ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាមានជនមិនស្គាល់មុខបានកាត់សោទ្វារកុដិព្រះសង្ឃ លួចយកលុយបាន គេចខ្លួនដោយសុវត្ថិភាព។
អំពើលួចដោយមានស្ថានទម្ងន់ទោស(គាស់ទំលុះទំលាយ)បានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅចំណុច វត្តគោកធ្លក ភូមិគោកធ្លក ឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងនៅមុននេះបន្តិចថាករណីនេះបង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានលួចធ្វើសកម្មភាពកាត់សោទ្វារកុដិព្រះសង្ឃព្រះនាម ស៊ុយ ហ៊ីង ព្រះជន៧៧វស្សា ដែលគង់នៅក្នុងវត្តខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាសម្ភារបាត់បង់លុយចំនួន១.៦០០.០០០រៀល។ចំពោះហេតុការណ៍នេះជនសង្ស័យបានបន្សល់វត្ថុតាង ទុកនៅចំណុចកើតហេតុមាន៖ញញួរ០១ ដង្កាប់០១ ដែក១៦លីប្រវែង៣ម៉ែត្រ០១ដើមនិងសោបាក់ចំនួន០២ផងដែរ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់តែម្ដង។បើតាមសមត្ថកិច្ចថាមូលហេតុដោយព្រះសង្ឃខាងលើនៅពេលដល់ម៉ោងឆាន់បាយ បានចេញទៅឆាន់នៅកុដិផ្សេង ដោយមិនមានព្រះសង្ឃនៅចាំកុដិនោះទេ។ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានបញ្ជាក់ផងដែរថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចស្រុកបានចុះទៅដល់កន្លែងកើតហេតុ និងកំពុងស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកអនុវត្តន៍តាមផងដែរ៕SRP