ័យ មានការយោគយល់ អត់ធ្មត់ បន្តិច ដើម្បី យើងទាំងអស់គ្នា ទទួលបានទីក្រុងឆ្លាតវៃ ទីក្រុងដែលស្អាតជាងគេ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៦

បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៧៨នាក់ (ស្រី១២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនចំនួន ១៤នាក់ (ស្រី ១នាក់), ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam) ចំនួន ៦៤នាក់ (ស្រី១០នាក់), ករណីដឹកជញ្ជូនគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ចំនួន១នាក់ (ភេទប្រុស) និងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែនចំនួន ១នាក់ (ភេទស្រី)។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ២នាក់ (ភេទប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៧១នាក់ (ស្រី១១នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ២នាក់ (ស្រី១នាក់)៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៦

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយនិងរៀបចំដាក់សឡាបំភ្លឺផ្លូវសាធារណៈដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ៤០៩ ក្រាលកម្រាលបេតុងសរសៃដែកប្រវែង៨៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីសាងសង់ប្រព័ន្ធលូក្រោមដីនៅពីក្រោមផ្លូវ៤០៩ រួចមកពិតជាបានជួយរំដោះទឹកភ្លៀងពីក្នុងក្រុងបាត់ដំបងលែងបង្កឱ្យមានការលិចលង់ទៀតហើយ។

ឯកឧត្តមអភិបាលខេត្ត ពន្យល់ប្រាប់ប្រជាពលរដ្ឋថា សម្រាប់ខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងមានភ័ព្វសំណាងដែលបានទទួលគម្រោងធំៗ ចំនួន៣ ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា,ទី២.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់១០០ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះការសាងសង់នៅខាងកើតស្ទឹងគឺមានភាពងាយស្រួលដោយសារមានប្រព័ន្ធរំដោះទឹកភ្លៀងនៅតាមបណ្ដាផ្លូវមួយចំនួនរួចហើយ។ បច្ចុប្បន្នទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ២០២៥ ដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកឯកភ្នំ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 2.1K
Older posts
Newer posts
← Previous Page1 Page2 Page3 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×