Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៦

សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​

ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានស្ថាបនារួចរាល់​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ

អាជ្ញាធរខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា
តាមការសន្យារបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ផ្លូវមួយខ្សែប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេស ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបធ្វេីការជួសជុល​ និងសាងសង់ឡេីងវិញកាលពីថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២៥។

ក្រោយពីជួសជុលអស់រយៈពេល​ ៣២ថ្ងៃ​ នាថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២៦​ ផ្លូវក្រាលកៅស៊ូ​មួយខ្សែ (ផ្លូវមុខតុលាការ) ដែលមានបណ្តោយ២គីឡូម៉ែត្រទទឹង៨ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ដែលប្រេីប្រាស់ថវិកាបដិភាគ របស់ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាល​ និង ថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ។

នាថ្ងៃនេះដែរ​ ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាបបានចុះពិនិត្យ​ការសាងសង់​ និងសម្រួលដាក់ឱ្យបងប្អូនធ្វេីដំណេីរ​លើផ្លូវនេះ។

ជាមួយគ្នានេះដែររដ្ឋបាលខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ គិតគូរអំពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប​ ដោយផ្តល់ការសាងសង់ផ្លូវមួយខ្សែនេះសម្រាប់បងប្អូនប្រជាពលរដ្ឋ​ងាយស្រួលធ្វេីដំណេីរជាងមុន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 10.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២៦

ខឹងរឿងឆាតញ៉ែស្រីស្នេហ៍ ជិះម៉ូតូដេញកាប់ ត្រូវបានអាវុធហត្ថខេត្តសៀមរាប បង្ក្រាប

ខេត្តសៀមរាប៖ព្រោះតែខឹងនឹងជនរងគ្រោះឆាតញ៉ែស្រីស្នេហ៍របស់ខ្លួនបានធ្វើឲ្យមានកំហឹងនាំគ្នាជិះម៉ូតូជាក្រុមដេញកាប់គ្មានត្រាប្រណី។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ការ
បង្ក្រាបក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានបន្តថា ករណីនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចជិតស្ពាននាគ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូពី០៥ទៅ០៦គ្រឿង ប្រដាប់ដោយដាវនិងដំបងដេញកាប់ទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមផ្លូវទៅផ្ទះ បណ្តាលឱ្យជនរងគ្រោះ ផ្តួលម៉ូតូរត់គេចខ្លួន។ ចំណែកជនបង្កបាននាំគ្នាកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង​ផងដែរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទ​០២គ្រឿង បារី​អេឡិចត្រូនិក០៨ដើម សោម៉ូតូ០១ និងស្លាក់លេខម៉ូតូជារបស់ជនរងគ្រោះ។

ជនសង្ស័យបានសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះពិតប្រាកដមែន (ព្រោះតែរឿងឆាតញ៉ែស្រីស្នេហ៍)។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

ជាមួយគ្នានេះផងដែរអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវប្អូនៗ បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៦

ដឹកអេស្កាបើកជាប់ឡុកចង្កូតរ៉េទៅបុកគោយន្តកន្ត្រៃ នៅស្រុកសូទ្រនិគម បណ្ដាលឱ្យស្លាប់ម្នាក់

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាអ្នកបើកគោយន្តកន្ត្រៃម្នាក់បានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ខណៈកំពុងធ្វើដំណើរជាមួយភរិយា។

ហេតុការណ៍បានកើតឡើង នៅចំណុច លើផ្លូវជាតិលេខ៦  ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម នៅព្រឹកមិញនេះ។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តម៉ាក់ HYUNDAI ពណ៌ស ដឹកអេស្កា ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2799 បើកបរដោយឈ្មោះឈឿត ឈី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអំពិលព្រង់ ឃុំទ្រាយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលឃាត់ខ្លួន បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកគោយន្តកន្ត្រៃ១គ្រឿង បើកបរពីទិសដៅខាងកើតទៅលិច បើកបរដោយឈ្មោះអែម សារ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងធំឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដឹកអ្នករួមដំណើរជាប្រពន្ធ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បណ្ដាលអោយស្លាប់ឈ្មោះអែម សារ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ ទីលំនៅភូមិត្រពាំងធំ ឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្ឧឧត្តរមានជ័យ។ ចំណែកប្រពន្ធ ឈ្មោះខឹម សារុន ភេទស្រី អាយុ៦១ឆ្នាំ ទីលំនៅភូមិត្រពាំងធំ ឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសស្រាល។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បឋមរថយន្តម៉ាក HYUNDAI ដឹកអេស្កាបើកជាប់ឡុកចង្កូតរ៉េទៅបុកគោយន្តកន្ត្រៃ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៦

អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែនចំនួន១៦៩គ្រួសារ នៅស្រុករតនមណ្ឌល

ឯកឧត្តម សុខ លូ អភិបាល អភិបាលខេត្តបាត់ដំបង និងសហការី នៅរសៀលថ្ងៃនេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន ការពារបូរណភាពទឹកដី ចំនួន១៦៩គ្រួសារ នៅស្រុករតនមណ្ឌល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិតទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដី និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចតែងយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារកងទ័ពជានិច្ច៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២៦

ប៉េអឹមខេត្តសៀមរាបដកហូតម៉ូតូបង្ហោះទុក៣ខែ ករណីបង្ក្រាបក្មេងទំនើង

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាបនៅវេលាម៉ោង ២៣និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប និងបានឃាត់ខ្លួនក្មេងទំនើង ០២នាក់ភ្លាមៗ។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានបន្តថាបន្ទាប់ពីឃាត់ខ្លួនយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត។

ជាមួយនេះផងដែរអាវុធហត្ថខេត្តសៀមរាបអំពាវនាវ
សូមប្អូនៗ បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២៥

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត លោកគ្រូអ្នក សិស្សានុសិស្ស និងយុវជន នាឱកាសចូលឆ្នាំសកល 2026

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះបានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន នាឱកាសចូលឆ្នាំសកល2026 ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។

អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ នឹងអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សុំបន្តជឿជាក់ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា វីរ:កងទ័ពរបស់យើង ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេច និងបងប្អូនវីរ:កងទ័ព បាន ប្រឹងប្រែង ខិតខំ តស៊ូ រកវិធីសព្វបែបយ៉ាង ស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេស កម្ពុជា-ថៃ និងបណ្តាប្រទេសមហាអំណាច ដើម្បីរក្សាសន្តិភាពឲ្យគង់វង្ស យូរអង្វែង សម្រាប់ តជំនាន់ ប្រជាជនខ្មែរ ប្រទេសកម្ពុជាទាំងមូល។

នាឱកាសនោះ អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីរាជការយើងទាំងអស់ ត្រូវតែមានចិត្តទូលំទូលាយ ម៉ឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូន លើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

ជាការលើកទឹកចិត្តនូវកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការយើង និងអ្នកពាក់ព័ន្ធ ឯកឧត្តម អភិបាលខេត្តក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត ជូនដល់មន្ត្រីសាលាខេត្ត និងអ្នកពាក់ព័ន្ធ និងសូមជូនពរ សូមឲ្យមានសុខភាពល្អបរិបូរណ៌ និងទទួលបានជោគជ័យថ្មីៗ បន្ថែមទៀតនៅក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២៥

ចាប់ចិនម្នាក់ ករណីប៉ុនប៉ងឃាតកម្ម យកកាំភ្លើងភ្ជង់បណ្តាលផ្ទុះអាវុធ

ភ្នំពេញ៖នគរបាលខណ្ឌមានជ័យបានចាប់ខ្លួនជនជាតិចិនម្នាក់ ករណីប៉ុនប៉ងឃាតកម្ម (យកកាំភ្លើងភ្ជង់បណ្តាលផ្ទុះអាវុធ) ប្រព្រឹត្តនៅចំណុចក្នុងម៉ាត ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង០២និង៤៧នាទីទៀបភ្លឺ។

នគរបាលបានឲ្យដឹងថា ក្រោយទទួលព័ត៌មានហេតុនៅថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥ នាវេលាម៉ោង០៤និង០០នាទីថ្ងៃដដែល កម្លាំងអធិការនគរបាលខណ្ឌ​មានជ័យ​ ចាប់ខ្លួនចំណុច​ក្នុងម៉ាត ផ្លូវ៦០ម៉ែត្រ ភូមិ​ព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

ជនសង្ស័យឈ្មោះ Du ping ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មានសភាពស្រវឹង។ វត្ថុតាងដកហូតអាវុធខ្លី ០១ដើម ម៉ាកK54 បង់ចំនួន ០១ដើម គ្រាប់មិនទាន់ផ្ទុះ ០៦គ្រាប់ សំបកគ្រាប់ ០១ ,ទូរស័ព្ទ ០១គ្រឿង(បែក) ,ខ្សែកក្រណាត់ ០១, កូនកាំបិត ០១, កូនកន្ត្រៃ០១, កាស០១, ម្សៅស ០១កញ្ចប់, កាបូបស្ពាយ ០១។

ជនរងគ្រោះឈ្មោះ Tan Xianghua ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិនមុខរបរលក់ដូរ ស្នាក់នៅក្នុងម៉ាតបូហានប៊ូប៊ូហ្គាវសេងហួ​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២៥

បន្លំខ្លួនជាឈ្មោះ ផែង វណ្ណៈ ឆបោកតាមអនឡាញ ឲ្យគេផ្ទេរប្រាក់ត្រូវបានឃាត់ខ្លួន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាប ខ្លួនជនសង្ស័យ ដែលសកម្មក្នុងការគំរាម និងឆបោក ក្រោមរូបភាពក្លែងបន្លំអត្តសញ្ញាណ តាមប្រព័ន្ធអនឡាញ និងបានធ្វើការឆបោកជនរងគ្រោះជាច្រើននាក់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថាយោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ គ.ណ.រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ PHENG NAKNAK, Pheng Vannak News និងលេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់រូបភាព និងឈ្មោះរបស់ជនរងគ្រោះ ទៅបង្កើតគណនីតេឡេក្រាមដាក់ឈ្មោះ PHENG NAKNAK, Pheng Vannak News និងប្រើប្រាស់លេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ ក្នុងនោះ ជនសង្ស័យក្លែងបន្លំខ្លួនជាអ្នកសារព័ត៌មានឈ្មោះ ផែង វណ្ណៈ និងក្រុមការងារ ហើយបានទាក់ទងទៅជនរងគ្រោះជាច្រើននាក់ ដោយគំរាមទារប្រាក់ ជាថ្នូរក្នុងការរត់ការឯកសាររដ្ឋបាល និងឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ស្រូវ សម្រាប់រៀបចំជួយជនភៀសសឹកជាដើម។ លើសពីនេះ ជនសង្ស័យក៏បានក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ទាក់ទងទៅជនរងគ្រោះលើបណ្តាញសង្គមហ្វេសប៊ុក និងបានឆបោកប្រាក់ពីជនរងគ្រោះ ក្រោមរូបភាពជួយរៀបចំពាក្យបណ្តឹងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២៥

ត្តកំពង់ចាម៖វិទ្យាល័យ បុសខ្នុរ បានប្ដូរឈ្មោះ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ តាមរយៈប្រកាស លេខ២២៧០ អយក ប្រក ចុះថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី ការប្ដូរឈ្មោះ វិទ្យាល័យ បុសខ្នុរ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ដែលទីតាំងស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះតទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២៥

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបាន ចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្ស ភៀសសឹកជាង ២.០០០នាក់ បានចូលរៀនវិញ ខណៈពេលដែល នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មានបញ្ហា។

ការលើកឡើងដូច្នេះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សភៀសសឹក ប្រមាណជាង ៣០០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗ សិស្សានុសិស្ស និងបងប្អូនអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរ អំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹករបស់យើងនេះ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង បញ្ហាសុខភាព និងបញ្ហាស្នាក់អាស្រ័យ មានសុខសុវត្ថិភាពល្អ និងភាពកក់ក្តៅ ក្រុមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានរបស់យើង។

អភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងខេត្តកំពង់ចាម មានបងប្អូនប្រជាពលរដ្ឋគ្រួសារភៀសសឹក សរុបជាង ៧,០០០ នាក់ និងសិស្សានុសិស្សភៀសសឹកកំពុងសិក្សា ជាង ២,០០០ នាក់ ដែលអាជ្ញាធរខេត្តសម្រុកផ្ដល់សម្ភារៈ និងស្បៀងអាហារបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២៥

សម្ដេច​ធិបតី៖​ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ

ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និង ចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង កិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និង លើសកលលោក ។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និង នៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ  និង វិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និង ក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ ។

ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។

ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិយ៉ាងអន្ទះសារបំផុត ។ ដូច្នេះ, ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន, រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស ។

ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន ។

ជាមួយនឹងការធានាបាននូវការបញ្ជាក់ច្បាស់ថា ការរៀបចំទាំងឡាយ (Arrangments) ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និង ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរនោះទេ, ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ជូន    គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញ ឱ្យបានឆាប់បំផុត នូវការងារវាស់វែង និង ខណ្ឌសីមាព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ, ពិសេស នៅតំបន់ព្រំដែនរងផលប៉ះពាល់ ដែលមានប្រជាជនស៊ីវិលធ្លាប់រស់នៅ, ដើម្បីធានានូវសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។

លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះ ក៏បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និង ប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះ, ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិផងដែរថា ខ្ញុំបានផ្តល់ការណែនាំដល់ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និង រៀបចំការសម្របសម្រួល ដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ។ ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខ សម្រាប់បងប្អូនដែលរស់នៅតំបន់នោះ។

មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ, ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល ៧២ ម៉ោង, យោធិនកម្ពុជា ១៨ រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ។

បន្ថែមលើនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏បានគូសរំលេចអំពីការបេ្តជ្ញារួមគ្នារវាងភាគីទាំងពីរ ក្នុងការបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការជាអាទិភាពមួយចំនួនទៀត ដោយប្រើប្រាស់យន្តការ និង អនុលោមតាមកិច្ចព្រមព្រៀង ដែលមានជាធរមាន ។ ក្នុងន័យនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏ជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមក រួមមាន សេចក្តីប្រកាសព័ត៌មានរួមនៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៥ និង សេចក្តីថ្លែងការណ៍រួម ទីក្រុង គូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ រួមបញ្ចូលនូវឯកសារព្រមព្រៀងផ្សេងទៀត ដែលសមេ្រចបានមក នៅក្រោមខណ្ឌកិច្ចព្រមព្រៀងនេះ, ព្រមទាំងកិច្ចព្រមព្រៀងជាធរមានទាំងឡាយទៀត រវាងកម្ពុជា និង ថៃ ។

ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ, ជាពិសស សហរដ្ឋអាម៉េរិក, សាធារណរដ្ឋប្រជាមានិតចិន, និង បណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន, ដែលបានជួយជ្រោមជ្រែង និង ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនេះ តាំងពីដើមទីមក ពោលគឺ តាំងពីការរៀបចំនូវបទឈប់បាញ់ នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ។ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់គោលជំហរអនុវត្តពេញលេញ និង ដោយស្មោះត្រង់ នូវសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះ និង សូមស្វាគមការចូលរួមរបស់ប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ ក្នុងការគាំទ្រដល់ការធានានូវការអនុវត្តសេចក្តីប្រកាសរួមនេះ ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាព, ពិសេស ក្នុងការពង្រឹងតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវវិធានការនានាដែលបានឯកភាពគ្នាក្នុងបទឈប់បាញ់នេះ ។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប, ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវកត្តញ្ញូតាធម៌ និង អំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ទ្រង់ទាំងទ្វេតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកម្ម ដើម្បីជាតិ និង មាតុភូមិ និង តែងយកព្រះទ័យទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខកូនចៅ ជាប្រជានុរាស្ត្ររបស់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ, ពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតចំពោះមុខនេះ ។

ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការកាពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី, ហើយក៏សូមសម្តែងនូវការកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និង ស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជនរួមជាតិគ្រប់រូប, ពីគ្រប់ទិសទី, ទាំងក្នុង និង ក្រៅប្រទេស ។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និង គ្រប់ជំនាន់ ។

ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះ, ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់», យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង ។

ជាថ្មីម្តងទៀត, បទពិសោធនៃសង្រ្គាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្រ្គាមមិនអាចបញ្ចប់បានដោយសង្រ្គាមនោះទេ, ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយ ដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និង ការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាន នូវការបាត់បង់អាយុជីវិត, ការឈឺចាប់, និង ការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ ។

ខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង, គ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី, នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និង ក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី និង ក្នុងការអភិវឌ្ឍជាតិ និង មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និង ក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និង កិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ ។

ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមប្រសិទ្ធពរជូនដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និង បងប្អូនជនរួមជាតិជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/
https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #cambodia

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២៥

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។

ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។

ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន ៣អង្គភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៩ មករា ២០២៦
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×