មន្ត្រី៖ក្រុមការងារចង់ឲ្យបណ្តាផ្លូវ ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតង និងស្រស់ស្អាត ដោយផ្កានិងដើមឈើ
មន្ត្រីសាលាខេត្តសៀមរាបមួយរូប នៅពីថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2025 បានបង្ហោះសារនៅលើទំព័រ facebook របស់ខ្លួនថា ក្រុមការងារចង់ឲ្យបណ្តាផ្លូវ ទាំងតូច ទាំងធំ ទាំងខ្លី និងវែង ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតង និងស្រស់ស្អាត ដោយផ្កានិងដើមឈើ។
មន្ត្រីសាលាខេត្តសៀមរាបបានបញ្ជាក់ថាបងប្អូនយើង បាននិងកំពុងខិតខំ រៀបចំថែទាំ ជួសជុស ជួសស្មៅ ដាំផ្កាបន្ថែម ឬប្តូរថ្មី កាត់មែកឈើចាស់ៗ ក្នុងក្រុងនិងបណ្តាផ្លូវជាតិ រៀបចំប្រព័ន្ធទឹកឲ្យបានឡើងវិញ ប្រព័ន្ធភ្លើង ជំរុញការស្រោច ដោយឡាន ដោយរ៉ឺម៉ក ដោយដងទឹកស្រោច ដោយការទាញទុយោ ពីប្រភពទឹក ដើម្បីស្រោចកូនឈើ កូនផ្កានិងស្មៅ។
មន្ត្រីដដែលបានបន្ថែមថា តែក៏សូមអធ្យាស្រ័យសម្រាប់បងប្អូន ក្រុមការងារទាំងអស់ ដោយយើងត្រូវការពេលវេលាបន្តិច ក្នុងការបន្តចាត់ចែង និងអនុវត្តជាប្រចាំ និងជាបន្តបន្ទាប់។ កិច្ចការនេះ មិនមែនតូចតាចឡើយ គឺត្រូវថែថួន ដូចកូនក្មេង និងត្រូវការចំណាយខ្ពស់ឡើងៗជានិច្វ។
ក្រុមការងារ ចង់ឲ្យបណ្តាផ្លូវ ទាំងតូច ទាំងធំ ទាំងខ្លីនិងវែង ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតងនិងស្រស់ស្អាត ដោយផ្កានិងដើមឈើ (ជាមហិច្ឆតា)។
ជុំវិញករណីនេះដែរអ្នកនាំពាក្យរដ្ឋបាលខេត្តបានលើកឡើងថា ក្រុមការងារកំពុងរៀបចំបណ្តាញបាញ់ទឹកឡើងវិញសួនទ្រូងផ្លូវ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុងសៀមរាប ដោយសារបណ្តាញចាស់ខូច។ ក្រុមការងាររៀបចំឱ្យរួចរាល់មុនអង្គរសង្គ្រាន្ត។
អ្នកនាំពាក្យថា មិនបានតាមការសារស្នើរបស់ភាគីខាងណានោះទេបង កិច្ចការងារយើងធ្វើរាល់ថ្ងៃ ដោយរដូវជារដូវប្រាំង ស្មៅមួយចំនួនមិនអាចធន់កំដៅខ្លាំងបាន។
ពាក់ព័ន្ធនិងករណីនេះដែរ អភិបាលរងក្រុងសៀមរាប
លោក ហាយ យ៉ង់ បានប្រាប់អ្នកសារព័ត៌មានថាលោកបានឃើញការបង្ហោះហ្វេសបុក របស់ព្រះអង្គ គូ សុភាព ហើយ លោកថា អាជ្ញាធរសូមថ្លែងអំណរគុណចំពោះការរិះគន់ដើម្បីស្ថាបនា។
លោកបន្តថា ចំពោះរឿងស្មៅងាប់ តាមផ្លូវនេះមន្ត្រីជំនាញនៃខេត្តសៀមរាប បានធ្វើការងារនេះតាំងពីយូរមកម្លេះ ហើយបច្ចុប្បន្នក៏កំពុងរៀបចំតប្រព័ន្ធទឹក ដើម្បីយកមកស្រោចស្រពស្មៅ ក៏ដូចជាសួនច្បារនានាក្នុងក្រុងសៀមរាប អោយមានសោភណភាពល្អ ទាក់ទាញភ្ញៀវទេសចរ។ នៅតាមសួនច្បារខ្លះអ្នកជំនាញកំពុងកាយយកស្មៅដែលងាប់នោះចេញដើម្បីដាក់ជីរួចដាំថ្មីឡើងវិញ៕SRP
