ខេត្តកំពង់ចាម៖ដោយពិនិត្យឃើញ អំពីបញ្ហាប្រឈម របស់រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួន សម្រាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ខណៈអស់ជាច្រើនទស្សវត្ស ត្រឹមសុំអាគារគេធ្វើការនោះ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់គម្រោងសាងសង់សាលាសង្កាត់បឹងកុកថ្មី នៅលើទំហំដី៤០x៥០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយតម្រូវឲ្យមានការចាក់ដី និងធ្វើផ្លូវចូលប្រវែងជាង១៦០ម៉ែត្រ ផងដែរ។
លោកអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យទ្វារទឹក១កន្លែង និងច្រាំងទន្លេ ប្រវែង២០ម៉ែត្រ ដែលហូរច្រោះ ដោយសារទឹកភ្លៀងមួយមេធំ កាលពីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើការជួសជុលជាបន្ទាន់ផ្នែកដែលហូរច្រោះ ដើម្បីជៀសវាងការបាក់ស្រុតច្រាំងទន្លេបន្ថែម នាំឲ្យខូចខាតសំណង់ទ្វាទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះ ផផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត គ្រោងនឹងសាងសង់អាគារសាលាឃុំ-សង្កាត់ថ្មី ចំនួន១១កន្លែងបន្ថែមទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះខេត្តកំពង់ចាម មានអគារសាលាឃុំ-សង្កាត់ តាមគំរូស្តង់ដាររបស់ក្រសួងមហាផ្ទៃ ចំនួន៩៨ ឃុំ-សង្កាត់ លើ១០៩ឃុំ សង្កាត់៕SRP
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

