Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២៤

ខេត្តសៀមរាប៖រថយន្តមួយគ្រឿងដែលដឹកមន្ត្រីធំបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់មិញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅថ្ងៃអង្គារ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២២និង៣០នាទី លើផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ 348 – 349 ស្ថិតក្នុងភូមិ ព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក។

របាយការណ៍បានបន្តថា ករណីនេះ រថយន្តម៉ាកឡុចលុចស៊ិស ៥៧០ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 2BW-1236 បើកបរដោយឈ្មោះ កែវ ពេជ្រចិន្ដា ភេទប្រុសអាយុ57 ឆ្នាំរស់នៅភូមិថ្លែង ឃុំជម្រះព្រៀន ស្រុកសំរោង ខេត្តតាកែវ មុខរបរជាអ្នកបើកបររថយន្ត
មានដឹកអ្នករួមដំណើរ០២នាក់៖
១/ឈ្មោះ ពុំ តារាសិទ្ធី ភេទប្រុស អាយុ60 ឆ្នាំនៅភ្នំពេញ ព្រះបរមរាជវាំង មានតួនាទីអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ
២/ឈ្មោះ richard.falquero ភេទប្រុសអាយុ50ឆ្នាំជាជនជាតិបារាំង មុខរបរ ឯកអគ្គរាជទូតអមព្រះរាជលេខាធិកាដ្ឋាន ព្រះមហាក្សត្រ បើកបរមានទិសដៅពីកើតទៅលិចបានបុក ត្រាក់ទ័រម៉ាកគូបូតា ពណ៌ក្រហម សណ្តោង រ៉ឺម៉កព៌ណក្រហម គ្មានផ្លាកលេខ មានដឹកដឹកម៉ាសុីនច្រូតស្រូវ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ បើកបរមានទិសដៅពីកើតទៅលិច។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ករណីនេះ ពុំបណ្តាលអោយរបួសមនុស្សទេ ប៉ុន្តែបណ្ដាលឱ្យខូចខាត រថយន្ត១គ្រឿងធ្ងន់ និងត្រាក់ទ័រ១គ្រឿងស្រាល។

បើតាមរបាយការណ៍ មូលហតុ ត្រាក់ទ័រដឹកម៉ាសុីនច្រូតគ្មានភ្លើងបំភ្លឺក្រោយ នឹងរថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកំលាំងផ្នែកជំនាញបានសហការណ៍ ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃជ្រូក ចុះវាស់វែងប្រមូលយកវត្ថុតាងមករក្សាទុក្ខនៅអង្គភាពដើម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២៤

ភ្នំពេញ៖ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន ៩.៩១៤សន្លឹក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងនាព្រឹក១៧ ខែធ្នូ ឆ្នាំ២០២៤។

 

ក្នុងរយៈពេលដូចគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងដែរថា មន្រ្តី ក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត សរុបជាង ២ម៉ឺនសេវា ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែរ ក្នុងនោះរួមមាន៖ សេវាលិខិតឆ្លងដែនមានចំនួន ១១.៧១៨ក្បាល លិខិតធ្វើដំណើរមានចំនួន ២.៨២៧ក្បាល សៀវភៅស្នាក់នៅ មានចំនួន ៤.២១៣ក្បាល និងសៀវភៅគ្រួសារ មានចំនួន ៣.៦៧៣ក្បាល។  

 

បើតាមលោកបណ្ឌិត ទូច សុឃៈ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរិះរកគ្រប់មធ្យោបាយដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យសេវាសាធារណៈ មានភាពងាយស្រួលជូនពលរដ្ឋ។  

 

លោកបន្ថែមថា ជាក់ស្ដែងអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម បានដាក់ចេញនូវសេវាជាច្រើនតាមប្រព័ន្ធអនឡាញ (online) ជូនប្រជាពលរដ្ឋ ព្រមទាំងបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមមូលដ្ឋាន និងនៅតាមផ្សារទំនើប ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យបន្តសិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមទស្សនៈ “អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ”។

 

សូមបញ្ជាក់ថា ដើម្បីជំរុញការងារផ្ដលសេវាអត្តសញ្ញាណប័ណ្ណ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មី របកខូច សូមយកមកប្តូរនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខ័ណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃទីកន្លែងដែលបងប្អូនរស់នៅ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដោយឡែកអ្នកមានអត្តសញ្ញាណប័ណ្ណ ជិតផុតសុពលភាព ក៏អាចស្នើសុំធ្វើឡើងវិញ ដោយឥតគិតថ្លៃនៅទីតាំងទាំងនោះបានដែរ៕  ដោយ សេង បូលីន 

មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៤

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានប្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុកនៃខេត្តកំពង់ស្ពឺថា ក្នុងករណីចាំបាច់ ឬមានការងារបន្ទាន់ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ អាចទាក់ទងមកឯកឧត្តមដោយផ្ទាល់ ដោយកុំរង់ចាំទាល់តែមានកិច្ចប្រជុំ។

នៅក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​សាលា​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា ក្នុងករណីដែលមានកិច្ចការងារបន្ទាប់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចេញពីវេទិការសាធារណៈ ក្រុមការងារអាចទាក់ទងមកកាន់លោកឯកដោយផ្ទាល់ ភ្លាមៗដោយកុំចាំបាច់រង់ចាំ ទាល់តែមានការរៀបចំកិច្ចប្រជុំ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ស្របពេលដែល ក្រុមការងារបានពិភាក្សា និងផ្តល់នូវរបាយការណ៍ជាច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ជាពិសេសការលើកឡើងនូវវឌ្ឍនភាពការងារទាក់ទងទៅនឹងការធ្វើវេទិកាសាធារណៈ ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារជាច្រើនដែលក្រុមការងារគ្រប់គោលដៅ ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស។

តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង​​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺទាំងអស់ ដែល​បាន​បំពេញ​តួនាទីភារកិច្ច​យ៉ាង​សស្រាក់សស្រាំ។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន​​ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៤

ភ្នំពេញ៖ពីលើទីលានវាយគូនគោលក្រាលគ្របដោយវាលស្មៅខៀវខ្ចី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសំណេរខ្លីមួយថា «ព្រឹកនេះ វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយកាន់តែល្អ»។​សំណេរមួយប្រយោគនេះ ខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយ ដល់ នាយ សមុទ្រ ជាមួយទម្ងន់រាប់ពាន់តោនសមល្មមសង្កត់ឱ្យអ្នកនយោបាយ ដែល កំពុង បំផុសពាក្យ «ផ្ការីក» លើបណ្តាញសង្គមក្អួតឈាម។

ក្នុងមួយរយៈនេះ ពាក្យ «ផ្ការីក» កំពុងត្រូវបានជនក្បត់ជាតិតជំនាន់ សម រង្សុី បង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម។ «ផ្ការីក» ជាចលនាបដិវត្តន៍ មួយ ត្រូវបានគេប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន។ដូច្នេះពាក្យ «ផ្ការីក» ដែល សម រង្សុី បំផុសឡើង ក្នុងចេតនាដ៏អាក្រក់ញុះញង់ឱ្យពលរដ្ឋក្រោកឡើង បំផ្លាញក្តីសុខរបស់ជាតិកម្ពុជា។

«វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយ កាន់ តែ ល្អ» ជាសារដែលបង្ហាញច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន មិន ព្រួយ មិនព្រឺចំពោះការបំផុសចលនាបដិវត្តន៍ដោយជនក្បត់ជាតិ តជំនាន់ នេះ ឡើយ។ ផ្ទុយទៅវិញសម្តេចកំពុងរីករាយ មើលការបំផុសដ៏អាក្រក់របស់ជន ក្បត់ជាតិ ហើយត្រៀមកម្ទេចចោលរាល់ចលនាទាំងឡាយ ដែលចង់បំផ្លាញក្តីសុខរបស់កម្ពុជា។

ជនក្បត់ជាតិ សម រង្សុី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួល ការ ដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។

ក្រៅពីហេតុផលខាងលើ ភាពបរាជ័យធំបំផុតជាបន្តបន្ទាប់របស់ ជនក្បត់ ជាតិ សម រង្សុី ព្រោះតែភាព កំសាកខ្លាចគុករត់ចោលស្រុក ធ្វើឱ្យបាត់បង់ អស់ អ្នកជឿ និងលែងមានអ្នកធ្វើតាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២៤

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅនារសៀលថ្ងៃព្រហស្បតិ៍ នេះ

បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រជុំគណៈកម្មការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ។

ការប្រជុំដើម្បីពិភាក្សា ការងាររៀបចំគម្រោងកសាងឡើងវិញ និងកែលម្អបន្ថែមនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល មួយ យ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង ក្នុងនោះមានគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខឿនសួនច្បារ និងរៀបចំសំណង់មិនរៀបរយមួយចំនួនជុំវិញបរិវេណជើងភ្នំសំពៅ ដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរថា ក្នុងគម្រោងសាងសង់ កែលម្អនេះគឺមានការសាទរ ពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងការឧបត្ថមថវិកាជាហូហែរក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅ ត្រូវបានផ្តើមបុណ្យ ដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង រួមនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងដ្ឋាននគរបាលជាតិ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព គណៈអភិបាលក្រុង ស្រុក និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ តាំង ម៉េងហ៊ុន ព្រមទាំងកូនចៅ លោកជំទាវឧកញ៉ា ឌី ប្រឹម និងឯកឧត្តម សំ តាំងហន ព្រមទាំងកូនចៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២៤

ខេត្តបាត់ដំបង៖លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាល ជាមួយអាជីវករផ្សារបឹងឈូក ក្រុងបាត់ដំបង ដែលរងគ្រោះដោយអគ្គិភ័យហើយទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសំណេះសំណាលនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកសុខ លូ អភិបាលខេត្តបាត់ដំបងនិងសហការីផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកកើត រិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់។

លោកប្រធានក្រុមការងារ ថ្លែងបញ្ជាក់បន្ថែមថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារសាងសង់ពន្លឿនការជួសជុលផ្សារបឹងឈូកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ 

លោកក៏បានថ្លែងនូវការកោតសរសើរចំពោះលោក សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូក ជាបន្តបន្ទាប់តាមដំណាក់កាល តាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីប្រមុខរាជរដ្ឋាភិបាល។

សូមរំលឹកថាលោកសុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជីវករផ្សារបឹងឈូកដែលលក់ដូរជុំវិញផ្សារឆេះកន្លងមក ត្រូវផ្អាកការលក់ដូរមួយរយៈសិនចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះតទៅដើម្បីក្រុមការងារសាងសង់នឹងពន្លឿនការវាយប្លង់សេ និងជញ្ជាំងដែលខូចខាត យកកំទេចកំទីចេញឱ្យបានឆាប់ដើម្បីបងប្អូនអាចចូលលក់ដូរវិញដោយសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៤

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងកាន់តែត្រូវបានពូនជ្រុំកាន់រឹងមាំបន្ថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបាន​បង្ហាញពីមិត្តភាព​ដ៏ស្និទ្ធស្នាល និងទំនាក់ទំនងជាប្រពៃណីរវាង​ប្រទេស​ និង​ប្រជាជនទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច សម្រេចបានយ៉ាងឆាប់រហ័សនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង​ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ននៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយនិងការទូត សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និងហិរញ្ញវត្ថុ​ សន្ដិសុខនិងការពារជាតិ ថាមពល​ ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​ អប់រំ​ ទេសចរណ៍​ និង​វប្បធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ  ។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើ(១) កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, (២) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២៤

ក្រុមហ៊ុនទឹកពិសា ហាយ ធិច បានបង្កើតយុទ្ធនាការសប្បុរសធម៌ ដើម្បីកុមារកម្ពុជា និងចូលរួមលើកកំពស់វិស័យសុខាភិបាល នៅកម្ពុជា ដោយធ្វើការសហការជាមួយផ្សារទំនើបម៉ាក្រូ។

កម្មវិធីនេះ និងប្រព្រឹត្តធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោកអ្នក គ្រាន់តែធ្វើការបញ្ជាទិញទឹកពិសា ហាយ ធិច ចំណុះណាក៏បាន ពីផ្សារទំនើបម៉ាក្រូ នៅគ្រប់សាខាណា ដែលនៅជិតលោកអ្នកបំផុត ដូចជា ផ្សារទំនើបម៉ាក្រូសៀមរាប ផ្សារទំនើប ម៉ាក្រូជ្រោយចង្វា និងផ្សារទំនើបម៉ាក្រូសែនសុខ។

នៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ រាល់ការជាវទឹក ពិសា ហាយ ធិច របស់លោកអ្នក ពីផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុននឹងធ្វើការបរិច្ចាគទឹកប្រាក់ ចំនួន៥% ទៅកាន់មន្ទីរពេទ្យកុមារ គន្ធបុប្ផាសៀមរាប។ អ្វីដែលកាន់តែពិសេសសម្រាប់អតិថិជន របស់ផ្សារទំនើបម៉ាក្រូ ក្រុមហ៊ុនទឹកពិសា ហាយ ធិច ក៏មានកាដូ លើកទឹកចិត្ត ជូនផងដែរ ដល់ អតិថិជន ដែលមានតម្រូវការច្រើន ដោយគ្រាន់តែជាវទឹក បរិសុទ្ធ ហាយ ធិច ចំនួន ១០កេស នឹងទទួលបានតុក្កតា Labubu ជាវត្ថុអនុស្សាវរីយ៍ ដ៏ស្រស់ស្អាតមួយភ្លាមៗ។ ដូចនេះសូមបងប្អូនទាំងអស់គ្នាចូលរួម ដើម្បីគាំពារនិងគាំទ្រ យុទ្ធនាការដើម្បីកុមារកម្ពុជា។

នៅថ្ងៃទី ២៩ និង ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ទឹកពិសា ហាយ ធិច បានឧបត្ថម្ភជូននូវទឹកបរិសុទ្ធ ចំនួន ៦៤០កេស ក្នុងនោះផ្តល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប ចំនួន២០០កេស មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០កេស និងបានផ្តល់ជូនចំនួន ២៤០ កេស បន្ថែមទៀតផងដែរ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋយើងដែលនាំបុត្រធីតា មកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

ទឹកពិសា ហាយ ធិច ដើម្បីសុខភាពរបស់យើង ទឹកពិសា ហាយ ធិច ចូលរួមដើម្បីកុមារកម្ពុជា!

ទឹកពិសា ហាយ ធិច ជាទឹកពិសា ដែលមានគុណភាពខ្ពស់ ត្រូវបានផលិត ចេញតាមស្តង់ដា បច្ចេកវិទ្យាអន្តរជាតិ (ISO 9001:2015) (ISO22000:2018) ដោយច្រោះសម្អាត និងសម្លាប់មេរោគ ដោយប្រព័ន្ធ SMART MICRO FILTER ជាបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ ទឹកពិសាហាយ-ធិច ទទួលបានពានរង្វាន់ មេដាយមាសចំនួន ៣គ្រឿង រួមគ្នា ពីស្ថាប័នពិភពលោក Monde Selection ដែលជា World Selection of Water and Soft Drink 2024 នេះជាមោទកភាពដ៏អស្ចារ្យរបស់កូនខ្មែរយើង។

ទឹកពិសាហាយ-ធិច តែងតែយកចិត្តទុកដាក់ លើកត្តាគុណភាព និងសុវត្ថិភាព ផលិតផលជាចម្បង និងធ្វើ ការអភិវឌ្ឍដោយឥតឈប់ឈរតាំងពីឆ្នាំ២០០១ ដែលបានបង្កើតឡើងជាង 2ទសវត្សន៍មកហើយ៕SR

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៤

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចាប់ខ្លួនស្រ្តី២នាក់ ដែលពាក់ព័ន្ធនឹងករណីយកលុយប្រមាណ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយនៅខេត្តបាត់ដំបង។

ស្ត្រី២នាក់នោះ រួមមាន៖ លោកស្រី ឆាយ​ សុវណ្ណារី​ និងលោកស្រី ហ៊ើងទិត្យរាត្រីល័ក្ខណ៍​ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង​ ឃីម និងលោក លី សាម៉េត។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU)  បានឲ្យដឹងថា ACU បានឃាត់ខ្លួនស្ត្រី២នាក់ ដែលពួកគាត់បានឃុបឃិតគ្នាយកលុយ៣០ម៉ឺនដុល្លារ ទៅលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការឲ្យកូនចូលជាមន្រ្តីគយ ទៅតុលាការនៅព្រឹកថ្ងៃ២៩ វិច្ឆិកានេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ វិច្ឆិកាតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទ​ប្រកាន់​លើមនុស្សចំនួន ៤នាក់ រួមមាន ៖ លោក លី សាម៉េត ហៅគ្រូមា , លោក មួង ឃីម , លោក ដួង តារា និងលោក​ អ៊ុត ធី ពីបទជំនួញ ​ឥទ្ធិពល សកម្ម ជំនួញឥទ្ធិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ធិ​ពលអកម្មនៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៤

ខេត្តកំពង់ស្ពឺ៖ពិតជាមិនធម្មតាដូចពាក្យមួយតែងនិយាយថាសេះងាប់ហើយអាចធ្វើឲ្យរស់ឡើងវិញបាន។។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រតិកម្មខ្លាំងៗ លើម្ចាស់អាជីវកម្មល្បែងអនឡាញដ៏ធំមួយកន្លែង ដែលនៅតែបើកលេងលើទីតាំងចាស់ផ្គើននិងអាជ្ញាធរ ក្រោយដោះលែងមកវិញ ដែលការប្រតិកម្មខ្លាំងនេះ ក្រោយមានការសាកសួរពីអ្នកព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ទីតាំងបើកលេងល្បែងអនឡាញនេះគឺពិតជាមិនឱ្យតំលៃអាជ្ញាធរខេត្តនោះទេ ដូច្នេះលោកនិងឆ្លងយោបល់អភិបាលខេត្តថាគួរយ៉ាងម៉េចរឿងនិង ព្រោះទីតាំងនេះលោកធ្លាប់ដឹកនាំបង្ក្រាបរួចម្តងមកហើយ បើបង្ក្រាបម្តងនេះទៀតវា២ដងហើយ។

សូមបញ្ជាក់ថា ទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនេះស្ថិតនៅក្រោយទីបញ្ជាទីបញ្ជាការអាវុធហត្ថខេត្ត ក្បែរផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ កណ្តាលទីប្រជុំជនក្រុងច្បារមន។ ទីតាំងនេះធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបង្រ្កាបម្តងរួចមកហើយ ដោយមានការឃាត់ខ្លួនមនុស្សនិងរឹបអូសឧបករណ៍ល្បែង តែការណ៍នេះបានត្រឹមតែមួយដង្ហើមចង្រឹតប៉ុណ្ណោះក៏បានដោះលែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងនោះទេ ហើយករណីនេះឮថាមានការអន្តរាគមន៍ពីថ្នាក់លើ តែមិនដឹងថ្នាក់លើត្រឹមណានោះទេ។ហើយក្រោយដោះលែង អាជីវកម្មអនឡាញនេះក៏បានបើកលេងឡើងវិញលើទីតាំងដដែល២៤ម៉ោង លើ២៤ម៉ោង ដោយបិទបាំងវាំងនននិងមានអង្គុយយាមទ្វារយ៉ាងម៉ត់ចត់បំផុតនិងមានអ្នកចូលលេងមិនចេះដាច់។

ពាក់ព័ន្ធនិងករណីបើកលេងឡើងវិញនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងជាម្ចាស់ករណីមិនមានការឆ្លើយតបទេ រីឯលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានអះអាងថាចាំឱ្យអធិការក្រុងច្បារមនចុះទៅមើល។ ចំណែកលោក ទឹម ផានូ អភិបាលក្រុងច្បារមនថាចាំចុះទៅឆែកមើលព្រោះលោកអត់ដែលបានទៅតាមផ្លូវហ្នឹង។

ជុំវិញការបើកអាជីវកម្មអនឡានដ៏ធំនេះ មហាជនបានធ្វើការរិះគន់ចំៗថា ឱ្យគេខ្លាចអាជ្ញាធរយ៉ាងម៉េច បើបង្ក្រាបបានហើយដោះលែងទៅវិញត្រឹមតែមួយដង្ហើមចង្រឹត សូម្បីតែឧបករណ៍ល្បែងក៏ប្រគល់ឱ្យគ្មានសល់ មិនបញ្ជូនទៅតុលាការ ខុសពីការបង្ក្រាបអ្នកលេង បៀរ អាប៉ោងតាមភូមិដែលលេងត្រឹមតែ១០០០ ទៅ២០០០រៀល គឺចាប់ហើយបញ្ជូនមកតុលាការអនុវត្តទោសរាប់ខែ ហើយខ្លះរត់ការដោះលែងអស់រាប់ពាន់ដុល្លាដើម្បីមានសេរីភាពឡើងវិញ។

អ្នកវិភាគថានេះជាស្តង់ដារច្បាប់ពីរខុសគ្នា ដែលអ្នកច្បាប់បានអនុវត្តមកលើប្រជាពលរដ្ឋ គេថាគួរតែអនុវត្តឱ្យដូចគ្នាដើម្បីឱ្យមានតម្លាភាពជៀសវាងអ្នកមានលុយមិនខ្លាចអាជ្ញាធរ ដោយដឹងថាលុយអាចសម្រាលសភាពការណ៍និងអាចដោះដូរជាមួយសិរីភាពបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៤

អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញអ្នកកាន់កាប់ដីព្រៃលិចទឹកខុសច្បាប់ជុំវិញបឹងទន្លេសាប ខេត្តកំពង់ធំ ចំនួន១៧៦នាក់។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំ លើកទី៤១ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តុប សំ , សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក.ជ.ប.ព ដើម្បើពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព លើកទី៤០ អាណត្តិទី៣ , ស្តាប់របាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និងបញ្ហាផ្សេងៗ។

បើតាមសេចក្តីជូនរបស់អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) ក្រៅពីកិច្ចការប្រកាសទ្រព្យសម្បត្តិ និងបំណុល, ការងារពាក្យបណ្តឹង, ការងារអប់រំ, ការងារបណ្តុះបណ្តាល, ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ គឺមានករណីដីធ្លីរបស់អ្នកវិនិយោគធំៗ នៅតំបន់សេដ្ឋកិច្ចពិសេស(SSEZ) បញ្ហារាំរ៉ៃ នៃបន្តឹងដដែលៗដែលនៅមិនព្រមរលត់ , ករណីដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា អ.ប.ព កំពុង​ពិនិត្យ​ញ្ហា​ដី​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប តំបន់៣ តំបន់២ ខេត្តកំពង់ធំ ដែល​អង្គភាព​រក​ឃើញ អ្អ្នកកាន់កាប់ដីធំ​ៗខុសច្បាប់ ចំនួន ១៧៦​នាក់ (​សរុប​ដី​កាន់កាប់​ខុសច្បាប់ ក្នុង​នោះ​មាន ១៥២​នាក់ ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​រដ្ឋ​វិញ ៣០,១០៩​ហិ​កតា​) ហើយ​ ២៤​នាក់ (​កាន់កាប់​ខុសច្បាប់ ៩,៤៦៣​ហិ​កតា អ្នកខ្លះ​កាន់កាប់​រហូត​ដល់ ២,៥០០​ហិ​កតា​) ប្រកែក​មិន​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​។ ករណី​រំលោភ​អំណាច​ក្នុង​ការងារ​លទ្ធកម្ម កិបកេង​ប្រាក់​ជាង ១​ពាន់​លាន​រៀល ពី​គម្រោង​អភិវឌ្ឍន៍ តាម​ឃុំ​ភូមិ​របស់​ឈ្មោះ ហេង វុ​ទ្ធី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​តាកែវ និង​បក្ខពួក ២​នាក់​ទៀត ។

អ.ប.ព បាន​និង​គំ​ពុង​ពិនិត្យ​ករណី​ជំនួញ​ឥទ្ធិពល​នៅ​ខេត្តកំពង់ឆ្នាំង (​ដោះ​ដូរដីពន្ធនាគារ​ចាស់ សាងសង់​ពន្ធនាគារ​ថ្មី​) ដែល​ឧកញ៉ា អ៊ុត ធី ចំណាយ​ទុន ១.៩​លាន​ដុល្លារ​អា​មេ​រិ​ក ចូល​ហ៊ុន​បន្ថែម​ក្នុង​ក្រុមហ៊ុន អា​ស្នា រិ​ទ្ធ ហើយ​ចំណាយ​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ទៀតឲ្យ​ មួ​ង ឃឹម​, ដួង តារា​, លី សា​ម៉េ​ត ប្រើ​ឥទ្ធិពល​មក​លើ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង យល់ព្រម​តាម​ដំណោះស្រាយ​របស់ ដួង តារា​។

ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តដោយ​ឈ្មោះ កន សុខកាយ ចំណាយ​ប្រាក់ ៣០​ម៉ឺន​ដុល្លារ ឲ្យ​មក​ដួង តារា​, ឡា​ច សំរោង​, លី សា​ម៉េ​ត ដើម្បី​ឲ្យ​រូប​ខ្លួន​ទទួល​បានការ​តែងតាំង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ (​ប្រគល់​លើក​ទី​១ ចំនួន​១៥​ម៉ឺន ប្រគល់​លើក​ទី​២ ចំនួន​១៥​ម៉ឺន ដួង តារា​, ឡា​ច សំរោង ប្រាប់ លី សា​ម៉េ​ត ជា​ទឹកប្រាក់ កន សុខកាយ ជូន​ដើម្បី​ឲ្យ​បានជា​អភិបាលក្រុង​អរិយ​ក្សត្រ មាន​តែ ១២​ម៉ឺន​ដុល្លារ​)។
ជាមួយ​គ្នា​នោះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​កំពុង​ពិនិត្យករណីប៉ុនប៉ង សូកប៉ាន់​ប្រព្រឹត្តិ​ដោយ​អភិបាលរង​ខេត្តពោធិ៍សាត់ ឡាយ វិសិដ្ឋ (​ចំណាយ ប្រាក់ ៥៧​ម៉ឺន​ដុល្លារ​) ទៅ ឡា​ច សំរោង និង លី សា​ម៉េ​ត , ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្ត ដោយ មួ​ង ឃឹម និង​បក្ខពួក​ឲ្យ​យុវជន​ម្នាក់​ទើប​ជាប់​បរិញ្ញាបត្រ ឲ្យ​បាន​ចូល​ក្រប​ខណ្ឌ​គយ ហើយ​ឲ្យ​បាន​ធ្វើ​គយ​នៅ​ខេត្តបាត់ដំបង ជា​ថ្នូរនឹង​ប្រាក់​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ វិច្ឆិកា ២០២៤

ខេត្តកំពង់ធំ៖មន្ត្រីប៉ូលិសមួយរូបត្រូវបានបុរសម្នាក់កាប់បណ្តាលឲ្យស្លាប់ភ្លាមៗបន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នា។

ហេតុការណ៍នៅម៉ោង ប្រមាណ១០និង៤០នាទីយប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទួលភ្នៀត ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។

សមត្ថកិច្ចបានប្រាប់ថាអំពើឃាតកម្មយ៉ាងព្រៃផ្សៃនេះបង្កដោយជនសង្ស័យ ឈ្មោះ ផន ប៊ុនរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ដែលរស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ក្រោយបានធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកជនរងគ្រោះ ឈ្មោះម៉េង សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ (ជាមន្ត្រីនគរបាល) រស់នៅភូមិឃុំជាមួយជនសង្ស័យ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ប្រភពដដែលឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមកដល់ចំណុចមុខផ្ទះរបស់ វ៉ាន់ សុជាតិ ភេទស្រី ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯង ពេលជនរងគ្រោះ ចុះពីម៉ូតូមកអង្គុយក្បែរជនសង្ស័យ មានការទាស់ទែងពាក្យសម្តី ជាមួយគ្នា ភ្លាមនោះ រត់ទៅយកផ្គាក់ពីផ្ទះរបស់ខ្លួន មកកាប់ប្រហាជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

សមត្ថកិច្ចកំពុងសហការស្រាវជ្រាវបន្តស្វែងរកជនសង្ស័យ ដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page61 Page62 Page63 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×