ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តបានចុះដោះស្រាយបញ្ហាដីធ្លី និងសម្រេចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដល់ពលរដ្ឋ២០គ្រួសារ។
ការដោះស្រាយនិងសម្រេចចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះនៅថ្ងៃអង្គារទី២៣ខែមិថុនានេះនៅចំណុចដីទួលចំបុី ក្នុងភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍បានឲ្យដឹងថា ភាពរីករាយដែលប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺជាក្តីកង្វល់កន្លងមកដែលមិនទាន់មានដំណោះស្រាយ។ ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ ថ្ងៃនេះអាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះដោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋ២០គ្រួសារ រស់នៅចំណុចខាងលើដែលជាដីទីទួលសុវត្ថិភាពសម្រាប់ទុកអោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់មកស្នាក់នៅបណ្តោះអាសន្ន។ ដោយពិនិត្យលើស្ថានភាពជាក់ស្តែងឃើញប្រជាពលរដ្ឋរស់នៅនិងបានអាស្រ័យផលលើដីនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តបានឯកភាពសម្រេចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់តែម្តង ជាហេតុធ្វើអោយពលរដ្ឋមានការត្រេកអររកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕SRP
សៀមរាប ប៉ុស្តិ៍
២៣ មិថុនា ២០២០

