ខេត្តកំពង់ចាម៖លោកយឹម ឆៃលី បានថ្លែងសង្កត់ធ្ងន់ថា “មាស ដែលចម្រាញ់ចេញពីរ៉ែធម្មជាតិ វាគង់នឹងរីងស្ងួតអស់នៅពេលណាមួយ ប៉ុន្តែ មាស ដែលចម្រាញ់ពីខួរក្បាលមនុស្ស ពិតជាមិនអាចរីងស្ងួតអស់នោះទេ”។ ដោយរាជរដ្ឋាភិបាល បានពង្រឹងនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីធានា និងសម្រេចឱ្យបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសជាងពីឆ្នាំមកនេះ បានការពារ និងទប់ស្កាត់ប្រកបដោយប្រសិទ្ឋិភាពនូវជម្ងឺកូវីដ១៩ ផ្តល់ឱកាសមាសមួយសម្រាប់ក្មួយៗទទួលបានការសិក្សារៀនសូត្រ ដើម្បីអប់រំខ្លួនយើងឱ្យក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គម។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ១.២៦២នាក់ នៃសាខាសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម នៅមណ្ឌលអភិរក្សសួនគ្រញូង នគរបាជ័យ។
ពិធីនេះនៅព្រឹកមិញដោយមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើនជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងពិធី លោក យឹម ឆៃលី មានប្រសាសន៍ទៀតថា វិស័យអប់រំបានដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញការអភិវឌ្ឍ លើគ្រប់វិស័យ និងធានានិរន្តរភាព នៃការអភិវឌ្ឍ ទាំងនោះ ប្រៀបបាននឹងរោងចក្រ កែច្នៃមនុស្ស ដែលជាកោសិកាមួយដ៏សំខាន់ នៅក្នុងសង្គម ហើយពួកគេត្រូវមានចំណេះដឹង មានសមត្ថភាពវិជ្ជាជីវៈ មានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីនានា ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមមនុស្ស នៅក្នុងបរិបទនៃសម័យឌីជីថល អច្ឆរិយៈបច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើប។
លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន បានមានប្រសាសន៍ថា អស់រយៈពេលជិត២០ឆ្នាំមកនេះ សកលវិទ្យាលវេស្ទើន បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៏គុណភាពជាចម្បង ដោយទទួលបាននូវការវាយតម្លៃខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិអំពីគុណភាពនៃការសិក្សា និងបានធ្វើកិច្ចសហការជាមួយសកលវិទ្យានានាលើសកលលោក ពិសេសថ្មីៗនេះ សាកលវិទ្យាល័យវេស្ទើន បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ យ៉ុងណាម ដែលជាសាកលវិទ្យាល័យដ៏ធំ និងល្បីល្បាយនៃសាធារណៈរដ្ឋកូរ៉េ លើជំនាញ ចលនាភូមិថ្មី (សាម៉ោលអុនឌុង) ដែលមានចរិតជួយដល់កសិករ ពាណិជ្ជករ ផលិតករ នៅតាមទីជនបទ ក្នុងការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក៕SRP


ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងករណីដែលផ្សព្វផ្សាយអំពី បុគ្គលម្នាក់ជិះរថយន្តដេញតាមកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ ហើយទាញអាវមកពាក់ ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថនោះជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំទទួលបានព័ត៌មាននេះរួចហើយ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកការពិត។
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា«ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ ! »ផ្នត់គំនិតនេះ ល្មមដូរហើយ។ តាមរយៈគណីហ្វេសប៊ុករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរថា៖ ចង់និយាយរឿងមួយ ! នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ ខ្ញុំបានដើរមើលពីព័រណ៌ផលិតផលខ្មែរ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំនៅក្នុងសណ្ឋាគារ សុខាជ្រោយចង្វា។
លោក ខៀវ កាញារីទ្ធ បន្តថា៖ ខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ ដែលដាក់តាំងបង្ហាញ ហើយ មួយចំនួនធំមាននៅតាមខេត្តទៅទៀត។ ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន។ «ផ្នត់គំនិតនេះ ល្មមដូរហើយ» ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ !៕SRP