ខេត្តកំពង់ចាម៖:លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត នាល្ងាចថ្ងៃទី៩ ខែមេសាឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងកងកម្លំាងប្រដាប់អាវុធ ដេីម្បីអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត លើការធ្វើដំណេីរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរ ឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយ ទៅខេត្តមួយទៀត ដែលត្រូវអនុវត្តចាប់ពីម៉ោង២៤:០០ ថ្ងៃទី៩ ខែមេសានេះ រហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។
១.ហាមឃាត់ការធ្វើដំណើរ នៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរ ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀត។
២. ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យ នូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្ររដ្ឋ និងឯកជន រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ នៅតាមរោងចក្រ សហគ្រាសដែលត្រូវមានប័ណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឲ្យលេីសពី៤ នាក់ សម្រាប់ករណីនិមួយៗ ។
៣. បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី៩ខែមេសានេះរហូតដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕ SRP
