ភ្នំពេញ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកនេះថានៅថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២០នេះ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ត្រូវបានដាក់អោយប្រជាពលរដ្ឋឆ្លងជាបណ្ដោះអាសន្នហើយបន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់១០០% នៅថ្ងៃរសៀលម្សិលមិញនេះ។
សូមរំលឹកថាលោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ស្ពានស្ទឹងស្ដៅ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសាងសង់ស្ពានស្ទឹងស្ដៅថ្មីនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការរួបរួមសាមគ្គីរឹងមាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែស្ពានស្ទឹងស្ដៅថ្មីនេះ នៅមិនទាន់កំណត់កាលបរិច្ឆេទសម្ពោធនៅឡើយទេ ដោយសារតែជំងឺកូវីដ១៩។
សូមបញ្ជាក់ថាស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង៤៨ម៉ែត្រគុណ៤,២០ម៉ែត្រ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ លោក ទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិកា របស់សប្បុរសជនណាផ្សេងនោះទេ៕SRP
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០
