ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៦០១ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនបាននៅវេលាម៉ោង ០៤និង០៨នាទីទាបភ្លឺ ថ្ងៃទី២២ខែមេសាម្សិលមិញ។
ជនសង្ស័យឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះដកហូតវត្ថុតាងម៉ូតូហុងដាទ្រីម សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ/លេខម៉ាស៊ីន 5433225 (គ្មានផ្លាកលេខ), កាំបិតតាំងតោ០១, សាក់កាដូដាក់ខោអាវ០១, កូនសោរកុងតាក់០១ សោឆ្នៃអក្សT០១។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញសាកសួរជនសង្ស័យបានសារភាពថារូបខ្លួនពិតជាបានប្រព្រឹត្តអំពើលួចម៉ូតូខាងលើ កាលពីវេលាម៉ោងប្រហែល ០៤ទាបភ្លឺ ចុងខែមីនាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និង ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ទៅទទួលយកជនសង្ស័យ និងវត្ថុតាង ពីការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីយកមកអនុវត្តតាមនីតិវិធី៕SRP
