ខេត្តសៀមរាប៖ក្រុមគ្រួសារ លោក ហារូយូគី តាកាតា នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានរៀបចំមធ្យោបាយ កម្លាំងការពារ ជូនឯកឧត្តម ឯកអគ្គរាជទូត អគ្គកុងស៊ុលជប៉ុន ក្នុងពិធីរំលឹកខួបលើកទី៣២ សម្រាប់លោកអធិការនគរបាល ហារូយូគី តាកាតា នៅសាលាបឋមនាគរាជតាកាតា ដែលស្ថិតនៅភូមិនាគរាជ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ។
សូមរំលឹកផងដែលថាកាលពីថ្ងៃទី៤ ខែឧសភា ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ បានទៅបំពេញទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ និងបានចូលរួមពិធីរំលឹកខួបលើកទី៣២ ដល់វិញ្ញាណក្ខន្ធអតីតអធិការនគរបាល ហារូយូគី តាកាតា ដែលបានបាត់បង់ជីវិតក្នុងថ្ងៃដដែលនេះ នាឆ្នាំ១៩៩៣។
ពិធីរំលឹកខួបនេះធ្វើឡើងនៅទីតាំងដែលលោកអធិការ តាកាតា ត្រូវបានគេសម្លាប់ ខណៈពេលបំពេញកាតព្វកិច្ចបម្រើការជាមន្ត្រីប៉ូលិសស៊ីវិល របស់អាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅស្រុកបន្ទាយអំពិល។ ក្រៅពីម្ដាយរបស់លោកអធិការ តាកាតា បងស្រី និងស្វាមី អតីតសហការីពីក្រុមប៉ូលិសស៊ីវិលក៏បានអញ្ជើញចូលរួមដែរ។ បន្ទាប់ពីបញ្ចប់ពិធីនៅស្ដូបវិញ្ញាណក្ខន្ធ អ្នកចូលរួមទាំងអស់បានទៅទស្សនកិច្ច “សាលាបឋមសិក្សា តាកាតា ហារូយូគី” ដែលស្ថិតនៅម្ខាងផ្លូវ ហើយបានប្រាស្រ័យទាក់ទងជាមួយគ្រូបង្រៀន និងសិស្សានុសិស្សនៅទីនោះផងដែរ៕SRP

