ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ប្តី ឪពុក ឪពុកក្មេក កូន កូនប្រសារ ជាទីគោរព ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ ដែលមិននឹកស្មានដល់នេះ។
លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។
ប្រធានគណ:កម្មាធិការសាខា ក៏បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារទាំង ២ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។
លោកអ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា។
លោក អ៊ុន ចាន់ដា លើកឡើងយ៉ាងដូច្នេះ នៅ
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២ គ្រួសារ ដែលបានស្លាប់ដោយលង់ទឹក ខណៈខ្យល់បក់បោកបណ្តាលឲ្យលិចទូក ពេលចុះនេសាទ នៅចំណុចវាលព្រះ កាលពីម៉ោង ១០យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
ជនរងគ្រោះទាំង ២នាក់ ត្រូវជាឪពុកមា និងក្មួយ, ម្នាក់ អាយុ៥១ឆ្នាំ មានប្រពន្ធ កូន ៤នាក់ និង ម្នាក់ទៀត អាយុ៣១ឆ្នាំ មានប្រពន្ធ កូនស្រី ១នាក់ មានទីលំនៅ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរ។
ចំពោះសម្ភារដែលបានផ្តល់ជូនគ្រួសារសពខាងលើ គឺក្នុង១ គ្រួសារៗ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ ២០កំប៉ុង , មី ២កេស និង បច្ច័យចូលបុណ្យ ចំនួន ៥០ម៉ឺនរៀល។
ដោយឡែក ពលរដ្ឋម្នាក់ទៀត ត្រូវជាសាច់ញាតិសព ដែលនៅរស់ពីការលង់ទឹក ក៏ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា ឧបត្ថម្ភ ចំនួន ២០ម៉ឺនរៀល រួមនឹងបានឧបត្ថម្ភដល់កងកម្លាំងសង្រ្គោះក្នុងហេតុការណ៍ខាងលើ ។ ជាមួយនោះ គណៈ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានចូលបុណ្យ ក្នុង ១គ្រួសារ ថវិកា ៥០ម៉ឺនរៀល អនុសាខាស្រុក ចូលបុណ្យបន្ថែម ក្នង ១គ្រួសារ បច្ច័យ ២០ម៉ឺនរៀល ផងដែរ៕SRP