ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន០៩គម្រោងស្មើនឹង០៦ឃុំនៅស្រុកកងមាស ត្រូវបានដាក់ដេញថ្លៃនៅព្រឹកមិញនេះ។
គម្រោងដែលបានដាក់ឲ្យដេញថ្លៃ ដេីម្បីធ្វើការស្ថាបនាផ្លូវចំនួន០៩ខ្សែ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់នោះមាន៖ ១-នៅឃុំកងតាណឹង មាន២គម្រោង គឺសាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិកងតាណឹងទី២ និងជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង២៦៨៥ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិកងតាណឹងទី១ ។
២-ឃុំសូរគង មាន១គម្រោង ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង១៦៥ម៉ែត្រ ទទឹង៥ មែត្រ នៅភូមិបេងសាងកើត ភូមិបឹងសាងលិច និងភូមិកោះតាង៉ោ៣ ។
៣-ឃុំខ្ចៅ មាន១គម្រោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៦៧ម៉ែត្រ ទទឹង៤,៥០ម៉ែត្រ នៅភូមិថ្លុកជ្រៅ ។
៤-ឃុំព្រែកក្របៅ មាន២គម្រោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣០ម ទទឹង៤ម នៅភូមិព្រែកអណ្តូង និងជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង៥០ម ទទឹង៤ម និងសាងសង់សំណង់បង្ហៀទឹក ចំនួន១កន្លែង នៅភូមិអណ្តូងតាអុង ។
៥-ឃុំអង្គបាន មាន២គម្រោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៤៥ម ទទឹង៤ម នៅភូមិអង្គរបានទី៧ និងជួសជុលផ្លូវក្រាលកំទេចថ្មភ្នំ ប្រវែង៦៨០ម ទទឹង៤ម នៅភូមិអង្គរបានទី៣ ។
៦-ឃុំរាយប៉ាយ មាន១គម្រោង ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង៤៤០ម ទទឹង៤ម នៅភូមិរាយប៉ាយក្រោម និងភូមិទួលវិហារ។
ការដាក់ដេញថ្លៃនេះនៅសាលាស្រុកកងមាសក្រោមវត្តមានលោក អុំ ប៉ុណ្ណាកា នាយករងទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាលស្រុកដោយមានការចូលរួមពី អភិបាលរងស្រុក គណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូបផងដែរ។
លោកភោគ សាវុធ បានធ្វើការសំណូមពរដល់គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុន អ្នកទទួលការទាំងអស់ សូមឲ្យការអនុវត្តគម្រោងធ្វើយ៉ាងណា ត្រូវឲ្យមានតម្លាភាព ហេីយធ្វើការសាងសង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង។
ប្រធានគណៈកម្មាការម្ចាស់លទ្ធកម្មទាំង០៦ឃុំ បានធ្វើការប្រកាសទទួលយកទាំង០៩គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើរដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ សូមឲ្យអនុវត្តន៍ការងារសាងសង់ផ្លូវ ឲ្យមានគុណភាពល្អ និងត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេសប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ៕SRP
