ខេត្តសៀមរាប៖មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ហាក់បញ្ចេញការប្រតិកម្មនិងចំណងជើង ការផ្សាយរបស់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ជុំវិញ គម្រោងដេញថ្លៃជួសជុលផ្លូវ នៅស្រុកពួក។
ប្រតិកម្មរបស់មន្ត្រីបែបនេះ បន្ទាប់ពី អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ បានចុះផ្សាយ នូវចំណងជើងមួយថា «បែកធ្លាយ រឿងនៅស្រុកពួក ខេត្តសៀមរាប មានក្រុមហ៊ុនចំនួន២ ដេញថ្លៃធ្វើផ្លូវមូលនិធិឃុំនៅស្រុកពួក សហការគ្នា ហាក់បីមិនមានការប្រកួតប្រជែង»។
ក្រោយពីអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ បានចេញផ្សាយនូវចំណងជើងខ្លីយ៉ាងដូច្នេះ មន្ត្រីរដ្ឋបាលខេត្តសៀមរាប ពីថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២៣នេះ បានធ្វើលិខិតអញ្ជើញ ចាងហ្វាងអង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ទៅចូលរួមកិច្ចប្រជុំពិភាក្សាមួយទៅរសៀលថ្ងៃចន្ទ ម្សិលមិញ រដ្ឋបាលស្រុកពួក។
កិច្ចប្រជុំនេះ ដឹកនាំរបស់លោក សាន ណារិត អភិបាលរងស្រុកពួក ដោយមានការចូលរួមពីសំណាក់លោក ទេព ពិសិដ្ឋ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាបរាប និង លោក លីវ សាន្ត អនុប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងលោក លោកស្រីជាមន្ត្រីសាលាខេត្ត មន្ត្រីសាលាស្រុកពួក មេឃុំ ស្មៀនឃុំ មន្ត្រីលទ្ធកម្មឃុំទាំងពីរ និងតំណាងសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ដោយផ្ដោតលើការផ្សាយរបស់សារព័ត៌មាន សៀមរាបប៉ុស្តិ៍។
លោក សាន ណារិត បានលើឡើងថា បន្ទាប់ពីមានការដាក់ឲ្យដំណើរការដេញថ្លៃលើគម្រោងមូលនិធិឃុំ សង្កាត់ នៅក្នងឃុំចំនួន២ គឺឃុំរើល ឃុំព្រៃជ្រូក កាលពីថ្ងៃទី១៥ ខែសីហា រួចមក ស្រាប់តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ បានចុះផ្សាយដោយចំណងជើងថា បែកធ្លាយ រឿងនៅស្រុកពួក ខេត្តសៀមរាប មានក្រុមហ៊ុនចំនួន២ ដេញថ្លៃធ្វើផ្លូវមូលនិធិឃុំនៅស្រុកពួក សហការគ្នា ហាក់បីមិនមានការប្រកួតប្រជែង ដែលការផ្សាយនេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់រដ្ឋបាលស្រុក និង ឃុំ ពិសេសបានធ្វើឲ្យសាធារណជនមានការយល់ច្រឡំជាខ្លាំង លើដំណើរការនៃការដេញថ្លៃធ្វើផ្លូវមូលនិធិឃុំនៅស្រុកពួក។
លោកបន្តថា រាល់ដំណើរការនៃការអនុវត្តគម្រោងដេញថ្លៃធ្វើផ្លូវមូលនិធិឃុំ គឺរដ្ឋបាលស្រុក និងឃុំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនីតិវិធីនៃច្បាប់ តាំងពីដំណាក់កាលដំបូងរហូតដល់ពេលបញ្ចប់ ដែលអ្វីៗបានប្រព្រឹត្តទៅរលូន ហើយនៅពេលនោះដែរ មិនមានប្រតិកម្មណាមួយកើតឡើងពីម្ចាស់ក្រុមហ៊ុន ឬអ្នកសារព័ត៌មាន ដែលបានចូលរួមមើលឃើញថាមានភាពមិនប្រក្រតីដែរ ដូច្នេះការផ្សាយរបស់អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ រដ្ឋបាលស្រុកនិងឃុំ មិនអាចទទួលយកបានឡើយ សុំឲ្យមានការកែតម្រូវឡើងវិញ។
លោកស្រី ធិម សុគន្ធី មេឃុំព្រៃជ្រូក និង លោក ភួង មករា មេឃុំរើល បានអះអាងថា ការដេញថ្លៃរបស់ក្រុមហ៊ុនដាក់ប្រជែងដេញថ្លៃធ្វើផ្លូវមូលនិធិនោះ រដ្ឋបាលឃុំធ្វើតាមគោលការណ៍ច្បាប់របស់ក្រសួង និង ធ្វើតាមនីតិវិធីនៃច្បាប់ទាំងអស់ ហើយក៏មិនបានឃុបឃិតគ្នាឡើយ ពីព្រោះនៅពេលយើងដេញថ្លៃម្តងៗ គឺមានមន្ត្រីទីចាត់ការផែនការវិនិយោគខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មាន បានចូលរួម ហើយតាមគោលការណ៍របស់គណៈកម្មការដេញថ្លៃ បើក្រុមហ៊ុនណាដាក់តម្លៃទាបជាងគេ គឺគណ:កម្មការទទួលយកក្រុមហ៊ុននោះជាអ្នកទទួលធ្វើ។
លោក លីវ សាន្ត អនុប្រធានមន្ទីរព័ត៌មានខេត្ត បានលើកឡើងថា ចំណងជើងដែលបានផ្សាយដោយអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ពិតជាធ្វើឲ្យសាធារណជនវាយតម្លៃថា មានភាពមិនប្រក្រតីពិតមែន ដូច្នេះក្នុងឱកាសនេះ សំណូមពរដល់អ្នកយកព័ត៌មាន សូមផ្សាយព័ត៌មានណា ដែលពិត និង មានប្រភពច្បាស់លាស់ ពិសេសត្រូវស្វែងរកព័ត៌មានបន្ថែមពីអ្នកពាក់ព័ន្ធទាំងអស់ យកមកធ្វើការផ្សព្វផ្សាយ ដើម្បីកុំឲ្យមានការភាន់ច្រឡំ ដល់សាធារណៈជន និង សំណូមពរដល់គ្រប់ស្ថាប័នទាំងអស់ សូមជួយផ្ដល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីធ្វើឲ្យព័ត៌មាន នោះមានតុល្យភាព និង សុក្រិតភាព។
លោក ទេព ពិសិដ្ឋ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាប បានឲ្យដឹងថា ពាក្យថាបែកធ្ហាយ គឺជារឿងដែលសន្មតថា មានភាពមិនប្រក្រតី ដូច្នេះការផ្សាយរបស់អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ គឺរដ្ឋបាលខេត្តបានទទួលការណែនាំពីក្រសួងមហាផ្ទៃ ហើយឯកឧត្ដមអភិបាលខេត្ត បានចាត់រូបលោកឲ្យចុះមកធ្វើការសិក្សា ស្រាវជ្រាវរឿងនេះជាបន្ទាន់ ដើម្បីរកភាពមិនប្រក្រតីដូចការផ្សាយរបស់សារព័ត៌មាន ហើយបើរកឃើញថាកើតមានឡើងមែន ត្រូវចាត់ការតាមនីតិវិធីនៃច្បាប់ ប៉ុន្តែបើរកមិនឃើញថាមានភាពមិនប្រក្រតីនោះវិញ សូមឲ្យអង្គភាពសារព័ត៌មានសូមធ្វើការកែតម្រូវវិញផង ព្រោះការអនុវត្តដំណើរការលទ្ធកម្មឃុំ សង្កាត់ គឺរដ្ឋបាលខេត្ត ស្រុក និង ឃុំ គឺសុទ្ធបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន តាមសៀវភៅណែនាំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ពីព្រោះបើយើងអនុវត្តខុសពីសៀវភៅនេះ គេនឹងប្ដឹងមកយើងវិញ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែង គឺការដាក់ឲ្យដំណើរការដេញថ្លៃលើគម្រោងមូលនិធិឃុំ នៅក្នងឃុំរើល និង ឃុំព្រៃជ្រូក បានប្រព្រឹត្តទៅដោយរលូន។
លោកបន្តថា ការដាក់ដេញថ្ងៃលើគម្រោងមូលនិធិឃុំ សង្កាត់នេះ គឺបើកចំហរជាសាធារណៈ ហើយក្រុមហ៊ុនណា ក៏មានសិទ្ធិអាចចូលរួមដេញថ្លៃបានដែរ មិនថាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប ឬក្រៅខេត្តសៀមរាបឡើយ ហើយរាល់ដំណើរការដេញថ្លៃម្ដងៗ បើមានក្រុមហ៊ុនចូលរួមដេញថ្លៃលើសពី៣ក្រុមហ៊ុនឡើងទៅ អាចទទួលយកបានជាផ្លូវការហើយ ខណៈក្រុមហ៊ុនដាក់ប្រជែងដេញថ្លៃធ្វើផ្លូវមូលនិធិឃុំព្រៃជ្រូក និង ឃុំរើល មានចំនួន៤ក្រុមហ៊ុន។
លោក ទេព ពិសិដ្ឋ បន្តទៀតថា បន្ទាប់ពីបញ្ចប់ការដាក់ដេញថ្លៃ គណៈកម្មការលទ្ធកម្មឃុំ តែងតែបានផ្ដល់ឱកាស ដល់តំណាងក្រុមហ៊ុននានាដែលបានចូលរួមដេញថ្លៃ ឬអ្នកសារព័ត៌មាន ដែលកំពុងមានវត្តមានក្នុងពិធីនោះ មានមតិយោបល់លើដំណើរការដេញថ្លៃ ដែលមើលឃើញថា មានភាពមិនប្រក្រតី ព្រោះយើងទាំងអស់គ្នាមានគោលដៅរួមដូចគ្នា គឺចង់បានតម្លាភាព ដូច្នេះបើមានបញ្ហាកើតឡើង យើងនឹងធ្វើការដោះស្រាយភ្លាមៗ តែម្ដង ហើយបើរកឃើញថា ក្រុមហ៊ុនមានភាពមិនប្រក្រតី គណៈកម្មការដេញថ្លៃ អាចស្នើលុបចោលការដេញថ្លៃនោះ ហើយដាក់ក្រុមហ៊ុននោះក្នុងបញ្ជីខ្មៅ ដោយហាមមិនឥ្យចូលរួមការដេញថ្លៃក្នុងរយៈពេលពីមួយឆ្នាំទៅពីរឆ្នាំ។
បើតាមលោក ប៊ុត វិចិត្រ តំណាងអង្គភាពសាព័ត៍មានសៀមរាប ប៉ុស្តិ័ បានលើកថា លោកមិនជំទាស់នឹងការលើកឡើងរបស់លោក លោកស្រី នោះទេ ដែលមានមតិយោបល់ក្នុងកិច្ចប្រជុំនេះប៉ុន្តែប្រសិនបើខាងអាជ្ញាធរមានសេចក្តីបំភ្លឺ លោកនឹងធ្វើការផ្សាយជូនបាន៕ដោយនាគខៀវ



ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។