ខេត្តសៀមរាប៖ប៊ីចេងសញ្ញារូបវែក ក្លែងក្លាយប្រមាណជិត២០តោន ធ្វើបានសមត្ថកិច្ចចម្រុះធ្វើការដុតកម្ទេចចោលកាលម្សិលមិញ។
ការដុតបំផ្លាញនេះ បានធ្វើឡើងនៅទីលានចាក់ សំរាម ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។
អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ គ.ប.ផ.ក និងជាអ្នកដឹកនាំការបង្រ្កាប លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានមានប្រសាសន៍នៅក្នុងពិធីដុតបំផ្លាញនេះថា ប៊ីចេងទាំងនេះ មានប្រមាណជាង១៨តោន ត្រូវបានរឹបអូស កាលពីចុងឆ្នាំ ២០១៩ នៅក្នុងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានបន្តថា ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានធ្វើការចាប់ខ្លួនម្ចាស់ទីតាំងខាងលើ យកទៅផ្តន្ទាទោសផងដែរ។
លោកឧត្តមសេនីយ៍បានបន្តទៀតថា ជារឿយៗនៅពេលទទួលបានព័ត៌មាន អំពីផលិតផលក្លែងក្លាយ កម្លាំងសមត្ថកិច្ច តែងតែចុះធ្វើការបង្រ្កាបទាន់ពេលវេលា ហើយការបង្ក្រាបមានទាំងការដកហូតវត្ថុតាង និងឃាត់ខ្លួនមនុស្ស បើទោះជាអ្នកនោះគេច ខ្លួនរួចក៏សមត្ថកិច្ចនៅតែតាមចាប់ខ្លួនដែរ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលើកឡើងថា ការបង្រ្កាបផលិតផល ក្លែងក្លាយជារឿងមួយដែលយើង ត្រូវចូលរួមដោយសារថា ផលិតផលក្លាយក្លាយ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសខេត្តសៀមរាបដែលជាខេត្តតំបន់ទេសចរណ៍។
សូមជម្រាបថា កាលពីថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចរបស់ គ.ប.ផ.ក សហការជាមួយ នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញរូបវែក ក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងជាប៊ីចេង បានប្រមាណជាង១៨ តោន និងឃាត់ខ្លួន ម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅតុលាការសាលាដំបូងខេត្តសៀមរាប។
បើតាម លោក ប៉ុក តារា ជាតំណាងអយ្យការដែលចូលរួមក្នុងពិធីដុតបំផ្លាញប៊ីចេងនេះ បានឲ្យដឹងថា កាលពីឆ្នាំ២០២០ ម្ចាស់ទីតាំងខាងលើ ត្រូវបានចៅក្រមសាលាដំបូងចេញសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ហើយទោសនោះក៏អនុវត្តរួចរាល់ហើយដែរ៕SRP