ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតលោក គឹម សុវណ្ណ ដែលបានក្ដោបក្ដាប់មុខតំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាច្រើនឆ្នាំមកនេះត្រូវបានផ្លាស់ប្ដូរចេញនៅរសៀលថ្ងៃច័ន្ទទី២២ខែមិថុនានេះ។ពិធីផ្លាស់ប្ដូរនេះធ្វើនៅសាលាខេត្តបន្ទាយមានជ័យក្រោមវត្តមានលោកស៊ុយសានរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបថាលោកសុក ចាន់ថា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួង។
សូមបញ្ជាក់ថាកន្លងទៅបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថាលោកគឹម សុវណ្ណ អតីតប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ សង្ស័យមានការឃុបឃិតគ្នាជាមួយមន្ត្រីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងបោយប៉ែត ក្នុងការបើកដៃឲ្យមានរថយន្តធំៗដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី បានដោយរលូន។ ទោះយ៉ាងណាគេសង្ឃឹមថាលោកសុក ចាន់ថា អនុប្រធាន ដែលឡើងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មិនប្រព្រឹត្តរឿងអាស្រូវនោះទេ។
មានការកត់សម្គាល់ថា មួយរយៈកន្លងទៅនេះប្រធានមន្ទីរសាធារណការនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ជាដើម ត្រូវបានផ្លាស់ប្តូរតំណែងជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ដែលល្បីល្បាញរឿងអាស្រូវច្រើនឆ្នាំមកហើយនោះ ទើបតែមានការផ្លាស់ប្ដូរចេញ។ ជាមួយគ្នានោះដែរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ ក៏ល្បីល្បាញរឿងអាស្រូវយ៉ាងខ្លាំងផងដែរដោយកន្លងទៅក៏ធ្លាប់បានសម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោស រឿងផ្លូវខូចមិនព្រមធ្វើ ប៉ុន្តែលោកសាំ ពិសិដ្ឋ នៅតែអាចរក្សាមុខតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រហូតដល់បច្ចុប្បន្ន៕SRP
