Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់មន្ត្រីនៃមន្ទីរសុខាភិបាល​ ត្រូវខិតខំបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរ ពិសេសត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសម ជាមន្ត្រីផ្តល់សេវា ហើយត្រូវខិត ខំដោះស្រាយបញ្ហា ដែលមាននៅក្នុងមូលដ្ឋាន ក្នុងអង្គភាព ក៏ដូចជានៅក្នុងវិស័យ របស់ខ្លួន ពោលគឺ ត្រូវបង្កើនភាពជឿជាក់ ពីសំណាក់អ្នកជំងឺ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ មានការជឿទុកចិត្តលើ វិស័យសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ សុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ មន្ទីរសុខាភិបាល់នៃរដ្ឋបាលខេត្តកំពង់ចាម
នៅថ្ងៃសុក្រម្សិលមិញ។

លោកអ៊ុន ចាន់ដា ក៏បានកោតសរសើដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល ខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផល ល្អប្រសើរ ក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុភាព ទាំងការប្រឹក្សា និងការព្យាបាលសុខភាព​ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអនុវត្តការងារ ស្រប​តាម​កម្មវិធី​​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​ ស្រប​តាម​ផែនការ​សុខមាលភាព​ និង​ផែនការ​វិជ្ជាសាស្ត្រ​។

អភិបាលខេត្ត ក៏បានក្រេីនរំលឹក​ដល់​ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវ​ណែនាំដល់មន្ត្រីរបស់ខ្លួន មានដូចជា នៅ​តាមបណ្តារ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព​ សូមកុំឱ្យមានការរើសអើង ហើយត្រូវយកចិត្តទុកដាក់បម្រើសេវា​ឱ្យ​បាន​ល្អ ជូនដល់​បងប្អូន ដែលកាន់ប័ណ្ណ​ ប.ស.ស បើទោះជា​ពណ៌អ្វីក៏ដោយ សូមបម្រើ​ឱ្យ​បានស្មើៗគ្នា​ ពីពោះថា​ រាល់​ថ្លៃព្យាបាលគឺរដ្ឋាភិបាល ជាអ្នកចេញប្រាក់ជំនួស​ឱ្យ​ពួកគាត់​ ពោលគឺ​ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួន ក្នុងការបំពេញភារកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ហើយងាកមកទទួលសេវា​សុខភាព នៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ។

អភិបាលខេត្ត ក៏បានសំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំ កែប្រែកំហុសត្រង់ចំណុចខ្វះខាត ហើយងាកមកបម្រើសេវាព្យាបាល ជូនពលរដ្ឋ ធ្វើយ៉ាងណាកុំឲ្យ មានការថ្នាំងថ្នាក់ ដើម្បីទទួលបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលទាំងនេះ គឺចាត់ទុកថាជាការជួយដល់ខ្លួនឯង ហើយក៏ប្រៀបបានទៅនឹងការជួយដល់រាជរដ្ឋ ភិបាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៣

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានសូមថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ទាំងមូល ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា ជាពិសេស បានចូលរួមការពារនូវអធិបតេយ្យភាព ឯករាជ្យភាព បុព្វហេតុនៃការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងសន្តិភាព នៅកម្ពុជា ដោយឡែក ខេត្តសៀមរាប យើងខ្ញុំ ក៏បានទទួលនូវអត្ថប្រយោជន៍ នៃទំនាក់ទំនង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ការបណ្តុះបណ្តាល នូវធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួលជុលប្រាសាទបុរាណ ជាពិសេសគឺគម្រោង ទីក្រុងឆ្លាតវៃក្នុង ខេត្តសៀមរាប ហើយថ្មីៗនេះ ក៏បានសាងសង់អគារបន្ថែម ក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោក ទៀ សីហា បន្តថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត-ក្រុង នៃប្រទេសជប៉ុនចំនួន ០៤ខេត្ត-ក្រុងផងដែរ។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗ បន្ថែមទៀតឥតឈប់ឈរ។

លោកទៀ សីហា បញ្ជាក់បែបនេះ ក្នុងពិធីលៀងសាយភោជន៍អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ គម្រប់៦២ យាងចូល៦៣ព្រះវស្សា នៅសាលសន្និសិទសុខាសៀមរាប នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៣

លោកទៀ​ សីហា​ អភិបាលខេត្តសៀមរាបបានអះអាងថា៖ យើងបានធ្វើការបោសសម្អាតមីន បញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រឡាញ់ ហើយបានធ្វើពិធីប្រកាសជាផ្លូវការ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ អង្គភាពCMAC បានដាក់ពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតតំបន់ចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ក្នុងខេត្តសៀមរាប។

លោក ទៀ សីហា បានបញ្ជាក់ ចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេល បច្ចុប្បន្ន ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម របស់អង្គភាពប្រតិបត្តិករ បាននិងកំពុងធ្វើប្រតិបត្តិការ ក្នុងខេត្តមាន៖ CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្ការមីន លើផ្ទៃដីសរុបជាង ៨​ ៨០០ហិកតា ដោយរកឃើញមីនថ្មើជើង ចំនួនជាង ២ម៉ឺនគ្រាប់ មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះ ពីសង្រ្គាមគ្រប់ប្រភេទជាង១១ម៉ឺន គ្រាប់គ្រាប់​ មានអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួនជាង ៥៣ម៉ឺននាក់។

អភិបាលខេត្តសៀមរាបអះអាងបែបនេះ ក្នុងឱកាសអញ្ជេីញចូលរួមបើកការដ្ឋាន ប្រតិបត្តិការ បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម  ក្រោមគម្រោងហិរញ្ញប្បទាន ឥតសំណង របស់រដ្ឋាភិបាលចិន សម្រាប់ (គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីន នៅកម្ពុជា) ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប តំណាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម WANG Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ក្នុងពិធីសម្តេចទៀ បាញ់ បានសម្តែងការអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ក្នុងការគាំទ្រជួយដល់កម្ពុជាលើគ្រប់វិស័យ​ ពិសេសបោសសំអាតមីន ស្របតាមចក្ខុវិស័យផែនការយុទ្ឋសាស្ត្រសកម្មភាពមីន កម្ពុជា គ្មានមីនឆ្នាំ២០២៥។

សម្តេចបានបន្តថា នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ បាននាំមកនូវជោគជ័យ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង សម្រាប់កម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។ ភ្លើងសង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ពាសពេញ ផ្ទៃប្រទេស ដែលបងប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់​ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្ម ដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោកដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាម ក៏ដោយ តែក្រោមការដឹកនាំរបស់ សម្តេចហ៊ុន សែននិងដោយមានការជួយជ្រោមជ្រែង ពីបណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូ ជាច្រើនមកដល់ពេលនេះយើង ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្គ្រាមផ្សេងទៀត ត្រូវបានបោសសំអាត និងធ្វើការកំទេចចោល ជាបន្តបន្ទាប់ស្ទើទូទាំងប្រទេស។

សម្តេចទៀ បាញ់ ក៏បានជំរុញឱ្យអង្គភាពស៊ីម៉ាក និងអាជ្ញាធរដែនដី ត្រូវធ្វើយ៉ាងណាខិតខំអប់រំ ផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ ដែលបង្កឡើងដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសដល់កុមារតូចៗ។

សូមបញ្ជាក់ថាពិធីបើកការដ្ឋាន ប្រតិបត្តិការបោស សម្អាតមីន លេីផ្ទៃដីចំនួន៣៩៤​ ៩៤៣ម៉ែត្រក្រឡា​ ដែលគ្រប់ដណ្តប់ទៅដោយគ្រាប់មិនទាន់ផ្ទុះ និង សំណល់យុទ្ធភណ្ឌសង្គ្រាម ធ្វើឡើងស្ថិតនៅភូមិទ័ពជ័យ ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៣

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីទីចាត់ការ ផែនការ និងវិនិយោគ និងមន្ត្រីសុខាភិបាល ចំនួន២០រូប ដែលត្រូវបានតំឡើងតួនាទីថ្មី ត្រូវខិតខំ ប្រឹងប្រែងធ្វើការងារ ឱ្យបានល្អ សម្រេចឱ្យបានតាមការសំណូមពរ និងការជឿទុកចិត្តពីថ្នាក់ដឹកនាំ ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឱ្យក្លាយទៅជាស្ថាប័ន ដែលមានភាពរឹងមាំ និងមានការជឿជាក់ពី សំណាក់ប្រជាពលរដ្ឋ។ លោកបាន​សង្កត់​ធ្ងន់​ ៣ចំណុច​គឺ​ ១-ត្រូវខិតខំបម្រើសេវាឱ្យបានល្អ ជូនប្រជាពលរដ្ឋ ទាំងសេវារដ្ឋបាល និង សេវាសាធារណៈ ២-ត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសមជាមន្ត្រីផ្តល់សេវា ៣-ត្រូវខិតខំ ដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងអង្គភាព ក៏ដូចជានៅក្នុងមូលដ្ឋាន របស់ខ្លួនផងដែរ។

អភិបាលខេត្តំពង់ចាម ក៏បានក្រើនរំលឹកឱ្យមន្ត្រីធ្វើ ការប្រកបដោយភាពទទួលខុសត្រូវ ចំពោះការអនុវត្តមុខងាររបស់ខ្លួនផងដែរ។ លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅនៅថ្ងៃព្រហស្បតិ៍នេះ។

ក្នុងកិច្ចប្រជុំនេះ លោក ខ្លូត​ ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និង លើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបិទចំណូល ចំណាយថវិកា និង ការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្ត សម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២។
៤–ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ៨៥/២០ ស.ស.រ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ និងប្រការ៣ ថ្មី នៃសេចក្តី សម្រេចលេខ១០៥/២០ ស.ស.រ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មាធិការរៀប ចំដែនដី និងនគររូបនីយកម្មខេត្តកំកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់អតីតជាបុគ្គលិកផ្នែកលក់ឥវ៉ាន់គ្រប់មុខ ក្នុងព្រលានយន្តហោះខេត្តសៀមរាប ហើយឡើងតួនាទីជាប្រធានក្រុមគ្រប់គ្រងម៉ាតក្នុងព្រលានយន្តហោះខេត្តសៀមរាប បាធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងផ្ទះសំណាក់។

នេះបើតាមម្ដាយរបស់បុរសរូបនេះប្រាប់សមត្ថកិច្ច។ ជនរងគ្រោះ ឈ្មោះ យ៉ុង លីដា អាយុ២៤ឆ្នាំ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ម្តាយរបស់ជនរងគ្រោះ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៥២ឆ្នាំ មុខរបរៈ លក់ដូរ ទីលំនៅខាងលើបានឲ្យដឹងថា៖ កូនប្រុសរបស់នាងខ្ញុំបានចូលធ្វើការជាបុគ្គលិកផ្នែកលក់ឥវ៉ាន់គ្រប់មុខ ក្នុងព្រលានយន្តហោះខេត្តសៀមរាប បានរយៈពេល ៣ឆ្នាំមកហើយ។ អំឡុងពេលធ្វើការ ៣ឆ្នាំ កូនប្រុសរបស់ខ្ញុំបានឡើងតួនាទីជាប្រធានក្រុមគ្រប់គ្រងម៉ាតក្នុងព្រលាន ចាប់ពីពេលនោះមកកូនប្រុសរបស់ខ្ញុំគាត់ឧស្សាហ៍ឈឺក្បាល ដេកមិនសូវលក់ ហើយខ្ញុំសង្កេតឃើញថា កូនប្រុសខ្ញុំ ដើរបណ្ដើរ គិតបណ្ដើរ មានពេលខ្លះគាត់ប្រាប់ថា ឈឺក្បាល ពេលខ្លះប្រាប់ថា ដេកមិនលក់ ដោយយល់ឃើញថាកូនប្រុសរបស់ខ្ញុំមានបញ្ហាផ្នែកសតិអារម្មណ៍ នាងខ្ញុំក៏បានឲ្យកូនប្រុសឈប់ធ្វើការនៅព្រលានយន្តហោះ។ លុះនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នាងខ្ញុំបាននាំកូនប្រុសទៅពិគ្រោះផ្នែកជំងឺទូទៅ នៅមន្ទីរពេទ្យ ៧៧៧ ពេលនោះនាងខ្ញុំ បានចូលទៅជួបគ្រូពេទ្យមុន ដើម្បីឲ្យពេទ្យបានដឹងពីបញ្ហារបស់កូនប្រុសខ្ញុំ ខ្លាចពេលគាត់និយាយថាកូនប្រុសខ្ញុំមានបញ្ហា ជំងឺឌីប្រេសសិន។

ម្ដាយជនរងគ្រោះបានបន្តថា នាងខ្ញុំសូមទទួលស្គាល់ថា ការធ្វើអត្តឃាតរបស់កូនប្រុសខ្ញុំ មិនពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ព្រោះនាងខ្ញុំដឹងច្បាស់ថា កូនប្រុសនាងខ្ញុំមានបញ្ហាគិតច្រើនយូរមកហើយ។

តាមការបំភ្លឺឈ្មោះ គង់ មុំ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ បុគ្កលិកផ្ទះសំណាក់ និងភោជនីយដ្ឋាន ណូរ៉ាក្រហម បានឲ្យដឹងថា៖ នាងខ្ញុំមានតួនាទីជាអ្នកទទួលភ្ញៀវ (រីស៊ិប) ហើយម្ចាស់ផ្ទះសំណាក់ ឈ្មោះ លោកជំទាវលី អ៊ុំអេង។ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៣០នាទី ស្រាប់តែឃើញមានមនុស្សប្រុសម្នាក់ពាក់អាវសាច់ក្រណាត់ឆ្នូតការ៉ូ ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ មានស្ពាយកាបូបពីក្រោយពណ៌ក្រម៉ៅ ដើរចូលមកក្នុងផ្ទះសំណាក់ ដើម្បីជួលបន្ទប់ស្នាក់នៅ។ ពេលមកដល់មនុស្សប្រុសនោះបានប្រាប់ថា ជួលបន្ទប់ម៉ាស៊ីនត្រជាក់ ដោយបង់ប្រាក់ថ្លៃបន្ទប់មុនចំនួន ១៥ដុល្លារ ហើយខ្ញុំក៏បានហុចកូនសោរបន្ទប់លេខ ២០៦ ជាន់ទី១ ឲ្យទៅគាត់។

ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៣០នាទី មានបុគ្គលិកឈ្មោះ សុភ័ក្រ្ត ភេទប្រុស បានមកប្ដូរវេននាងខ្ញុំ បន្ទាប់មកឈ្មោះ សុភ័ក្រ្ត បានឡើងទៅឆែកបន្ទប់លេខ ២០៦ ឃើញថាមានមនុស្សនៅ តែជាប់សោរទ្វារបន្ទប់ ហើយឈ្មោះ សុភ័ក្រ្ត ក៏បានចុះមកយកកូនសោរ រួចឡើងទៅចាក់ទ្វារបន្ទប់លេខ ២០៦ បន្ទាប់មកឈ្មោះ សុភ័ក្រ្ត បានចុះមកក្រោមវិញ ហើយប្រាប់ខ្ញុំថា មានរឿងហើយ ឱ្យខ្ញុំខលទៅអ្នកគ្រប់គ្រងឈ្មោះ ណូ រ៉ា ភេទប្រុស មួយសន្ទុះក្រោយមកក៏ឃើញសមត្ថកិច្ចមកដល់ ទើបខ្ញុំដឹងថា មនុស្សប្រុសដែលស្នាក់នៅបន្ទប់លេខ ២០៦ បានចងក សម្លាប់ខ្លួននៅក្នុងបន្ទប់បាត់ហើយ។

យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងផ្អែកតាមការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីពេទ្យបង្អែកខេត្តសៀមរាបបញ្ជាក់ថា ស្លាប់ដោយសារ ចងក (ធ្វើអត្តឃាត)។

សូមបញ្ជាក់ថា ហេតុការណ៍នេះ នៅវេលម៉ោង១៨និង៥០នាទីត្រូវនិងថ្ងៃទី០៨ខែមីនា ឆ្នាំ ២០២៣ នៅចំណុចផ្ទះសំណាក់ និងភោជនីយដ្ឋាន ណូរ៉ាក្រហម ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅខេត្តកំពង់ស្ពឺ។

ក្នុងពិធីសម្ពោធ នៅថ្ងៃពុធម្សិលមិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល រោងចក្រថ្មីរបស់ក្រុមហ៊ុន Sabrina Group ដែលមានវត្តមាននៅកម្ពុជាប្រមាណ ២៥ ឆ្នាំកន្លងមកហើយ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា គឺចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ១៩៩៨ នៅពេលដែលកម្ពុជាទើបទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ការសម្រេចចិត្តនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងស្មារតីរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។ ពិតណាស់ ការពង្រីកការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ មិនត្រឹមតែបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ក្រុមហ៊ុននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៣

លោកជំទាវ តោ ពិឡា បានមានប្រសាសន៍ថា តម្លៃលើកត្តា សន្តិភាព ដែលធ្វើឲ្យកំលាំងស្ត្រី មានឱកាសគ្រប់យ៉ាង ចូលរួមគ្រប់សកម្មភាពសង្គម ហើយត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកជំទាវ បន្តថា ការជ្រើសរើស ប្រធានបទខាងលើ និងបានលើកឡើងពីការខិតខំ របស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសុខ សន្តិភាព ដោយលំបាក ដែលយើង ទាំងអស់គ្នា ទាំងស្ត្រី ទាំងបុរស ត្រូវរួមគ្នាថែរក្សាឲ្យបាន។

លោកជំទាវ ក៏បានស្នើឲ្យស្ត្រីជាមន្ត្រីរាជការទាំងអស់ និងភរិយារបស់មេឃុំ ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជីវៈឲ្យកាន់តែជ្រៅជ្រះឡើង ក្នុងការវាយតម្លៃប្រគល់ឋានៈតួនាទីជូន តាមសមត្ថភាពរៀងៗខ្លួន និងជាមេគ្រួសារ ដែលផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ។​

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ឃុំបឹងណាយ និងជាតំណាងលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១១២ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធាន បទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ត្រូវបានប្រារព្វធ្វើឡើង ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

លោកជំទាវ តោ ពិឡា ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ឃុំ ធ្វើឲ្យបងប្អូននារី ជាមន្ត្រីរាជការ ទទួលបានឋានៈតួនាទី សមតាមសមត្ថភាព និងការបណ្តុះបណ្តាល បង្កើនកំរិតចំណេះដឹង បានយ៉ាងប្រសើរផងដែរ។

ក្នុងពិធីលោកជំទាវ ក៏បានជូនកាដូ អនុស្សាវរីយ៍ ជូនស្រ្តីជាមន្រ្តីមូលដ្ឋានឃុំ និងស្រ្តីជាភរិយាមេឃុំ ដែលជាអំណោយរបស់ លោក ប៉ាន់ សូស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធី​បេីក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​(D B S T)​ ១ខ្សែ​ មាន​ប្រវែង​ ១៣គីឡូម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ ឆ្លង​កាត់​ភូមិ​ចំនួន​១៥​ ស្ថិត​ក្នុង​ឃុំ​ក្រូច​ និង​ឃុំបឹងណាយ​ ស្រុកព្រៃឈរ​ ននៅថ្ងៃពុធ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារ បច្ចេកទេស ធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងធ្វើឱ្យបានរួចរាល់​ ក្នុង​រយៈពេល​៩ខែ​។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ​ ហ៊ុន សែន ទើបមានការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ជាក់ស្ដែងការស្ថាបនាផ្លូវមួយខ្សែខាងលើនេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី បម្រើឱ្យការធ្វើ ដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកកសិផលទៅកាន់ទីផ្សារ របស់ប្រជាកសិករ សំដៅជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាព ប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទឱ្យ មានជីវភាពប្រហាក់ប្រហែល នឹងទីប្រជុំជនផងដែរ។​

អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និងសូមឲ្យចូលរួមសហការ ជាមួយអាជ្ញាធរ ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នេះ ឲ្យបានជោគជ័យ ប្រយោជន៍ ដល់ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ក៏ដូចជាការរួមគ្នាកាត់បន្ថយ ភាពក្រីក្រ តាមរយៈការធ្វើដំណើរ បានងាយស្រួល និងឆាប់រហ័ស ពោលគឺផ្លូវនេះ ជារបស់ពុកម៉ែបងប្អូនហើយ ពេលស្ថាបនារួចសូមប្រើប្រាស់តាម​តម្រូវ​ការចុះ ប៉ុន្តែសូមចូលរួមថែទាំផង ជាពិសេសពេលបានផ្លូវល្អហើយ សូមអប់រំកូនចៅឲ្យបើកបរ ដោយមានការ​គោរព​ច្បាប់​ចរាចរ​ និង​មានការប្រុងប្រយ័ត្នផងដែរ​។

លោកជំទាវ តោ ពិ ឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ​ បាន​ថ្លែង​ថា​ ផ្លូវមួយនេះពីមុនមក គឺជាទំនប់ភ្លឺស្រែ ដែលអ្នកភូមិប្រើប្រាស់សម្រាប់ធ្វើដំណើរទៅស្រែរបស់ខ្លួន និងសម្រាប់ឆ្លងកាត់ ទៅភូមិដែលនៅជិតខាង។ ក្រោយមកក្រោមគម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក បានជីកធ្វើប្រឡាយ និងបានយកអាចម៍ដីប៉ះបន្ថែមដែលធ្វើឱ្យក្លាយជាផ្លូវលំ និងបានជួសជុល កែលម្អជាបន្តបន្ទាប់ របស់រដ្ឋបាលស្រុក ធ្វើឱ្យមានភាពងាយស្រួលដល់ប្រជាកសិករក្នុងការដឹកនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។ ដោយមើលឃើញពីការលំបាក​របស់​ប្រជាពលរដ្ឋ​ និងដោយមានការសំណូមពរពីអាជ្ញាធរ​មូលដ្ឋាន​ និងក្រុមការងារចុះជួយឃុំ បានសម្របសម្រួល និងទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះសិក្សា និងសម្រេចកែប្រែផ្លូវនេះជាផ្លូវកៅស៊ូ ដោយមានប្រឡាយទឹកអមសងខាងប្រវែង ១៣,០០០ ម៉ែត្រ​ ដើម្បីធានាបាននូវគុណភាពក្នុងការប្រើប្រាស់ បានយូរអង្វែង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៣

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានអះអាងថា៖ ម្សិលមិញនេះជាថ្ងៃដែលយុទ្ធនាការ #BeyondTheGames បានបង្កើតវេទិកាជាផ្លូវការក្នុងមហិច្ឆតា បត់ «បេះដូងច្រើនជាងគេលើពិភពលោក» ចំនួន១លានបេះដូង ដោយប្រជាជនកម្ពុជា ដែលការបត់បេះដូងនេះ គឺជាការចូលរួមចំណែករបស់ ស.ស.យ.ក. ដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

លោក ហ៊ុន ម៉ានី បន្តថា បេះដូងមួយដែលត្រូវបានបត់ សមមាត្រជាថវិកាចំនួន ៥០០រៀល ដែលក្នុងមួយបេះដូងសរុបជាថវិកា ៥០០លានរៀល ឬប្រមាណ ១២៥,០០០ដុល្លារ ដោយមានដៃគូបរិច្ចាគ ចំនួន ០៥ស្ថាប័នស្ម័គ្រចិត្ត ចូលរួមបរិច្ចាគជំនួស ដើម្បីយកថវិកាទាំងនេះប្រគល់ជូនកីឡាករ កីឡាការិនីដែលមានពិការភាព តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ខ្ញុំមានក្តីរំភើប និងមិននឹកស្មានថា កន្លងមកនេះ ការបត់បេះដូងនេះមានការចូលរួមយ៉ាងសស្រាក់ស្រាំពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

គោលបំណងនៃការបត់បេះដូងនេះ មិនមែនគ្រាន់តែផ្ដោតសំខាន់ទៅការបំបែកឯតទគ្គកម្មពិភពលោកតែមួយមុខនោះទេ តែការបត់បេះដូងនេះ បានបង្ហាញអំពីក្ដីស្រលាញ់ ការផ្ដល់កំលាំងចិត្ត និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ប្រជាជនខ្មែរ ដើម្បីបុព្វហេតុរួមសម្រាប់ប្រទេសជាតិមាតុភូមិ។ លើសពីនេះទៅទៀត នេះជាការបង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនខ្មែរ ដើម្បីជាការគាំទ្រដល់កីឡាករ កីឡាការិនី តាមរយៈសកម្មភាពជាក់ស្ដែង ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាតូច តែបេះដូងរបស់ប្រជាជនកម្ពុជាធំទូលាយ (Cambodia: Small Country, Big Heart)។

លោកម៉ានីបន្តថា យើងមានគោលបំណង និងគោលដៅច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តធ្វើរឿងនេះ។ អ្វីដែលជាបំណងប្រាថ្នារបស់យើងក្នុងកម្មវិធីនេះ មិនខុសពីអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបង្កើតឱ្យមានជាវេទិកា និងការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គមជាមួយគ្នា សម្រាប់ជាប្រយោជន៍វិជ្ជមានដល់កម្ពុជា។

#BeyondTheGames #HeartsBeatInSync #បេះដូងលោតក្នុងចង្វាក់តែមួយ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល​ ត្រូវបានចាប់ខ្លួន«ឆបោក»រកឃើញកាំភ្លើង៥ដើម និងគ្រាប់កាំភ្លើងជាង ២០០គ្រាប់។

ការចាប់ខ្លួននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដោយ​អនុវត្ត​តាមសាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ​។  លោកឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល​ ពីបទ «ឆបោក» ដែលបានធ្វើឡើង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្រ្តីនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា​ នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពរ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត, កម្លាំងជំនាញ កំណត់បាន និងរកឃើញអាវុធខ្លី៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន០២គ្រឿ, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។

បច្ចុប្បន្ននគរបាលខេត្តកំពង់ចាម បាននាំយកទណ្ឌិត រួមនិងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញទម្រង់នីតិវិធី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៣

ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទះប្រតិកម្ម ទាមទារអោយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ទៅលើ យោធាម្នាក់ ឈ្មោះ រ៉ៃ វុទ្ធី ដែលបានឈូសឆាយព្រៃរបស់រដ្ឋ ហុំព័ទ្ធយកដី និងលើកជាទំ នប់បិទអូរប្រឡាយ បង្កការប៉ះពាល់ដល់ពួកគាត់ក្នុងការអាស្រ័យផល។

ការផ្ទុះប្រតិកម្មនេះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅក្នងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ត្រង់ចំណុចអូរចាក់ស្រារ។

ក្រុមអ្នកភូមិបានអោយដឹងថា បុគ្គលឈ្មោះ រ៉ៃ វុទ្ធី គឺ ជាយោធា នៅកងពលលេខ៤១ វរ:៤១៣។ បុគ្គលរូបនេះ តែងតែដើរធ្វើសកម្មភាព ឈូសឆាយព្រៃរបស់រដ្ឋ ហុំព័ទ្ធយកដី។ ហើយថ្មីៗនេះ បានយកគ្រឿងចក្រទៅឈូសឆាយ និងលើកជាទំនប់បិទអូរប្រឡាយជាច្រើនកន្លែង នៅចំណុចអូរចាក់ស្រា ដែលធ្វើអោយមានការប៉ះពាល់ ដល់ការអាស្រ័យផល របស់ពលរដ្ឋក្នុងភូមិសាស្រ្តនោះជាច្រើនគ្រួសារ។

ប្រភពអោយដឹងទៀតថា សកម្មភាពរបស់បុគ្គល រ៉ៃ វុទ្ធី មិនមែនថា អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ មិនដឹងនោះទេ ផ្ទុយទៅវិញ ពួកគេបែជាសម្ងំហើយព្យាយាមបើកភ្លើងខៀវ អោយបុគ្គលខាងលើ ដើរធ្វើសកម្មភាពតាមតែអំពើចិត្ត។

ក្រុមអ្នកភូមិបានអះអាងថា បុគ្គល ឈ្មោះ រ៉ៃ វុទ្ធី ព្រោះតែអាងអំណាចខ្លួនជាយោធា ហើយទទួលបានការឃុបឃិត ពីសមត្ថកិច្ចពាក់ព័ន្ធផងនោះ គឺដើរឈូសឆាយព្រៃរបស់រដ្ឋ ហុំព័ទ្ធយកដីស្ទើតែគ្រប់ទីកន្លែង។

ចំពោះការកាយដីបិទអូរប្រឡាយនៅចំណុចអូរចាក់ស្រា ខាងក្រោយស្នាក់ការសន្តិសុខ PM លេខ២១០ នេះ គឺ បានធ្វើអោយប៉ះពាល់ ក្នុងការអាស្រ័យផលដែលអ្នកនៅលើទំនប់ គឺរងការលិចលង់ដោយទឹកជំនន់ ឯអ្នកនៅខាងក្រោមគឺខ្វះ ខាតទឹកស្រោចស្រព្វផងដែរ។

ជាមួយនឹងសកម្មភាព របស់បុគ្គលឈ្មោះ រ៉ៃ វុទ្ធី នេះ ក្រុមអ្នកភូមិ បានទទូចស្នើសុំដល់មេកងពលលេខ៤១ សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអភិបាលស្រុកគូលេន មេត្តាជួយអន្តរាគមន៍ លើបុគ្គល រ៉ៃ វុទ្ធី បញ្ឈប់សកម្មភាព បិទអូរប្រឡាយជាបន្ទាន់។ បើមិនដូច្នេះទេ ពួក គាត់នឹងដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីមានវិធានការនិងស្វែងរកជនឃុបឃិត។

ទោះជាយ៉ាងណា នៅថ្ងៃអង្គារនេះ នេះ សៀមរាប ប៉ុស្ដិ៍
មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយ ពីសមត្ថកិច្ចជំនាញ រដ្ឋបាលព្រៃឈើ និងបរិស្ថាន ក្នុងភូមិសាស្ត្រខាងលើបាននៅឡើតទេ។

ចំណែក លោករ៉ៃ វុទ្ធី ដែលរងការចោទប្រកាន់ បានប្រាប់តាមទូរស័ព្ទថា៖ រូបលោក គឺជាយោធាកងពលលេខ៤១ វរ:៤១៣ ពិតប្រាកដ។លោកថា រឿងលើកទំនប់បិទអូរប្រឡាយនោះ លោកបានទៅកាយចេញវិញអស់ហើយ។ លោករ៉ៃ វុទ្ធី បញ្ជាក់ថា ចំពោះការឈូសឆាយព្រៃរបស់រដ្ឋហុំព័ទ្ធយកដី ពីមុនលោកធ្លាប់ស៊ីឈ្នួលគេធ្វើមែន តែឥលូវឈប់ហើយ។

បើទោះបីជាមានការអះអាងបែបនេះ ក្ដីក្រុមពលរដ្ឋ នៅតែអះអាងថា លោករ៉ៃ វុទ្ធី មិនបានកាយប្រឡាយអោយធំ ដូចសភាពដើមវិញនោះទេ គឺកាយតែប្រហែលកន្លះម៉ែត្រប៉ុណ្ណោះ ធ្វើរបៀបនេះគឺមិនខុសពីបិទទាំងស្រុងនោះឡើយ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ មេត្តាចុះពិនិត្យ ហើយមានវិធានការផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៣

រដ្ឋាភិបាលថ្មី អាណត្តិ ទី៧ គឺរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ គឺនៅបន្តកាន់តំណែងដដែល ដោយមិនមានការផ្លាស់ប្តូរនោះទេ។

នេះបើតាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនាខួបលើកទី១១២នៅវិមានសន្តិភាព នៅថ្ងៃអង្គារនេះ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងការកោតសរ សើរចំពោះរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលបានខិតខំបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page180 Page181 Page182 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×