ខេត្តបន្ទាយមានជ័យ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ១កក្កដានោះទេ គឺអាចធ្វើរាល់ថ្ងៃ អោយតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។ ការដាំកូនឈើក៏ដូចគ្នាដែរ មិនមែនធ្វើតែនៅក្នុងរុក្ខទិវា៩កក្កដានោះទេ គឺអាចធ្វើបានរាល់ថ្ងៃ។
សម្តេចហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញព្រលែងកូនត្រី ក្នុងទិវាមច្ឆជាតិ១កក្កដា នៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ នៅថ្ងៃសុក្រ នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅអាងត្រពាំងថ្មនាពេលនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីអំឡុងខែមីនា ឆ្នាំ២០០៦។
សម្តេចហ៊ុន សែន បានបន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវអនុវត្តន៍ឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយនោះ តាមអ្វីដេលសម្តេចបានដាក់ចេញនូវបទបញ្ជាកន្លងទៅនេះ។ សម្តេចតេជោ ក៏ថ្លែងនូវការអំពាវនាវអោយប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣បន្តទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាស និងចេញបទបញ្ជាឱ្យអាជ្ញាធរមីន និងវិស័យឯកជន ក្នុងការដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយតំបន់នេះជាតំបន់ដែលគ្មានមីនតទៅទៀត។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំដាក់គម្រោងជួសជុលស្ពានដែលខូចខាតកន្លងមកដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣។
តាមរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ៕SRP


ភ្នំពេញ៖កម្ពុជា ចាប់ផ្ដើមមានកូវីដ១៩ សារជាថ្មី បន្ទាប់ពីអាក់ខានរយ:ពេល៥២ថ្ងៃ។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ប្រកាស បន្ទាន់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ។ សារសំឡេងសម្ដេច ហ៊ុន សែន ខាងក្រោម៖