អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែនចំនួន១៦៩គ្រួសារ នៅស្រុករតនមណ្ឌល
ឯកឧត្តម សុខ លូ អភិបាល អភិបាលខេត្តបាត់ដំបង និងសហការី នៅរសៀលថ្ងៃនេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន ការពារបូរណភាពទឹកដី ចំនួន១៦៩គ្រួសារ នៅស្រុករតនមណ្ឌល ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិតទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដី និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចតែងយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារកងទ័ពជានិច្ច៕SRP