Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ
រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក
រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២៦

នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ឆ្នាំ២០២៦ នេះ ជាការអនុវត្តលើកដំបូង និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃបើកវគ្គបណ្ដុះបណ្ដាលយោធិនកាតព្វកិច្ចវគ្គដំបូងនេះ គឺព្រោះថា​​ ថ្ងៃនេះ ម្យ៉ាងជាថ្ងៃ​ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញ និងម្យ៉ាងទៀត ជា​ថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់ប្រាជ្ញាស្មារតីរបស់យុវជន ដែលជា «ប្រភពធនធានមនុស្សមិនចេះរីងស្ងួត» ឱ្យមានមនសិការស្នេហាជាតិមាតុភុមិ, ចេះស្រឡាញ់​ និងការពារជាតិមាតុភូមិ, គោរពច្បាប់, មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ចនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្អូនៗទាំងអស់ រួមមាន៖ ១. ទទួលបានឱកាសបម្រើជាតិមាតុភូមិ, ២. ទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ថែម ទាំងជំនាញទន់ និងជំនាញរឹង ក្នុងអំឡុងពេលហ្វឹកហ្វឺន, ៣. ទទួលបានឱកាសអភិវឌ្ឍខ្លួនក្លាយជាធនធានដ៏ល្អក្នុងសង្គម ប្រកបដោយវិន័យ, ការទទួលខុសត្រូវ, របៀបរបបការងារ និងភាពជាអ្នកដឹកនាំ, ៤. ទទួលបានស្ថិរភាពការងារក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា, និង​ ៥. មានឈ្មោះក្នុងបញ្ជីយោធិន​បម្រុងរហូតដល់អាយុ ៤៥ឆ្នាំ ព្រមទាំងទទួលបានអាទិភាពក្នុងការក្លាយជាយោធិនអាជីព ផ្អែកលើការពិនិត្យ និងវាយតម្លៃ ជាក់ស្ដែង។

សម្ដេចធិបតី បានបន្តទៀតថា ការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះការបំពេញកាតព្វកិច្ចយោធា គឺជាកិត្តិយស, មិនមែនជាបន្ទុក ហើយមិនត្រូវចាត់ទុកថាជាការចំណាយនោះទេ ប៉ុន្តែជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ក្នុងការប្រែក្លាយខ្លួនជាធនធានដ៏មានតម្លៃរបស់ជាតិ​។ សម្ដេចធិបតីបាន​ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់យោធិនកាតព្វកិច្ចថា ចាប់ពីថ្ងៃនេះតទៅ សិក្ខាកាមទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីមួយ ដែលទាមទារនូវការគោរពវិន័យម៉ឺងម៉ាត់, ការអត់ធ្មត់ខ្ពស់, ការតស៊ូព្យាយាម និងភាពជាម្ចាស់លើខ្លួនឯងពិតប្រាកដ។ យោធិនកាតព្វកិច្ចអាចនឹងជួបការលំបាក, ភាពនឿយហត់ និងត្រូវផ្លាស់ប្តូររបៀបរស់នៅតាមបែបធម្មតា មកជាជីវិតដែលមានការគ្រប់គ្រង និងវិន័យតឹងរ៉ឹង។ ប៉ុន្តែប្អូនៗត្រូវចងចាំថា មេរៀនជីវិតទាំងនេះនឹងកសាងខ្លួនយើងឱ្យក្លាយជាមនុស្សថ្មីប្រកបដោយភាពរឹងមាំ, ទាំងកម្លាំងកាយ ចិត្ត និងស្មារតី, ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ, សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក «យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ដល់តម្លៃខ្ពស់ចំពោះយោធិនកាតព្វកិច្ច ទាំងក្នុងអំឡុងពេលហ្វឹកហ្វឺន និងពេលត្រឡប់ទៅរស់នៅក្នុងជីវភាពដើម​វិញ។ ក្នុងន័យនេះ, សម្ដេចធិបតី​បានណែនាំដល់យោធិនកាតព្វកិច្ចទាំងអស់ត្រូវខិតខំថែរក្សាអត្តសញ្ញាណ, គុណតម្លៃ, កិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈការបំពេញតួនាទីជាកូនល្អ, ពលរដ្ឋល្អ, បុគ្គលិកល្អ, មន្ត្រីរាជការល្អ និងកងទ័ពល្អ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមបម្រើជាតិមាតុភូមិ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២៦

រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមហ៊ុន ម៉ានី បានចុះពិនិត្យ និងតាមដានការដោះស្រាយបញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅភូមិទួលថ្មី ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យនៅរសៀលថ្ងៃនេះដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរកសិកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ព្រមទាំងមេឃុំ និងមេភូមិ។

ឯកឧត្តមហ៊ុន ម៉ានី បានបញ្ជាក់ថា បញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកនេះ ត្រូវបានលើកឡើងជាការព្រួយបារម្ភ ហើយបានលើកជាសំណើសុំអន្តរាគមន៍ ក្នុងបេសកកម្ម ៨៨ឃុំ សង្កាត់ នៅឃុំយាយអង្គ ហើយបន្ទាប់មកប្រជាពលរដ្ឋបានដាក់បណ្តឹងតាមរយៈមេភូមិ និងមេឃុំ ជុំវិញផលប៉ះពាល់ដែលបង្កឡើងដោយកសិដ្ឋាននេះ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្រែចម្ការនៅជុំវិញ និងបរិស្ថានធម្មជាតិ ជាពិសេសបញ្ហាក្លិនមិនល្អ ការបញ្ចេញសំណល់ និងទឹកកខ្វក់ ដោយគ្មានប្រព័ន្ធអាងចម្រោះត្រឹមត្រូវ។

បើកតាមឯកឧត្តមហ៊ុន ម៉ានី ក្រោយទទួលបានសំណើ ក្រុមការងារបានចុះពិនិត្យ និងរកឃើញថា ក្រៅពីផលប៉ះពាល់ជាក់ស្តែងខាងលើ កសិដ្ឋាននេះក៏បានដំណើរការអាជីវកម្មដោយមិនទាន់មានលិខិតអនុញ្ញាតត្រឹមត្រូវពាក់ព័ន្ធនឹងសំណង់ បរិស្ថាន និងកសិកម្មផងដែរ។ ក្រុមការងារបានធ្វើការជាបន្តបន្ទាប់ជាមួយភាគីកសិដ្ឋាន ដោយកំណត់ឱ្យដឹកជញ្ជូនសត្វជ្រូកដែលមានចំនួនប្រមាណ ៣.៥០០ក្បាល ចេញពីកសិដ្ឋានឱ្យបានត្រឹមថ្ងៃទី១០ វិច្ឆិកា ២០២៦ នេះ។

ឯកឧត្តមរដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ខ្ញុំយល់ពីស្ថានភាព និងការលំបាកដែលកសិដ្ឋានត្រូវដោះស្រាយ ក៏ប៉ុន្តែសុខភាព សុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បង។

ជារួមយើងស្វាគមន៍ និងលើកទឹកចិត្តដល់រាល់ការវិនិយោគ តែការវិនិយោគនេះទៀតសោតត្រូវតែគោរពតាមច្បាប់ និងនីតិវិធីពាក់ព័ន្ធ ជាពិសេសការគាំទ្រ និងទទួលយកពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងសហគមន៍ និងនាំមកនូវការអភិវឌ្ឍពិតប្រាកដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២៦

ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក

នៅក្នុងឱកាស ដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅទីស្នាក់ការគណបក្សខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំ នូវទិសដៅការងារសំខាន់ៗមួយចំនួន ដល់លោក លោកស្រី ជាប្រធាន និងអនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង និងការគោរពអនុវត្តតាមគោលការណ៍ និងទិសដៅការងាររបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានាព្រមទាំងបន្តខិតខំជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមាជិកគណបក្សនៅតាមមូលដ្ឋាន ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដើម្បីមានសិទ្ធិបោះឆ្នោត នាពេលខាងមុខ ឬធ្វើជីវមាត្រឱ្យបានគ្រប់ៗគ្នា ដើម្បីធានាឱ្យមានភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោត ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

សូមជម្រាបថាកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមអនុប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្ត្រៃយ៍ ព្រមទាំងប្រធាន និងអនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានស្នាក់ការគណបក្សក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.6K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២៦

រដ្ឋមន្ត្រីហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ា​នី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង លលោកគ្រូអ្នកគ្រូ​ និសិស្សានុសិស្ស នៃវិទ្យាល័យ​ ប៊ុន​ រ៉ានី​ ហ៊ុនសែន មេមត់ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលជាមួយអង្គពិធី ឯកឧត្តមក៏បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប ដែលរួមមានក្រុមគ្រួសារឯកឧត្តមផ្ទាល់ផងនោះ បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍។ ពេលយើងគិតទៅដលអតីតកាល ទើបយើងដឹងថាប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវសោកនាដកម្មដ៏ជូរចត់រាប់មិនអស់។ ទោះបីជាយើងមិនរស់នៅក្នុងអតីតកាលក្តី ហើយយើងបានខិតខំប្រឹងប្រែងបន្តទៅមុខគ្រប់ជំហាន តែចំពោះដួងវិញ្ញាណក្ខ័ន្ធរបស់សមាជិកក្រុមគ្រួសារដែលបានស្លាប់ គឺយើងត្រូវតែនឹកឃើញដល់ពួកគាត់ជានិច្ច។

ជាក់ស្តែង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ ជាវិទ្យាល័យមួយដែលស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមជាប់តាមបណ្តោយផ្លូវ ជាតិលេខ៧។ នៅក្នុងឆ្នាំ ១៩៦៥ ដល់ ១៩៦៦ ទីតាំងនេះ គឺជាសាលាបឋមសិក្សាមេមត់។ នៅក្នុងឆ្នាំ ១៩៧៥ – ១៩៧៩ សាលារៀននេះបានក្លាយទៅជាមន្ទីរពេទ្យតំបន់របស់របបប្រល័យពូជសាសន៍ប៉ុលពត។ កន្លែងនេះហើយជាមហាសោកនាដកម្មដ៏ខ្លោចផ្សាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយលោកទាំង២បានបាត់បង់កូនប្រុសច្បងជាទីស្រលាញ់ដែលមាននាមថាកុមារ ហ៊ុន កំសត់។

សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុង គោលបំណង ជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។ ជាមួយគ្នាដែរ ឯកឧត្តមបាននាំយកអំណោយជាសម្ភារៈ និងថវិកា ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គ មហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារដើម្បីរំឭកដល់ខួបលើកទី៥០ នៃការទទួលមរណភាព​កូនប្រុសច្បងសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងឈានមកដល់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ​៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៦

ជម្នះឧបសគ្គដើម្បីស្នាមញញឹមគ្រួសារ៖ ដំណើរជីវិត និងភាពបត់បែនលើវិថីការងាររបស់លោក ជិន វាសនា ជាមួយ foodpanda

ភ្នំពេញ៖សម្រាប់ឪពុកគ្រប់រូប គ្មានអ្វីមានតម្លៃជាងការបានឃើញកូនៗធំធាត់ប្រកបដោយសុភមង្គល និងអនាគតភ្លឺស្វាងនោះឡើយ។ សម្រាប់លោក ជិន វាសនា ដែលជាដៃគូដឹកជញ្ជូន (Rider) មួយរូបរបស់ foodpanda ជីវិតប្រចាំថ្ងៃរបស់លោកមិនមែនត្រឹមតែជាការចេញទៅរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែជាការតស៊ូប្រកបដោយក្តីស្រឡាញ់ ដើម្បីបង្កើតលំនឹងរវាងការងារ និងភាពកក់ក្តៅក្នុងគ្រួសារដែលមានសមាជិក ៥ នាក់។

ទោះបីជាត្រូវបាត់បង់ជើងម្ខាងដោយសារជំងឺតាំងពីឆ្នាំ ២០០០ ក៏ដោយ ឧបសគ្គរាងកាយមិនដែលជាឧបសគ្គនៃក្តីសង្ឃឹមរបស់លោកឡើយ។ ដោយមានជំនួយពីម៉ូតូកង់បីកែច្នៃស្របតាមស្ថានភាពកាយសម្បទា លោក វាសនា តែងតែបង្ហាញវត្តមាននៅលើដងវិថីដោយទឹកមុខស្វាហាប់។ កាលពីមុន លោកធ្លាប់ប្រកបរបរដេរកាបូប និងលក់ផ្លែឈើ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យមុខរបរទាំងនោះត្រូវបាត់បង់ស្ទើរតែទាំងស្រុង។ រហូតដល់ឆ្នាំ ២០២១ តាមរយៈការលើកទឹកចិត្តពីបងប្អូន លោកក៏បានសម្រេចចិត្តចាប់យកឱកាសការងារថ្មីជាមួយ foodpanda។

ការចាប់ផ្តើមដំបូងមិនមែនជារឿងងាយស្រួលនោះទេ ទាំងការសម្របខ្លួនទៅនឹងប្រព័ន្ធបច្ចេកវិទ្យា និងការរៀនប្រើប្រាស់កម្មវិធីទូរសព្ទតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែ ដោយសារកម្មវិធីរបស់ foodpanda មានភាពងាយស្រួល ផ្តោតច្បាស់លាស់លើសេវាដឹកជញ្ជូន ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ លោកក៏បានស៊ាំទៅនឹងការងារនេះយ៉ាងស្ទាត់ជំនាញ។ ជារៀងរាល់ព្រឹក លោកគ្រាន់តែបើកកម្មវិធីទូរសព្ទ ស្កេនផ្ទៃមុខ និងរង់ចាំទទួលការកុម្ម៉ង់នៅក្បែរតំបន់ភោជនីយដ្ឋានមមាញឹកនានា។

អ្វីដែលជាចំណុចពិសេស និងផ្លាស់ប្តូរជីវិតរបស់លោកយ៉ាងពិតប្រាកដ គឺ «ភាពបត់បែននៃពេលវេលា» ដែលប្រព័ន្ធការងាររបស់ foodpanda ផ្តល់ជូន។ លោក វាសនា អាចបែងចែកកាលវិភាគការងារដោយខ្លួនឯងទៅតាមតម្រូវការជាក់ស្តែងរបស់គ្រួសារ៖ ពេលព្រឹកលោកបើកកម្មវិធីទទួលការងារពីម៉ោង ៧:០០ ដល់ ១១:០០ រួចឆ្លៀតទៅទទួលកូនៗពីសាលារៀន និងហូបបាយជុំគ្នា បន្ទាប់មកទើបបន្តការងារពីម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច។ នៅចន្លោះការកុម្ម៉ង់នីមួយៗ លោកតែងតែឆ្លៀតសម្រាកយកកម្លាំង ហើយនៅពេលត្រឡប់ទៅផ្ទះវិញ លោកនៅមានពេលជួសជុលកាបូបជាមុខរបរបន្ថែម ព្រមទាំងជួយបង្រៀនកូនៗធ្វើកិច្ចការសាលាទៀតផង។

លោក វាសនា បានចែករំលែកដោយក្តីមោទនភាពថា៖ «បើខ្ញុំមិនប្រឹងប្រែងដើម្បីគ្រួសារខ្ញុំទេ តើមានអ្នកណាអាចមកជួយជំនួសយើងបាន? ការងារនេះមិនត្រឹមតែជួយឱ្យខ្ញុំរកចំណូលមកផ្គត់ផ្គង់ថ្លៃម្ហូបអាហារ និងការសិក្សារបស់កូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពឱ្យខ្ញុំមានពេលវេលានៅក្បែរពួកគេគ្រប់ពេលដែលពួកគេត្រូវការ»។

សម្រាប់លោក ជិន វាសនា និយមន័យនៃជោគជ័យ និងសេចក្តីសុខប្រចាំថ្ងៃ មិនមែនជាអ្វីដែលឆ្ងាយដៃនោះឡើយ។ វាស្តែងចេញតាមរយៈការជម្នះឧបសគ្គរាងកាយដើម្បីរកប្រាក់ចំណូលដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន ភាពកក់ក្តៅដែលបានទៅទទួលកូនពីសាលារៀនទាន់ពេលវេលា និងស្នាមញញឹមរបស់កូនៗនៅពេលជួបជុំគ្នានៅឯផ្ទះ — ទាំងអស់នេះគឺជាតម្លៃពិតនៃជីវិត ដែលកើតចេញពីការតស៊ូ និងភាពបត់បែនលើវិថីការងារជាមួយ foodpanda https://youtu.be/UFn7SONvafw?si=RgzzahhdgRiyGTHt

Like 199
Comment 0
Share ចែកចាយ
Views 5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៦

នាយករដ្ឋមន្ត្រីប្រកាសថា គ្រប់កាល:ទេស: មិនបោះបង់ពលរដ្ឋនរណាម្នាក់ចោលឡើយ

សម្ដេចធិបតីហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ, ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ សម្ដេចធិបតី បានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំ មកនេះ, រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋជានិច្ច មិនថាក្នុងកាល:ទេស:លំបាកបែបណាក៏ដោយ​ គឺនៅចាំជួយប្រជាពលរដ្ឋជានិច្ច។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមឈ្មោះភូមិនៅមណ្ឌលភៀសសឹកនៅខេត្តឧត្តរមានជ័យ ថា “ភូមិស្រះកែវចងចាំ” និងមណ្ឌលភៀសសឹកនៅខេត្តព្រះវិហារ ថា “ភូមិតាកឹងបៃតងចងចាំ” ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ការដាក់ឈ្មោះចងចាំ គឺដើម្បីចងចាំការលំបាកគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាមេដឹកនាំ យើងត្រូវគិតគូរអំពីអាយុជីវិតកងទ័ព និងប្រជាពលរដ្ឋ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលជ្រើសរើសយកយន្តការច្បាប់ និងការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ​​ ដោយសន្តិវិធី។ ក្នុងន័យនេះ, សូមប្រជាពលរដ្ឋមានការអត់ធ្មត់ និងរង់ចាំលទ្ធផលនៃការដោះស្រាយ ព្រោះយន្តការនេះត្រូវការពេលវេលាយូរបន្តិច។​

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកដែលខ្វះដីពិតប្រាកដ សូមកុំជឿតាមការញុះញង់របស់ជនខិលខូចឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ បើបងប្អូនខ្វះដីពិតប្រាកដ សូមទៅដាក់ពាក្យស្នើសុំតាមអាជ្ញាធរមូលដ្ឋាន ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាល បានផ្ដល់ដី និងផ្ទះជូនប្រជាពលរដ្ឋជាច្រើនមកហើយ តាមរយៈគម្រោងបែងចែកដី​ ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ និងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជាដើម។

នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេល។ បន្ថែមពីនេះ, ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ ក្នុងរដូវប្រាំង។ ដោយឡែក, ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវរាល់ខ្សែផ្លូវដែលបានខូចខាត និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំជាប់បានយូរ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះបានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.9K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២៦

ទីបំផុតចាប់ខ្លួនម្ចាស់រថយន្តស្លាកលេខ JJ.CHING បន្ទាប់ពីព្យាយាមរត់គេច

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ម្ចាស់រថយន្ត JJ.CHING ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។

បើតាមឯកឧត្តមស្នងការបានបញ្ជាក់ថា៖ “ខ្ញុំបាទ បានប្រាប់ហើយថា (ឱ្យចូល មកទទួលកំហុសមិនព្រម) រាល់បទល្មើសកើតឡើងគឺខ្ញុំមិនដែលនៅស្ងៀមទេ (ស្ងៀមតែមិនស្ងាត់) ការងារជុំនាញស្រាវជ្រាវមិនដកដៃ (ស្មានតែរៀបចំឱ្យអ្នកមកទទួលកំហុសជំនួសបានមែន) វិធានការជុំនាញ និងច្បាប់។ សូមអរគុណលោកហេង រតនា បានដឹកនាំសមត្ថកិច្ចជំនាញ សហការណ៌គ្នាតាមចាប់ខ្លួនបាន”។

សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រី​អ្នកលក់​អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់​ផលិតផលគ្រឿងសំអាង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាល​ឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាម​បណ្ដោ​យ​ផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្ដបង្កហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ស្ដ្រីម្ចាស់ផលិតផលអនឡាញដែលគេតែងហៅថា J CHING តែគេមិនដឹងថាអ្នកណាជាអ្នកបើក រថយន្ដនោះទេ បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។

ប៉ុន្ដែអ្នកបើកបររថយន្ដមិនបញ្ឈប់នោះទេ ពោលព្យាយាមបានរត់គេចចេញពីកន្លែងកើតហេតុ និងយករថយន្ដទៅផ្លុងចោល។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមច្បាប់ និងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្ដបង្ក។

ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនស្ដ្រីឈ្មោះ Sao LyChhing បានបង្ហោះសារទទួលស្គាល់ថា រថយន្ដបង្កហេតុជាកម្មសិទ្ធិរបស់ខ្លួនពិតប្រាកដមែន ប៉ុន្ដែមិនបានបញ្ជាក់ថាអ្នកណាជាអ្នកបើករថយន្ដនោះទេ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 6.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៦

ប្រវត្តិសិក្សាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី

ដោយមានការកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក សៀ ទីន ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផ្តល់ទំនុកចិត្ត ធ្វើការតែងតាំង ផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្តិ ជាបន្តបន្ទាប់រហូត ០៣លើក ពោលគឺ៖

*នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤៖ លោក សៀ ទីន ដែលមានតួនាទីជា នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឋានន្តរសក្តិវរសេនីយ៍ឯក ត្រូវបានក្រសួងការពារជាតិ សម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែងជា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

*នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ៖ លោកវរសេនីយ៍ឯក សៀ ទីន ឋិតក្នុងតំណែងជា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប។

*នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ៖ លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើង ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី។

*នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក សៀ ទីន ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ត្រី ជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ទន្ទឹមជាមួយ ការបញ្ចប់ ការសិក្សាបណ្ឌិតសភាយោធាអូស្ត្រាលី លោក សៀ ទីន ដែលក្នុងនាមជានិស្សិតរៀមច្បង ក៏បានផ្តួចផ្តើម ប្រមូលផ្តុំក្រុមនិស្សិតសិស្សប្អូន ដែលបានរៀនចប់ពីបណ្ឌិតសភាយោធាអូស្ត្រាលី ចងក្រងជាក្រុម មានឈ្មោះហៅកាត់ ថា RARA ( គឺជា ក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី) ដែលបច្ចុប្បន្ន លោក សៀ ទីន គឺជាប្រធានក្រុម។

លោក សៀ ទីន កើតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅក្រុងភ្នំពេញ គឺជាកូនប្រុសច្បង ក្នុងចំណោមកូន០៣នាក់ របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

នៅថ្ងៃដែលលោក សៀ ទីន ចាប់កំណើត លោក រ័ត្ន ស្រ៊ាង ដែលជាឪពុកនៅត្រឹមតែជាមន្ត្រីយោធាធម្មតា តែបានតស៊ូពុះពារគ្រប់ឧបសគ្គ ខ្នះខ្នែងផ្ចុងផ្តើមកូនឱ្យបានរៀនសូត្ររហូតបញ្ចប់ការសិក្សា។

បន្ទាប់ពីឆ្លងកាត់ការសិក្សាតាមលំដាប់ រហូតចម្រើនវ័យ១៨ឆ្នាំ ដោយមានចិត្តដិតជាប់ជាមួយឪពុក ដែលតែងតែ ស្លៀកឯកសណ្ឋានកងអាវុធហត្ថ ធ្វើឱ្យ លោក សៀ ទីន តាំងចិត្តប្តេជ្ញា ថានឹងចូលធ្វើការដូច ឪពុកដែរ ក៏សម្រេចចូលបម្រើការងារ ក្នុងកងរាជអាវុធហត្ថ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨ មានឋានន្តរសក្តិ ពលបាលឯក។

នៅខែមករា ឆ្នាំ២០០៩ លោក សៀ ទីន បានចូលរៀន នៅសាកលវិទ្យាល័យការពារជាតិ បានរយៈពេល ១ឆ្នាំ ក៏បានដាក់ពាក្យប្រលងជាប់អាហារូបករណ៍ទៅបន្តការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និង មហាវិទ្យាល័យ យោធាដាំទ្រូនប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រងយោធា និងរៀនបរិញ្ញាបត្រធុរកិច្ច ទន្ទឹមគ្នា នៅសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី ។ ក្នុងអំឡុងពេលសិក្សា នៅសាលាបណ្ឌិតសភា យោធាអូស្ត្រាលី លោក សៀ ទីន បានឆ្លងកាត់ការតស៊ូយ៉ាងលំបាកបំផុត ជាពិសេសការ ហ្វឹកហាត់បន្សាំជីវិត និងសមយុទ្ធនៅក្នុងព្រៃដែលធ្វើឡើង ដូចនៅក្នុងសង្គ្រាមជាក់ស្តែង ដោយឆ្លងកាត់គ្រប់ឧបសគ្គ សម្រាកក្នុងលានដ្ឋាន ពុំមានអាហារគ្រប់គ្រាន់ ឆ្លងកាត់ការ ផ្លាស់ប្តូរអាកាសធាតុពី ត្រជាក់ខ្លាំង ទៅក្តៅខ្លាំង ឆ្លងកាត់ការរស់នៅក្រោមភ្លៀងជាប្រចាំ រហូតសិក្ខាកាមក្នុងវគ្គជាមួយគ្នា ប្រលងជាប់ត្រឹមតែ៤០%ប៉ុណ្ណោះ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខណៈពេលដែលលោក សៀ ទីន កំពុងតស៊ូហ្វឹកហ្វឺនរៀនសូត្រ នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី លោក រ័ត្ន ស៊្រាង ដែលជាឪពុក ត្រូវបានថ្នាក់លើ ផ្លាស់ប្តូរមុខតំណែង ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឱ្យមកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

បន្ទាប់ពី លោក សៀ ទីន បានបញ្ចប់ថ្នាក់បណ្ឌិតសភាយោធាអូស្ត្រាលី, មហាវិទ្យាល័យយោធាដាំទ្រូន និងបរិញ្ញាបត្រធុរកិច្ច នៃសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី លោកបានត្រឡប់មក បម្រើការងារនៅអង្គភាពដើមវិញ ដើម្បីបម្រើជាតិ នៃមាតុភូមិកំណើត ក្នុងតំណែងជា អនុប្រធាន មន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ លោក សៀ ទីន បានផ្លាស់ប្តូរអង្គភាពពីអនុប្រធានមន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកជា នាយរង សេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយការងារ ហ្វឹកហ្វឺនជំនាញប្រតិបត្តិការ ពង្រឹងសមត្ថភាព កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយយកចំណេះជំនាញ ដែលលោកបានរៀននៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមបញ្ចូលជាមួយបទពិសោធន៍រៀមច្បង ចងក្រងជាមេរៀននិងបច្ចេកទេសថ្មីៗ ស្របតាមសម័យកាលរីកចម្រើននិងស្ថានភាពជាក់ស្តែង។
នៅខែកញ្ញា ឆ្នាំ២០១៤ លោក សៀ ទីន បានទៅរៀនបន្ថែមវគ្គសហប្រតិបត្តិការសន្តិសុខឈានមុខ នៅរដ្ឋហាវៃ សហរដ្ឋអាមេរិក។

នៅខែកុម្ភៈ ឆ្នាំ២០១៦ លោក សៀ ទីន បានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយ សាធារណៈ និងអភិបាលកិច្ច នៅសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី។

នៅឆ្នាំ២០២០ លោក សៀ ទីន បានទៅរៀនបន្ថែមវគ្គបញ្ជាការសេនាធិការ នៅសាកលវិទ្យាល័យ Goh Keng Swee Command and Staff College ដែលជាវគ្គខ្ពស់ជាងគេរបស់យោធាប្រទេសសិង្ហបុរី។

ក្នុងអំឡុងពេលបម្រើការងារនៅអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីទទួលបន្ទុកហ្វឹកហ្វឺនជំនាញ ប្រតិបត្តិការ ពង្រឹងសមត្ថភាពកងកម្លាំង លោក សៀ ទីន ក៏បានចូលរួមដឹកនាំប្រតិបត្តិការ បង្ក្រាបបទល្មើសធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយជោគជ័យជាហូរហែរដូចជា៖

*១៖ បង្ក្រាបក្រុមចោរប្លន់ម៉ូតូដែលតែងតែ បាញ់សម្លាប់ម្ចាស់យ៉ាងឃោរឃៅរាប់សិបករណីក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងខែធ្នូ ឆ្នាំ២០១៥ ដោយលទ្ធផលបណ្តាលឱ្យជនល្មើស ជាមេខ្លោងស្លាប់នៅនឹងកន្លែង០២នាក់ និងឃាត់ខ្លួនបក្ខពួកជាច្រើននាក់បញ្ជូនទៅតុលាការ រហូតមានការផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗលើសពី១០០ឆ្នាំ ទើបធ្វើឱ្យលែងមានករណីបាញ់ប្លន់សម្លាប់នៅរាជធានីភ្នំពេញ មកដល់ពេលបច្ចុប្បន្ន។

*២៖ បង្ក្រាបក្រុមចោរដែលប៉ុនប៉ងជម្រិតទារប្រាក់ និងប្លន់សម្លាប់ជនរងគ្រោះ ក្នុងបុរីអង្គរ ក្នុងខែមីនា ឆ្នាំ២០២១ ដោយលទ្ធផលបណ្តាលឲ្យក្រុមចោរ ០៤នាក់ ស្លាប់នៅនឹងកន្លែង, បង្ក្រាបក្រុមចោរប្លន់អ្នកលក់ឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ក្នុងខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីក្រុមនេះគេចខ្លួនបានមួយថ្ងៃ ដោយលទ្ធផលឃាត់ខ្លួន ក្រុមចោរមួយសំបុក ព្រមជាមួយអាវុធវែងខ្លីជាច្រើនដើម ដែលមានមេក្លោងជាប្រធាន គណបក្សខ្មែរក្រោក ឈ្មោះ William Guang។

*៣៖ ដឹកនាំកម្លាំងចេញប្រតិបត្តិការ បង្ក្រាប ករណីជំរិតទារប្រាក់ និងប្លន់សម្លាប់ជនរងគ្រោះ ដែលជាស្វាមីម្ចាស់ប្រែនឡាកាម៉ូ ក្នុងបុរីជីបម៉ុងឡែន 6A ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយលទ្ធផលបង្ខំឲ្យជនល្មើស ទាល់ច្រកបាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែង។

ក្រៅពីទទួលបន្ទុកហ្វឹកហ្វឺនជំនាញ និងដឹកនាំប្រតិបត្តិការបង្ក្រាប បទល្មើសឧក្រិដ្ឋធំៗ, លោក សៀ ទីន ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លើការរៀបចំផែនការ និងដឹកនាំកម្លាំងផ្ទាល់ ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយសណ្តាប់ធ្នាប់និងប្រសិទ្ធភាព ស្របតាមវិធានការ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

ក្រៅពីនេះលោក សៀ ទីន ក៏ធ្លាប់ទទួលភារកិច្ច ហ្វឹកហ្វឺនដល់ក្រុមបាញ់កាំភ្លើង កងយោធពលខេមរភូមិន្ទ ឲ្យមានភាពស្ទាត់ជំនាញ ដើម្បីទៅចូលរួមប្រកួតបាញ់កាំភ្លើង បែបប្រតិបត្តិការយោធា ក្នុងនាមកងទ័ពជើងគោកជាមួយបណ្តាប្រទេស១៩ផ្សេងទៀត ក្នុងកម្មវិធី AASAM ក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងនោះលោក សៀ ទីន ក៏បានចូលរួមប្រកួតខ្លួនឯងផ្ទាល់ ចំនួន០២ឆ្នាំជាប់គ្នាផងដែរ។

ជាមួយចំណេះជំនាញដែលបានសិក្សានៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក សាំងហ្កាពួ ព្រមទាំង បទពិសោធន៍ ហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងកម្លាំង និងភាពឈ្លាសវៃក្នុងការដឹកនាំអនុវត្តការងារជាក់ស្តែង ដឹកនាំប្រតិបត្តិការ បង្ក្រាប បទល្មើសធំៗ ប្រកបដោយសមត្ថភាពពិតប្រាកដទាំងអស់នេះហើយ ទើប លោក សៀ ទីន ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ផ្តល់ទំនុកចិត្ត ធ្វើការតែងតាំង ផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្តិ ជាបន្តបន្ទាប់ដូចសព្វថ្ងៃ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 11.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២៦

អភិបាលខេត្តបាត់ដំបង ស្នើភាគីហ្វីលីពីនជួយជំរុញ វិនិយោគិន ទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ

ខេត្តបាត់ដំបង៖ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកែច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។ក្នុងន័យនេះឯកឧត្តមបានស្នើភាគីហ្វីលីពីនជួយជំរុញ និងបង្កលក្ខណៈឱ្យវិនិយោគិន ព្រមទាំងទេសចរមកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អ។

ឯកឧត្តម សង្កត់ធ្ងន់ថា អង្កររបស់ប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកជាបន្តបន្ទាប់ គឺជាអង្ករដែលផលិតនៅក្នុងខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ជំរុញឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង ឬខេត្តណាមួយនៃប្រទេសហ្វីលីពីន ជាមួយខេត្តបាត់ដំបងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យកាន់តែជិតស្និទបន្ថែមទៀត។

ឯកឧត្តមក៏បានបញ្ជាក់ប្រាប់ប្រតិភូហ្វីលីពីនថា រដ្ឋបាលខេត្តបាត់ដំបងរង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ និងភ្ញៀវទេសចរហ្វីលីពីនមក វិនិយោគ ទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈងាយស្រួលជូនគ្រប់បែបយ៉ាង។

ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ បានជម្រាបជូនប្រតិភូហ្វីលីពីនអំពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពលនៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូផងដែរ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម សេនេន ធី. ម៉ាងកាលីឡេ (Senen T. Mangalile) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតហ្វីលីពីននិងរដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកំណើននៃការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងកិច្ចសហប្រតិបត្តិការល្អររវាងប្រទេសហ្វីលីននិងប្រទេសកម្ពុជា ជាពិសេសកំណើននៃការនាំចូលអង្ករក្នុងចំនួនច្រើនពីកម្ពុជាទៅកាន់ហ្វីលីពីនក្នុងពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តមលើកឡើងបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនហ្វីលីពីនមួយចំនួនបាននិងកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋមន្រ្តីរបស់ប្រទេសហ្វីលីពីនក៏បានជំរុញដល់អ្នកវិនិយោគឱ្យបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។

ឯកឧត្តម លើកឡើងពីគម្រោងរៀបចំវេទិកាធុរកិច្ចដ៏ធំមួយរវាងហ្វីលីពីន និងកម្ពុជាដែលនឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន។
ឯកឧត្តម មើលឃើញថា ប្រជាពលរដ្ឋហ្វីលីពីនបាននិងកំពុងបំពេញការងារលើវិស័យផ្សេងៗនៅក្នុងខេត្តបាត់ដំបងប្រកបដោយសុខសុវត្ថិភាព និងថ្លែងអំណរគុណដល់អាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២៦

ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពនិងស្ថិរភាពសង្គម ជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែលយើងត្រូវរួមគ្នាថែរក្សានិងការពារ

«សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយដែលកំពុងធ្វើឱ្យពិភពលោកមានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភ​ដូចសព្វថ្ងៃ ​បានធ្វើឱ្យមនុស្សជាតិ​និងមេដឹកនាំពិភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាព​សង្គម។ នៅកម្ពុជា សន្តិភាពនិងស្ថិរភាពសង្គមដែលបានមកដោយលំបាក ​ត្រូវបានថែរក្សា​យ៉ាងល្អ​ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និង​បានផ្តល់ផលប្រយោជន៍ធំធេងមិនធ្លាប់មានដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា បន្តថា ដើម្បីការពារសមិទ្ធផលដ៏ធំធេងនេះឱ្យបានគង់វង្សជារៀងរហូត ពួកយើងជាមន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យ​មានតួនាទីសំខាន់មិនអាចខ្វះបាន ពោលគឺតួនាទីបន្សាបរាល់ព័ត៌មានទាំងឡាយណា​ដែលមានចរិតញុះញង់ បំផ្លើសបំភ្លៃ ក្នុងគោលដៅបំផ្លាញសន្តិភាពនិងស្ថិរភាពសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន។ «ក្នុងករណីមានព័ត៌មានបែបនេះកើតឡើង ហើយបើយល់ឃើញថាចាំបាច់ ពួកយើងត្រូវតែស្រាយបំភ្លឺដើម្បីកុំឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំ។ ទន្ទឹមនឹង​ប្រតិកម្មឆ្លើយតប ការងារមួយទៀតដែលយើងត្រូវធ្វើដំណាលគ្នាគឺ បុរេសកម្មពោលគឺ ការបន្តផ្សព្វផ្សាយ​អំពីតម្លៃសន្តិភាព និងស្ថិរភាពសង្គម និងសមិទ្ធផលទាំងឡាយដែលកើតចេញពីសន្តិភាព ពីព្រោះនេះជាស្នាដៃធំធេងមិនធ្លាប់មាន​របស់រាជរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា» នេះជាការគូសបញ្ជាក់របស់​ឯកឧត្តម ប៉ែន បូណា​។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានកត្តាសំខាន់ពីរដែលកម្ពុជាអាចថែរក្សាបានយ៉ាងល្អនូវសន្តិភាព និងស្ថិរភាពសង្គមរយៈពេលយូរគឺ ទី១៖ គឺកម្ពុជាមានថ្នាក់ដឹកនាំដែលយល់ច្បាស់អំពីប្រវត្តិសាស្ត្រអតីតកាល​ ហើយបានតស៊ូលះបង់​គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពយ៉ាងលំបាកលំបិនបំផុត ហើយ ថែមទាំង​​បាន​ឈរជាជន្ទល់យ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ទី២៖ គឺ​យើងមានប្រជាពលរដ្ឋដែលឆ្លាតវៃ និងមានការយល់ដឹងខ្ពស់ជាងក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់សង្គមខ្មែរ និងបំផ្លាញសន្តិភាព។ ប្រជាពលរដ្ឋខ្មែរតែងផ្តល់តម្លៃខ្ពស់ដល់សុខសន្តិភាព និងឈរជាកម្លាំងយ៉ាងរឹងមាំពីក្រោយរាជរដ្ឋាភិបាល។ ជាលទ្ធផល ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនា​របស់ពួកគេដែលព្យាយាមបំផ្លាញសន្តិភាព បំបែកបំបាក់សង្គមខ្មែរ និងតែងតែហុចដងដាវឱ្យ​សត្រូវឈ្លានពានទឹកដី កំពុងស្ថិតក្នុងស្ថានភាពឯកោយ៉ាងខ្លាំងដោយសារប្រជាពលរដ្ឋឈប់គាំទ្រ។

«ដូច្នេះ យើងទាំងអស់គ្នា​ត្រូវបន្តរួមចំណែក​ការពារសន្តិភាព និង​ការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ បន្សាបព័ត៌មានភូតកុហក ឬ​ព័ត៌មានដែលមានចរិតញុះញង់​ និងបន្តវែកមុខក្រុមដែលចង់បំផ្លាញសន្តិភាព និងក្រុមដែលបម្រើបរទេសឈ្លានពានទឹកដី ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់កាន់តែច្បាស់»។ នេះជាការសង្កត់ធ្ងន់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបចំនួនជាង ២០០នាក់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៦

ចាប់ខ្លួនមេខ្យល់ បម្រុងនាំពលរដ្ឋខ្មែរចូលទៅថៃ

ខេត្តបាត់ដំបង៖មេខ្យល់ម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនខណៈបម្រុងនាំពុលរដ្ឋខ្មែរចំនួន ១១នាក់ចូលទៅទឹកដីប្រទេសថៃ។

សមត្ថកិច្ចអាវុធហត្បានឲ្យដឹងថា នៅវេលាម៉ោង19.00នាទី ថ្ងៃទី24 ខែតុលា ឆ្នាំ2026 នៅចំណុចភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ (មេខ្យល់) ដែលបំរ៉ុងនាំពលករខ្មែរលួចឆ្លងដែនទៅប្រទេសថៃចំនួន11នាក់ ក្នុងនោះស្រី7នាក់ ប្រុស5នាក់។

ជនដែលឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម
1-ឈ្មោះ ផល ម៉ាន់ភេទប្រុសអាយុ42ឆ្នាំ(អ្នកនាំពលករ)មានទីលំនៅភូមិស្វាយឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង
2-ឈ្មោះ វឿន ម៉ីម៉ី ភេទស្រីអាយុ23ឆ្នាំ(ពលករ)មានទីលំនៅភូមិព្រៃឃ្លូតឃុំព្រៃត្រឡាចស្រុកម៉ោងខេត្តបាត់ដំបង។
3-ឈ្មោះសារ៉ាវុធ ដាវណ្ណភេទស្រីអាយុ22ឆ្នាំ(ពលករ)មានទីលំនៅភូមិព្រៃឃ្លូកឃុំព្រៃត្រឡាចស្រុកម៉ោងឮស្សីខេត្តបាត់ដំបង
4-ឈ្មោះឈឿន ឈឿបភេទស្រីអាយុ39ឆ្នាំ(ពលករ)រស់នៅភូមិប្រាំដំឡឹងឃុំតាសោមស្រុកអង្គរជុំខេត្តសៀមរាប។
5-ឈ្មោះទូច លីដា ភេទស្រីអាយុ19ឆ្នាំមានទីលំនៅភូមិអណ្តូងត្រាចឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង។
6-ឈ្មោះភីន លីនភេទស្រីអាយុ48ឆ្នាំ(ពលករ)មានទីលំនៅភូមិបឹងព្រីងឃុំបឹងព្រីងស្រុកថ្មភោលខេត្តបាត់ដំបង។
7-ឈ្មោះទួកស្រី ជីភេទស្រីអាយុ15ឆ្នាំ(ពលករ)មានទីលំនៅភូមិកោកក្រួចឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាប។
8-ឈ្មោះធួក ចាន់ធួនភេទស្រីអាយុ32ឆ្នាំ(ពលករ)មានទីលំនៅភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
9-ឈ្មោះឈៀង វ៉ាន់ឆៃភេទប្រុសអាយុ41ឆ្នាំ(ពលករ)មានទីលំនៅភូមិបត់ត្រង់ឃុំបត់ត្រង់ស្រុកមង្គោលបូរីខេត្តបន្ទាយមានជ័យ។
10-ឈ្មោះ ម៉ៃ សំបុកភេទប្រុសអាយុ39ឆ្នាំ(ពលករ)មានទីលំនៅភូមិចារការឃុំចាឈូកស្រុកអង្គរជុំខេត្តសៀមរាប
11-ឈ្មោះកាន់សំបួនភេទប្រុសអាយុ46ឆ្នាំមានទីលំភូមិខ្លែងពណ៏ភូមិស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
12-ឈ្មោះរស់ ឆេនភេទប្រុសអាយុ26ឆ្នាំ(ពលករ)មានទីលំនៅភូមិអំបែងខ្ញែឃុំរកាស្រុកសង្កែខេត្តបាត់ដំបង។
+វត្ថុតាងដកហូតរួមមាន
-ទូរសព្ទ័ ចំនួន 1គ្រឿង រថយន្តកាមម៉ារីពណ៏ខ្មៅ ស្លាកលេខ សៀមរាប2A-6728 ចំនួន1គ្រឿង។
បច្ចប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបញ្ជូនការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តនិតិវិធី៕SRP

Like 197
Comment 0
Share ចែកចាយ
Views 9.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៦

គណៈកម្មាធិការគណបក្សឃុំស្លែងស្ពាន រៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការងារបក្ស និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ

គណៈកម្មាធិការគណបក្សឃុំស្លែងស្ពាន ស្រុកស្រីស្នំ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការងារបក្ស និងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ក្រោមវត្តមានចូលរួមពី ឯកឧត្តម ម៉ន សាម៉ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្លែងស្ពាន ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាគណបក្សជាច្រើនរូប។

យោងតាមរបៀបវារៈនៃកិច្ចប្រជុំ អង្គប្រជុំបានស្ដាប់ និងពិភាក្សាលើការងារមួយចំនួនរួមមាន: ការផ្សព្វផ្សាយឯកសារជំនួយស្មារតីរបស់គណៈឃោសនាអប់រំគណៈកម្មាធិការកណ្ដាល និងទិសដៅបន្តការងារ។ ការបង្ហាញពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធមេគ្រួសារបក្ស សមាជិកបក្សផ្សព្វ និងការរៀបចំបញ្ជីអ្នកបោះឆ្នោតតាមភូមិ។ ការអានផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោតសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ និងការពិភាក្សាលើការចំណាយបោះពុម្ពបណ្ណសមាជិកបក្សតាមសាខាបក្សភូមិ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ន សាម៉ុន បានផ្ដាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តខិតខំពង្រឹងស្មារតីសាមគ្គីភាព កសាង និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធបក្សឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខឱ្យទទួលបានជោគជ័យ។

ឯកឧត្តមបានលើកឡើងថា ត្រូវរៀបចំបណ្តុះបណ្តាលមន្ត្រីរបស់យើងពីលើដល់ក្រោម ទាក់ទងទៅនឹងអាកប្បកិរិយារបស់បេក្ខជន ដែលត្រូវឈរឈ្មោះដឹកនាំគ្រប់គ្រងប្រជាជន និងការចេះគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាជនក្នុងមូលដ្ឋានខ្លួន។ ត្រូវអប់រំ និងពន្យល់ប្រជាជនក្នុងមូលដ្ឋាន ឱ្យបានយល់ពីគុណសម្បត្តិ របស់រាជរដ្ឋាភិបាល ព្រមទាំងគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់សម្ដេច ព្រមទាំងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងតំបន់ប្រវត្តិសាស្ត្រ X16។ ត្រូវពង្រីកកម្លាំងបក្សឱ្យបានគ្រប់ពេលវេលា និងខិតខំបញ្ចូលយុវជនថ្មីៗឱ្យចូលរួមរស់ជីវភាពជាមួយបក្សជាប្រចាំ។ ត្រូវពង្រឹង និងអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយត្រូវអប់រំ និងណែនាំប្រជាពលរដ្ឋឱ្យចេះជៀសឆ្ងាយពីគ្រឿងញៀន។ ជាពិសេសត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ បម្រើសេវាជូនពួកគាត់ឱ្យបានល្អបំផុត និងជៀសវាងមានអាកប្បកិរិយាមិនល្អទៅកាន់ពលរដ្ឋ ។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបក្សនៅមូលដ្ឋាន ឯកឧត្តមក៏បានផ្ដល់អំណោយជា ម៉ាស៊ីនព្រីនចំនួន ១គ្រឿង ជូនដល់ទីស្នាក់ការគណបក្សឃុំ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការដ្ឋបាល និងបម្រើឱ្យសកម្មភាពការងារបក្សផងដែរ៕SRP

អត្ថបទ៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 197
Comment 0
Share ចែកចាយ
Views 2.6K
Sponsored
Older posts
Page1 Page2 … Page696 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ចុះផ្សាយថ្ងៃទី ៩ វិច្ឆិកា ២០២៦
រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត រដ្ឋមន្ត្រីហ៊ុន ម៉ានី ចុះពិនិត្យឃើញ កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងប៉ះពាល់បរិស្ថាន និងមិនមានលិខិតអនុញ្ញាត ចុះផ្សាយថ្ងៃទី ៩ វិច្ឆិកា ២០២៦
ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ឯកឧត្តម សុខ លូ ណែនាំឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ដោះស្រាយទុក្ខលំបាក ចុះផ្សាយថ្ងៃទី ២ វិច្ឆិកា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×