ខេត្តបន្ទាយមានជ័យ៖លោកសេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវនៅរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ អមដំណើរដោយលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ ០៣នាក់ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូននាពេលនេះរួមមាន៖ អង្ករខ្សាយ ចំនួន ២០០គីឡូក្រាម, ស្ករ-ស ០៥គីឡូក្រាម, ទឹកដោះគោម្សៅ ១កេសធំ, សារុង០២, ក្រមា ០២ និងថវិកាចំនួន ៥,០០០,០០០ (ប្រាំលាន) រៀល។ កូនភ្លោះ ៣នាក់ ដែលបានប្រសូត្រនៅក្រុងប៉ោយប៉ែតនេះ បានក្លាយជាចៅៗ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកសេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូររយ៉ាងហ្មត់ចត់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣នាក់។ មិនតែប៉ុណ្ណោះ សម្តេចទាំងទ្វេបានចាត់ទុកកូនភ្លោះ ៣នាក់នេះ ជាចៅរបស់សម្តេចថែមទៀតផង។
ជាមួយគ្នានោះដែរ លោក សេង ទៀង និងលោកជំទាវ ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នាក់នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ។
សូមជម្រាបជូនថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ មានឪពុកឈ្មោះ ខន យ៉ាន អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះ ជួប ចិត្ត អាយុ ៣២ឆ្នាំ និងនាមឈ្មោះកូនភ្លោះទាំង ៣នាក់ រួមមាន៖
១-កូនស្រីទី១ ឈ្មោះ កឹម ឡង
២-កូនស្រីទី២ ឈ្មោះ កឹម ឡា
៣-កូនស្រីទី៣ ឈ្មោះ កឹម ឡៃ។
សូមជំរាបថានេះជាគ្រួសារកូនភ្លោះ៣នាក់ លើកទី៣៦០ហើយ នៅទូទាំងប្រទេស ដែលទទួលបានអំណោយយសប្បុរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕SRP
