Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៦ មីនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួនឯងទៅនឹងចម្រឹងបង្អួចក្នុងផ្ទះជួលមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង៣០យប់ឈានចូលថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថា ករណីធ្វើអត្តឃាតនេះ ជនរងគ្រោះឈ្មោះ សម្បត្តិ សុម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅកន្លែងកើតហេតុ។សមត្ថកិច្ចបន្តថានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទីពេលប្តីចេញពីផ្ទះទៅហាត់ប្រាណរួចដល់វេលាម៉ោងប្រហែល០០និង៣០នាទីក៏ត្រឡប់មកផ្ទះវិញ ក៏ស្រាប់តែឃើញប្រពន្ធ បានយកក្រម៉ាចងភ្ជាប់ជាមួយចម្រឹង បង្អួចធ្វើអត្តឃាត នៅក្នុងបន្ទប់ទីមួយក្នុងផ្ទះ រួចក៏ប្តីឈ្មោះសន សុផាន់ បានលើកប្រពន្ធ មកធ្វើចលនា តែប្រពន្ធបានបាត់បង់ជីវិតទៅហើយ រួចក៏ជិះម៉ូតូមករាយការណ៍ជូនសមត្ថកិច្ច។ ទើបកម្លាំងប៉ុស្តិ៍ចុះមកពិនិត្យពិតជាមានការណ៍ដូចការរាយការណ៍របស់ប្តីមែន។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយសួរនាំបឋមទើបដឹងថាប្រពន្ធមានការទាស់ពាក្យសម្តីជាមួយប្តីរឿងក្នុងគ្រួសារ។ ក្រោយចុះត្រួតពិនិត្យសពរួចក៏ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

នៅថ្ងៃទី ២៥ មីនា ព្រឹកមិញ ពីវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទាំងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯកសារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទ្យុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុងខលធូន (Call Tune) គឺនៅពេលដែលទូរស័ព្ទរោទិ៍ អោយអ្នកកំពុងរង់ចាំស្តាប់បានឮសម្លេង បុរស ឬស្ត្រីនិយាយថា « យើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីឌ១៩» តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំធុញនឹងសារសំលេងពាក់ព័ន្ធនឹងខ្លឹមសារអប់រំអំពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (COVID-19) នេះឱ្យសោះ ។ ទន្ទឹមនឹងនេះ គឺសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ (COVID-19) ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖នៅមានសន្តិភាព នៅព្រឹកមិញថ្ងៃទី ២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួនប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ “ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ” ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះកើតមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី និងអាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែគ្រប់គ្រងជាបន្ទាន់ នូវពលករមកពីប្រទេសថៃ ដែលបានវិលចូលមកក្នុងប្រទេសរួចមកហើយ គឺត្រូវតាមគ្រប់គ្រងអ្នកទាំងអស់នោះ ដែលត្រូវប្រគល់ការងារនេះ ឲ្យទៅអជ្ញាធរខេត្តរៀបចំបណ្តាញចុះធ្វើការ ដើម្បីដាក់បងប្អូនកូនក្មួយពលករឲ្យរស់នៅដោយឡែកនៅតាមផ្ទះមួយរយៈសិន។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំមានការលើកទឹកចិត្តណាស់ ម្សិលមិញគ្រប់មធ្យោបាយនៃការឃោសនា គឺត្រូវបានធ្វើដោយរថយន្តក្តី ដោយម៉ូតូក្តី ដោយកង់បីក្តី ដែលមានដាក់មេក្រូស្រែកតាមភូមិ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាច អ្នកខ្លះថាខ្លាចគេយកទៅក្រុងទុក ឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុក គឺសូមនៅតែក្នុងផ្ទះទៅ កុំដើរទៅណា ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិន ហើយបើមានប្រពន្ធកូន កុំអាលទៅជិតប្រពន្ធកូន ខ្លាចឆ្លងដល់ប្រពន្ធកូន គឺមិនមានអ្វីដែលត្រូវភ័យនោះទេ គឺធ្វើបែបនេះដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នាកុំអោយមានឆ្លងជំងឺកូវីឌ-១៩ ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារ និងសហគមនីមួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

នៅព្រឹកថ្ងៃពុធ ទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជាសាធារណជនថា សម្តេចកំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងឱសថស្ថានមួយចំនួន ហេីយឈានទៅបិទឱសថស្ថានទាំងនោះលែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។

វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅរសៀលនេះ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅសាលាស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោមអធីតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធីជួបសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងប៉ៃលិន ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ជាពិសេសមន្ត្រីរាជការ និងកងកម្លាំង ដែលបំពេញភារកិច្ចនៅតាមបណ្ដាអង្គភាពច្រកទ្វារព្រំដែនកម្ពុជាថៃ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាវត្តមានរបស់សម្ដេច និងថា្នក់ដឹកនាំផ្សេងទៀតក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាពនៅច្រកទ្វារព្រំដែនកម្ពុជាថៃ ទាំងនៅខេត្តបាត់ដំបង និងប៉ៃលិន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពកលោក។

សម្ដេចបានបន្តថាក្រៅតែបាននិងកំពុងរីករាលដាលនៅបណ្ដាប្រទេសស្ទើទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសចិនមានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺកូវីដទាំងអស់។ សម្ដេចបានបញ្ជាក់អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃដើម្បីអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន ធ្វើឱ្យពលរដ្ឋថៃនៅទំនេរ ហើយពលរដ្ឋខ្មែរខ្លះនៅទីនោះក៏ទំនេរពីការងារ។

ព្រោះតែដូច្នេះហើយ សម្ដេចបានផ្ដល់ការពន្យល់ថាពលរដ្ឋខ្មែរទំនេរពីការងារ និងមានការភ័យខ្លាចផងនោះ បានចាប់ផ្ដើមសំរុកនាំគ្នាវិលត្រឡប់មកប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាកក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន។ ដោយសារពួកគាត់បានធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ដើម្បីណែនាំអាជ្ញាធរខេត្តក្រុងស្រុកខណ្ឌ និងភូមិឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឱ្យបាន និងស្នើឱ្យពួកគាត់នៅដោយឡែក១៤ថ្ងៃសិន។

ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃ សម្ដេចបានមានប្រសាសន៍ថាប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលយើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ។ សម្ដេចបានណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃដែរ។

សម្ដេចបានណែនាំឱ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឱ្យបានច្បាស់នូវអត្តសញ្ញាណពលរដ្ឋដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នានេះត្រូវខិតខំពិភាក្សាជាមួយភាគីថៃដើម្បីចៀសវាងការអនុញ្ញាតឱ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឱ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរយើង។

សម្ដេចក៏បានណែនាំឱ្យត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេសថៃដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែងដែលត្រូវកត់ត្រាអត្តសញ្ញាណសិន។ ក្នុងករណីដែលមានអ្នកជំងឺត្រូវសង្គ្រោះ បន្ទាន់ ហើយអ្នកជំងឺនោះមិនមែនជាអ្នកជំងឺកូវីដ១៩ សម្ដេចក៏បានណែនាំអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវស្នើសុំកិច្ចសហការអនុញ្ញាតឱ្យអ្នកជំងឺនោះចូលទៅព្យាបាលនៅប្រទេសថៃ។

សម្ដេចមានជំនឿងថាភាគីទាំងពីរកម្ពុជាថៃនឹងមានការពិចារណាដល់ទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងដូចការបិទការចេញចូលមនុស្សរវាងកម្ពុជាថៃ កម្ពុជាវៀតណាម ដែលភាគីទាំងសងខាងនៅតែបន្តការអនុញ្ញាតឱ្យចេញចូលទំនិញក្រោមលក្ខណ្ឌរឹតបន្តឹងសុវត្ថិភាពនៅពេលដឹកឆ្លងកាត់ព្រំដែន។

នៅក្នុងឱកាសនោះ សម្ដេចបានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងចំណុះរដ្ឋបាលខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំងនៃអង្គភាព និងស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន។ សម្ដេចបានចាត់ទុកការខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះហើយដែលធ្វើឱ្យកម្ពុជារក្សាបានសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយទន្ទឹមនឹងនេះយើងក៏បាននឹងកំពុងរួមសាមគ្គីគ្នាប្រយុទ្ធនឹងសង្គ្រាមជំងឺកូវីដ១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិស្រលាញ់ជាតិ និងប្រជាជន។

ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការការពារខ្លួន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរៀបចំការចុះចាក់ផ្សាយសារអប់រំចល័តគ្រប់ភូមិឃុំដល់ប្រជាពលរដ្ឋ។ មុននឹងបញ្ចប់សម្ដេច បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្ត និងកំពុងបំពេញការងារនៅតាមបណ្ដាអង្គភាពច្រកព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិនទាំងអស់ នឹងបន្តខិតខំអនុវត្តតួនាទី និងការទទួលខុសត្រូវបានល្អ និងមានការប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកមិញបានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។ បានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្តដ៏អង់អាច។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកជួបក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដនាពេលនេះ ហើយក៏ជាពេលវេលាមួយដែលសម្តេចតេជោបានថ្លែងជូនសារដ៏សំខាន់ៗទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថាជម្ងឺនេះជាឃាតករលាក់មុខក៏ដោយ។ ការលះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ សម្តេចតេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗទាំងអស់ដែលបានអនុញ្ញាតកូនៗមកចូលរួមក្នុងប្រតិបត្តិការនេះ។
សម្តេចតេជោបានបញ្ជាក់ពីមូលហេតុ ដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែមលើកក្រុមគ្រូពេទ្យជំនាញដែលមានជាង២,០០០នាក់នោះ ហើយយើងមិនត្រឹមតែព្យាបាលតែកូវីដ១៩ទេ គឺយើងមានជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិការនេះក៏ជាពេលអោយពួកគាត់បានទទួលការបណ្តុះ
បណ្តាលជំនាញវិជ្ជសាស្ត្រផងដែរ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា បើគ្មានអាវុធមិនគ្រប់គ្រាន់ទេ គឺមិនអោយចូលប្រយុទ្ធទេ បើគ្មានបរិក្ខាពេទ្យគ្រប់គ្រាន់ទេ គឺមិនអោយចេញព្យាបាលអ្នកជម្ងឺនោះឡើយ។ ទន្ទឹមនឹងនេះ សម្តេចតេជោបានថ្លែងនូវការអរព្រះគុណចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែលបានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួលបានថវិកាប្រមាណជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ហើយបើថវិកានេះសល់ក្រោយបញ្ចប់កូវីដ១៩ យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រមូលការខិតខំចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិអោយប្រជាពលរដ្ឋយើងបានដឹង ជាពិសេសអ្នកដែលទើបមកពីក្រៅប្រទេស ។ សម្តេចតេជោបន្តថា ក្នុងដំណាក់កាលទី២នេះយើងមានកិច្ចការសំខាន់៣ គឺ៖
កិច្ចការទី១) គឺត្រូវទប់ស្កាត់ការរីករាលដាលអ្នកមកពីក្រៅប្រទេស។ សម្តេចតេជោបានបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ដែលកើតជម្ងឺនេះនៅកម្ពុជាត្រូវបានទទួលការព្យាបាលដោយមិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការជម្លៀសនិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសឡើយ។ ត្រូវមានការគ្រប់គ្រង់ពលករដែលមកពីប្រទេសថៃ ត្រូវដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។ កម្ពុជាក៏ មិនអោយមានមន្ត្រីកម្ពុជាទៅប្រជុំនៅខាងក្រៅប្រទេសឡើយ ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអោយអាជ្ញាធរកម្ពុជាត្រូវសហការជាមួយអាជ្ញាធរថៃក្នុងការធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្តិភាពនៃពលករខ្មែរ។
កិច្ចការទី២) គឺការពារអ្នកឆ្លងកុំអោយឆ្លងទៅអ្នកដ៏ទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត។ ត្រូវខិតខំផ្សព្វផ្សាយគ្រប់មធ្យោបាយពីវិធីបង្កាការពារជម្ងឺកូវីដ១៩។ សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេនៅកន្លែងសំខាន់ៗមួយចំនួនដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជាមិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។ សម្តេចតេជោសូមកុំអោយប្រជាពលរដ្ឋកុំប្រើអបីយជំនឿបណ្តេញជម្ងឺកូវីដ ដូចជាការអុចភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។ សម្តេចតេជោ អំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្ត បើអាចធ្វើបាន។ សម្តេចតេជោក៏បានប្រកាសថា សម្តេតតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវមិនអោយមានការរើសអើង អ្នកជម្ងឺកូវីដនោះ ជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។
កិច្ចការទី៣) ត្រូវខិតខំព្យាបាលអ្នកជម្ងឺអោយជាសះស្បើយ។ ត្រូវរៀបចំបញ្ជើឈ្មោះអ្នកជម្ងឺ អោយបានត្រឹមត្រូវ ទាំងអ្នកជម្ងឺបរទេស និងខ្មែរ។ ការបែងចែកទីតាំងសំរាប់ព្យាបាលអ្នកដែលបានឆ្លង ជម្ងឺ និងទីតាំងសម្រាប់អ្នកដែលសង្ស័យ ដែលត្រូវដាក់អោយនៅដាច់ដោយឡែក គឺយើងត្រូវយកចិត្តទុកដាក់សម្រាប់ពួកគាត់ ដោយមានរៀបចំជាគ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ៣ពេលអោយគាត់។ ចំពោះគ្រូពេទ្យដែលចេញប្រតិបត្តិការទាំងអស់ ត្រូវបំពាក់សម្ភារអោយបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ ហ្វឹកហាត់អោយបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាពខ្លួនឯង។ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយដៃគ្រូអន្តរជាតិដូចជាអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយមកយើង។
សម្តេចតេជោសូមអោយប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងប្រតិបត្តិការប្រឆាំងកូវីដនេះទាំងអស់គ្នា។ សូមប្រែក្លាយវិបត្តិនៃជម្ងឺនេះអោយក្លាយទៅជាកាលានុវត្តភាព នៃការយកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើងម្នាក់ៗ។ ក្នុងប្រតិបត្តិនេះ សម្តេចតេជោបានផ្តល់ជូនម្នាក់១លានរៀល សម្រាប់ថ្ងៃដំបូង និងបន្ទាប់មកទៀត សម្តេចតេជោបានទទួលរ៉ាប់រងចិញ្ជឹមក្មួយៗពេទ្យស្ម័គ្រចិត្តក្នុងប្រតិបត្តិការនេះទាំងអស់១០០ថ្ងៃ ដោយម្នាក់ៗទទួលបានការឧបត្តម្ភ ១ខែចំនួន១លាន២សែន រៀលដែលជាថវិការក្រុមគ្រួសារសម្តេចតេជោផ្ទាល់។ ហើយសម្រាប់ពេលហ្វឹកហាត់វិញក្រសួងនឹងផ្តល់ជូនពួកគាត់ ចំនួន៨ម៉ឺនរៀលក្នុង១ថ្ងៃ និងពេលចេញប្រតិបត្តិការគឺទទួលបាន១៤ម៉ឺនរៀល ដូចគ្រូពេទ្យធម្មតាដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។
ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត ៣)មន្ទីរពេទ្យនៅចាក់អង្រែ ៤) ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលសង្ស័យថាខ្លួនមានឆ្លងមេររោគកូវីឌ-១៩ សូមទូរស័ព្វមកលេខ ១១៥ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយគឺមានតែការសោកស្តាយ ។ សូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ហើយសូមកុំរើសអើងគ្នាទៅវិញទៅមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ខេត្តកំពង់ចាម៖ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្រោយពីទទួលការណែនាំពីលោកអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺcovid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ក្រុង-ស្រុកនៃខេត្តកំពង់ចាមបានបើកយុទ្ធនាការយ៉ាងក្ដៅគគុក ដោយ ប្រើប្រាស់រថយន្តឬម៉ូតូ ជាមធ្យោបាយ ភ្ជាប់ជាមួយឃោសនាស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំ អំពីវិធានការនានា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់ច្រកល្ហក។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០នេះលោកផេន សុផល អភិបាលស្រុកបាធាយ ក៏ដូចជានៅតាម បណ្ដាក្រុង -ស្រុកទូទាំងខេត្តកំពង់ចាមបានដឹកនាំកម្លាំងនិងមន្ត្រីពាក់ព័ន្ធចុះផ្សព្វផ្សាយ ដោយចាក់សារសំឡេងអប់រំនៅតាមទីសាធារណ: និងទីផ្សារនានាតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលក៏ដូចជាគោលការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាមដែលមានខ្លឹមសារថា១ -ត្រូវលាងសម្អាតដៃឲ្យបានស្អាតញឹកញាប់ជាមួយនឹងសាប៊ូ ឬអាល់កុលជាប់ជាប្រចាំ ។
២-ត្រូវផ្ទប់មាត់ច្រមុះ នៅពេលក្អកកន្តាស់ ដោយប្រើកែងដៃឬក្រដាស់ អនាម័យ រួចបោះចោលក្នុងធុងសំរាម ភ្លាមហើយលាងសម្អាតដៃនឹងសាប៊ូឲ្យបានស្អាត ។
៣ -ត្រូវនៅឲ្យឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅក្អកកន្តាស់ផ្តាសាយ។
៤-ត្រូវចៀសវាង ការជួបជុំកន្លែងដែលមានមនុស្សចូលរួមច្រើន។
៥-បើសិនជាមានរោគសញ្ញាណាមួយឬមានបញ្ហាសុខភាពផ្សេងៗ សូមប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ។
៦-ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសត្រូវនៅតែក្នុងផ្ទះរយៈពេល១៤ថ្ងៃគិត ចាប់ពីថ្ងៃមកដល់ដោយត្រូវអនុវត្តន៍ ដូចខាងក្រោមគឺត្រូវនៅក្នុងបន្ទប់ដាច់ដោយឡែកដែលមានខ្យល់អាកាស បរិសុទ្ធចេញចូលបានល្អសូមនៅឲ្យឆ្ងាយពីសមាជិកគ្រួសារចម្ងាយ២ម៉ែត្រត្រូវលាងដៃងូតទឹកសម្អាត ខ្លួន ប្រាណ ប្រដាប់ ប្រដាប្រើប្រាស់ផ្សេងៗនិងផ្លាស់ប្ដូរសម្លៀកបំពាក់ដែល បានបោកគក់រួច ឲ្យបានញឹកញាប់ហើយតាមដានសុខភាពផ្ទាល់ខ្លួនប្រសិនបើក្តៅខ្លួនក្អកកន្តាស់ឬពិបាកដកដង្ហើមសូមទាក់ទងទៅលេខទូរស័ព្ទ១១៥ជា បន្ទាន់ដើម្បី ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសង្ឃឹមថាបងប្អូន ប្រជាពលរដ្ឋ មានការយល់ដឹងនឹងអនុវត្តន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីសុខភាពយើងទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២៥ មីនា ២០២០

ភ្នំពេញ៖សារជាផ្លូវការរបស់ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេង ម៉េងនោះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Newer posts
← Previous Page1 … Page639 Page640
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×