Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋចំនួន២នាក់នៅក្នុងខេត្តសៀមរាបបានលង់ទឹកស្លាប់ នៅស្រុកពីរផ្សេងគ្នា។
ករណីទី១នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២០ខែតុលាឆ្នាំ២០២០ នៅចំណុចវាលរហាលខាងកើតភូមិកំបោរ ឃុំចន្លាសដៃ ស្រុកក្រឡាញ់។ ជនរងគ្រោះមានឈ្មោះមុត ឌី ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិឃុំខាងលើ។ មូលហេតុស្រវុឹងស្រាជាប្រចាំ។តាមការពិនិត្យពីសមត្ថកិច្ចជំនាញសាកសពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។
ករណីទី២នៅវេលាម៉ោង០៤និង២០នាទីរសៀល ថ្ងៃទី២០ខែតុលាឆ្នាំ២០២០ នៅចំណុចភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
ជនរងគ្រោះឈ្មោះ ហែម ហ៊ាប ភេទប្រុស អាយុ៥៧ឆ្នាំ បានលង់ទឹកស្លាប់នៅមុខផ្ទះចំងាយប្រហែល១៥ម៉ែត្ររស់នៅភូមិឃុំ កេីតហេតុខាងលេី។មូលហេតុជនរងគ្រោះស្រវឹងស្រាចុះទៅដកព្រលិតនៅមុខផ្ទះបណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋ រស់នៅក្នុងឃុំរុនតាឯក ជាង៥០គ្រួសារបានទទួលអំណោយជាអង្ករនិងក្រមា ពីក្រុមហ៊ុនបុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី។

ពិធីចែកអំណោយនេះធ្វើនៅនៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះ នៅសាលាឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមូលដ្ឋានផងដែរ។

ក្នុងពិធីនេះ លោកថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រីបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដី តែក៏ជាការចូលរួមរំលែកនូវលំបាករបស់ពលរដ្ឋផងដែរ។

លោកយូ ធុល នាយកក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែកក្នុងស្មារតីជួយដល់រដ្ឋរាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាកបានមួយគ្រាផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន២ឃុំទៀត នៅស្រុកបន្ទាយស្រី ដែលពួកគាត់មានជីវភាពខ្វះខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តស្វាយរៀង៖មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាសកិច្ចការប្រគួតប្រជែងនិងបង្រាបការក្លែងន្លំ(កបប)បានចុះពិនិត្យទំនិញនៅក្នុងផ្សារវាលយ័ន្តនិងនៅមុខមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងក្រុងស្វាយរៀងដែលមានអាជីវករលក់គ្រឿងឧបភោគបរិភោគ បានរកឃើញត្រីងៀតបបែលចំនួន៧kgនិងពពុះសណ្តែក៥kg មានសារធាតុគីមី។
លោក ផឹងនិលបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានថាមន្ត្រីជំនាញក៏បានសហការជាមួយលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានចុះពិនិត្យទំនិញនៅផ្សារវាលយន្តបានរកឃើញត្រីងៀតបបែលនិងពពុះសណ្ដែកមានសារធាតុគីមី។

លោកបានបន្តថាដើម្បីប្រកួតប្រជែងទប់ស្កាត់ការក្លែងបន្លំ ទៅលើគ្រឿងឧបភោគបរិភោគដែលមានសារធាតុគីមីនិងហួសកាលបរិច្ឆេទនោះមន្ត្រីជំនាញបានចុះត្រួតពិនិត្យនិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លទ្ធផលក្រោយការចុះអនុវត្តបានបានរកឃើញសារធាតុគីមីដូចជា៖

– ត្រីងៀតបបែលចំនួន ៧kgនិងពពុះសណ្ដែកចំនួន៥kgមានសារធាតុគីមី(Borax)​​

ហើយមន្ត្រីជំនញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយនៅថ្ងៃទី២០តុលាឆ្នាំ២០២០នេះ។

លោកបានបន្តថា ក្រោយមកឱ្យម្ចាស់អាជីកតធ្វើកិច្ចសន្យាមិនអោយមានលក់លើកទី ២ ទៀតទេ ហើយបើសិនមានករណីលើកទី២ ទៀតនោះលោកនិងក្រុមការងារធ្វើការផាកពិន័យទៅតាមនីតិវិធីច្បាប់អនុក្រឹត្យបានផ្សព្វផ្សាយលេខ ១៣៣ស្ដីអំពីលទ្ធផលចិញ្ចឹមទារកនិងកុមារលើសំបកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។

លោកក៏បានធ្វើការណែនាំនិងពន្យល់ដល់អ្នកលក់និងអ្នកទិញមុននឹងទិញរបស់អ្វីមួយត្រូវត្រួតពិនិត្យកាលបរិច្ឆែតឲ្យបានច្បាស់លាស់ ព្រោះថារបស់ក្លែងក្លាយឬខួចគុណភាពពេលយើងបរិភោគទៅធ្វើឲ្យប៉ះពលដល់ក្រពះក្រលៀន មានជំងឺរ៉ាំរ៉ៃអាចស្ដាប់ដល់អាយុជីវិតទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖ករណីគ្រោះធម្មជាតិដោយទឹកជំនន់ មានអ្នកស្លាប់ចំនួន២៥នាក់ និងជម្លៀសប្រជាជន ជាង៣ម៉ឺននាក់ទៅកាន់ទីទួលសុវត្ថិភាព គិតត្រឹមថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០
មានប្រជាជនប៉ះពាល់ដោយជំនន់ទឹកភ្លៀងប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជនប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់ និងមានប្រជាជនស្លាប់ ចំនួន២៥នាក់ ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា មានរាជធានី-ខេត្តចំនួន១៩ បានប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ,ប៉ៃលិន ,បន្ទាយមានជ័យ ,ភ្នំពេញ ,បាត់ដំបង ,ស្វាយរៀង ,ឧត្តរមានជ័យ ,សៀមរាប ,តាកែវ ,កំពង់ស្ពឺ ,មណ្ឌលគិរី ,ព្រះសីហនុ ,កោះកុង ,ព្រះវិហារ ,ស្ទឹងត្រែង ,កំពង់ចាម ,កណ្ដាល ,កំពង់ឆ្នាំង និងកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាងមួយរយគ្រួសារ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង នៅថ្ងៃទី២០ខែតុលានេះ ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជអាវុធខេត្តបាត់ដំបង រួមនិងសប្បុរសជនជាច្រើននាក់។

គួរបញ្ជាក់ដែរថាការផ្តល់នូវអំណោយមនុស្សធម៌នេះនៅភូមិខាងលើ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនានាប្រចាំខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានលើកឡើងថា អំណោយដែលឧបត្តម្ភសម្រាប់សម្រាលការលំបាកដល់ពលរដ្ឋនាពេលនេះទទួលបានពីការកៀរគពីបណ្តាកងកម្លាំងក្នុងអង្គភាព មន្ត្រីរាជការ និងក្រុមអាជីករដែលជាសប្បុរសជនក្នុងខេត្ត ហើយក្នុងនោះមីគឺបានមកពីការឧបត្ថម្ភរបស់ លោក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោកផងដែរ។
លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណ បានបញ្ជាក់បន្ថែមទៀតថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលត្រូវផ្តល់ជូនដល់ពលរដ្ឋនាពេលព្រឹកនេះក្នុងមួយគ្រួសារៗទទួលបាន -អង្ករចំនួន២០គីឡូក្រាម -មី០១កេះ -ត្រីខ០១យួរ -ទឹកក្រូច០៦កំប៉ុង និងថវិកាចំនួន២០០០០រៀល៕SRPដោយវណ្ណ:

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តកំពង់ចាម​៖លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បាន​ណែនាំដល់ក្រុមការងារជំនាញទាំង៦ ឲ្យ​មានការ​រួបរួម​គ្នា​ និង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ ​ក្នុង​ការ​គោរព​នូវ​​ផែនការ​ តាមតួនាទីរបស់ខ្លួន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស​ ខណៈ​ដែល​មេខ្យល់​ត្រូវ​បាន​ចាប់ខ្លួន​ជាបន្តបន្ទាប់​ ព្រម​ជាមួយ​ការ​​រំដោះ​​ជនរងគ្រោះ​បាន​ជាច្រើនរូបផងដែរ។
ការ​ស្នើ​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការ​រៀបចំ​ផែនការ​សកម្មភាព​របស់​​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស(គ​ ខ​ ប​ ជ​)​ នាព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ លោកស្រី​​ ប៉ាង​ ដានី​ បាន​វាយ​តម្លៃ​ខ្ពស់​ និង​កោតសរសើរ​ ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំបំពេញការងារ ជូនរដ្ឋបាលខេត្ត​ ពីសំណាក់ក្រុមការងារទាំង៦ និងលេខាធិការដ្ឋាន ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងទប់ស្កាត់ការធ្វើចំណាកស្រុក​ មិនស្របច្បាប់ រហូតឈានទៅដល់ការ ចាប់ខ្លួនមេខ្យល់ និងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់​ ក្នុងពេលអនុវត្តការងារ​កន្លងមក​។
លោកស្រី​​ អភិបាល​រង​ខេត្ត​ បាន​បន្តថា​ ក្នុង​កំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការងារ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ​ ហេីយគាត់បានត្រលប់មកពីការធ្វើចំណាកស្រុកវិញជាបន្តបន្ទាប់ ចាប់ពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន អ្នកចំណូលស្រុកកើនដល់៤,៦២៥នាក់ ទន្ទឹមនេះដែរក្រុមការងារយើងក៏បាន ខិតខំបន្តកិច្ចសហការជាមួយ អ្នកពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូនានា ដើម្បីបន្តជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងកំឡុងពេលកូវីដ១៩ នេះ។
ជាមួយគ្នា​នោះ​ លោកស្រី​ ប៉ាង ដានី​ ក៏បាន​សំណូមពរ​ឲ្យបណ្តា អង្គការពាក់ព័ន្ធនានាផ្សេងទៀត មេត្តាចូលរួមសហការ និងគាំទ្រដល់ក្រុមការងារយើងជាបន្តទៀត​ ដើម្បីទប់ស្កាត់ ការចំណាកស្រុកមិនស្របច្បាប់​ និងប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស​ ជាពិសេសគាំទ្រដល់សកម្មភាពដែលក្រុម ការងារទាំង៦​ និងលើកឡើងជាផែនការសកម្មភាពរបស់ខ្លួនក្នុងកិច្ចប្រជុំនេះ។ ព្រមទាំងសូមឲ្យប្រធាន​ និងសមាជិកនៃក្រុមការងារទាំង៦​ ត្រូវខិតខំលើកសកម្មភាពឆ្លើយតប​ ឲ្យបានច្បាស់លាស់ និងអនុវត្តន៏បាន​ ដើម្បីសម្រេចបានលទ្ធផលកាន់តែល្អប្រសើរក្នុងឆ្នាំ២០២១ខាងមុខនេះ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកទី២០ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា សម្ដេចពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធន៍នៅប្រទេសការអភិវឌ្ឍន៍តែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។

សម្ដេចក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិចដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទីលើឧស្សាហកម្មធុនធ្ងន់។

បន្ទាប់មកលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ មុននឹងកិច្ចប្រជុំទាំងមូលបានបន្តការពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់មូលនិធិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១៩ ខែតុលា ម្សិលមិញ បានទទួលអំណោយពី
លោក ពៅ វណ្ណី តំណាង ក្រុមហ៊ុន នូវគ្រឿងឧបភោគបរិភោគ មានអង្ករ ១តោន ត្រីខ ៣០យួរ , មីជាតិ ៣០កេស , ទឹកត្រី ៣០យួរ , ទឹកស៊ីអ៉ីវ ៣០យួរ និង ថវិកាមួយចំនួនផងដែរ។
លោក ពៅ វណ្ណី តំណាងក្រុមហ៊ុនឆ្នោតមហាសំណាង បានបញ្ជាក់ថា ក្រោមការអំពាវនាវរបស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត ក្នុងការចូលរួមឧបត្ថម្ភជាស្បៀងអាហារ សម្ភារក្នុងការជួយដល់ប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀង សំខាន់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដែលមានស្រុកមួយចំនួនទទួលរងផលប៉ះពាល់ទឹកជន់លិចបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋ។

លោកទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុនឆ្នោតមហាសំណាងកម្ពុជា ដែលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង។
លោកក៏បានជម្រាបជូន ដល់តំណាងក្រុមហ៊ុនផងដែរថា កាលពីថ្ងៃអាទិត្យទៅនេះ អាជ្ញាធរខេត្តបានចុះទៅដល់មូលដ្ឋានស្រុកមួយចំនួនដែល ទទួលរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន និង ផលដំណាំប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយមកដល់ថ្ងៃនេះ បើស្ថានភាពភ្លៀងនៅតែបន្តធ្លាក់មកទៀត ក៏នឹងធ្វើឲ្យកាន់តែប៉ះពាល់កាន់តែធ្ងន់ឡើង។

អភិបាលខេត្តបានបន្តថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និង សត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និង មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។
លោកក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកឯកទៀត ហើយអំណោយទាំងនេះលោកនឹងយកទៅចែកជូនដល់បងប្អូនប្រជាពល រដ្ឋរងគ្រោះ និង ងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖ក្រសួងកសិកម្មបានឲ្យដឹងថាដោយទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ គឺ

១) កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន

២) កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និង៣) កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃបណ្តាប្រទេស អាស៊ាន ប្រទេសបូក៣ (ចិន កូរ៉េ ជប៉ុន) និងប្រទេសឥណ្ឌា នឹងអនុម័តលើឯកសារមួយចំនួនដើម្បី អនុវត្តក្នុងគោលដៅលើកកំពស់ប្រព័ន្ធសិវត្ថភាពចំណីអាហារ ជំរុញពាណិជ្ជកម្មលើផលិតផលកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវិដ១៩ជាដើម។

ចំពោះលទ្ធផលនៃកិច្ចប្រជុំទាំង៣នេះ ក្រសួងនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំនីមួយៗនៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅ ក្នុងពេលឆាប់ៗនេះ នូវសេចក្តីព្រាងច្បាប់ចំនួន ៤ (បួន) ដែលគណៈកម្មករជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ថ្មីចំនួន៤ទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យនិងសិក្សា។

សេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានទទួលយកមកពិនិត្យ តាមសំណើរបស់រាជរដ្ឋាភិបាល និងបានសម្រេចប្រគល់ដល់គណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា រួចហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញនោះមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣-សេចសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

– ពិធីសារទី៣ស្តីពី សិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិក អាស៊ានណាមួយ។
– ពិធីសារទី៤ស្តីពី សិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃ ប្រទេសជាសមាជិកអាស៊ាន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង បានអរគុណ សប្បុរសជន ដែលបានឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារផ្សេងៗ ជួយដល់ពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។

តាមរយៈ page facebook ផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានសរសេរថា៖«បងប្អូនជនរួមជាតិជាទីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត»  ខ្ញុំសូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ខ្ញុំបានទទួលនូវជំនួយឧបត្ថម្ភពីបណ្ដាសប្បុរសជននានា សរុប មានអង្ករចំនួន៣៧៥តោន, មី១០០កេស, ប្រាក់រៀល៩០លានរៀល និងប្រាក់ដុល្លារ២០០,៥០០ដុល្លារសហរដ្ឋអាមេរិក។

សម្ដេចស ខេង បន្តថា ជំនួយទាំងនេះ ខ្ញុំ និងសហការី បានរៀបចំបែងចែកជូនបងប្អូនជនរួមជាតិដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តាមរយៈរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ពោលគឺជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។

ទន្ទឹមគ្នានេះដែរ ខ្ញុំក៏នៅតែបន្តទទួលបាននូវការចូលរួមចំណែកជាថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់នានាជាបន្តទៀត ពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដើម្បីបន្តបែកចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរងគ្រោះដោយទឹកជំនន់។

រដ្ឋមន្ត្រីមហាផ្ទៃបន្ថែមថា ខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅពេលបានឃើញបងប្អូនជនរួមជាតិយើង រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយល្អណាស់ នៅក្នុងពេលដែលជនរួមជាតិយើងមួយចំនួនបាននិងកំពុងរងគ្រោះដោយមហាន្តរាយជំនន់ទឹកភ្លៀងនេះ។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដែលមានទឹកចិត្តសប្បុរសចូលរួមបរិច្ចាកថវិកា គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនដល់រូបខ្ញុំ ដើម្បីចាត់ចែងចែកជូនបងប្អូនជនរងគ្រោះ។ សូមជូនពរសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធពរ៤ប្រការ និងសូមជូនពរបងប្អនជនរួមជាតិឆាប់បានរួចចាកផុតពីគ្រោះមហន្តរាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងនឹងមានសាធាតុញៀនលទ្ធផលវិជ្ជមាន។

ការឃាត់ខ្លួនលុះថ្ងៃទី១៩ខែតុលាម្សិលមិញ នៅសង្កាត់គោកចក ក្រុងសៀមរាប ដោយកម្លាំងនគរបាលសង្កាត់ស្លក្រាមនិងសង្កាត់គោកចក។
នគរបាលបានឲ្យដឹងនៅព្រឹកនេះថាជនសង្ស័យឈ្មោះ ម៉ៅ  ណាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចប្បន្នរស់នៅភូមិខ្វៀន  សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នគរបាលបានបញ្ជាក់ថាកាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ ២០២០វេលាម៉ោង០១និង១០នាទីយប់មានករណីលួចយកម៉ូ១គ្រឿង ម៉ាកHonda Scoopy ពណ៌ខ្មៅ ស៊េរី ២០១៩ស្លាកលេខ សៀមរាប ១AD-១០៥៧10លេខតួនិងលេខម៉ាស៊ីន 8142906 ខណៈឈ្មោះ ផ្លុង សំអូន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរយាមដីឲ្យគេ (ត្រូវជាឪពុកជនរងគ្រោះឈ្មោះ អុល ស្រីនិចភេទស្រី អាយុ ២៦ ឆ្នាំ)បានស្គាល់ជនសង្ស័យខាងលើ បានប្រហែល ២ទៅ ៣ ថ្ងៃ ដោយជនសង្ស័យតែងតែទិញស្រាបៀរឱ្យខ្លួនផឹក ហើយក៏បានទំនាក់ទំនងគ្នាសុំលេខទូរសព្ទគ្នាទៅវិញទៅមក។
បើតាមនគរបាលបន្តថា
នៅថ្ងៃកើតហេតុជនសង្ស័យបានទូរសព្ទមកឈ្មោះ ផ្លុង សំអូន ឱ្យមកដឹករូបគេដើម្បីទៅទិញនំប៉័ងហូបទាំងអស់គ្នា បន្ទាប់មកបានជិះត្រឡប់មកផ្ទះវិញ មកដល់ចំណុចកើតហេតុខាងលើក្បែរផ្ទះ ឈ្មោះ ផ្លុង សំអូន បានឈឺចុះនោម ដោយពន្លត់ម៉ូតូ តែមិនបានដកសោចេញពីម៉ូតូទេ។  ពេលនោះជនសង្ស័យបានបញ្ឆេះម៉ូតូជិះយកទៅបាត់តែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូពីឈ្មោះ ផ្លុង សំអូន ពិតប្រាកដមែន។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលសង្កាត់ស្លក្រាមរៀបចំសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page523 Page524 Page525 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×