ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំឮក ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្ន ជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា៖ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។
សម្ដេចបានបញ្ជាក់ទៀតថា៖បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រេីន គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។
សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង៕SRP

