សារលិខិត សម្ដេចហេង សំរិន
ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២០
សារលិខិត សម្ដេចហេង សំរិន
ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សារលិខិតអបអរសាទរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មី នៃនយោបាយ “ឈ្នះឈ្នះ” ទទួលបានដំណក់ប្រេងលើកដំបូងរបស់ប្រទេសកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ ថ្មីនៃនយោបាយ «ឈ្នះឈ្នះ» និង លទ្ធផលជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា។
ការចាប់ផ្តើមដ៏សំខាន់ បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្ម ប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមដំបូលនៃ «សុខសន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គុទេសក៍ និងជា ប្រតិបត្តិករនយោបាយ «ឈ្នះឈ្នះ» ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារ កសាងសន្តិភាព ខឿនសេដ្ឋកិច្ចលទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដ៏គាប់ប្រសើរ។
ថ្ងៃនេះកម្ពុជា បានក្លាយជាប្រទេសផលិតប្រេងមួយនៅក្នុងចំណោមប្រទេសមួយចំនួនតូចក្នុង ពិភពលោក ដែលកូនខ្មែរសម័យតេជោគួរមានមោទនភាព និងចរិតទុកក្នុងទំព័រប្រវត្តិសាស្ត្រនៃ យុគ្គសម័យបច្ចេកវិទ្យា។
យើងខ្ញុំទាំងអស់គ្នា សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះ សមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយ«ឈ្នះឈ្នះ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល បានលេចចេញជាផ្លែផ្កានាថ្ងៃនេះ ហើយក្តីស្រមៃរបស់ប្រជាជនកម្ពុជា បានក្លាយជាការពិត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
សមទ្ធិផលជាប្រវត្តិសាស្ត្រនេះពិតជាបានមកពី សន្តិភាព» របស់សម្តេច តេជោនាយករដ្ឋមន្ត្រីដែលបានកសាង និងថែរក្សាដោយយកជីវិតធ្វើជាដើមទុន។
សន្តិភាពជា មូលដ្ឋានគ្រឹះ នៃការផ្តល់ទំនុកចិត្តសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិក្នុងការមកដាក់ទុនដ៏សន្ធឹកសន្ធាប់ សម្រាប់ការអភិវឌ្ឍ ខឿនសេដ្ឋកិច្ចជាតិ។
ដំណក់ប្រេងរបស់កម្ពុជាក្នុងថ្ងៃនេះ ស្របពេលដែលពិភពលោក កំពុងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវី៥-១៩ ហើយកម្ពុជាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ បានខិតខំពុះពារគ្រប់ឧបសគ្គ រហូតសម្រេចបានលទ្ធផលគួរឱ្យ ស្ងប់ស្វែងជាទីបំផុត។ យើងខ្ញុំទាំងអស់គ្នា សូមអរគុណសន្តិភាព និងគោរពដឹងគុណ បិតាស្ថាបនិក
នយោបាយ «ឈ្នះឈ្នះ» របស់តេជោសែន ។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ ទេវតា សូមតាមជួយថែរក្សា ព្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល បរវមហាប្រសើរថ្លៃថ្លា ជូនសម្តេចទាំងទ្វេ ព្រមទាំងបុត្រាបុត្រី ចៅៗ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕SRP
ខេត្តសៀមរាប៖ស្ត្រីជាប្រពន្ធបានស្លាប់ភ្លាមៗ ចំណែកប្ដី រងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១ រំលងអាធ្រាត ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀបរាប ស្របទិសគ្នា ពីលិចទៅកើត រវាងរថយន្តនិងត្រាក់ទ័រដឹកស្រូវ។
សមត្ថកិច្ចស្រុកពួកបានរាយការណ៍ នៅព្រឹកនេះថា ករណីនេះ រថយន្តម៉ាកតូរីសពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ ២R៦៧០២(ដឹកផ្លែឈើ)ជិះគ្នា២នាក់ បើកបរដោយឈ្មោះសេង ជាង ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរដឹកផ្លែឈើ(របួសស្រាល) បានបុកនិងត្រាក់ទ័រពីក្រោយដែលបំរុងឈប់បណ្តាលអោយស្លាប់ ប្រពន្ធ ឈ្មោះសូ នី ភេទស្រី អាយុ២៨ឆ្នាំរស់នៅភូមិជាមួយគ្នា។ ចំណែកអ្នកបើកត្រាក់ទ័របានបើកបរទៅបាត់។ ក្នុងនោះក៏រងការខូចខាតរថយន្ត០១គ្រឿងធ្ងន់។
ទោះជាយ៉ាងណា សមត្ថកិច្ចស្រុកពួក នៅមិនទាន់ បញ្ជាក់អំពីមូលហេតុនៅឡើយ៕SRP
ខេត្តសៀមរាប៖បន្ទាប់ពីមាន ការភ្ញាក់ផ្អើល បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា មន្ត្រីអប្សរានិងរដ្ឋបាលព្រៃឈើ បាញ់សត្វស្វាចំនួន២ក្បាល ពីចុងឈើ ហើយធ្លាក់មកលើថ្ម បណ្ដាលឲ្យងាប់ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើ មន្ត្រីដែលបានចុះទៅ អនុវត្ត ប្រមូលសត្វស្វា នៅតំបន់ឧទ្យាន្តអង្គរ ដោយលើកឡើងថា សត្វស្វាទាំងនេះ កាច ធ្វើឲ្យប៉ះពាល់ ដល់ភ្ញៀវទេសចរណ៍។
ករណីនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានធ្វើការបដិសេធថា មិនមានបាញ់សត្វស្វា ឲ្យងាប់នោះទេ គឺមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បាញ់ឲ្យសន្លប់តែប៉ុណ្ណោះ។ សំឡេងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល៖
ការចុះទៅចាប់សត្វស្វានេះ នាថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ ព្រឹកមិញ នៅតំបន់ប្រាសាទបាយ័ន នៃខេត្តសៀមរាប។
ជុំវិញហេតុការណ៍នេះ ក្រុមពលរដ្ឋនិងអ្នកនិយមថតរូបសត្វស្វា បង្ហោះក្នុងយូធូប(YOUTUBE)នៅតំបន់អង្គរ ជាច្រើននាក់ បានសម្តែងការមិនសប្បាយចិត្ត ដោយការបាញ់ប្រហារ សត្វស្វា ដោយខ្វះបច្ចេកទេសបែបនេះ។
ទោះយ៉ាងណា ហ្វេសប៊ុកបានបង្ហោះថា មន្ត្រីបានបាញ់សត្វស្វា ទម្លាក់ពីលើចុងឈើ ធ្លាក់មកចំដុំថ្មបណ្តាលឲ្យស្លាប់អស់ចំនួន២ក្បាល។
សូមជម្រាបថានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានប្រកាសថា សត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។
ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។ ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។
តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា នៅថ្ងៃនេះអាជ្ញាធរ ចាប់សត្វស្វា បានចំនួន១៦ក្បាល ហើយនឹងត្រូវយកទៅធ្វើចត្តាឡីស័ក សិនទើបត្រូវយកទៅព្រលែងនៅតំបន់រមនីយដ្ឋានភ្នំតាម៉ៅ៕SRP
ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួននារីម្នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់។
ស្ដ្រីខាងលើឈ្មោះ ណើ ចាន់ត្រា អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន១២នាក់។ ទឹកប្រាក់សរុបក្នុងអំពើឆបោកនេះ ត្រូវបានជនរងគ្រោះអះអាងថា ចំនួន៧៦១,៤៦៤ដុល្លារ។
ជនរងគ្រោះទាំង១២នាក់ បានរៀបរាប់ក្នុងពាក្យបណ្ដឹង ដាក់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌថា អំឡុងឆ្នាំ២០២០ នៅចំណុចបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន (ស្វាមីឈ្មោះ ណើ ចាន់ត្រា) បានទាក់ទងពួកខ្លួន ដោយអះអាងថា មានផលិតផលគ្រឿងសំអាងម៉ាក CTM សម្រាប់ចែកចាយមកឲ្យពួកខ្លួនលក់បន្ដ ដែលអាចរកផលចំណេញបានខ្ពស់។
ក្រោយមកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានបញ្ជាក់ប្រាក់ជនរងគ្រោះទាំង១២នាក់ថា បើចង់ទទួលសិទ្ធិលក់បន្ដ ត្រូវទិញផលិផលនេះជាកញ្ចប់ ក្នុងតម្លៃផ្សេងៗគ្នា។ ដោយជឿជាក់ដើមបណ្ដឹងទាំង១២នាក់ បានប្រគល់ប្រាក់ចំនួនផ្សេងៗគ្នារៀងខ្លួន ឲ្យទៅឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន សរុបជាប្រាក់ចំនួន ៧៦១,៤៦៤ដុល្លារ។
ក្រោយទទួលប្រាក់ពីដើមបណ្ដឹងទាំង១២នាក់រួចហើយ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េង បាន មិនមានផលិតផលផ្គត់ផ្គង់គ្រឿងសំអាងម៉ាក CTM ឲ្យមកដើមបណ្ដឹងទាំង១២នាក់គ្រប់គ្រាន់នោះទេ។ បន្ទាប់មកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានគេចវេសមិនទទួលខុសត្រូវនូវកាតព្វកិច្ច ដែលត្រូវបំពេញមកដើមបណ្ដឹងទាំង១២នាក់។
គួរជម្រាបថា ក្រោយចាប់ខ្លួន និងសាកសួរ ឈ្មោះ ម៉េត បាន មិនពាក់ព័ន្ធក្នុងករណីនេះនោះទេ ពោលមានតែឈ្មោះ ណើ ចាន់ត្រា តែម្នាក់ឯងប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP
ខេត្តសៀមរាប៖ពិតជារឿងចម្លែក ដោយពលរដ្ឋ ប្រទះឃើញ ម៉ូតូមួយគ្រឿងផ្ងារជើងឡើងលើ និងស្បែកជើងមួយគូ ប្លុងចោលនៅវាលស្រែ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រមាណជាង ១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ នេះ ស្ថិតនៅចំណុច ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប។
អាជ្ញាធរស្រុកប្រាសាទបាគងបានឲ្យដឹងថាក្រោយទទួលបាន សេចក្តីរាយការណ៍ ពីពលរដ្ឋសមត្ថកិច្ច ចម្រុះ បានទៅដល់ ពិតជាឃើញម៉ូតូមែន តែពុំឃើញម្ចាស់ ក៏ដាក់ពង្រាយកំលាំងស្រាវជ្រាវ ពិនិត្យជុំវិញ តែនៅមិនឃើញម្ចាស់។
អាជ្ញាធរបន្តថា ម៉ូតូ ដែលត្រូវជនមិនស្គាល់មុខយកមកផ្លុងចោលម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ 2018 ស្លាកលេខ ១AF-៦២០៧ បាត់ដំបង មានលេខតួ ៥២៩១៤១១ កូនសោជាប់ជាមួយ។
ជុំវិញករណីនេះ លោក ភឹង ចិន្តារ៉េត ស្នងការរងខេត្តទទួលផែនព្រណ្មទណ្ឌ បានបញ្ជាអោយយកវត្តុតាង ទៅរក្សាទុក នៅអធិការដ្ឋាន រង់ចាំការស្រាវជ្រាវបន្ត៕SRP
ខេត្តកំពង់ចាម៖រថយន្តដឹកសំរាម ចំនួន២គ្រឿង ដែលជាអំណោយ របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់ជូនរដ្ឋបាលស្រុកជើងព្រៃ និងរដ្ឋបាលស្រុកបាធាយ ដេីម្បីបម្រើការងារ ថែរក្សា សោភ័ណភាពក្នុងមូលដ្ឋាន។
ពិធីនេះត្រូវបានធ្វើឡើងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ព្រឹកមិញនេះ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់ជូននូវមធ្យោបាយ ដល់រដ្ឋបាលស្រុកទាំង២ សម្រាប់ ជាមូលដ្ឋាននៃការចូលរួម ជាមួយ ប្រជាពលរដ្ឋ ក្នុងការប្រមូលសំរាម ក៏ដូចជា ការថែរក្សាសោភ័ណភាព សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លូន។
អភិបាលខេត្ត បានថ្លែងថា ការពង្រឹងវិធានការអនាម័យនេះ ក៏ជាវិធានការ នៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយក៏ជាផ្នែកមួយ ក្នុងគោលនយោបាយ បរិស្ថាន ទៀតផង។
ចំពោះការផ្ដល់ជូនរថយន្ត ទាំង២គ្រឿងនេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រនូវមធ្យោបាយ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ដូច្នេះសូមឲ្យរដ្ឋបាល ស្រុកទាំង២ រៀបចំផែនការ ប្រមូលសំរាម ឲ្យបានច្បាស់លាស់ និងប្រើប្រាស់ រថយន្តនេះ ឲ្យអស់លទ្ធភាព ជាពិសេស ការផ្ដោតលើគោលដៅ ក៏ដូចជា ទីតាំងដែលប្រឈម ក្នុងការប្រមូល
និងការរក្សាទុក សំរាមផងដែរ។
លោក ចាយ សាមិត្ត បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុវត្តតាមគោលការណ៍
នៃគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ជាគោលការណ៍គ្រឹះនៃកំណែទម្រង់នេះ។ ក្នុងនោះ ការផ្ទេរមុខងារ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាគោលការណ៍ នៃការផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល តម្រូវឲ្យក្រសួងស្ថាប័ន អនុវត្តលើគោលការណ៍ ៣ សំខាន់ៗ
គឺ ៖ ១-ការផ្ទេរមុខងារ។
២-ការផ្ទេរធនធានថវិកា។
និង៣-សម្ភារ និងធនធានមនុស្ស មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើ ដល់រដ្ឋបាលស្រុកទាំង២ ក្រោយទទួលបាន រថយន្តទាំងពីរនេះ ទៅ គឺត្រូវយកទៅប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព សំដៅ ឲ្យមូលដ្ឋានមានសោភ័ណភាព និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការងារគ្រប់គ្រង សំរាម សំណល់រឹង នៅតាមទីប្រជុំជននីមួយៗ៕SRP

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកមិញបានថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
សម្តេច ហ៊ុន សែន សម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ពេលនេះ មិនទាន់មានពលករខ្មែរ ដែលនាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។
សម្តេច ហ៊ុន សែន អំពាវនាវ ដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃបន្តទៀត ចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។
សម្តេចតេជោ បន្តថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖
គឺការនាំចូល,
ទី២៖ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា
និង ទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ។
សម្តេច ហ៊ុន សែន ថ្លែងរំលឹកថា កាលមុនកម្ពុជាជាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជា ជាប់លេខ១ លើពិភពលោក ក្នុងការទប់ស្កាត់កូវីដ១៩។ ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់ទេ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំ២០២០ នឹងបញ្ចូលក្របខណ្ឌគ្រូពេទ្យ២ពាន់នាក់សិន ហើយឆ្នាំ២០២១ នឹងបញ្ចូល៣ពាន់នាក់ទៀត ប៉ុន្តែបើខ្វះត្រូវបញ្ចូលថែមទៀត។ ទាក់ទងទៅនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាល ហើយសាលារៀនឯកជនអាចចាប់ផ្ដើមពីពេលនេះតទៅបានហើយ។
សម្តេច ហ៊ុន សែន ថ្លែងថា ការជួបជុំណាមួយដែលមិនចាំបាច់ មិនបាច់ជួបជុំទេ ដូចជាការប្រជុំរបស់រដ្ឋ អាចបន្តធ្វើតាមអនឡាញបាន។
សម្តេចតេជោ ជំរុញឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងមណ្ឌលសេវាកម្មទេសចរណ៍ រៀបចំវិធានការដើម្បីទប់ស្កាត់កូវីដ១៩ ហើយផ្តល់សិទ្ធិឱ្យអាជ្ញាធរ ចុះបិទតែម្តង បើសិនមិនអនុវត្តវិធានការសុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។
សម្តេច ហ៊ុន សែន ប្រកាសដំណឹងល្អរបស់កម្ពុជា គឺថ្ងៃនេះដំណក់ប្រេងលើកដំបូងរបស់ខ្មែរ ត្រូវបានចាប់ផ្តើមហើយ។ បើគ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះរួមទាំងដំណក់ប្រេងលើកដំបូងផងដែរ។
សម្ដេចហ៊ុន សែន បានប្រកាសថា តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការត្រួតស៊ីគ្នាជាមួយថៃទេ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ លុយដែលបានមក នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកជាថ្មីអំពីការយកជីវិតទៅប្តូរ កាលពី២ទសវត្សមុន ដើម្បីយកសន្តិភាព មកជូន ប្រជាពលរដ្ឋខ្មែរ
សង្គ្រាមកម្ពុជា ដែលកើតឡើងតាំងពីឆ្នាំ១៩៧០ ត្រូវបានបញ្ចប់ជាស្ថាពរ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ ។
ការបញ្ចប់សង្គ្រាម ជាស្ថាពរនៅកម្ពុជា ត្រូវបានរាប់ចាត់តាំង ពីថ្ងៃដែលមេដឹកនាំកំពូល របស់ខ្មែរក្រហម មកចចារជាមួយសម្ដេចដល់ផ្ទះ ។
នៅថ្ងៃនេះ សម្ដេច ហ៊ុន សែន បានប្រកាសបន្តឧបត្ថម្ភ ដល់កម្មករនិយោជិត ដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩ រយៈពេល៣ខែទៀត ដោយរដ្ឋាភិបាល ជួយ ៣០ដុល្លារ ហើយថៅកែរោងចក្រចេញ៣០ដុល្លារក្នុងម្នាក់ៗក្នុង១ខែៗ។
សម្តេចតេជោបន្តទៀតថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និងបរិក្ខាពេទ្យប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក។
សម្តេចតេជោ ប្រកាសថា គិតត្រឹមម៉ោង២រសៀល ម្សិលមិញ រាជរដ្ឋាភិបាលបានទទួលថវិកា លុយដុល្លារ ៥៣ ៦៧៩ ៧១៤ដុល្លារ និងប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០រៀល ពីសប្បុរសជន ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។
សម្តេចតេជោបាន អរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បីទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានាដែលបានចូលរួមផងដែរ។
សម្តេចបន្តថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។
កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជាទៅពិសោធន៍វ៉ាក់សាំងនោះទេ៕SRP

ភ្នំពេញ៖សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលក្នុងរយៈពេលបីខែកន្លងមកនេះ បានបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពីបានអនុម័តច្បាប់ចំនួន២២ និងប្រកាសសុពលភាពសមាជិកថ្មីពីររូប គឺ(១)ឯកឧត្តមលី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលតាកែវ (២)ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលប៉ៃលិន ជំនួសសមាជិក២រូប ដែលបានសុំលាលែងទៅកាន់តួនាទីថ្មី និងបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកថ្មី នៃគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី សមាជិកាថ្មី គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង។
នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក្រាបបង្គំរាជានុញ្ញាត ថ្វាយព្រះរាជសព្ទសារធុការពរ មហាប្រសើរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទំាងទ្វេទ្រង់ប្រកបនូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ជាដរាបតទៅ។
សម្តេចប្រធានរដ្ឋសភា បានប្រគេនពរនិងជូនពរចំពោះព្រះថេរានុត្ថារៈ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មន្រ្តីរាជការ និងប្រជាពលរដ្ឋទូទំាងប្រទេស ទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១នេះ។
ជាថ្មីម្តងទៀតមុននឹងប្រកាសបិទសម័យប្រជុំពេញអង្គលើកទី៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជនរួមជាតិទំាងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានាការការពារជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនត្រូវធ្វេសប្រហែសឡើយជាដាច់ខាត៕SRP
ខេត្តសៀមរាប៖លោកសុខ សំណាង ជាមគ្គុទ្ទេសក៍ ភាសា រុស្ស៊ី បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ កាលពីយប់មិញ។ ក្នុងនោះ៣នាក់ទៀតបានរងរបួសផងដែរ។
យោងតាមរបាយការណ៍បានបង្ហាញថា៖
នៅវេលាម៉ោង១៩នឹង៤៥នាទី ២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចទល់មុខ ឈ្មោះហាង ចាន់ នាង លក់ផលិតផលសូត្រ ខាងកើតហាងចិន១០០ម៉ែត្រស្ថិតលើផ្លូវបាខែង ទៅបុរីអង្គរបាលេស ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ករណីនេះម៉ូតូទី១ម៉ាកវីវ៉ា ពាក់ស្លាកលេខលេខ1E5883 ស រ ពណ៌ខ្មៅ ទិសដៅពីលិច មកកើត បើកដោយ ឈ្មោះ សុខ សំណាង ប្រុស អាយុ៥៨ឆ្នាំ ភូមិស្វាយដង្គំយំ សង្កាត់ ស្វាយដង្គុំ ក្រុង ខេត្តសៀមរាប មុខរបរ ជាមគ្គុទ្ទេសក៍ ភាសា រុស្ស៊ី បានស្លាប់ នៅកន្លែងកើតហេតុ បានបុកជាមួយ ម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1H9873 បន្ទាយមានជ័យ បើកបរដោយ
ឈ្មោះប៉ៅ ប៊ែលប្រុស អាយុ១៩ឆ្នាំភូមិតាសុឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ (របួសធ្ងន់)។
ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកCub ហុងដាពណ៌ស្លែ ពាក់ស្លាកលេខ1H5270 ភ្នំពេញ ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះគត់ ថានុត ប្រុសអាយុ១៤ឆ្នាំ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អ្នករួមដំណើរឈ្មោះ ផើង ពេជ្រ ប្រុសអាយុ១៩ឆ្នាំភូមិ ឃុំ ដូចគ្នា អ្នកទាំង២របួសស្រាល។
យោងតាមប្រភពបានបញ្ជាក់ថា តាមការសន្និដ្ឋាន ជនរងគ្រោះ ឈ្មោះសុខ សំណាង បើកម៉ូតូ ឡើងវ៉ា ម៉ូតូម៉ាកគុប ហើយជ្រុលទៅបុកម៉ូតូហុងដាចំពេញទំហឹង។ ហើយម៉ូតូគុបក៏បុកបន្តគ្នាតែម្ដង៕SRP
ភ្នំពេញ៖កម្ពុជា ចាប់ផ្តើម ផលិតកម្មប្រេងដំបូង នៅតំបន់ប្លុក A ឈូងសមុទ្រ កម្ពុជា។ នៅបើតាមការអះអាង របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា
សូមថ្វាយបង្គំ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់
ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានដំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។
ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នា នៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យដំណើរការសាងសង់និងអភិវឌ្ឍផ្លាតហ្វមអណ្តូងប្រេងអាចចាប់ផ្តើមបាន។
ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗ ដែលបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមាន៖
• ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។
• កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា
២០២០ ។
អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។
ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន៖
ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
កូវីដ-១៩ បានរំខានដល់យើង តែក៏មិនអាចបំផ្លាញចោលនូវការខិតខំរបស់យើងដើម្បីផលិតប្រេងនោះបានដែរ។ ចូលឆ្នាំសកលថ្មី២០២១ខាងមុខ ទោះយើងមិនបានសប្បាយរីករាយដូចឆ្នាំមុនៗដោយសារតែកូវីដ-១៩ តែយើងទទួលបានកាដូដ៍ធំសម្រាប់ជាតិយើង នោះគឺប្រេងដែលផលិតចេញលើកដំបូងក្នុងទឹកដីយើង។ ឆ្នាំថ្មី សមិទ្ធផលថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជាចាប់ពីដើមឆ្នាំ២០២១ តទៅ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតឱកាសដ៏មហោឡារិកនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមនិងគាំទ្រយ៉ាងសកម្មជា មួយនិងរាជរដ្ឋាភិបាលនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាពេលកន្លងនេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅបន្តិចទៀតនេះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ នឹងអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាម គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ប្រធានបទសារពិសេសនាព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សមិទ្ធផលជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដែលសម្រេចបានក្រោមម្លប់សុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះ និងដំណឹងល្អនៃការទទួលបានដំណក់ប្រេងលើក ដំបូងរបស់កម្ពុជា៕SRP


