ខេត្តព្រៃវែង៖សម្ដេច ស ខេង បានណែនាំឲ្យ គណៈកម្មាធិការគណបក្សក្រុង ស្រុក និងខេត្ត សហការ ដោះស្រាយបញ្ហា ឲ្យបញ្ហាប្រឈម ចំពោះថ្នាក់ដឹកនាំឃុំ សង្កាត់ និងបញ្ហាប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព។
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សម្ដេច ស ខេង បានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ខិតខំបំពេញភារកិច្ចបំរើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
សម្ដេច បានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា និងបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បំរើឱ្យការបោះឆ្នោតពីឃុំសង្កាត់ និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង មានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង នៅព្រឹកនេះ៕SRP


ខេត្តកំពត៖សម្ដេច ស ខេង បានមានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជាបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ពិសេសចូលរួមចំណែក២០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ សម្ដេច ថា វិស័យកសិកម្ម កាន់តែដើរតួនាទីសំខាន់ នៅក្នុងបរិបទនៃការប្រឈមុខ នឹងវិបត្តិកូវីដ-១៩ និងការប្រែប្រួលជាអវិជ្ជមាន មួយចំនួនរបស់សាកលលោក។
ខេត្តបាត់ដំបង៖ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ចំនួន៥៨២ គ្រួសារ ដែលរស់ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នៅផ្សារទំនើបភួ ពុយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកសុខ លូ អភិបាលខេត្តបានថ្លែងប្រាប់ពលរដ្ឋថា៖ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាចំពោះប្រជាពលរដ្ឋ គ្រប់អាយុបោះឆ្នោត ដើម្បីបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋគំរូសម្រាប់សង្គមជាតិ។
លោក សុខ លូ បានមានប្រសាសន៍ផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព ដោយការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ព្រមទាំងរៀបចំសំអាតបរិស្ថាន សណ្ដាប់ធ្នាប់ជុំវិញផ្ទះសំបែងឲ្យបានស្អាតជានិច្ច។
លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ លោកថាបើសិនជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣រយៈពេល៤-៥ខែហើយ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤បន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅជិតផ្ទះប្រជាពលរដ្ឋរស់នៅ៕SRP
