ខេត្តសៀមរាប៖មន្ត្រីអាវុធហត្ថមួយរូបបានរងរបួសធ្ងន់ខណៈរថយន្តតាក់ស៊ីមួយគ្រឿងបានបុកចំពេញទំហឹង រវាងរថយន្ដ និងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦និង៤០នាទី ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៦ខាងមុខភូមិវប្បធម៌ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមរបាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ស៊ីណា ពណ៌ប្រផេះ ផ្លាក់លេខ ភ្នំពេញ2Y:7547 បើកបរដោយឈ្មោះ ស៊ីម សុខន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបើកឡានតាក់ស៊ី រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាក់លេខ សៀមរាប:1M:6495 បើកបរដោយឈ្មោះ ហ៊ុន វុធ ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរកងរាជអាវុធហត្ថក្រុងសៀមរាប រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលអោយបាក់ករជើងខាងឆ្វេង។
របាយការណ៍បញ្ជាក់ទៀតថា ហេតុការណ៍នេះ មូលហេតុ: អ្នកបើកបររថយន្ដខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយបុកម៉ូតូពីក្រោយតែម្ដង។
បច្ចុប្បន្ន: រថយន្ដ និងម៉ូតូបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការខេត្តសៀមរាប។ ចំណែកជនគ្រោះបានយកទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕ដោយនាគខៀវ

