ខេត្តសៀមរាប៖យុវតីម្នាក់ត្រូវបានឪពុកបង្កើតវាយសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចបានប្រាប់អង្គភាព សៀមរាប៉ុស្ដិ៍ នៅព្រឹក ថ្ងៃអង្គារនេះថា ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចកញ្ចុះមុខផ្ទះស្ថិតនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់បន្តថា ជនរងគ្រោះឈ្មោះ ង៉ិក ស្រីគីម ភេទស្រី អាយុ១៤ ឆ្នាំ។ ចំណែក ជនសង្ស័យជាឪពុក ឈ្មោះ ឈិត ង៉ែត ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរប កសិករ។
បើតាមសមត្ថកិច្ច ករណីហិង្សា ឪពុកវាយកូនរហូតដល់ស្លាប់នេះ មូលហេតុ ឪពុកខឹងនិងកូននិយាយទូរស័ព្ទ (ថាឲ្យឈប់និយាយទូរស័ព្ទ តែមិនស្តាប់ក៏វាយចំកញ្ចាំងករពីក្រោយចំនួន៣ ដៃ បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្ដង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យជាឪពុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕នាគខៀវ


