ខេត្តសៀមរាប៖ក្រុមចោរប្លន់នៅខេត្តសៀមរាប និងតែងធ្វើសកម្មភាពយ៉ាងសកម្ម នៅភូមិសាស្ដ្ររាជធានី-ខេត្ត ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានចំនួន២នាក់។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ ជាមួយនគរបាលខេត្តសៀមរាប និងនគរបាលខេត្តព្រះវិហារ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបផ្ទាល់បានឲ្យដឹងថា ជនសង្ស័យ២នាក់ មានឈ្នោះដូចខាងក្រោម៖
១៖ ឈ្មោះ រ៉ង សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំណុច ភូមិថ្នលដាច់ ឃុំដានរុណ ស្រុកសូនិគម ខេត្តសៀមរាប។
២៖ ឈ្មោះ ឈិន ភន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ និងដកហូតបានវត្ថុតាង ដែលយកមកធ្វេីសកម្មភាពប្រព្រឹត្តបទល្មេីសបានមួយចំនួនទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឡ.វ.ឆ.ក. ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីប្លន់ បង្កឡើងដោយជនសង្ស័យ ចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់។
ជនសង្ស័យទាំងពីរ បានសារភាពដូចគ្នាថា ពួកខ្លួនដែលមានបក្ខចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យទៅនគរបាលខេត្តសៀមរាប បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ឈិន ភណ្ឌ ដែលរត់គេចខ្លួន។
សូមជម្រាបថាប្រតិបត្តិការនេះ ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់របស់ជនសង្ស័យតែម្ដង៕

