ខេត្តព្រៃវែង៖មានការលើកឡើងថា ក្រុមអាជីវករ ដែលប្រកបមុខរបរ ដើរប្រមូលទិញផ្លែស្វាយ ពីកសិករ ដើម្បីដឹកជញ្ជូន ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្អូញត្អែរថា ពួកគេពិបាកណាស់រកស៊ីដោយសព្វថ្ងៃទីផ្សារសេរី ទិញលក់ប្រកួតប្រជែងគ្នា ណាមួយត្រូវចំណាយលើ កម្មករ លើកដាក់ផ្លែស្វាយ និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន បន្ថែមពីនេះទៀត ពួកខ្លួនត្រូវបង់លុយ ឱ្យមន្រ្តីគយ នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អស់ចាប់ពី ៦៥ម៉ឺនរៀល ទៅ១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង..!។
ជុំវិញករណីនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបកស្រាយពីលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។
អាជីវករដែលតែងតែដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តចំណុះ៥តោន បានអះអាងថា ជារៀងរាល់លើក ដែលខ្លួនដឹកផ្លែស្វាយ ទៅលក់ ឱ្យឈ្មួញវៀតណាម គឺត្រូវបង់លុយឱ្យ មន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន ៦៥ម៉ឺនរៀល ក្នុង១ជើងជាកំហិត។ ចំណែករថយន្ត(វេអង) ដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម មួយជើង គឺត្រូវបង់លុយឱ្យ មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន១លានរៀលផងដែរ។
ប្រភពព័ត៌មានពីអាជីវករបានប្រាប់ថា រាល់ការបង់លុយរបស់ពួកខ្លួន មកឱ្យមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដូចចំនួនខាងលើ គឺពុំដែលមានក្រដាសស្នាម ចុងសន្លឹក ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋ នោះទេ ដោយរត់ការប្រគល់លុយផ្ទាល់ដៃ និងបង់ចូលហោប៉ាវ មន្ត្រីដោយស្ងាត់ៗ..!តែម្ដង។
អាជីវករបន្ថែមថា រថយន្តដឹកផ្លែស្វាយ រថយន្តដឹកស្រូវ
ត្រូវបានមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី
និងស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងសមត្ថកិច្ច មួយចំនួនទៀត តម្រូវឱ្យបង់លុយចូលហោប៉ាវ ចំនួន១ម៉ឺនរៀល ក្នុងមួយជើងជាកំហិតផងដែរ ស្របពេលដែលមួយថ្ងៃៗ មានរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ រាប់សិបគ្រឿង សម្រុកដឹកជញ្ជូនទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ។ ករណីនេះ លោក អ៊ុំ ប៉ូល័ក្ខ បានទទួលស្គាល់” ចំពោះការទទួលលុយ ពីរថយន្តដឹកស្រូវ ដោយថា នោះជាទឹកចិត្តរបស់អាជីវករ ពុំមែនជាការទាមទារ ឬបង្ខិតបង្ខំឡើយ”។
ករណីបែបនេះ លោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលមានតួនាទីភារៈកិច្ច អាចក្ដោបសេដ្ឋកិច្ច ប្រមូលលុយក្រៅប្រព័ន្ធច្បាប់ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ដើម្បីធ្វើមាន ធ្វើបានជាមួយបក្សពួក។
យ៉ាងណាក៏ដោយ អាជីវករ អ្នកដឹកស្រូវក៏ដូចជាអ្នកដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានស្នើសូមយ៉ាងទទូចដល់ លោកគុណ ញឹម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា និងលោកស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការទប់ស្កាត់ កុំឱ្យមានការយកលុយ ពីរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ តទៅទៀត និងសូមឱ្យស្រាវជ្រាវ ពីភាពមិនប្រក្រតីមួយចំនួននេះផង។
សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មានអាជីវករ នាំចូល ជីកសិកម្ម-ស្រូវ ពូជវៀតណាម ថ្នាំពុលកសិកម្ម.ទំនិញ ឥវ៉ាន់ចាប់ហួយ គ្រឿងបន្លាស់កង់ម៉ូតូ រថយន្ត.គ្រឿងបន្លាស់ (ត្រាក់ទ័រ-ម៉ាស៊ីនច្រូតស្រូវ)និងសម្ភារ:អគ្គិសនី (ខ្សែភ្លើង.អំពូល.កង្ហារ) រួមនិងបន្លែ ផ្លែឈើ ត្រីសាច់ ពងមាន់.ពងទា យ៉ាងគគ្រឹកគគ្រេង ដោយក្រុមអាជីវករ ប្រើរថយន្តធុនធំ រថយន្តធុនតូច រួមនិងរ៉ឺម៉កម៉ូតូផ្សេងៗគ្នា៕