ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃនេះ បានចុះត្រួតពិនិត្យកម្លាំងចម្រុះដែលកំពុងនៅប្រចាំការលើគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ និង ជួបសំណេះសំណាលជាមួយមេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកក្រឡាញ់ ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តនូវបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក ទៀ សីហា បានជួបសំណេះសំណាលជាមួយមេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកក្រឡាញ់ ព្រមទាំងបានបញ្ជាក់ថា ការចុះជួបសួរសុខទុក្ខនាពេលនេះ គឺស្របពេលមានបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនាពេលថ្មីៗកន្លងមក ដូចជាការផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបញ្ចៀសការជួបជុំ និង ការរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងប្រទេស ដែលអាចបង្កឲ្យមានអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដូច្នេះក្នុងឱកាសនេះ សូមលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ បន្តផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ទោះបីនៅក្នុងខេត្តសៀមរាប ពុំទាន់មានករណីឆ្លងថ្មី និងមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ក៏ដោយ ក៏ត្រូវតែយកចិត្តទុកខ្ពស់ អំពីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។
សូមជម្រាបថា នាឱកាសនោះដែរ
លោក ទៀ សីហា បានជូនថវិកាមួុយចំនួនដល់កម្លាំង និងបានជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ផងដែរ៕SRP
