ខេត្តកំពង់ចាម៖លោកយី វណ្ណៈ អភិបាល ស្រុក កោះសូទិន បានរំលឹកឡើងវិញអំពីប្រវត្តិជូរចត់ ពីអតីតកាល សម័យប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃ ដែល ជំនឿសាសនា ទាំងអស់ត្រូវបានបំបិទសិទ្ធសេរីភាព មិនថាព្រះពុទ្ធសាសនាឬឥស្លាមសាសនាឡើយ។
លោកយី វណ្ណ: ថា ដោយនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើអោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍឡើងវិញ។ ក្នុងនោះជំនឿសាសនា ក៏រស់ឡើងវិញ ហើយពុកម៉ែបបងប្អូនខ្មែរ-ឥស្លាមក៏អាចគោរព ប្រកាន់ទំនៀមទំលាប់របស់ខ្លួនបានរហូតដល់សព្វថ្ងៃនេះ។ លោកអភិបាលស្រុកក៏បាន អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់សូម ឲ្យមានការចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុងគ្រួសារក៏ដូចជានៅក្នុង សហគមន៍ទាំងមូលពោលគឺ ត្រូវជៀសវាងការជួបជុំគ្នាក្នុងពិធីធំៗនិងត្រូវពាក់ម៉ាស់ នៅទី ប្រជុំជនព្រមទាំង លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និងវាស់ស្ទង់ កម្ដៅ ជារៀងរាល់ថ្ងៃ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។
លោកយី វណ្ណ: ថ្លែងយ៉ាងដូច្នេះ នៅព្រឹកមិញនេះ នាឱកាសលោកបាន អញ្ជើញចូលរួមចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ចំនួន២៣៧ គ្រួសារស្ថិតនៅ ក្នុងភូមិទី១៣ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែល ជាអំណោយរបស់សប្បុរសជន នានានៅប្រទេសម៉ាឡេស៊ី។
លោកលី មូសា សមាជិកក្រុមប្រឹក្សាស្រុក កោះសូទិន និងជា អ៊ីម៊ាំ ស្រុកកោះសូទិន បានធ្វេី ការថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល កម្ពុជាក៏ដូចជាសប្បុរសជននានា ទាំងក្នុងនិងក្រៅ ប្រទេស ដែលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ ក្នុងការរស់នៅរបស់បងប្អូន ខ្មែរឥស្លាម ជានិច្ច។ ជាពិសេសនៅក្នុងរដូវបួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តងដែល បានផ្តល់អំណោយជាអង្ករ ០៨គីឡូក្រាមស្ករស០៣គីឡូ ទឹក ដោះគោ០២កំប៉ុង ទឹកស៊ីរ៉ូ០១ដប ប្រេងឆា០១ដប សាគូ០១គីឡូ និងតែ០១កញ្ចប់គិតជាថវិកា អស់ ៤.៥៤០០៛ សម្រាប់ក្នុង០១គ្រួសារ ដែលសរុបរួម អស់ ថវិកាចំនួន១០.៧៥៩.៨០០៛សម្រាប់ចែក ជូនប្រជាពលរដ្ឋចំនួន២៣៧គ្រួសារ៕SRP

