ខេត្តកំពង់ចាម៖ចាស់ជរាគ្មានទីពឹងនិងជនពិការចំនួន៤៦គ្រួសារនៅក្នុងឃុំពង្រនិងឃុំល្វេនៃស្រុកកោះសូទិនបានទទួលអំណោយ មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមនៅព្រឹកមិញនេះក្រោមវត្តមានរបស់លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តដោយមានការអមដំណើរពីអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះសូទិនផងដែរ។
ឆ្លៀតក្នុងនាឱកាសនោះដែរលោកអ៊ុនចាន់ដា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ដឹងអំពីវិធីបង្ការការពារការរាតត្បាតនៃជម្ងឺកូវីដ១៩ដែលកំពុងរីករាលដាលទូទាំងសកលលោកនិងវិធានការដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែកចំពោះបងប្អូនពលករពលការីនីដែលទើបនឹងត្រឡប់មកពីបរទេសឲ្យមានការប្រើប្រាស់ម៉ាស ឲ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ។ ព្រមទាំងបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការយកចិត្តទុកដាក់ការការពារខ្លួនពីជំងឺកូវីដ១៩និងសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយអំពីវិធានការការពារអប់រំអំពីអនាម័យនិងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាស។
គួរបញ្ជាក់ផងដែរថាអំណោយដែលបាននាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាមត្រីខ០១យួរ,មី០១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ឃីត០១កញ្ចប់(មុង០១ភួយ០១សារុង០១និងក្រមា០១)ថវិកា២០,០០០រៀលនិងសាប៊ូ២ដុំ។ដោយឡែកគ្រួសារពិការ១គ្រួសារ ឧបត្ថម្ភរ៉ឺម៉ក១គ្រឿង៕SRP

